ភាគ35

643 34 0
                                    

ទាយាទម៉ាហ្វៀ
ភាគ35

ខណៈសំឡឹងមើលភ្នែកគ្នាថេយ៉ុងក៏អាចឃើញពីទឹកថ្លាដែលហៀបនឹងស្រក់ពីភ្នែករបស់នាងជាច្រើនតំណក់តែនាងក៏មិនព្រមសម្រក់វាចុះមក តែក៏ទប់ដល់ថ្នាក់ទឹកភ្នែកមួយតំណក់តូចៗប្រមូលផ្ដុំក្លាយជាដុំធំ ដែលមើលទៅវាពិបាកភ្នែកសម្រាប់គេបំផុតហើយ។
"អ្នកនាង..អ្នកនាងជាម្ដាយរបស់ក្មេងរងគ្រោះមែនទេ?" ក្រោយពីពួកគេប្រឈមមុខគ្នាបានមួយស្របក់លោកដុកទ័រដែលនៅឈរក្បែរនោះក៏ប្រញាប់សួរនាំភ្លាម រូម៉ាក៏លើកដៃម្ខាងជូតវាសទឹកភ្នែកដែលបម្រុងនឹងហូរស្រក់នោះចេញ ស្រីតូចក៏រុញទ្រូងថេយ៍ចេញរួចងាកបែរទៅចាប់អារម្មណ៍នឹងអ្នកដែលជួយជីវិតកូនស្រីនាងវិញ។
"ចាស៎ គឺខ្ញុំនឹងហើយ"
"ពួកយើងពិតជាត្រូវការឈាមបន្ទាន់ដើម្បីជួយក្មេងពិតមែន បើសិនជាអាច-" លោកដុកទ័រផ្អាកការនិយាយបន្តិចដោយងាកមើលទៅថេយ៉ុងក៏ព្រោះតែនៅទីនេះមានតែគេម្នាក់ប៉ុណ្ណោះដែលមានប្រភេទឈាមដូចជាហាណា ហើយមើលទៅអ្នកដែលលោកដុកទ័រសំឡឹងមើលនោះក៏ហាក់អន្ទះសារចង់ជួយដូចគ្នាដែរ។
"ឈាមមួយសាក់ប៉ុន្មានទៅ? ហើយចំណាយពេលយូរប៉ុណ្ណាទើបរកបាន?" រូម៉ាមិនត្រឹមតែមិនស្ដាប់សំណើររបស់លោកដុកទ័រ នាងក៏បែរចចេសសួរពីឈាមដែលនាងអាចរកទិញបានដើម្បីមកជួយកូន នាងសុខចិត្តចំណាយលុយ ប៉ុន្មានសិបលានក៏ដោយក៏នាងព្រម ជាជាងឲ្យនាងយកឈាមបុរសម្នាក់នេះមកបញ្ចូលក្នុងខ្លួនរបស់កូននាង។
"វាអាចនឹងចំណាយពេលយូរបន្តិច...."
"អញ្ចឹងលោកចាប់ផ្ដើមបញ្ជាទិញទៅ អស់ប៉ុន្មានលានក៏ខ្ញុំព្រមដែរ"
"នាងឆ្កួតហើយម៉ា!" ដោយសារតែភាពមានៈរបស់រូម៉ាបង្ហាញឡើងនាំឲ្យថេយ៉ុងខឹងសម្បារនឹងប្រញាប់ទាញស្មានាងឲ្យបែរមករកគេ ថេយ៍ឡើងក្រហមមុខងាំងដោយសារតែរូម៉ាសុខចិត្តប្រថុយជីវិតកូនក្នុងគ្រោះថ្នាក់ព្រោះតែមិនចង់បានឈាមរបស់គេ អញ្ចឹងរឺ?
"មែនហើយ! ខ្ញុំឆ្កួតហើយ..ចាប់តាំងពីលោកចូលមកក្នុងជីវិតខ្ញុំ ជីវិតខ្ញុំលែងដូចមុនហើយលោកបំផ្លាញគ្រប់យ៉ាងអស់ហើយលោកដឹងទេ? លោកធ្វើឲ្យខ្ញុំគ្មានជម្រើស ធ្វើឲ្យខ្ញុំប្រថុយគ្រប់យ៉ាងធ្វើយ៉ាងណាកុំឲ្យពាក់ពន្ធ័ជាមួយនឹងលោក ក៏ព្រោះតែខ្ញុំ..."
"ខ្ញុំស្អប់លោក.." រូម៉ាពោលមួយឃ្លាប្រយោគដែលវាលាក់កប់នៅក្នុងទ្រូង រង់ចាំឲ្យតែនាងបញ្ចេញមកក្រៅដាក់គេក្នុងថ្ងៃណាមួយ ពេលវេលាណាមួយដែលសាកសម ហើយពេលនេះវាដូចជាដល់ពេលដែលសាកសមហើយ។
"អ្នកមីង..អ្នកមីងយកឈាមឈីងៗទៅ ឈីងៗចង់ជួយហាណា ហ៊ឹកៗ" គ្រានោះមិនត្រឹមតែថេយ៉ុងឡើយដែលចង់ជួយហាណា សូម្បីតែលីឈីងកូនរបស់ថេយ៉ុងក៏ទាមទារចង់ជួយហាណាដែរ សម្ដីនិយាយលាយឡំនឹងទឹកភ្នែកដែលលីឈីងបានបង្ហាញធ្វើឲ្យរូម៉ានាងរលីងរលោងកាន់តែខ្លាំង ដៃតូចស្រឡូនលើកដៃខ្ទប់ក្បាលខ្លួនឯងហាក់ដូចជាប្រាប់ថានាងស្រ្តេសខ្លាំងណាស់។
"អ្នកនាង.."
"អ្នកនាងម៉ា.."
ព្រូស!
រាងកាយតូចស្រឡូនដែលច្របូកច្របល់ស្រពិចស្រពិលមុននោះក៏ដួលសន្លប់ព្រូសនៅពីមុខថេយ៉ុងជាហេតុនាំឲ្យនាយស្លោរស្លន់នឹងប្រញាប់លើកបីនាងឡើង គេបីនាងយកទៅដាក់នៅបន្ទប់សម្រាកក្បែរនោះបំផុតព្រមទាំងមានពេទ្យម្នាក់ចូលទៅតាមដែរ។
មកដល់ខាងក្នុងថេយ៉ុងក៏ដាក់នាងនៅលើគ្រែរួចគ្រូពេទ្យម្នាក់ក៏យកអុកសុីសែនមកដាក់ឲ្យនាងក៏ព្រោះតែមើលទៅសភាពនាងគឺស្លេកស្លាំងខ្លាំងមែនទែន ញើសក៏ហូរស្រឹបៗតាមជើងសក់បង្ហាញថានាងមិនស្រួលខ្លួនខ្លាំងហើយបានជាសន្លប់ទាំងបែបនេះ។
"លោកអាចទៅមើលអ្នកជម្ងឺនឹងទាក់ទងបញ្ចូលឈាមបាន ព្រោះនាងគ្មានពេលច្រើនទេ" គ្រូពេទ្យម្នាក់ក៏ចូលមកដាស់តឿនថេយ៍នាំឲ្យគេប្រញាប់ងក់ក្បាលនឹងបែរបំណងចាកចេញតែក៏បែរមានរឿងផ្សេងនាំឲ្យគេបារម្ភមួយរឿងទៀតនោះគឺរឿងលីឈីង។
"លីឈីង..លីឈីង?!" សុខៗក៏ស្រាប់តែបាត់កូនស្រីរបស់គេ ទាំងដែលមុននោះនាងនៅឈរក្បែរជើងគេសោះ មិនចាំយូរថេយ៍ក៏ប្រញាប់រត់ចេញទៅខាងក្រៅដើម្បីរកមើលកូនស្រីរបស់គេ។
"លោករកកូនស្រីមែនទេ? ពួកយើងបានឲ្យនាងទៅសម្រាកចាំលោកនៅបន្ទប់ជិតនេះហើយ លោកអាចចូលមកមើលអ្នកជម្ងឺហើយក៏ពិចារណាថានឹងបរិច្ចាគឈាម-"
"ខ្ញុំនឹងបរិច្ចាគឈាមឲ្យនាង" ខណៈពេលដែលលោកដុកទ័រសួរឲ្យនាយសម្រេចចិត្ត ថេយ៉ុងក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរអ្វីបន្តិចសោះតែម្ដង លោកដុកទ័រក៏ញញឹមរួចប្រញាប់នាំថេយ៍ចូលទៅកាន់បន្ទប់សង្គ្រោះ។
គ្រឹប!
ទ្វារបន្ទប់សង្គ្រោះបិទគ្រឹបនាំវត្តមានលោកដុកទ័រចូលទៅមុនដើម្បីរៀបចំទីកន្លែងសម្រាប់បរិច្ចាគឈាមនោះ ថេយ៉ុងដែលមកតាមក្រោយក៏បោះជំហានមួយៗកាលបើមកកាន់តែជិតនឹងបានឃើញនាងល្អិតហាណាដេកលើគ្រែនឹងមានពេទ្យកំពុងតែធ្វើការវះកាត់របួសរបស់នាងស្របនឹងខោអាវដែលនាងស្លៀកពាក់មានដាបឈាមនៅឡើយ ឃើញសភាពនាងបែបនោះថេយ៉ុងក៏កាន់តែមានអារម្មណ៍មិនស្រួលក្នុងចិត្ត។
"លោកគេងខាងនេះមក" គ្រូពេទ្យក៏រុញគ្រែមួយចូលមកកៀកជិតនឹងគ្រែរបស់ហាណាដើម្បីងាយស្រួលក្នុងការបរិច្ចាគនឹងវះកាត់បន្តទៀត ថេយ៍ទម្លាក់ខ្លួនដេកលើគ្រែមិនភ្លេចងាកភ្នែកមើលទៅហាណាចំ ដៃមាំទាំដែលមានដាក់សឺរ៉ូមក៏លើកឡើងរួចកាន់ក្រសោបដៃអ្នកកំពុងតែទទួលការវះកាត់នោះ កាន់ដៃតូចច្រមិចរបស់នាងក៏ធ្វើឲ្យបេះដូងរបស់គេមានអារម្មណ៍ចម្លែក សំនួរជាច្រើនលោតឡើងក្នុងខួរក្បាលរបស់គេ បូករួមនឹងសំនួរមួយដែលគេចង់សួរបំផុតនាពេលនោះគឺ៖
(ឯងជាកូនរបស់ពូមែនរឺហាណា?!)
...
ប្រមាណជាមួយម៉ោងក្រោយពីការបរិច្ចាគឈាមនឹងឲ្យថេយ៍សម្រាកឲ្យមានស្មារតីនឹងធឹងនឹងមានកម្លាំងជាមុនសិនទើបដុកទ័រអនុញ្ញាតឲ្យគេចាកចេញ តែមុននឹងចាកចេញថេយ៍មើលទៅនាងល្អិតហាណាបន្តិចមុននឹងលូកដៃចូលហោប៉ៅរួចយករបស់មួយចេញមក ខ្សែចងសក់មួយដែលហាណាធ្វើជ្រុះពីមុខគេកាលពីនៅភោជនីយដ្ឋាននោះ គេយកវាមកចងដៃនាង គេប្រគល់វាឲ្យនាងវិញទាន់ពេលដែលគេមានឱកាស។
"ឯងនឹងមិនអីទេណា ស៊ូៗ" ថេយ៉ុងទម្លាក់ដៃនាងលើពូកវិញរួចក៏ចាកចេញពីបន្ទប់សង្គ្រោះ ហើយបន្ទាប់ពីចាកចេញពីទីនោះថេយ៉ុងក៏មានតួនាទីមួយទៀត នោះគឺទៅរកកូនស្រីរបស់គេដែលនៅសម្រាកជាមួយពេទ្យឯណោះ។
ថេយ៉ុងចាកចេញញាប់ជើងទៅកាន់បន្ទប់ដែលនៅមិនឆ្ងាយពីទីនោះ ដៃមាំរុញទ្វារបើកឡើងមុននឹងបានឃើញកូនស្រីគេគេងនឹងមានអ្នកគ្រូពេទ្យម្នាក់មើលថែនាង។
"អូ!លោកមកហើយ នាងតូចចាំលោករហូតទាល់តែគេងលក់ក្រោយពីនាងទៅសុំលោកដុកទ័របរិច្ចាគឈាមឲ្យមិត្តរបស់នាង" គ្រាន់តែលឺបែបនោះថេយ៍ក៏ប្រញាប់ចូលទៅរកកូនព្រមជាមួយនឹងទឹកមុខព្រួយបារម្ភពេញទំហឹងតែម្ដង។
"នេះអ្នកគ្រូពេទ្យមិនបានយល់ព្រមទេត្រូវទេ? នាងនៅក្មេងខ្លាំងណាស់"
"ទោះជាពួកយើងព្រមក៏មិនអាចជួយអ្វីបានដែរលោកថេយ៍ ព្រោះប្រភេទឈាមនាងមិនដូចនឹងអ្នកជម្ងឺឡើយ" ចម្លើយអ្នកគ្រូពេទ្យក៏នាំឲ្យថេយ៍ងាកមើលទៅគេទាំងឆ្ងល់ម្ដងទៀត តែលើកនេះគឺឆ្ងល់ខ្លាំងតែម្ដង។
"អ្នកគ្រូពេទ្យចង់បានន័យថាយ៉ាងមិច?"
"នាងមានឈាមប្រភេទOមិនមែនABឡើយ"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now