ទាយាទម៉ាហ្វៀ
ភាគ16៖ បន្ទាត់ខណ្ឌនៃពួកយើង (តចប់)
ក្រឡេកមកមើលហូស៊ុកដែលចាកចេញពីបន្ទប់ប្រញាប់ប្រញាល់ជាមួយកូនចៅឯណោះ គេមិនបានទៅណាឆ្ងាយឡើយគឺនៅក្នុងមន្ទីរពេទ្យនេះឯង គ្រាន់តែគេមកមើលអ្នកផ្សេងដែលមិនមែនជាឡេឡានីនឹងកូនរបស់គេ។
ក្រាក!
ទ្វារបន្ទប់សម្រាកព្យាបាលធម្មតាបើកឡើងដោយស្នាដៃមនុស្សស្រីម្នាក់ដែលហូស៊ុកព្រមទាំងអេដវីនហាក់មិនប្រហាក់ប្រហែលអ្វីទាល់តែសោះ ព្រោះគេមិនដែលចួបហើយក៏មិនដែលឃើញនាងបង្ហាញខ្លួនក្បែរសមាជិកគ្រួសារនាយម្នាក់ណាពីមុនមកសោះ សូម្បីតែអ្នកដែលគេមកស្វែងរកនេះ។
«លោកពូប្រហែលជាពូរបស់បងថេយ៍ហើយមែនទេ?» សព្វនាមដែលនាងតូចប្រើទៅលើហូស៊ុកក៏កាន់តែធ្វើឲ្យនាយច្របូកច្របល់ថែមទៀត មិនបង្អង់នាយក៏ប្រញាប់ដើរកាត់ក្មេងស្រីម្នាក់នោះរួចចូលមកខាងក្នុង រួចទើបឈប់។
«ប្រុសតូច» ហូស៊ុកឧទានហៅក្មួយប្រុសដែលកំពុងតែអង្គុយបែរខ្នងទាំងក្បាលមានបង់រុំរបួសឯណោះ គេអង្គុយបែរខ្នងសំឡឹងមើលទៅខាងក្រៅយ៉ាងស្ងប់ស្ងាត់ហាក់ដូចជាកំពុងតែស្មឹងស្មាថពីរឿងអ្វីម៉្យាង។
«នេះមានរឿងអីទៅ?» ហូស៊ុកក៏ឧទានឡើង នាយល្អិតដែលមកខលហៅគេឲ្យមកនោះក៏ប្រញាប់នាំខ្លួនចូលរួចសំឡឹងមើលទៅនាយបន្តិច។
«ខ្ញុំប្រហែលមិនទាន់បានណែនាំខ្លួននៅឡើយទេ ខ្ញុំលីលី វ៉េនសុី»
«ហើយនាងត្រូវជាអ្វីនឹងក្មួយប្រុសខ្ញុំ?» ហូស៊ុកចាក់សំនួរបន្ថែមទៅកាន់លីលីនាំឲ្យនាងរៀងស្ងាត់មាត់បន្តិច ឃើញនាងស្ងាត់ហូស៊ុកកាន់តែមិនស្រួលចិត្ត ត្បិតគេមិនយល់ពីស្ថានការណ៍អ្វីនៅពេលនេះទាល់តែសោះ មិនដឹងថាថេយ៍ទៅចួបអ្វីបានជារបួសហើយហេតុអីក៏គេប្រែជាស្ងប់ស្ងាត់បែបនេះ?
«លោកពូ..» លីលីហាក់ស្ទាក់ស្ទើរ។
«នាងជាម្ដាយរបស់កូនខ្ញុំ..» ពាក្យមួយឃ្លាខ្លីតែអត្ថន័យក៏ចាក់ដោតអារម្មណ៍អ្នកកំពុងតែស្ដាប់សឹងតែធ្លុះធ្លាយទៅហើយ ថេយ៉ុងងាកបែរមើលមកលោកពូរបស់គេព្រមជាមួយនឹងទឹកមុខស្មើធេងតែម្ដង ដែលសូម្បីតែអេដវីនដែលមកជាគ្នានឹងចៅហ្វាយនាយក៏ចម្លែកចិត្ត។
«ឯងនិយាយថាយ៉ាងមិច? ម្ដាយរបស់កូនឯង?»
«ពិតមែន លីលីមានកូនរបស់ខ្ញុំ ហើយវាក៏ជាដំណឹងល្អផងដែរ» ថេយ៉ុងបញ្ចេញស្នាមញញឹមបន្តិចនាំឲ្យនាងល្អិតលីលីញញឹមបិទមាត់មិនជិតរួចប្រញាប់រត់ចូលទៅជិតគេ ថេយ៉ុងទាញនាងមកអោបជាប់ទ្រូងរួចមិនភ្លេចថើបសក់នាងស្រាលៗជាកាយវិការដែលពួកគេមិនដែលឃើញនាយធ្វើលើនរណាសោះក្រៅពីអតីតមិត្តស្រីគេ រូម៉ា។
«យើងវង្វេងអស់ហើយ! នេះឯងចង់បានន័យថាយ៉ាងមិច? គ្រោះថ្នាក់ដែលកើតមានលើឯងនាំឲ្យឯងក្រឡកខួរបំភ្លេចអ្វីជាអ្វីអស់គ្មានសល់ហើយពិតទេ?» ហូស៊ុកនិយាយទាំងងឿងឆ្ងល់ ហើយអ្វីដែលគេបានឃើញត្រឡប់មកវិញនោះជាទឹកមុខបែបខឹងរបស់ថេយ៉ុង នាយក៏ក្រោកឡើងពីគ្រែរួចបោះជំហានមួយៗទៅកាន់មាត់បង្អួចដែលនៅមិនឆ្ងាយពីទីនោះ។
«មិនមែនទាំងអស់ទេ! មានរឿងខ្លះ មនុស្សខ្លះដែលខ្ញុំមិនអាចបំភ្លេចបាន ហើយក៏គ្មានថ្ងៃបំភ្លេចដែរ» ថេយ៉ុងពោលយ៉ាងម៉ឺងម៉ាត់រួចក្ដាប់ម្រាមដៃជាប់ណែនហាក់ដូចជាខឹងសម្បារខ្លាំងណាស់អ៊ីចឹង។
«បងថេយ៍..បងថេយ៍ចង់ទៅណា? បងថេយ៍» លីលីក៏ស្រែកឡើងកាលបើថេយ៉ុងនៅសុខៗក៏ស្រាប់តែនាំខ្លួនចាកចេញទៅទាំងមិនងាកក្រោយ ហូស៊ុកនឹងអេដវីនដែលតាមមើលនោះក៏បានត្រឹមតែសង្ឃឹមនឹងបួងសួង។
(សង្ឃឹមថាមិនមែនជាក្មេងស្រីនោះទៀតចុះ នាងលំបាកពេកហើយ)
YOU ARE READING
ទាយាទម៉ាហ្វៀ (រដូវកាលទី០២)
Romanceចិត្តស្នេហ៍ប្រែមកជាស្អប់ ការស្អប់ដែលកើតឡើងពីការយល់ច្រឡំនឹងការលាក់បាំង។ (បងស្រឡាញ់អូន) ប្រែក្លាយមកជា «យើងស្អប់នាង..ស្រីផិតក្បត់» ថេយ៉ុង អាល់ហ្វ្រេដដូ / រូម៉ា ផាទ្រីសៀរ៍
