ក្រោយមានរឿងនោះហើយ សូន៊ូក៏រត់មកអាគាររបស់គេវិញទាំងយំ សំណាងដែលពេលនេះចូលរៀនវិញហើយទើបគ្មានអ្នកឃើញ ព្រោះគ្រប់គ្នាចូលតាមថ្នាក់រៀងៗខ្លួនអស់ ។ សូន៊ូរត់មកអាគាររៀនវិញមែនតែគេមិនមែនទៅថ្នាក់ទេគឺរត់សំដៅទៅលើដំបូលអាគារ ជាកន្លែងតែមួយដែលគេទៅសង្ខំខូចចិត្តពេលដែលអ្នកខាងនោះបដិសេដស្នេហ៍លើកមុន ។ រត់មកដល់ក៏ដើរសំដៅទៅតុដដែល គេចូលទៅអង្គុយ ដាក់ដៃទៅលើតុរួចឈ្ងក់ក្បាលចុះសង្ខំយំខ្សឹបខ្សួលម្នាក់ឯង ។ ម្តងនេះវាឈឺខ្លាំងណាស់ ឈឺជាងពេលដែលគេបដិសេដស្នេហ៍ទៅទៀត ពេលនោះគេត្រឹមតែបដិសេដ គេមិនស្រលាញ់វិញ តែក៏អាចនៅនិយាយរក អាចជួប អាចក្បែរ តែម្តងនេះវាមិនដូចមុនទៀតទេ ព្រោះម្តងនេះគេនិយាយច្បាស់ៗសុំអោយឈប់រំខានគេ គេធុញ គេតានតឹងដែលទៅរញ៉េរញ៉ៃគេ ចឹងក៏បានន័យថានេះជាថ្ងៃចុងក្រោយហើយដែលអាចក្បែរគេ អាចនិយាយជាមួយគេ ភ្លាមៗបែបនេះអ្នកណាធ្វើចិត្តទាន់ មនុស្សកំពុងតែពេញស្រលាញ់ មកអោយបញ្ឈប់គ្រប់យ៉ាងក្នុងពេលតែមួយភ្លែត សួរថាអ្នកណាអាចធ្វើបាន អារម្មណ៍ដែលទៅស្រលាញ់គេតែម្ខាង ព្យាយាមតែម្ខាងវាពិបាកណាស់ទៅហើយ តែនេះសូម្បីតែឪកាសនៅជិតគេក៏លែងមានដែរ ។
ពាក្យដែលគេនិយាយប្រាប់ស៊ុងហុនទាំងអស់អំបាញ់មិញគេនឹងធ្វើវាអោយបាន ទោះឈឺក៏ត្រូវតែធ្វើ ព្រោះវាជាអ្វីដែលស៊ុងហុនចង់បាន គេនឹងបំពេញបំណងមនុស្សដែលគេស្រលាញ់ ។ សូន៊ូនៅតែអង្គុយយំ គេយំខ្លាំងណាស់តែមិនបញ្ចេញសម្លេងមកក្រៅ យំស្ងាត់ៗមិនឮសម្លេងបែបនេះ វាអួលណាស់ អួលនៅទ្រូងខាងឆ្វេង អួលណែនពេញទ្រូងស្ទើរតែថប់ដង្ហើមទៅហើយ ។
« ត្រូវការស្មាផ្អែកទេ អោយខ្ចី » គ្រាន់តែឮសម្លេងនិយាយភ្លាមសូន៊ូក៏ងើបមុខឡើងទៅមើលអ្នកដែលមកអង្គុយជិតខ្លួន នេះមកតាំងពីពេលណា?
« នីគី! » ហៅឈ្មោះអ្នកម្ខាងទៀតហើយគេក៏ប្រញ៉ាប់ជូតទឹកភ្នែកចេញ « ហេតុអីក៏មកទីនេះ មិនចូលរៀនទេឬ? » គេខំសម្រួលអារម្មណ៍ខំទប់មិនយំ ព្រោះមិនចង់អោយនីគីថាខ្លួនឯងទន់ជ្រាយ ជាមនុស្សប្រុសតែបែរជាមកសង្ងំយំដូចក្មេងបែបនេះ
« មិនបាច់លាក់ទុកទេចង់យំក៏យំអោយខ្លាំងៗមក ខ្ញុំបានឃើញបានឮគ្រប់យ៉ាងអស់ហើយ » នីគីមិនឆ្លើយសំនួរដែលសូន៊ូសួរ តែបែរជានិយាយធ្វើអោយអ្នកដែលកំពុងប្រឹងទប់មិនយំនោះ ទប់ទឹកភ្នែកលែងជាប់ក៏បណ្តោយអោយវាហូរមក ឯម្ចាស់ទឹកភ្នែកក៏ពេបមាត់យំតែម្តង បើជ្រុលជាគេដឹងគ្រប់យ៉ាងទៅហើយលាក់ធ្វើអីទៀត ព្រោះគេក៏ទប់មិនជាប់ដូចគ្នាឈឺខ្លាំងណាស់ សូន៊ូក៏ទ្រហ៊ោយំខ្លាំងៗលែងខ្មាស់អ្នកណាទៀតហើយ គេគ្រាន់តែចង់យំបញ្ចេញភាពឈឺចាប់ដែលកប់ទុកក្នុងទ្រូងអោយចេញមកក្រៅអោយអស់តែប៉ុណ្ណោះ ។ នីគីក៏ទាញសូន៊ូមកអោប អោយអ្នកម្ខាងទៀតមកយំលើស្មាររបស់គេ ដៃម្ខាងក៏លើកទៅអង្អែលសក់សូន៊ូថ្នមៗ គេមិនអាចធ្វើអោយសូន៊ូឈប់យំបានទេ ព្រោះអ្នកដែលជាមូលហេតុធ្វើអោយសូន៊ូឈឺចាប់មិនមែនជាគេ ក៏បានត្រឹមតែលួងលោម នឹងប្រាប់អោយអ្នកម្ខាងទៀតយំបញ្ចេញភាពឈឺចាប់នឹងមកអោយអស់មក គេនឹងនៅទីនេះមិនទៅណា មិនអោយសូន៊ូមានអារម្មណ៍ថានៅតែ
ម្នាក់ឯងនោះទេ ព្រោះរឿងដែលសូន៊ូជួបក៏មិនសូវខុសពីគេដែរ គេយល់អារម្មណ៍មួយនឹង ព្រោះគេក៏មានអារម្មណ៍បែបនឹងទៅលើម្នាក់ដែលគេកំពុងតែអោបដូចគ្នា ។ រឿងដែលសូន៊ូនិងស៊ុងហុនបាននិយាយគ្នាមុននោះនីគីគេបានដឹង បានឃើញនឹងបានឮទាំងអស់ ព្រោះពេលដែលនិយាយជាមួយសូន៊ូរួចគេក៏មិនទាន់ចេញទៅណាដែរ គេឃើញសូន៊ូចូលទៅក្នុងបណ្ណាល័យ ទើបតាំងចិត្តថានឹងឈរចាំសូន៊ូនៅទីនោះពេលដែលសូន៊ូចេញមកវិញនឹងបានទៅថ្នាក់ជាមួយគ្នា គេក៏អាចមានឳកាសស្នឹតស្នាលនឹងសូន៊ូ ឈរចាំបានបន្តិចក៏ឃើញមានមនុស្សដើរចេញពីបណ្ណាល័យមកតែម្នាក់នឹងមិនមែនជាសូន៊ូទើបគេមិនខ្វល់រួចក៏ចាំបន្តទៀត ក្រោយមកក៏ឃើញសូន៊ូរត់ចេញមកដែលគេខំញញឹមរួចក៏ចូលទៅពួននៅកៀននោះបំណងថាសូន៊ូរត់មកដល់គេនឹងពញ្ញាក់ តែបែរជាឮសម្លេងសូន៊ូនិយាយជាមួយអ្នកណាក៏មិនដឹង គេលួចអើតករទៅមើលបន្តិចក៏ឃើញសូន៊ូកំពុងដើរដំណាលជាមួយម្នាក់ដែលចេញមកមុននោះ នីគីក៏ចូលទៅពួនវិញព្រោះគិតថាគំនិតដែលគេគិតទុកថាបានទៅថ្នាក់ជាមួយសូន៊ូតែពីរនាក់នោះមិនបានសម្រេចទេ ព្រោះសូន៊ូមានគ្នាទៅហើយ គេក៏ឈរចាំអោយពីរនាក់នឹងចេញទៅផុតគេនឹងទៅថ្នាក់វិញ តែពេលដែលពីរនាក់នោះដើរមកជិតដល់កន្លែងដែលគេពួនទៅហើយ បែរជាឈប់ដើរបន្តរួចក៏ឈរនិយាយគ្នាវិញម្តង មិនមែនថាគេចង់លួចស្តាប់អ្នកដទៃនិយាយគ្នាទេតែបើចេញទៅក៏មិនកើតដែរ ដំបូងគេមិនយល់ពីរឿងដែលពីរនាក់នឹងនិយាយគ្នាទេ តែស្តាប់បន្តទៀតគេក៏ដឹងថាពីរនាក់នឹងកំពុងនិយាយអី សូន៊ូហៅម្នាក់នឹងថាសិស្សច្បង ចឹងគេប្រហែលជាម្នាក់ដែលគ្រប់គ្នាគិតថាជាសង្សារសូន៊ូនោះហើយ គេនៅឈរស្តាប់គ្រប់ពាក្យដែលពីរនាក់នឹងសន្ទនាគ្នាហើយក៏ដឹងរឿងគ្រប់យ៉ាង គេលួចអើតទៅមើលបន្តិចក៏ឃើញថាសូន៊ូកំពុងតែយំ ចិត្តចង់តែចូលទៅរកតែមិនអាច បានត្រឹមតែឈរលបមើលស្ងាត់ៗ បន្ទាប់ពីរនិយាយគ្នាចប់សូន៊ូក៏ដើរចេញទៅទាំងទឹកភ្នែក នីគីចង់ទៅតាមណាស់តែគេចេញទៅពេលនឹងមិនទាន់បានព្រោះស៊ុងហុននៅឈរទីនឹងនៅឡើយ មួយសន្ទុះក្រោយទើបស៊ុងហុនដើរចេញទៅទិសម្ខាងទៀតផ្ទុយពីទិសដែលសូន៊ូទៅ ។ គ្រាន់តែស៊ុងហុនចេញទៅបាត់នីគីក៏ប្រញ៉ាប់ចេញទៅតាមសូន៊ូដែរ គេរត់មកដំបូងរកមិនឃើញទេ តែក៏ក្រឡេកឃើញសូន៊ូកំពុងរត់ចូលទៅក្នុងអាគារដែលពួកគេរៀន នីគីក៏ទៅតាម តាមរហូតដល់លើដំបូលអាគារ ក៏ឃើញសូន៊ូកំពុងអង្គុយឈ្ងប់មុខនឹងតុខ្លួនញ័រទទ្រឺតមិនឮសម្លេងយំទេ តែនីគីគេដឹងច្បាស់ណាស់ថាសូន៊ូកំពុងតែយំ គេក៏ដើរតម្រង់ទៅកន្លែងដែលសូន៊ូកំពុងតែអង្គុយយឺតៗហើយក៏ចូលទៅអង្គុយជិតតែអ្នកម្ខាងទៀតមិនដឹងពីវត្តមានគេទេ បន្តិចក្រោយមកទើបគេហើបមាត់និយាយ ពេលនោះហើយដែលសូន៊ូងើបមុខមករកគេនោះ ។
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
