១៤+១៥+១៦

17 2 0
                                    

ជ្រុលជាយប់មិញអេដមីនសេដអត់បានផុស ល្ងាចនេះជូនឱ្យ3ភាគហ្មងទៅ ហិហិ រីករាយាអានណាចាស៎😽💗

គូរដណ្តឹងរាជវង្ស
ភាគទី៖១៤+១៥+១៦

   សម្តីដែលបង្ហើរចោលតាមខ្យល់អាកាស ប៉ុន្តែវាបែជាអាចធ្វើឱ្យអ្នកដែលឈរស្តាប់នៅក្បែរកាយឯណេះ ហាក់មានការងឿងឆ្ងល់ និងមានអារម្មណ៍ថាចង់យល់ ចង់ដឹង ពីហេតុផលរបស់វាឱ្យកាន់តែច្បាស់ជាងនេះទៅវិញ។
   "ហេតុអី?" ព្រះនាងអេរីសាទ្រង់ចោទសួរនៅសំណួរយ៉ាងខ្លី ទ្រង់លើកចិញ្ចើមម្ខាង សម្លឹងទៅកាន់ផ្ទៃមុខសង្ហារបស់រាជទាយាទដែលគ្មានស្នាមញញឹមបន្តិចសោះនោះ ត្បិតថាប្រយោគដែលទ្រង់បានលឺហាក់ទាញព្រះទ័យទ្រង់ឱ្យកាន់តែចង់ដឹង ភាពឈឺចាប់? ភាពឈឺចាប់យ៉ាងមិច? ទ្រង់ធ្លាប់មានអនុស្សាវរីយ៍អ្វីមិនល្អជាមួយនិងទឹកបឹងដ៏ធំមួយនេះរឺ? ចម្ងល់ទាំងនេះទ្រង់បានត្រឹមតែសួរទៅកាន់ខ្លួនឯងក្នុងចិត្តតែប៉ុណ្ណោះ ប៉ុន្តែត្បិតថាទ្រង់ក៏អាចប្រមូលមកជាសំណួរយ៉ាងខ្លី ហើយក៏ងាយយល់និងចោទសួរទៅអ្នកម្ខាងទៀតបានដដែល។
   "មាតារបស់យើងទ្រង់បានសោយទិវង្គតព្រោះតែជួយយើងពីការលងទឹកបឹងមួយនេះ យើងស្អប់ទឹកបឹងមួយនេះខ្លាំងណាស់ ហើយរឹតតែស្អប់ខ្លួនឯងថែមទៀត បើកាលនោះយើងមិនរពឹស មាន:ចង់ចុះលេងទឹកបឹងនេះទ្រង់ក៏..." រាជទាយាទណាមជុនទ្រង់មិនអាចបន្តប្រយោគចុងក្រោយបានទេ ព្រោះទឹកថ្លាៗកំពុងតែជ្រាបចុះចេញពីកែវភ្នែកទ្រង់មកទៅហើយ ទ្រង់ក្តាប់មាត់ជាប់ ហាមឃាត់ទឹកភ្នែកកុំឱ្យវាហូរចុះ ត្បិតថាពេលនេះទ្រង់មិនមែននៅតែម្នាក់ឯងឯណា នាមជាព្រះរាជទាយាទទាំងមូល មិចនិងអាចសម្រក់ទឹកភ្នែកនៅនិងមុខមនុស្សស្រីបានទៅ។
   ព្រះនាងអេរីសាទ្រង់ក៏ហាក់យល់ព្រះទ័យ ត្បិតថាពេលនេះរាជទាយាទណាមជុនទ្រង់ខំប្រឹងទប់ទឹកភ្នែកខ្លាំងកម្រិតណា ក៏វានៅតែជ្រាបហូរមកបង្ហាញឱ្យអ្នកម្ខាងទៀតឃើញដដែល ព្រះនាងអេរីសាទ្រង់ខាំបបូរមាត់ទ្រង់បន្តិចដោយព្រះទ័យក៏ហាក់អាណិតនិងយល់ចិត្ត ទ្រង់លូកយកកូនកន្សែងដែលទ្រង់តែងតែដាក់ជាប់ខ្លួនជាប្រចាំចេញមក រួចក៏ហុចឱ្យទៅរាជទាយាទដោយក្រសែរភ្នែកស្រទន់និងលួងលោម ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ងាកមកមើលព្រះភ័ក្ត្រព្រះនាងអេរីសាហើយក៏ឈោងដៃទៅទទួលកូនកន្សែងនោះមកជូនទឹកភ្នែកដូចគ្នា។
   "ប៉ុន្តែ...រឿងដែលទ្រង់មានបន្ទូលនេះដូចជាគ្មានអីពាក់ពាន់ជាមួយនិងរឿងរៀបអភិសេករវាងពួកយើងឯណា" កំពុងតែស្លុងអារម្មណ៍សុខៗព្រះនាងអេរីសាទ្រង់ស្រាប់តែនឹករំលឹកឃើញថាគ្មានអ្វីពាក់ពាន់និងរឿងអភិសេកបន្តិចសោះ ទ្រង់ក៏លើកចិញ្ចើមម្ខាងឡើងចោទសំណួរទៅកាន់រាជទាយាទវិញភ្លាមៗ ត្បិតថាសំណួរមួយនេះក៏ហាក់ធ្វើឱ្យផ្ទៃមុខសង្ហារបស់រាជទាយាទដែលកំពុងមានទុក្ខព្រួយអម្បាញ់មិញនោះត្រូវប្តូរទៅជាដុំទឹកកកវិញយ៉ាងឆាប់រហ័សតែម្តង។
   "ព្រោះយើងជាមនុស្សចង្រៃទើបយើងមិនចង់យកអ្នកណាជាពិសេសគឺមនុស្សស្រី មិនចង់ឱ្យនាងមកលំបាកជាមួយនិងយើងទេ" រាជទាយាទណាមជុនទ្រង់មានបន្ទូលរួចក៏នាំកាយយាងចេញពីមាត់បឹង យាងចូលទៅអង្គុយលើកៅអីខាងចង្កូតឡានតែម្តង ត្បិតថាពេលនេះព្រះនាងអេរីសាទ្រង់ក៏ហាក់ភាំងមួយអន្លើរ នេះកាលដែលទ្រង់ព្យាយាមគេចពីការរៀបអភិសេកព្រោះតែរឿងមួយនេះចឹងមែនទេ?
   "ទ្រង់ចង់ផ្ទំនៅទីនេះមែន?" សម្លេងស្រែកហៅយ៉ាងខ្លាំងៗពីក្នុងឡានរបស់រាជទាយាទណាមជុនក៏បន្លើរឡើង ទ្រង់អើតករចេញមកតាមបង្អួចឡានស្រែកស្តីថាឱ្យអ្នកដែលកំពុងតែឈរភ្លឹកនៅមាត់បឹងមិនចាប់អារម្មណ៍ឯណេះ ត្បិតថាព្រះនាងអេរីសា ទ្រង់ក៏កំពុងតែឈរសម្លឹងទៅទឹកបឹងនោះហាក់មិនទាន់អស់អាល័យចំពោះទេសភាពរបស់បឹងមួយនេះនៅឡើយ ប៉ុន្តែយ៉ាងណាក៏ទ្រង់ត្រូវតែកាត់ចិត្ត បើពុំនោះទេ ទ្រង់អាចនិងគ្មានឱកាសត្រឡប់ទៅវិញទៀតក៏ថាបាន។
…/ ...
   "នេះម៉ោង7យប់ទៅហើយម្ចាស់បងអេរីសានៅមិនទាន់យាងមកវិញទៀត បងអ៊ែលឡាម្ចាស់បងអាចមានរឿងអីដែលទេ?" ព្រះនាងយូរីសាទ្រង់យាងទៅមុខចុះឡើងៗនៅសំយ៉ាបរាជកំណាក់ហាក់អន្ទះសារ ត្បិតថាពេលនេះក៏យប់ងងឹតទៅហើយ នៅមិនទាន់ឃើញមានអ្នកណាមកនៅឡើយ អារម្មណ៍នឹកបារម្ភក៏កើតមានឡើងពេញព្រះទ័យ ទ្រង់មានបន្ទូលទាំងសម្លឹងមើលទៅនាឡិកា លើខ្នងដៃទ្រង់បន្តើរផង មុននិងដាក់ព្រះភ័ក្ត្របែសម្លឹងទៅសួរអ៊ែលឡាដែលឈរគំនាប់ខ្លួនក្បែរកាយរបស់ទ្រង់ឯណេះ។
   "នោះ!! មកដល់ហើយព្រះនាងអេរីសាក្រាបទូលព្រះនាង" សម្លេងឡានបតចូលមកក្នុងវាំង ជាមួយនិងពន្លឺភ្លើងឡានភ្លឺចិញ្ចាចបង្ហាញឱ្យឃើញច្បាស់ ត្បិតថាអ៊ែលឡាបែសម្លឹងមកក៏ស្រាប់តែប្រទះឃើញស្របពេលល្មម ទើបនាងឧទានឡើងដោយលើកដៃចង្អុលបង្ហាញទៅអ្នកដែលអង្គុយមិនទាន់ចាប់អារម្មណ៍ផង។
   ព្រះនាងយូរីសាទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ រួចក៏រត់យាងនាំកាយតូចល្អិតរបស់ទ្រង់យាងចុះទៅជាន់ខាងក្រោមផ្ទាល់ដីឯណោះ ត្បិតថាឡានក៏ត្រូវបានឈប់ងឹកមួយកន្លែងទៅហើយដែល ព្រះនាងអេរីសានិងរាជទាយាទណាមជុនទ្រង់ទាំងពីរក៏ចុះចេញពីក្នុងឡាន ខណ:ដែលម្ចាស់កាយតូចល្អិតដែលរត់មកទទួលឯណោះក៏មកជិតពួកទ្រង់ល្មម។
   "ហេតុអីក៏ទ្រង់ទើបតែយាងមកដល់? ទ្រង់នាំម្ចាស់បងខ្ញុំម្ចាស់ទៅណា? រាជទាយាទណាមជុន!!" ព្រះនាងយូរីសាទ្រង់ចោទសំណួរសួរភ្លាម ទ្រង់បែទៅសួរម្ចាស់បងទ្រង់ហើយទើបឆ្លាស់ភ្នែកបែទៅសួរអ្នកម្ខាងទៀតតាមក្រោយ ត្បិតថាទ្រង់ក៏មានគំនិតអវិជ្ជមានលោតឡើងមកគិតអីផ្តេស់ផ្តាស់ឡើងទាំងគ្មានចេតនាដូចគ្នា ទ្រង់សម្លក់ទៅផ្ទៃមុខសង្ហារបស់រាជទាយាទហាក់ខឹងក្រោតខ្លាំងមិនស្ទើរ ខណ:ដែលទ្រង់ក៏កំពុងតែរងចាំស្តាប់នៅហេតុផលសមរម្យមួយចេញពីមាត់របស់រាជទាយាទដូចគ្នា។
   "ម្ចាស់បងរបស់ទ្រង់មុននិងក្រោយក៏គង់តែក្លាយជារបស់យើងដដែលទេ ទ្រង់រៀនធ្វើចិត្តខ្លះក៏ល្អម្យ៉ាងដែល" រាជទាយាទណាមជុនទ្រង់មានបន្ទូលទាំងផ្ទៃមុខត្រជាក់ស្រេបដូចជាផ្ទាំងទឹកកក ប៉ុន្តែប្រយោគដែលទ្រង់មានបន្ទូលអម្បាញ់មិញនោះបែជាអាចធ្វើឱ្យអ្នកស្តាប់ម្ខាងឯណេះរំគោះរំគើបានទៅវិញ ត្បិតថាពេលនេះព្រះនាងអេរីសាទ្រង់ក៏បែព្រះភ័ក្ត្រទាំងចំហរមាត់ធ្លុងហាក់នឹកស្មានមិនដល់ មិននឹកស្មានថានិងអាចលឺពាក្យនេះចេញពីមាត់រាជទាយាទទាល់តែសោះ។
   "របស់ទ្រង់?!" ព្រះនាងអេរីសាទ្រង់មានបន្ទូលឧទានឃ្លានេះឡើងសារជាថ្មីទាំងចម្លែកក្នុងព្រះទ័យ ទ្រង់បែសម្លឹកយ៉ាងស្លើរទៅរកផ្ទៃមុខសង្ហារបស់រាជទាយាទ ត្បិតថាព្រះនាងយូរីសានិងអ៊ែលឡាឯណេះហាក់បែសម្លឹងទៅកាន់ទ្រង់ទាំងចំហរមាត់ហាក់នឹកស្មានមិនដល់ដូចគ្នា។
   "ត្រូវហើយ!! មុននិងក្រោយពួកយើងក៏គង់តែអភិសេក" រាជទាយាទណាមជុនទ្រង់លើកចិញ្ចើមម្ខាងឆ្លើយទាំងប្រយោល ដោយមិនមានព្រះទ័យស្ទាក់ស្ទើរ ត្បិតថាប្រយោគមួយនេះក៏ធ្វើឱ្យបេះដូងរបស់អ្នកស្តាប់ឯណោះលោតញាប់ខុសប្រក្រតី ស្ទើរតែលោតធ្លាយចេញមកក្រៅឱ្យឃើញច្បាស់ទៅហើយ បើសិនជាអាចនោះ។
   រាជទាយាទណាមជុនទ្រង់ហាក់រអៀសព្រះទ័យ ត្បិតថាប្រយោគដែលទ្រង់មានបន្ទូលអម្បាញ់មិញក៏ទ្រង់គ្មានចេតនានោះទេ ទ្រង់រឹតតែមិនបានតាំងចិត្តមានបន្ទូលចេញមកថែមទៀត ព្រោះតែមិនចង់ឱ្យមានគេចាប់កំហុសយូរ ទ្រង់ក៏លូកដៃចូលហោប៉ាវខោ ជ្រែងយាងចេញទៅហាក់រៀបខ្លួនស្ទើរតែមិនត្រូវតែម្តង។
   (ក្រែងទ្រង់ទើបតែប្រាប់ថាមិនចង់យកអ្នកណាមកលំបាកមែនទេ? ហេតុអីក៏សុខៗទ្រង់លើករឿងអភិសេកឡើង?)
.../...
   ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមកំពុងតែក្រាលគ្របពេញលើផ្ទៃភសុធា ស្មៅខៀវខ្ចីជាមួយនិងទឹកសន្សឹមនាពេលព្រឹក បើកចិត្តទទួលយកពន្លឺព្រះអាទិត្យដែលជះមកកាន់ផ្ទៃដី ក៏ដូចជាស្មៅនិងរុក្ខជាតិចម្រុះ វាគឺជាថ្ងៃដ៏ល្អមួយបន្ទាប់ពីការចាកចេញពីភាពខ្មៅងងឹតនាពេលរាត្រីដែលទើបតែកន្លងផុតទៅ។
   ពន្លឺនៃព្រះអាទិត្យរះជះពេញទាំងផ្ទៃដី ព្រមទាំងច្រៀតជ្រែកចូលមកកាន់ប្រឡោះបង្អួចដំណាក់ បញ្ចាំងពន្លឺចាំងចែងភ្លឺពេញផ្ទៃដំណាក់ទាំងមូល គ្រែធំទូលាយបង្ហាញឱ្យឃើញច្បាស់ម្ចាស់កាយស្រស់សង្ហាខាបព្រលឹងរបស់រាជទាយាទណាមជុនគ្រងជាមួយនិងឈុតរាត្រីយ៉ាងស្តើងមើលធ្លុះដល់សាច់ កំពុងតែលុងលក់ មិនទាន់រលឹកឡើងពីស្រមោលនៃពេលរាត្រីនៅឡើយ។
   "ព្រះរាជទាយាទ" ស្រីបម្រើរាជវាំងប្រមាណជា ប្រាំមួយ ទៅប្រាំបីនាក់ក៏ដង្ហែរគ្នាចូលមក ដោយក្នុងដៃម្នាក់ៗក៏មានកាន់នៅគ្រឿងលំដាប់ សម្រាប់ស្រង់ទឹកលាយជម្រះកាយ អាចហៅយ៉ាងខ្លីថាងូតទឹក ពួកនាងចូលមកដល់ក៏អោនក្បាលជាគំនាប់ ត្បិតថានាងបន្លើរសម្លេងឡើងក៏មិនហ៊ានងើបមុខមើលទៅរាងកាយដែលកំពុងតែផ្ទំនៅលើគ្រែឯណោះដែល។
   រាជទាយាទណាមជុនទ្រង់ក៏តើនឡើងពីដំណេកដែលកំពុងតែលុងលក់សុខស្រួល រួចទ្រង់ក៏បោះជំហ៊ានយាងចេញទៅ តម្រង់ទៅអាងទឹកដើម្បីស្រង់ ដៃមាំទាំទាំងគូលើកឡើងមកប្រឡេះឡេវអាវម្តងមួយគ្រាប់ៗទម្លាក់ចោលក្បែរជើង ត្បិតថាពេលនេះរាងកាយរបស់ទ្រង់ទាំងមូល គឺគ្មានសល់អ្វីបិទបាំងទៀតនោះទេ បង្ហាញឱ្យឃើញនៅសាច់ដុំហាប់ណែនក្បាលពោះ៦កង់យ៉ាងច្បាស់ ឈានជើងយាងចុះចូលទៅក្នុងអាងទឹកដែលមានសភាពក្តៅអ៊ុនៗ អង្គុយងើយករ បិទភ្នែកទទួលយកក្លិនក្រអូបពីផ្សែងទៀនដែលអុចបញ្ឆេះទុកហើយរួចជាស្រេចនោះ ត្បិតពួកស្រីបម្រើទាំងនោះក៏នាំគ្នាដើរចូលមកតាមក្រោយ ដោយម្នាក់ៗក៏ធ្វើតាមភារ:កិច្ចរាងខ្លួន អ្នកខ្លះក៏រោយស្រទាប់ផ្កាពេញផ្ទៃទឹក ដើម្បីបង្កើនភាពស្រស់ស្រាយ ក៏ដូចជាក្លិនក្រអូប ចំណែកឯអ្នកកាន់ព្រេងធ្វើសរសៃរក៏ចូលមកលាបព្រេងលើព្រះកាយទ្រង់ ហើយក៏ច្បោតចុះឡើងធ្វើសរសៃរថ្វាយតាមទម្លាប់ដូចគ្នា។
…/...
   ព្រះនាងចាំខ្ញុំម្ចាស់ផង!!" ឈូប៊ីដែលជាស្រីបម្រើផ្ទាល់ខ្លួនរបស់ព្រះនាងចេស្មីនក៏ឧទានឡើងទាំងរត់ទ្រុកៗស្ទើរតែមិនទាន់តាមពីក្រោយម្ចាស់ខ្លួន ត្បិតថាពេលនេះព្រះនាងក៏កំពុងតែយាងយ៉ាងញាប់ជើង មិនសូម្បីតែងាកក្រោយស្តាប់នៅពាក្យទូលសុំរបស់ស្រីបម្រើទ្រង់ផង។
   "ឯងក៏ដើរឱ្យលឿនមកណានាងល្ងង់!! ឯងក៏ដឹងថាម្ចាស់បងជុនទ្រង់ចង់យាងទៅសាងគុណសម្បត្តិ បើទ្រង់ទៅ យើងច្បាស់ជាត្រូវបែកពីទ្រង់យូរទៀតហើយ យើងច្បាស់ជាទ្រាំមិនបានទេ" ព្រះនាងចេស្មីនទ្រង់យាងបន្តើរមានបន្ទូលប្រាប់ទៅស្រីបម្រើទ្រង់បន្តើរ ត្បិតថាពេលនេះទ្រង់មិនអាចចាប់អារម្មណ៍អ្វីផ្សេងទេ ក្រៅពីយាងឱ្យលឿនបំផុត តម្រង់ទៅដំណាក់របស់រាជទាយាទតែម្តងនោះ។
   ព្រនាងចេស្មីនទ្រង់យាងរហូតមកដល់ខាងមុខរាជដំណាក់របស់រាជទាយាទ ប៉ុន្តែទ្រង់មិនទាន់អាចយាងចូលទៅខាងក្នុងបានដូចព្រះទ័យភ្លាមនោះទេ ព្រោះត្រូវពួកអង្គរក្សយាមទ្វាដំណាក់រារាំងឃាត់ជាប់ ពួកគេក៏ធ្វើតាមតួនាទីដែល ត្បិតថាច្បាប់ទម្លាប់ ដំណាក់ឯណាក៏ដូចឯណាដែល គ្មានអ្នកណាអាចយាងចេញចូលតាមចិត្តបាននោះ លុះត្រាតែឋាន:ខ្ពង់ខ្ពស់ស្មើរស្តេច។
   "ម្ចាស់អូនចេស្មីន!!" រាជទាយាទណាមជុនទ្រង់ក៏យាងចេញមកដល់ខាងក្រៅដំណាក់ជូនពេលល្មម ទ្រង់ឧទានសព្វនាមនេះឡើងព្រមជាមួយនិងជំហ៊ានឈានជើងយាងចេញផុតពីរាជដំណាក់ មុននិងបង្អង់ឈប់ទ្រឹងមួយកន្លែង៖
   "ទ្រង់មានរឿងអីចង់និយាយជាមួយយើងរឺ?
បានជាយាងមកដល់ដំណាក់យើងទាំងព្រឹក!?" រាជទាយាទណាមជុនទ្រង់មានបន្ទូលទាំងលើកចិញ្ចើមម្ខាងបង្ហាញនៅទឹកព្រះទ័យងឿងឆ្ងល់ កាលបើចេញមកភ្លាមក៏ឃើញព្រះនាងយាងមកដល់តាំងពីស្មើរណាក៏មិនដឹង ត្បិតព្រះនាងចេស្មីនទ្រង់ក៏មិនមានបន្ទូលអ្វី ទ្រង់គិតតែរុលរាងកាយចូលទៅជិតរាជទាយាទ រួចក៏លូកដៃទៅកៀកនិងដៃម្ខាងរបស់រាជទាយាទដោយមិនគិតខ្មាស់អង្គរក្សរឺស្រីបម្រើដែលកំពុងតែឈរមើលទាល់តែសោះ ជាហេតុធ្វើឱ្យរាជទាយាទណាមជុន ទ្រង់ត្រូវវាសដកដៃចេញយ៉ាងលឿន ព្រោះទ្រង់មិនចង់ឱ្យប្អូនអាប់កិត្តិយសដោយមិនដឹងខ្លួន។
   "ព្រោះខ្ញុំម្ចាស់នឹកទ្រង់និងណា" ព្រះនាងចេស្មីនទ្រង់ខាំមាត់បន្តិច ត្បិតថាទ្រង់ក៏ត្រូវបាក់មុខកាលបើអ្នកម្ខាងទៀតមិនព្រមទទួលយកការអោបក្រសោបរបស់ទ្រង់ហើយនោះ។
   "ផ្តេសផ្តាស់!! ទ្រង់ជាព្រះនាងហើយក៏ជាប្អូនស្រីរបស់យើងដែល ហេតុអីក៏ទ្រង់មកបង្ហាញអាកប្បកិរិយាបែបនេះនៅកណ្តាលហ្វូងមនុស្សទៅវិញ!?" រាជទាយាទណាមជុនទ្រង់បើកភ្នែកធំៗបែបគម្រាម ព្រមទាំងមានបន្ទូលដោយបែក្រសែរភ្នែកសម្លឹងទៅកាន់ពួកស្រីបម្រើនិងអង្គរក្សយាមដំណាក់ទាំងនោះផង ហើយពួកគេក៏អោនមុខចុះ មិនហ៊ានងើបមុខឡើយ ត្បិតថាពួកគេខ្លាច ខ្លាចថាក្បាលអាចមិននៅជាប់និងករដូចមុនទៀត រួចទ្រង់ក៏ប្តូរក្រសែរភ្នែកមកសម្លក់មុខ ឮព្រះនាងចេស្មីនសារជាថ្មី។
   ព្រះនាងចេស្មីនទ្រង់ក៏អោនព្រះភ័ក្ត្រចុះ ខាំមាត់ហាកតូចចិត្តតូចថ្លើមបង្ហាញឱ្យឃើញច្បាស់ ត្បិតថា រាជទាយាទណាមជុនទ្រង់ពេលនេះក៏ហាក់រអៀសព្រះទ័យបន្តិចដែល ប្តូរព្រះភ័ក្ត្រពីមិនពេញចិត្ត មកជាស្រទន់ហាក់លួងលោមចិត្ត តាមតួនាទីជាបងប្រុសវិញដដែល។
   "យើងសុំទោសដែលមុននេះយើងប្រើសម្តីធ្ងន់ៗ ប៉ុន្តែលើកក្រោយកុំធ្វើបែបនេះអី វាអាចប៉ះពាល់ដល់កិត្តយសរបស់ទ្រង់បាន" រាជទាយាទណាមជុនទ្រង់មានបន្ទូលលួងលោមបន្តិច ព្រមទាំងលោដៃទៅប៉ះស្មាប្អូនស្រីតិចៗផង ហើយវាក៏បានផល ត្បិតថាពេលនេះព្រះនាងចេស្មីនក៏អាចញញឹមទន់ចិត្ត កាលបើស្តាប់នៅពាក្យលួងលោមនេះរួចមក។
   ប៉ុន្តែកាយវិការទាំងនោះក៏ត្រូវបានមើលឃើញដោយក្រសែរភ្នែករបស់អ្នកដែលកំពុងឈរសម្លឹងមើលមកពីចម្ងាយឯណោះ ត្បិតថាកាយវិការទាំងនោះបើរមើលពីចម្ងាយមកហាក់ស្និតស្នាលគ្នាមិនស្ទើរឡើយ ហើយថែមទាំងស្តាប់មិនលឺនៅសម្លេងថែមទៀតនោះ រឹតតែអានមិនយល់ អំពីកាយវិការទាំងនោះ ថាកំពុងតែសន្ទនាគ្នាធម្មតារឺជាការផ្តោះផ្តងស្នេហាជាមួយគ្នាឱ្យប្រាកដនោះ។
   "អេស៎ព្រះនាង!! ក្រែងទ្រង់ថាចង់យាងទៅដំណាក់រាជទាយាទមិនចឹងហេស៎ក្រាបទូល?» អ៊ែលឡានាងក៏ចោទសួរទាំងល្ងីល្ងើរ ត្បិតថានាងក៏មិនបានមើលទៅទិសដៅដែល ព្រះនាងអេរីសាទ្រង់កំពុងតែឈរសម្លឹងទៅនោះទេ ទើបនាងចោទសួរបែបនេះ បើនាងឃើញនាងក៏មិនសួរសំណួរល្ងីល្ងឺបែបនេះដែល។
   "មិនបាច់ទេ ខ្ញុំភ្លេចអស់ហើយ" ព្រះនាងអេរីសាទ្រង់មានបន្ទូលតែប៉ុណ្ណឹងរួចក៏យាងបែត្រឡប់ក្រោយវិញ ព្រមជាមួយនិងទឹកព្រះភ័ក្ត្រដូចជាមិនសូវសប្បាយព្រះទ័យខុសពីធម្មតា នេះទ្រង់ប្រច័ណ្ឌរឺ? មិនមែនទេទ្រង់មិនទាន់យល់ពីអារម្មណ៍ខ្លួនឯងទេ សុខៗក៏មានអារម្មណ៍ថាមិនសប្បាយព្រះទ័យលោតឡើងមកដោយឯកឯង ចំណែកអ៊ែលឡានាងក៏បានត្រឹមតែអេះក្បាល រួចក៏ដើរទៅតាមក្រោយព្រះនាង ទាំងមិនដឹងខ្យល់អីបន្តិចសោះ។
   ចៃដន្យខ្លាំងណាស់មែនទេ? រាជទាយាទណាមជុនទ្រង់ស្រាប់តែក្រឡែកទៅឃើញ នៅការយាងចាកចេញរបស់អ្នកម្ខាងដែលនៅឆ្ងាយឯណោះតែម្តង ទ្រង់គ្រាន់តែមើលពីក្រោយខ្នង ក៏អាចដឹងបាននិងស្គាល់បានទៅហើយថាជាអ្នកណានោះ ត្បិតថាទ្រង់ក៏ចោលក្រសែរភ្នែកតាមមើលហាក់ងឿងឆ្ងល់ដូចគ្នា ហេតុអីក៏ទ្រង់យាងទៅវិញ? ហេតុអីក៏មិនយាងមក? សំណួរទាំងនេះបានត្រឹមតែមានបន្ទូលនៅក្នុងចិត្តទ្រង់តែប៉ុណ្ណោះត្បិតថាពេលនេះមនុស្សនៅចំពោះមុខទ្រង់ក៏មានច្រើន។
   "ទ្រង់មានរឿងអីសំខាន់ជាងនេះដែលទេ? បើគ្មានទេយើងទៅកលព្រះបិតាសិនហើយ" រាជទាយាទណាមជុនទ្រង់មានបន្ទូលរួចក៏ប្រញ៉ាប់នាំកាយយាងចាកចេញទៅ ដោយមិនចាំនៅចម្លើយសិននោះទេ ហាក់ប្រញ៉ាប់ប្រញ៉ាល់ខ្លាំងសួរយកគួរតែប៉ុណ្ណោះ ដល់ថ្នាក់ថា ព្រះនាងចេស្មីនហើបមាត់ប្រុងនិងឆ្លើយទៅហើយក៏ទ្រង់មិនព្រមចាំស្តាប់សិនដែល។
…/...
   ក្រឡែកទៅព្រះនាងអេរីសាឯណេះវិញកាលបើយាងចេញមកបានឆ្ងាយបន្តិចហើយ ទ្រង់ក៏ចូលទៅអង្គុយចុះលើកៅអីរានហាលក្នុងសួនច្បាក្រោយរាជវាំងឯណោះ ទឹកព្រះភ័ក្ត្រក៏មិនសូវល្អនៅឡើយ ទ្រង់ខាំមាត់ខ្នក់ខ្នាញ់ ហាក់ដូចជាខឹងប៉ុន្តែបើសួរទ្រង់ថាហេតុអីត្រូវខឹង ទ្រង់ច្បាស់ជាឆ្លើយមិនត្រូវនោះទេ។
   "មានបន្ទូលសុទ្ធតែមិនចង់យកអ្នកណាមកក្បែរព្រះកាយព្រោះមិនចង់ឱ្យគេមកលំបាក តែការពិត រាយមន្តស្នេហ៍គ្រប់មនុស្សស្រី ឆឺស!!" ព្រះនាងអេរីសាទ្រង់អង្គុយក្តាប់ដៃមានបន្ទូលទាំងពេបមាត់បែបជ្រេញបន្តិច ត្បិតថាអ៊ែលឡាដែលឈរមើលកាយវិការរបស់ទ្រង់ក៏នៅតែមិនយល់ឆ្ងល់មិនដឹងថាទ្រង់កំពុងតែមានបន្ទូលពីអ្វីដដែល នាងលើកដៃមកអេះក្បាលបន្តិចចំណែកចិត្តក៏ចង់សួរទ្រង់ ប៉ុន្តែបើមើលទៅតាមទឹកព្រះភ័ក្ត្រដូចជាមិនមែនជាពេលដែលល្អសម្រាប់នាងសួរនោះទេ។
   "រាជទា..!! ស៊ូច...!!" អ៊ែលឡាដែលកំពុងតែឈរឆ្ងល់នៅខាងក្រោយកាយព្រះនាងអេរីសាឯណេះក៏ឧទានពាក្យនេះឡើងទាំងរដិរដុប កាលបើនាងឃើញនៅវត្តមានរបស់រាជទាយាទយាងចូលមកដល់ទាំងស្ងាត់ៗហើយនោះ ប៉ុន្តែនាងមិនទាន់បានហៅពេញយសផង នាងក៏ត្រូវស្ងាត់ប្រញ៉ាប់បិទមាត់ជិតទៅវិញ ព្រោះតែអ្នកម្ខាងទៀតលើកដៃជាសញ្ញាឱ្យនាងស្ងាត់ ហើយនាងក៏ត្រូវលេបពាក្យទាំងនោះចូលក្នុងពោះវិញដោយខានមិនបាន។
   "តែហេតុអីក៏ខ្ញុំត្រូវមួម៉ៅដែល? ទ្រង់ទៅនិយាយជាមួយអ្នកណារឺធ្វើអីជាមួយអ្នកណាក៏ជាសិទ្ធរបស់ទ្រង់ទេតើ"
   "ទ្រង់បានឃើញអីខ្លះទៅ?" រាជទាយាទណាមជុនទ្រង់ក៏ចូលមកក្បែររួចទ្រង់ក៏អោនព្រះភ័ក្ត្រចុះស្ទើរតែប៉ះនិងថ្ពាល់ព្រះនាងអេរីសាទៅហើយ ដោយទ្រង់ក៏មានបន្ទូលសួរក្បែរគុំត្រចៀករបស់ព្រះនាងតែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ក៏មិនទាន់ចាប់អារម្មណ៍នៅឡើយដែលថាជារាជទាយាទនោះ។
   "ឃើញ!! ខ្ញុំឃើញគ្រប់យ៉ាង ឃើញ...អឹប..!!" ព្រះនាងអេរីសាទ្រង់កំពុងតែស្រែកបញ្ចេញកំហឹងយ៉ាងពេញទំហឹងល្មមអស់ចិត្តដែលកំពុងក្តៅ ត្បិតថារាជទាយាទទ្រង់ក៏អោនព្រះភ័ក្ត្រទៅជិតនិងថ្ពាល់របស់ទ្រង់ស្រាប់ហើយ គ្រាន់តែព្រះនាងអេរីសាទ្រង់ងាកព្រះភ័ក្ត្រមកបន្តិច ក៏អាចប៉ះនិងច្រមុះរាជទាយាទបានយ៉ាងងាយ បរិយាកាសហាក់ស្ងាត់មួយឡែក កែវភ្នែកថ្លាប្រផះពីរគូក៏កំពុងតែបើកសម្លឹងទៅកាន់ទិសដៅតែមួយ រីកមាឌធំទទួលយកស្នាមថើបលើថ្ពាល់ដោយគ្មានចេតនាមួយនេះ ក្លិនក្រអូបដែលចេញពីថ្ពាល់របស់ព្រះនាងអេរីសា ហាក់ធ្វើឱ្យចិត្តរបស់រាជទាយាទពេលនេះពិតជាមិនចង់ឃ្លាតបន្តិចឡើយ។
   ចំណែកអ៊ែលឡាដែលឈរនៅម្ខាងឯណោះក៏បានត្រឹមតែហាមាត់ លើកដៃមកបិទភ្នែកយ៉ាងរហ័ស ព្រោះតែមិនចង់ចេះដឹងរឿងរបស់ម្ចាស់ ត្បិតថាពេលនេះម្នាក់ៗក៏ងើបក្រោកឈរឡើងអស់កម្ពស់ បែមុខចេញពីគ្នាហាក់អៀនខ្មាស់រៀងខ្លួនទៅហើយ រាជទាយាទណាមជុនទ្រង់បែព្រះភ័ក្ត្រគេចចេញទាំងពើងទ្រូង ដោយលើកដៃទៅជូតច្រមុះជាច្រើនដង ព្រោះតែចង់គេចមុខ ម្យ៉ាងទៀតទ្រង់ចង់ធ្វើចិត្តរៀបរឹកពាឱ្យដូចដើមផង។
   "ទ្រង់យាងមកតាំងពីពេលណាហេតុអីក៏ទ្រង់យាងមកស្ងាត់ៗបែបនេះ?" ព្រះនាងអេរីសាទ្រង់មានបន្ទូលទាំងបែគេចព្រះភ័ក្ត្រចេញ មិនហ៊ានសម្លឹងចំត្បិតថាការថើបដោយមិនបានតាំងចិត្ត ប៉ុន្តែវាគឺជាស្នាមថើបដំបូងដែលទ្រង់ទទួលបានពីបុរស។
   "គឺយើង..." រាជទាយាទណាមជុនទ្រង់មានបន្ទូលដោយលើកដៃទៅស្ទាប់ច្បោតសក់ទ្រង់តិចៗ ហាក់រកនឹកមានបន្ទូលមិនចេញ ខណ:ដែលព្រះនាងក៏ខាំមាត់អោនមុខ ដៀងក្រសែរភ្នែកមកកាន់ទ្រង់ទាំងលឹបលរៗជាច្រើនដងផង៖
   "ទ្រង់ប្រច័ណ្ឌយើងជាមួយចេស្មីនរឺ?" ដោយរកនឹកនិយាយអ្វីមិនចេញរាជទាយាទណាមជុនទ្រង់ស្រាប់តែចោទសំណួរបែបនេះទៅកាន់ព្រះនាងអេរីសា ណាមួយដើម្បីកែស្ថានការផង ទ្រង់ចោទសំណួររួចទ្រង់ក៏ញោចស្នាមញញឹមខិលបន្តិច រួចទ្រង់ក៏បែព្រះភ័ក្ត្រសម្លឹងទៅមុខស្រស់ស្អាតព្រមទាំងមានបន្ទូលសួរ ទ្រង់ក៏លូកដៃចូលក្នុងហោប៉ាវបន្តិច មុននិងបោះជំហ៊ានឈានមួយៗចូលទៅជិតកាយតូចដែលកំពុងតែរុញខ្លួនរអៀសចិត្តជាមួយនិងសំណួររបស់ទ្រង់ឯណោះ ព្រះនាងអេរីសាទ្រង់ក៏ងាកព្រះភ័ក្ត្របែសម្លឹងតបទៅវិញហាក់នឹកស្មានមិនដល់។
   "ខ្ញុំម្ចាស់..." ព្រះនាងអេរីសាទ្រង់មានបន្ទូលទាំងញ័រមាត់ងើបមុខបែសម្លឹងទៅកាន់ផ្ទៃមុខសង្ហារបស់រាជទាយាទ ទាំងបេះដូងហាក់លោតខុសចង្វាក់ស្ទើរធ្លុះដើមទ្រូង សម្តីដែលទ្រង់ចង់មានបន្ទូលឡើងក៏ហាក់អាក់គាំងត្រឹមនិង ត្បិតថាទ្រង់ក៏មិនយល់ពីព្រះទ័យទ្រង់ខ្លួនឯងពេលនេះដូចគ្នា។
   "នាងជាប្អូនស្រីម្នាក់របស់យើងតែប៉ុណ្ណោះ" រាជទាយាទណាមជុនទ្រង់មានបន្ទូលព្រមទាំងបោះជំហ៊ានឈានយាងមកអង្គុយចុះលើកៅអី រួចក៏ចោលក្រសែរភ្នែកទៅកាន់ព្រះនាងវិញសារជាថ្មី៖
   "ម្យ៉ាងវាក៏មិនអាចទៅរួចដែលបើសិនគិតជាស្នេហានោះ"
   "ព្រះនាងចេស្មីនទ្រង់ពិតជាស្រស់ស្អាត ខ្ញុំម្ចាស់មើលដឹងថាព្រះនាងទ្រង់សព្វព្រះទ័យលើទ្រង់ខ្លាំងណាស់ ហេតុអីក៏ទ្រង់ធ្វើដូចជាមិនខ្វល់?" ព្រះនាងអេរីសាទ្រង់ក៏ចូលមកអង្គុយលើកៅអីទល់មុខ រួចក៏មានបន្ទូលសួរទាំងញញឹមកំបួចមាត់ហាក់ចង់ញ៉ោះ ត្បិតថាភាពអៀនខ្មាស់វានៅតែមានរាងខ្លួន ប៉ុន្តែយ៉ាងណាក៏រកនឹកអ្វីមកបន្លប់វា ឱ្យឈប់គិតសិនមិនរឹតតែល្អទេរឺ?
   "អ្នកណាប្រាប់ទ្រង់ថាយើងស្រឡាញ់មនុស្សស្រីស្អាត?" រាជទាយាទណាមជុនទ្រង់អាចយល់ពីន័យដែលព្រះនាងអេរីសាកំពុងតែចង់ប្រាប់តាមរយ:ប្រយោគខាងលើបានយ៉ាងងាយ ទ្រង់បោះប្រយោគនោះទៅវិញ ដោយចោលនៅក្រសែរភ្នែកសម្លឹងទៅអ្នកដែលអង្គុយទល់ព្រះភ័ក្ត្រទ្រង់ផង ប៉ុន្តែអ្នកណាទៅដឹងទៅថា ប្រយោគដែលទ្រង់មានបន្ទូលបែជាធ្វើឱ្យផ្ទៃមុខសររលោងស្រស់ស្អាតរបស់អ្នកម្ខាងទៀត ប្រែជាក្រហមដូចជាម្ទេសទុំបាននោះ ត្បិតថាទ្រង់មិនមែនចេះតែស្រឡាញ់មនុស្សស្រីផ្តេសផ្តាស់ឯណា ទ្រង់ក៏ធ្លាប់បានប្រាប់ថាទ្រង់មិនទាន់ចង់យកអ្នកណាមកដាក់ក្នុងព្រះទ័យនៅឡើយទេ។
   "ខ្ញុំម្ចាស់...!!!" ព្រះនាងអេរីសាទ្រង់ហាក់ភាំងព្រះទ័យរកហាស្តីមិនចេញ ត្បិតថាប្រយោគនិងក្រសែរភ្នែកដែលកំពុងតែសម្លឹងមកកាន់ទ្រង់ពេលនេះ គឺហាក់បីដូចជាពិឃាតបេះដូងទ្រង់ទាំងស្រុងដោយមិនដឹងខ្លួនទៅហើយ។
   (ថ្ងៃក្រោយកុំចេះតែអន់ចិត្តបែបនេះ បើមិនទាន់សួរ ពេលខ្លះកុំជឿលើភ្នែកដែលបានឃើញខ្លាំងពេក ភ្នែកក៏ចេះបោកដែល)

===========
សង្ឃឹមថាអ្នកអាននិងចូលរួមខមិនសាច់រឿងទោះមិនបាន100%ក៏សុំតែ30%ក៏បានដែលយាយមែន ចង់ដឹងថាវាមានខុសឆ្គង រឺក៏ភ្លាវត្រង់ណារឺក៏អត់💗
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now