ភាគ26,27

682 34 1
                                    


ទាយាទម៉ាហ្វៀ
ភាគ26,27

អ្នកម្ខាងកំពុងតែមានអារម្មណ៍ខុសឆ្គងស្របនឹងអ្នកម្ខាងទៀតឯណេះកំពុងតែចលាចលព្រោះតែកូនជាបណ្ដូលចិត្តបេះដូងគិតតែពីយំមិនឈប់ នាងយំនឹងនិយាយរំលឹកតែពីបុរសដែលមិនមានទំនួលខុសត្រូវម្នាក់នោះ។
"កូនឈប់ចង់ចួបប៉ាហើយ ហ៊ឹក! កូនមិនចង់ចួបទេ មិនចង់ចួបអ្នកណាទាំងអស់ អ្ហា៎ ហ៊ឹកៗ" ហាណាដែលមុននេះនៅសើចសប្បាយធម្មតាសោះ តែពេលនេះក៏បែរជាគិតតែពីស្រែកយំមិនឈប់នាំឲ្យស្ត្រីជាម្ដាយហាក់ធ្វើអីមិនត្រូវ នាងទាញកូនមកអោបផ្ទប់នឹងទ្រូង គោះអង្អែលនាងព្យាយាមលួងលោមតាមទម្លាប់តែវាមិនបានការសោះ វាដូចជាមានអ្វីប៉ះទង្គិចនឹងចិត្តនាងខ្លាំងដល់ថ្នាក់នាងទប់ស្មារតីខ្លួនឯងឲ្យនឹងនរលែងបាន មានតែស្រែកយំឲ្យបានធូរចិត្ត។
"ហាណា..ហ៊ឺ ហាណាកូន កូនកុំយំ" រូម៉ាដែលអោបកូននោះក៏និយាយឡើងពីសំឡេងស្រទន់ទន់ភ្លន់ទៅជាញ័រតតាក់ព្រោះតែនាងមិនអាចទ្រាំស្ដាប់កូននាងស្រែកយំខ្លាំងថ្នាក់នឹងបាន។
"ម៉ា.." រ៉ូហ្សេស៍ដែលអង្គុយកៀកក្បែរនឹង2នាក់ម្ដាយកូនក៏ពោលឡើង ដៃមាំទប់ស្មារូម៉ាជាប់ឃាត់ប្រាប់នាងថាកុំយំព្រោះបើនាងទន់ខ្សោយ ហាណារបស់ពួកគេក៏នឹងទន់ខ្សោយដូចគ្នាដែរ។
"ហ៊ឹកៗហ៊ឺ.." ហាណានៅតែយំនឹងអោបផ្ដេកក្បាលលើទ្រូងម្ដាយជាប់មិននិយាយអ្វី មិនសូម្បីតែប្រាប់ហេតុផលដែលនាំឲ្យនាងប្រែក្លាយទៅជាបែបនេះ រូម៉ានាងក៏មិនបង្ខំតែទុកពេលឲ្យកូនបានធ្វើចិត្តឲ្យនឹកនរសឹមនាងសួរនាំនៅពេលក្រោយក៏បានដែរ។
"កុំយំណាកូន ម៉ាក់នៅជាមួយកូនរហូត ម៉ាក់មិនទៅណាទេណា៎ ជុប៎" រូម៉ាក្រសោបកូនថើបលួងលោមនាងរហូតដល់បានមួយសន្ទុះធំទើបស្ងាត់សំឡេងយំរបស់កូន ហាណានាងយំដង្ហក់រហូតទាល់តែគេងលក់នៅក្នុងដៃម្ដាយ រូម៉ាងាកមុខចេញទៅម្ខាងលួចសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ព្រោះនាងមិនអាចទប់បានបន្តទៀត។
"ចាំបងបីកូន អូនសម្រាកបន្តិចទៅម៉ា" រ៉ូហ្សេស៍ដឹងពីទុកលំបាកនាងទើបគេជ្រៀតចូលនឹងសុំខ្លួនជួយ ដៃមាំទាំលូកទាញកូនស្រីពីដៃរូម៉ារួចដាក់នាងឲ្យកើយលើទ្រូងរបស់ខ្លួនជំនួសវិញ រូម៉ាអង្គុយត្រង់បែរទៅផ្លូវខាងមុខ មើលពីចំហៀងក៏រ៉ូហ្សេស៍អាចឃើញទឹកភ្នែកដែលដក់នឹងថ្នក់ភ្នែកខាងក្រោមរបស់ម៉ាដែរ នាងលើកដៃជូតវាសទឹកភ្នែករួចក៏ព្រលែងខ្យល់ដង្ហើមធ្ងន់។
"អូននឹងដឹងឲ្យបានថាហេតុអីបានជាហាណាយំខ្លាំងបែបនេះ? អ្នកណាហ៊ានធ្វើឲ្យកូនអូនឈឺចាប់ អូនមិនលើកលែងនោះឡើយ" រូម៉ាក្ដាប់ម្រាមដៃខ្លួនឯងសឹងតែបាក់ម្រាម នាងព្យាយាមមើលថែនាង ថ្នាក់ថ្នមចិត្តហាណាតាំងតែពីតូចក្រូចឆ្មា រហូតដល់នាងក្លាយជាក្មេងដែលស្រស់បំព្រងនឹងរឹងមាំ តែពេលនេះនាងក៏ទន់ជ្រាយដល់កម្រិតមួយដែលសូម្បីតែនាងជាម្ដាយក៏ពិបាកនឹងទទួលយកដែរ។
...
យប់ថ្ងៃដដែល
ក្នុងបន្ទប់ធ្វើការដែលមានសភាពងងឹតស្លុប មានត្រឹមភ្លើងមួយបំភ្លឺនៅលើតុធ្វើការរបស់ម្ចាស់ស្រីបន្ទប់នេះ រូម៉ានៅអង្គុយចុចកុំព្យូទ័រទាំងទឹកមុខស្មើធេង នាងមានអារម្មណ៍មិនល្អចាប់តាំងពីកូនយំនោះមក អ្នកជាម្ដាយក៏នៅមិនសុខនឹងអន្ទះអន្ទែងក្នុងចិត្តចង់ដឹងថានៅភោជនីយដ្ឋាននោះមានរឿងអ្វីកើតឡើងខ្លះ។
តុក!តុក
ប្រឹប!
គ្រាន់តែទ្វារបន្ទប់មានអ្នកគោះភ្លាម ដៃដែលកំពុងតែចុចញាប់ស្អេកក៏ទម្លាក់ចុះ ក្រសែភ្នែកផ្ដោតទៅលើតែការងារក៏ប្រញាប់ងាកមើលទៅមាត់ទ្វារភ្លាមព្រមជាមួយនឹងភាពអន្ទះសារចង់ដឹង ដូចជាអ្វីដែលនាងបានរង់ចាំជាយូរមក។
"ចូលមក" មេស៍ជាកូនចៅនាងក៏បើកទ្វារចូលមកទាំងនៅស្លៀកឯកសណ្ឋានរបស់គេនៅឡើយ នេះវាយប់ទៅហើយតែនាយក៏នៅមានការងារធ្វើ ហើយការងារដែលគេត្រូវធ្វើនៅយប់នេះគឺទៅរកមូលហេតុរឺក៏អ្វីដែលបង្ហាញពីការផ្លាស់ប្ដូររបស់ហាណាពីក្បាលព្រលប់នឹងឯង។
"ខ្ញុំបានទៅយកហ្វាល់កាំមេរ៉ាសុវត្ថិភាពនៅខាងក្រៅហាងមកជូនអ្នកនាងទាន៎ វាអាចនឹងមានអ្វីដែលអ្នកនាងត្រូវការក៏ថាបានទាន៎" មេស៍ក៏បំពេញតួនាទីមិនដែលខកចិត្តរូម៉ាម្ដងណាឡើយ គេហុចflashដែលមានហ្វាល់កាំមេរ៉ានោះទៅចៅហ្វាយនាយ គ្រាន់តែទទួលបានពីដៃនាយភ្លាម រូម៉ាក៏ប្រញាប់យកវាមកដោតនឹងកុំព្យូទ័រ បើកមើលភ្លាមៗមិនបង្អង់យូរ មេស៍ឯណោះក៏បានត្រឹមតែឈរជិតនាងដើម្បីបានជាគ្នា។
រូម៉ាញ័រដៃកាលបើនាងបានឃើញកូនស្រីនាងរត់ចេញទៅតត្រុកកាលបើឃើញថេយ៉ុងចាកចេញទៅ នាងរវល់តែនិយាយពីរឿងការងារទើបនាងមិនបានចាប់អារម្មណ៍ថាកូនចេញទៅតាមប្រុសចិត្តខ្មៅម្នាក់នោះ។
(ពូពូខូចចិត្តដែលធ្វើឲ្យខ្ញុំប្រឡាក់ទឹកសូកូឡា អា៎..)
រូបភាពដែលថេយ៍លូកវាសដៃហាណាចេញក៏បង្ហាញឃើញច្បាស់ៗនឹងភ្នែកអ្នកជាម្ដាយ រូម៉ាក្ដាប់ម្រាមដៃខ្លួនឯងសឹងតែបាក់ម្រាមក៏ព្រោះតែកិរិយាអាក្រក់របស់គេ។
(ខ្ញុំអត់ដឹងថាខ្ញុំខុសអីទេទើបបានជាពូស្អប់ខ្ញុំថ្នាក់នេះ ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេពូ ហ៊ឹក! ខ្ញុំ..ខ្ញុំ)
(ចង់ដឹងមែនទេ? ព្រោះឯងជាកូនរបស់ស្រីម្នាក់នោះ ឯងជាសមាជិកគ្រួសារឃាតករដែលសម្លាប់ប៉ាម៉ាក់យើងហើយយើងក៏មិនឆ្ងល់ដែរថាហេតុអីក៏ឯងទន់ជ្រាយ មិនយល់ការបែបនេះដែរ ព្រោះបើឯងមានប៉ាប្រៀនប្រដៅត្រឹមត្រូវឯងក៏នឹងយល់ហើយ ឈប់មកធ្វើខ្លួនបែបនេះ)
ទឹកភ្នែករូម៉ាមិនដឹងមកពីណាហូរស្រក់មកមិនឈប់ពេលដែលលឺពាក្យតិះដៀលមើលងាយរបស់ថេយ៉ុងមកលើកូននាង មិនមែនទេ..
ការមាក់ងាយមកលើកូនស្រីបង្កើតគេទើបត្រូវ!
(ខ្ញុំដឹងថាខ្ញុំគ្មានប៉ាបង្កើត ខ្ញុំមិនដឹងថាម៉ាក់មានខ្ញុំជាមួយអ្នកណា តែអ្នកណាជាប៉ាខ្ញុំក៏បាន លើកលែងតែពូម្នាក់ ហ៊ឹក បើសិនជាខ្ញុំមានប៉ាជាពូ ខ្ញុំសុខចិត្តមិនដឹងលឺល្អជាង)
"ហ៊ឹក!" វីដេអូបញ្ចប់ការទ្រាំរបស់រូម៉ាក៏មិនអាចទប់បន្តបានដូចគ្នា ដៃលូកបិទកុំព្យូទ័រស្របនឹងទឹកភ្នែកហូរស្រក់មិនឈប់ មេស៍ដែលនៅឈរក្បែរនោះក៏បានត្រឹមតែពិបាកចិត្តជួសព្រោះតែគេក៏គោរពស្រឡាញ់អ្នកនាងតូចហាណាខ្លាំង ពេលឃើញនាងចួបរឿងបែបនេះគេក៏នៅមិនសុខដូចគ្នា។
"អ្នកនាងម៉ា រឿងការដេញថ្លៃ.."
"ទុកឲ្យខ្ញុំជាអ្នកទៅដោយផ្ទាល់.." មេស៍គេក៏បើកភ្នែកធំៗកាលបើរូម៉ានិយាយថានាងនឹងទៅចូលរួមការដេញថ្លៃដោយខ្លួនឯង ទាំងដែលសព្វមួយដងគេតែងតែទៅជាតំណាងជំនួសនាងរហូត ព្រោះតែនៅទីនោះវាគ្រោះថ្នាក់ហើយក៏មិនសាកសមសម្រាប់មនុស្សស្រីដែរ។
"តែវាមានគ្រោះថ្នាក់ណាស់ទាន៎" មេស៍និយាយព្រោះតែគេបារម្ភ តែរូម៉ាក៏ងាកភ្នែកមើលទៅគេព្រមជាមួយនឹងភាពមិនពេញចិត្តដែលគេជំទាស់នឹងបំណងនាង។
"នាយលែងគោរពបញ្ជាខ្ញុំហើយរឺមេស៍?"
"អត់ទេទាន៎!" មេស៍ប្រញាប់អោនក្បាលចុះបដិសេធនឹងអ្វីដែលចៅហ្វាយកំពុងតែគិត រូម៉ាក៏ព្រលែងដំណកដង្ហើមធ្ងន់រួចងាកមើលទៅម្ខាង។
"បានហើយ! នាយទៅសម្រាកចុះ យប់ហើយ"
"បាទ៎! រាត្រីសួស្ដីអ្នកនាងម៉ា" មេស៍អោនក្បាលគោរពលាចៅហ្វាយនឹងចាកចេញទាំងមិនមានលេសអ្វីនិយាយទៀតសោះ។
គ្រឹប!
មេស៍ទាញទ្វារបិទថ្នមៗក៏ព្រោះតែវាយប់ហើយ គេខ្លាចថាអ្នកគ្រប់គ្នានឹងភ្ញាក់ ជាពិសេសគឺអ្នកនាងតូចហាណារបស់គេនឹងឯង។
"ចុម៎! កាដុបឆែប" មេស៍ភ្ញាក់សឹងតែដាច់ផ្ងារក្រោយងាកមកឃើញថាអ្នកគេបារម្ភថានឹងភ្ញាក់នោះឈរមុខបន្ទប់នាង ហាណាចេញមកទាំងភ្នែកក្រហមងាំង នេះនាងងើបមកយំទៀតហើយរឺ?
"អ្នកនាងតូច នេះអ្នកនាងក្រោកមកធ្វើអីទៅ?" មេស៍ក៏ចូលទៅរកនាង បន្ទន់ជង្គង់ចុះឲ្យស្មើនឹងនាងដើម្បីស្រួលនិយាយគ្នា ហាណាងើបមុខមើលចំផ្នែកមេស៍មុននឹងពេបមាត់សម្រក់ទឹកភ្នែកមកជាថ្មីម្ដងទៀត។
"ខ្ញុំខ្លាច..ខ្ញុំខ្លាចថាប៉ារបស់ខ្ញុំជា...ហ៊ឹក" ហាណាចូលទៅអោបករមេស៍ជាប់រួចយំមិនឈប់ មេស៍ក៏ប្រញាប់លូកដៃគោះអង្អែលខ្នងអ្នកនាងតូច គេក៏តានតឹងមិនស្ទើរដែរ តែគេមិនអាចធ្វើអ្វីបាន ពេលអ្នកនាងយំ គេក៏បានត្រឹមតែជួយលួងលោមប៉ុណ្ណឹងឯង។
"អ្នកនាងហាណា កុំយំ..ចាំខ្ញុំអ្នកនាងទៅមើលពន្លឺភ្លើងធូប" មេស៍ក៏និយាយលួងលោមនាង ស្រីតូចដែលកំពុងតែយំនោះក៏ដកខ្លួនចេញពីការអោបរួចមើលមុខលោកពូដែលបបួលនាងមុននោះ។
"គឺទៀនទេពូមេស៍ ហិ" ហាណានាងក៏ធ្លោយមាត់សើចទាំងភ្នែកដាបទឹកភ្នែកនៅឡើយ នាងអស់សំណើចក៏ព្រោះតែមេស៍បានបង្កើតកំហុសដូចជានាងកាលពីថ្ងៃមិញនោះ តែវាជាបំណងរបស់មេស៍នឹងឯង គេធ្វើជានិយាយខុសព្រោះចង់ឲ្យនាងសើចនោះអី ហើយវាក៏បានផលពិតមែន។
"ពូមេស៍នាំខ្ញុំចុះទៅមើលតុក្កតាបានទេ?" មេស៍ក៏រៀងស្ទាក់ស្ទើរបន្តិចព្រោះវាយប់ទៅហើយ ខ្លាចថាចៅហ្វាយស្រីអាចនឹងខឹង តែនាយក៏ក្រឡេកឃើញរូម៉ាមើលតាមទ្វារមករួចងក់ក្បាលឆ្លើយតបហាក់ប្រាប់នាយថាឲ្យធ្វើតាមហាណាចុះ មិនអីទេ មេស៍ក៏ញញឹមរួចប្រញាប់លើកពរហាណាឡើង។
"អញ្ចឹងតោះ ចាំពូមេស៍កំដរអ្នកនាងតូចមើលតុក្កតាព្រះនាងល្អទេ?"
"ទាល់តែពូមេស៍ពាក់ម្កុដបានហាណាព្រម"
"បាទ៎ ទទួលបញ្ជា" ហាណាក៏លើកដៃជូតទឹកភ្នែករួចសើចកក្អឹកតែម្ដង រូម៉ាតាមមើលពួកគេទាំង2រួចញញឹមតិចៗ នាងក៏ទាញទ្វារបិទស្របនឹងភាពតានតឹងចូលមកជាថ្មី ដៃតូចលូកបើកថតទូបង្ហាញឲ្យឃើញនូវកាតមាស ជារបស់មានតម្លៃប្រចាំទាយាទចេញមក ដៃកាន់ប៉ះវាថ្នមទាំងការគិត..
(លោកហ៊ានណាស់ ថេយ៍)

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now