ភាគ25

759 30 1
                                    

ទាយាទម៉ាហ្វៀ
ភាគ25

"រូម៉ា ផាទ្រីសៀរ៍" ថេយ៉ុងនៅតែមិនចោលទម្លាប់ក្រេវក្រោធនឹងឆេវឆាវនោះ គេបោះជំហានចាកចេញទៅតាមរូម៉ាពីក្រោយថ្នឹក ដៃមាំបំណងលូកទាញកញ្ឆក់នាងឲ្យបែរមកវិញតែក៏បែរទម្លាក់ចុះកាលបើឃើញលីឈីងនាងរត់មករកគេ។
"ប៉ាប៉ា ប៉ាទៅយូរម៉េស?" លីឈីងសួរនាំលោកប៉ានាងរួចអោបកាន់ជើងលោកប៉ានាងជាប់ហាក់ភ័យខ្លាចបាត់ប៉ាទៅ ថេយ៉ុងក៏អោនមើលទៅកូនរួចសំឡឹងហួសមើលផែនខ្នងតូចដែលដើរចូលទៅអង្គុយនៅតុអាហារជាមួយគ្រួសារនាងវិញនោះ។
"ប៉ាទៅបន្ទប់ទឹកមួយភ្លែតនឹងណា៎ នេះអ្នកណាឲ្យព្រះនាងតូចរបស់ប៉ាចុះពីកៅអីនឹង?" ថេយ៉ុងលើកលីឈីងឡើងពរបំណងចង់ទៅតុអាហារគេវិញ តែក៏អាក់ដំណើរនឹងកូនក្មេងម្នាក់ទៀតដែលមកឈរពាំងផ្លូវគេឯណោះ។
"ពូ..ពូអាចនាំឈីងៗទៅញ៊ាំអាហារតុជាមួយហាណាបានទេ? ហាណាចូលចិត្តឈីងៗណាស់" ការពិតគ្មាននរណាក្រៅពីហាណាកូនរបស់រូម៉ានឹងឡើយ ប៉ាម៉ាក់ជាសត្រូវសុីសាច់ហុតឈាមគ្នា តែកូនៗក៏បែរជាមានសម្ពន្ធ័ភាពល្អតាំងពីចួបគ្នាលើកដំបូងមក។
"មិន-"
"ណា៎ប៉ាណា៎ ឈីងៗក៏ចង់ទៅញ៊ាំជាមួយហាណា" ខណៈថេយ៉ុងឆ្លើយបដិសេធនាំឲ្យអ្នកមកបបួលធ្លាក់ទឹកមុខនោះ កូនស្រីដែលនាយពរជាប់ចង្កេះនេះក៏បែរជានិយាយលួងលោមនឹងទទូចចង់ទៅតាមហាណាដែរ ថេយ៉ុងក៏ចងចិញ្ចើមរួចអោនមើលនាងតូចដែលមើលមកគេទាំងចង់រលីងរលោងបន្តិចអីបន្តិចព្រោះមុននេះគេរាងសង្កត់សំឡេងដែរពេលនិយាយជាមួយនាង។
"ពូកុំខ្លាចខ្ញុំធ្វើបាបឈីងៗអី ខ្ញុំអត់ធ្វើបាបអ្នកខ្ញុំចូលចិត្តទេ" ហាណាបកស្រាយប្រាប់ទៅបុរសគ្មានបេះដូងម្នាក់ដែលយល់តែពីចិត្តខ្លួនឯងឲ្យបានយល់ច្បាស់ថានាងគ្មានបំណងរឺចង់គិតអាក្រក់អីទៅលើកូននាងឡើយ មិនសូម្បីតែមួយចុងក្រចក។
"ក៏បាន" ចុងបញ្ចប់ថេយ៉ុងក៏មិនអាចធ្វើអ្វីបានក្រៅពីឆ្លើយថាយល់ព្រម នាយក៏ដាក់លីឈីងចុះពីដៃ គ្រាន់តែជើងប៉ះដីភ្លាមនាងក៏ប្រញាប់រត់ចូលទៅរកហាណា ក្មេងតូចកាន់ស្រាក់ដៃគ្នាជាប់ហាក់ដូចជាសប្បាយចិត្តជាខ្លាំងកាលបើចាស់ទុំអនុញ្ញាតឲ្យពួកគេបាននៅជុំគ្នា។
"ឈីងៗអង្គុយលើកៅអីហាណាទៅ កៅអីធំអង្គុយបានពីរនាក់ណា៎"
"ក៏បានណា៎ ហិហិ តោះ" ហាណានឹងលីឈីងក៏ដឹងដៃគ្នាទៅកាន់តុអាហារនៅតុម្ខាង រូម៉ាកាលបើឃើញក្មេងៗមកនាងក៏ញញឹម នាងលើកក្មេងៗឲ្យឡើងអង្គុយលើកៅអីម្ដងម្នាក់ៗទាំងសប្បាយចិត្ត តែភាពសប្បាយរីករាយរបស់នាងមិនយូរក៏រសាត់ចេញពីផ្ទៃមុខបន្តិចត្បិតថេយ៉ុងគេក៏មករួមតុជាមួយនឹងពួកគេដែរ ថេយ៉ុងក៏មើលមុខរូម៉ារួចញញឹមបន្តិចហាក់ដូចជាចង់បង្កជម្លោះអ្វីទៀតហើយ។
"សង្ឃឹមថាមិនប្រកាន់.."
"មិនមានអីត្រូវប្រកាន់ស្រាប់ហើយ លោកថេយ៍អង្គុយចុះមកចុះ" មិនមែនជារូម៉ា តែជារ៉ូហ្សេស៍ដែលឆ្លើយជួសឲ្យនាងទៅវិញ គេមិនបានបង្ហាញទឹកមុខធុញទ្រាន់អីតែក៏ញញឹមជាប់មាត់ជានិច្ច ដែលស្នាមញញឹមនោះនាំឲ្យថេយ៉ុងគិតថាវាមិនមែនជាពេលល្អសម្រាប់គេបង្ករឿងឡើយ។
"តោះញ៊ាំទៅក្មេងៗម៉ាក់បានកម៉្មង់ស្បែកមាន់បំពងច្រើនណាស់ណា៎ ឈីងៗកូនចូលចិត្តដូចជាហាណាទេ?" រូម៉ាក៏ប្រញាប់កែខៃស្ថានភាពពេលនោះដោយការងាកទៅសួរនាំក្មេងៗវិញ ឈីងៗក៏សំឡឹងមើលទៅរូម៉ាមួយស្របក់មុននឹងងក់ក្បាលទាំងញញឹម។
"ចូលចិត្តម៉ាក់មីងស្អាត ឈីងចូលចិត្ត"
"អញ្ចឹងកូនក៏ញ៊ាំឲ្យច្រើនៗណា៎" រ៉ូហ្សេស៍ក៏ជាអ្នកនិយាយបន្ទាប់ ដៃក៏លូកដួសស្បែកមាន់ដាក់ចាននាងតូចដែលទើបតែមករួមតុជាមួយ។
"អរគុណពូពូសង្ហា ហិហិ" លីឈីងនិយាយអរគុណទៅកាន់រ៉ូហ្សេស៍ទាំងស្នាមញញឹមរួចលើកសមមកចុចស្បែកមាន់ដាក់ចូលមាត់ព្រមទាំងទំពារយ៉ាងឆ្ងាញ់មាត់ អ្នកដែលដួសដាក់ចានឲ្យនាងបានឃើញក៏ញញឹមជាប់លើផ្ទៃមុខ គេសំឡឹងមើលនាងមួយសន្ទុះទើបក្រលៀសភ្នែកចេញបន្ទាន់ដូចជាមានអ្វីលាក់បាំង តែគេក៏ប្រែមកជាទឹកមុខធម្មតាវិញកាលបើងាកទៅមើលម៉ានឹងហាណា។
"ប៉ាប៉ា កូនចង់ញ៊ាំទឹកសូកូឡា" ហាណាក៏ប្រាប់ទៅរ៉ូហ្សេស៍ដែលការប្រាប់របស់នាងហាក់ដូចជាដាស់ដល់ការចងចាំខ្លះរបស់បុរសដែលនៅអង្គុយតុជាមួយគ្នានោះ។
(បែបនេះល្អទេ? អូនញ៊ាំទឹកសូកូឡានឹងស្ត្រ័ប៊ែររីទៅចាំបងរៀបចំឲ្យ)
(យ៉េ..)
សំឡេងពីអតីតកាលដ៏យូរលង់បង្ហាញច្បាស់ថាសំឡេងមួយនោះជាសំឡេងរបស់អ្នកណា ថេយ៉ុងលូកដៃម្ខាងខ្ទប់ក្បាលខ្លួនឯងបន្តិងក៏ព្រោះតែពេលដែលគេនឹកឃើញរឺចងចាំអ្វីមួយគឺក្បាលរបស់គេ ជាពិសេសត្រង់ផ្នែកដែលមានរបួសនោះចាប់ឈឺខ្ទោកៗតែម្ដង។
"ឈីងចង់ញ៊ាំសូកូឡាទេ?"
"ញ៊ាំៗតែឈីងៗអត់សូវចូលចិត្តផ្អែមទេ" ការសន្ទនាគ្នាពីទឹកសូកូឡានោះនៅតែបន្ត ហើយថេយ៉ុងក៏នឹកឃើញកាន់តែច្រើនរឿងទាក់ទងនឹងវា ហើយគ្រប់ការចងចាំនោះសុទ្ធសឹងតែមានរូម៉ាជាចំណែកទាំងអស់ កាន់តែនឹកឃើញក្បាលគេកាន់តែឈឺចាប់ តែគេក៏បានតែលើកដៃម្ខាងច្រត់តុទប់ក្បាលព្រោះមិនចង់ឲ្យមាននរណាចាប់អារម្មណ៍ដឹង។
"ហាណានឹងឈីងៗមានចំណុចដូចគ្នាច្រើនណាស់ សូម្បីតែការញ៊ាំ របស់ប្រើប្រាស់ ហើយពេលនេះចូលចិត្តទឹកសូកូឡា..."
(ទឹកសូកូឡា! ទឹកសូកូឡា..ទឹកសូកូឡា)
ពាក្យមួយប្រយោគនេះក៏លោតឡើងពេញខួរក្បាលថេយ៉ុង សំឡេងរូម៉ានិយាយពីសូកូឡាគ្រប់ពេលទាំងអស់ក៏ប្រជែងគ្នាបន្លឺក្នុងខួរក្បាលគេ ថេយ៍ទប់ក្បាលខ្លួនឯងខ្លាំងៗហាក់ដូចជាគេទប់លែងបាននឹងអាការៈមួយនេះហើយ។
(ទឹកសូកូឡា..)
"ទឹកសូកូឡាមកដល់ហើយ ច្រាវ!" ថេយ៉ុងទ្រាំលែងបាននឹងសំឡេងដែលលឺក្នុងការចងចាំទើបគេក្រោកចេញតែគេមិនបានដឹងថាបុគ្គលិកលើកទឹកសូកូឡាមកទើបធ្វើឲ្យទឹកសូកូឡាមួយកែវហូរស្រោចលើរ៉ូបរបស់នាងល្អិតហាណាដែលនៅអង្គុយជ្រុងជាមួយគេឯណោះ ថេយ៉ុងក៏មិនបាននិយាយអី មិនសូម្បីតែសុំទោសរួចក្រោកចេញទៅក្រៅបាត់ រ៉ូហ្សេស៍ឯណោះក៏រហ័សឈោងយកក្រដាសជូតឲ្យហាណា ក្មេងតូចក៏ទម្លាក់ខ្លួនចុះពីកៅអីបន្តិចនឹងតាមសំឡឹងមើលលោកពូនោះចាកចេញទៅ។
...
"ព្រះអើយ! ហ៊ឹស" ថេយ៉ុងចេញមកមិនមែនទៅណាឆ្ងាយឡើយតែគេចេញមកសម្រួលអារម្មណ៍នៅខាងក្រៅ គេចង់រំងាប់អារម្មណ៍តែម្នាក់ឯងនៅទីនេះ តែប្រហែលជាមិនអាចនោះទេ ព្រោះមិនបានប៉ុន្មានក៏មានមនុស្សចេញមក។
"ពូពូ.." សំឡេងតូចតែទន់ភ្លន់ដូចជាមនុស្សធំមានសុជីវធម៌ ហាណាចូលមករកគេទាំងរ៉ូបនាងប្រឡាក់ទឹកសូកូឡានោះ ស្រីតូចចូលមកជិតថេយ៍រួចលូកដៃកាន់ប៉ះជាយអាវគេ។
"ពូពូខូចចិត្តដែលធ្វើឲ្យខ្ញុំប្រឡាក់ទឹកសូកូឡា អា៎.." អារម្មណ៍ដែលចេញមកបំណងចង់លួងលោមនឹងប្រាប់ថានាងមិនបានខឹងនឹងកំហុសអចេតនាមួយនេះក៏ហាក់រសាយចេញអស់កាលបើថេយ៉ុងចាប់បេះដៃនាងចេញមួយទំហឹងប្រៀបដូចជាស្អប់ខ្ពើមនឹងនាងណាស់។
"ខ្ញុំអត់ដឹងថាខ្ញុំខុសអីទេទើបបានជាពូស្អប់ខ្ញុំថ្នាក់នេះ ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេពូ ហ៊ឹក! ខ្ញុំ..ខ្ញុំ" ហាណានិយាយរៀបរាប់ទាំងទឹកភ្នែក ព្រោះនាងមិនយល់ថាហេតុអីបានជាថេយ៍ស្អប់ខ្ពើមនាងខ្លាំងថ្នាក់នេះ សូម្បីតែប៉ះពាល់ដៃគេក៏នាងគ្មានសិទ្ធិដែរ។
"ចង់ដឹងមែនទេ? ព្រោះឯងជាកូនរបស់ស្រីម្នាក់នោះ ឯងជាសមាជិកគ្រួសារឃាតករដែលសម្លាប់ប៉ាម៉ាក់យើងហើយយើងក៏មិនឆ្ងល់ដែរថាហេតុអីក៏ឯងទន់ជ្រាយ មិនយល់ការបែបនេះដែរ ព្រោះបើឯងមានប៉ាប្រៀនប្រដៅត្រឹមត្រូវឯងក៏នឹងយល់ហើយ ឈប់មកធ្វើខ្លួនបែបនេះ" និយាយពីរឿងលោកប៉ាបែបនេះវាកាន់តែប៉ះពាល់អារម្មណ៍របស់ហាណាកាន់តែខ្លាំង ស្រីតូចពេបមាត់តិចៗទឹកភ្នែកក៏ហូរស្រក់មកទប់មិនជាប់ ទោះជានាងព្យាយាមលើកដៃជូតទឹកភ្នែកខ្លួនឯងប៉ុន្មានដងក៏ដោយ។
"ខ្ញុំដឹងថាខ្ញុំគ្មានប៉ាបង្កើត ខ្ញុំមិនដឹងថាម៉ាក់មានខ្ញុំជាមួយអ្នកណា តែអ្នកណាជាប៉ាខ្ញុំក៏បាន លើកលែងតែពូម្នាក់ ហ៊ឹក បើសិនជាខ្ញុំមានប៉ាជាពូ ខ្ញុំសុខចិត្តមិនដឹងលឺល្អជាង" ហាណានិយាយរៀបរាប់ទាំងទឹកភ្នែករួចរត់ចូលទៅខាងក្នុងបាត់ តែការរត់របស់នាងលឿនពេកនាំឲ្យខ្សែចងសក់នាងធ្លាក់នៅលើដីពីមុខថេយ៍ នាយអោនមើលខ្សែចងសក់នោះបន្តិចហាក់កំពុងតែគិតពីអ្វីដែលខ្លួននិយាយទាំងអារម្មណ៍មិននឹងនរមុននេះ ដៃមាំទម្លាក់ចុះរើសខ្សែចងសក់នោះរួចចូលទៅខាងក្នុង។
"លីឈីង.." មកដល់ខាងក្នុងថេយ៍ក៏មិនបានឃើញវត្តមាននរណាទៀត មានតែលីឈីងកូនស្រីគេនឹងបុគ្គលិកម្នាក់ដែលនៅរង់ចាំនាងទាល់តែគេមក ថេយ៍ចូលមកជិតនាងរួចកាន់ប៉ះមុខកូនទើបដឹងថាកូនគេក៏កំពុងតែយំដែរ។
"កើតអីកូនប៉ា? ឈីងៗ"
"ហាណាយំខ្លាំងណាស់ នាងចេញទៅទាំងយំថានាងមិនចង់ចួបលោកប៉ា មិនចង់ដឹងថាប៉ានាងជានរណា? កូនអាណិតហាណា ហ៊ឹកៗ" លឺលីឈីងនិយាយរៀបរាប់វាហាក់ធ្វើឲ្យថេយ៍តឹងទ្រូងជាខ្លាំង គេមិនគួរនិយាយទាំងកំហឹងដាក់នាងឡើយ តែវាហួសពេលបាត់ទៅហើយ។
(នាងក៏ប្រហែលជាស្អប់គេរួចហើយដែរ)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Nơi câu chuyện tồn tại. Hãy khám phá bây giờ