ភាគ103

550 18 0
                                    

ទាយាទម៉ាហ្វៀ
ភាគ103

"លីឈីង!" សំនួរដែលកូនចោទសួរមកគេពេលនេះវាដូចជាបន្លាចាក់ដោតទ្រូង ជាអំបោះដេរផ្ជិតមាត់មិនអាចឲ្យគេហានិយាយអ្វីបានទៀតមានតែអារម្មណ៍ឈឺចាប់នឹងការដឹងខុសលើកំហុសដែលគេធ្លាប់បានសាងកន្លងមក រ៉ូហ្សេស៍បន្ទន់ជង្គង់ចុះពីមុខកូនស្រី ភ្នែកទាំងគូក៏រលីងរលោងចង់យំជាខ្លាំងព្រោះគេទប់លែងជាប់ទៅហើយ។
ខណៈពេលដែលឪពុកឯណោះកំពុងតែទន់ជ្រាយពេញទំហឹងទៅហើយនោះ លីឈីងឯណេះក៏នៅឈរធ្មឹងបើកភ្នែកក្រហមងាំងសំឡឹងមើលទៅបុរសដែលនាងគួរតែហៅប៉ា មិនមែនជាលោកពូនោះឡើយ។
"ពូឆ្លើយមិនបានទេមែនទេ? ពូពិតជាសោកស្ដាយពិតមែនហ៊ឹក" នាងល្អិតលីឈីងដែលនៅឈររង់ចាំស្ដាប់ចម្លើយពីរ៉ូហ្សេស៍ឯណោះក៏បែរជារលីងរលោង អ្វីដែលនាងចង់បានគឺចម្លើយដែលឆ្លើយចេញពីមាត់គេ នាងចង់លឺគាត់និយាយថាគាត់មិនបានសោកស្ដាយនឹងវត្តមាននាង មិនដូចជាអ្វីដែលម្ដាយនាងធ្លាប់គិតឡើយ តែគាត់មិននិយាយគាត់នៅស្ងៀមទ្រឹង បែបនេះវាច្បាស់ជាងគាត់ឆ្លើយថាគាត់សោកស្ដាយណាស់ទៅទៀត។
"លីឈីង..លីឈីងកូន" កាយមាំទាំជំនួសឲ្យពាក្យបកស្រាយគេក៏ក្រសោបទាញកូនមកអោបជាប់ទ្រូង គេទម្លាក់ជង្គង់លាន់ឌឹបនៅនឹងដី ព្យាយាមអោបក្រសោបកូនកាន់តែជាប់ណែនមិនចង់លែង លីឈីងនាងក៏មិនរឹងទទឹងតែនាងនៅស្ងៀមក្នុងរង្វង់ដៃលោកប៉ាបង្កើត លោកប៉ាបង្កើតដែលនាងចង់អោប ចង់ក្បែរកាលបើគ្រាន់តែដឹងការពិតភ្លាមៗ តែគាត់ក៏មិនបានសូម្បីតែបង្ហាញខ្លួនមកឲ្យនាងបានឃើញ គាត់មិនដែលសូម្បីតែបង្ហាញរឺក៏ធ្វើខ្លួនដូចជាគាត់មានកូន គិតដល់រឿងនេះម្ដងណានាងក៏ចង់តែស្រែកយំ នាងចង់ខឹងគាត់ ចង់ស្ដីថាឲ្យគាត់បើថ្ងៃណាមួយគាត់មករកនាង ពេលនេះវេលាមកដល់ហើយតែនាងក៏មិនអាចសូម្បីតែធ្វើអ្វីបានម៉្យាងតាមដែលនាងគិត។
"ពូដឹងទេ? ក្រោយពីខ្ញុំដឹងថាពូជាលោកប៉ាខ្ញុំ ខ្ញុំក៏សប្បាយចិត្តនឹងគិតថាយ៉ាងណាក៏លោកពូនឹងមករកខ្ញុំ ខ្ញុំចាំផ្លូវពូ ចង់អោបពូ ចង់ស្ដាប់ការបកស្រាយពីពូ តែចាំបាត់ៗពូមិនដែលបង្ហាញខ្លួនសោះ"
"លីឈីងហ្អា៎ ប៉ា! សុំទោសកូន..ប៉ាសុំទោស"
"ខ្ញុំក៏ចង់ឲ្យចិត្តឈឺរលាយតាមពាក្យសុំទោសពូដែរ តែវានៅឈឺ.. វានៅតែប្រាប់ថាលោកពូមិនបានស្រឡាញ់នឹងត្រូវការខ្ញុំព្រោះតែខ្ញុំជាកូនពូ.." លីឈីងនាងរឹងប៉ឹងខ្លាំងដល់ថ្នាក់ថាពាក្យដែលនាងនិយាយមកចាក់ដោតយ៉ាងនេះទៅហើយតែនាងក៏មិនបានយំ អ្នកដែលយំនោះជាឪពុក ជាអ្នកដែលកំពុងតែអោបនាង ស្ដាប់នាងឯណោះទៅវិញទេ។
"ប៉ាសុំទោស ពីមុនប៉ាល្ងង់..ប៉ាគិតតែចិត្តខ្លួនឯង ប៉ាមិនបានគិតថាកូននឹងមានអារម្មណ៍បែបណាព្រោះប៉ាគិតថាយ៉ាងណាក៏កូនមានថេយ៉ុងជាប៉ា-"
"តែអារម្មណ៍នៅជាមួយប៉ាបង្កើតនឹងប៉ាចិញ្ចឹមមិនដូចគ្នាទេ លោកពូដឹងទេ? ពូប្រហែលជាមិនយល់ទេ ព្រោះពូមិនមែនជាខ្ញុំ" លីឈីងនិយាយម៉ាត់ៗទៅកាន់លោកប៉ានាង ទោះបីជានាងមិនបានរើបម្រាស់នឹងនៅស្ងៀមក្នុងដៃគេក៏ដោយ តែសម្ដីនាយក៏ធ្វើឲ្យនាយខ្មាសអៀនសឹងតែមិនអាចអោបនាងបានទៅទៀត។
"ពូរ៉ូហ្សេស៍.." មួយសន្ទុះក្រោយលីឈីងក៏លូកបេះដៃរ៉ូហ្សេស៍ចេញបន្តិចរួចងើយមុខមើលទៅគាត់ ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខនាង ស្នាមញញឹមដែលរ៉ូហ្សេស៍ឃើញហើយគេក៏យំកាន់តែខ្លាំង។
"រីករាយណាស់ដែលជាតិនេះខ្ញុំបានកើតមកជាកូនពូ សង្ឃឹមថាបើសិនជាមានជាតិក្រោយខ្ញុំបានកើតជាកូនពូទៀត ខ្ញុំនឹងមានឱកាសបានពូមើលថែតាំងពីតូចមកក្នុងនាមជាប៉ាណា៎" លីឈីងញញឹមរួចបែរខ្លួនរត់ទៅកាន់បន្ទប់វិញ រ៉ូហ្សេស៍ឯណោះក៏ទន់ជង្គង់អង្គុយនឹងឥដ្ឋ ទឹកភ្នែកមិនដឹងជាមកពីណាហូរស្រក់ដូចជាទឹកទន្លេ គេសំឡឹងមើលកូនចាកចេញទាំងគ្មានសូម្បីតែឱកាសឃាត់។
(ប៉ាសុំទោសកូន..ប៉ាខុសហើយ)

ក្រឡេកមើលមកអ្នកដែលរង់ចាំក្នុងបន្ទប់ឯណោះវិញ ថេយ៉ុងក៏អង្គុយស្ងៀមតែដៃក៏លើកឡើងខាំម្រាមខ្លួនឯងជាពិសេសម្រាមដៃមេសឹងតែរលេសក្រចកបាត់អស់ទៅហើយព្រោះគេគិតបារម្ភពីលីឈីងកូនស្រីគេ ឃើញគេតានតឹងនឹងស្ត្រេសស៍បែបនេះរូម៉ាឯណោះក៏លូកដៃកាន់ក្រសោបស្មានាយជាប់ណែន។
"កូនឈីងនឹងមិនអីទេ! ប៉ាក៏ដឹងថាកូនយើងឆ្លាតប៉ុណ្ណា" ពាក្យថាកូនយើងបន្លឺពីមាត់រូម៉ានាំឲ្យចិត្តបារម្ភរបស់ថេយ៉ុងធូរស្រាលមួយកម្រិត គេក៏ងក់ក្បាលរួចឈោងមុខទៅថើបថ្ពាល់ភរិយាមួយខ្សឺត នាយដកបបូរមាត់មកវិញខណៈភ្នែកងាកចំកូនស្រីម្នាក់ទៀត កូនស្រីឆ្នាសឆ្នើមដែលនៅអង្គុយជាប់ក្បែរនោះ នាងពេបមាត់មើលមកគេហាក់ជ្រេញនឹងកាយវិការលោកប៉ាខ្លាំងៗ។
"កូនពេបអី? នេះច្រណែនដែលប៉ាថើបហ្មង" ថេយ៉ុងញ៉ោះកូនស្រី ហាណាក៏ច្បូញមាត់តិចៗរួចក្រវីក្បាលញាប់ស្អេករួចប្រញាប់វារចូលមករកម្ដាយរួចមើលទៅគេវិញ។
"ច្រណែនអីកូនអោបម៉ាក់បានច្រើនជាងប៉ាឯងឡើង4ឆ្នាំ អ៊ែក"
"អ៊ែក!" ថេយ៉ុងក៏ធ្វើជាលានអណ្ដាតតាមកូន ហាណាក៏ក្ដាប់មាត់រួចទាញដៃអាវម្ដាយតិចៗចង់ទូលពិត។
"ម៉ាក់ឯងមើលប៉ាធ្វើមុខច្រឡើមណក៎"
"ច្រឡើមកាត់ដូចកូនហ្នឹងណា៎"
"អត់ទេ! ហាណាស្អាតជាងដាច់" សំឡេងពួកគេឈ្លោះគ្នាក៏ត្រូវកាត់កាលបើទ្វារបើកឡើងបង្ហាញវត្តមានលីឈីង នាងចូលមកទាំងភ្នែកក្រហមតែញញឹម ថេយ៉ុងក៏មើលទៅកូនរួចបន្ទន់ជង្គង់ចុះលាដៃចាំទទួលកូន លីឈីងក៏រត់មករកប៉ារួចត្រូវគាត់បីឡើយ ថេយ៉ុងបីកូនឡើងហើយថើបនាងខ្សឺតនឹងដឹងដល់ទឹកភ្នែកដែលស្រក់លើថ្ពាល់កូន។
"កូនធ្វើបានល្អទេប៉ា?"
"ឈីងៗឡូយណាស់ good good" ហាណាក៏ជាអ្នកនិយាយឡើងមុននរណាៗបង្អស់ រូម៉ាក៏សើចបន្តិចនឹងអោបកូនស្រីជាប់ ថេយ៉ុងក៏ញញឹមរួចអោបលីឈីងអង្គុយចុះ។
"ឈីងៗឡូយដូចប៉ាចឹង"
"ទេ! ហាណាថាប៉ាអត់ឡូយផង" ហាណានិយាយកាត់៕

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Waar verhalen tot leven komen. Ontdek het nu