ភាគ45

617 31 0
                                    

ទាយាទម៉ាហ្វៀ
ភាគ45

"ម៉ាក់..." សំឡេងតូចស្រាលលឺល្វើយៗចូលមកប៉ះត្រចៀកអ្នកដែលកំពុងតែចុចកុំព្យូទ័រក្នុងបន្ទប់ធ្វើការឯណោះ រូម៉ាមានការងារត្រូវបង្ហើយជាច្រើនត្បិតនាងឈប់សម្រាកពីការងារជាងមួយសប្ដាហ៍ទៅហើយក៏ព្រោះត្រូវចំណាយពេលនៅក្បែរនឹងមើលថែហាណា នាងអាចទម្លាក់ចោលគ្រប់យ៉ាងបានឲ្យតែកូនចង់បាននាង ដូចជាពេលអញ្ចឹង។
"ម៉ាក់អា៎.."
"ចាស៎ហាណា! កូនម៉ាក់" រូម៉ាប្រញាប់បង្ហើយមួយបន្ទាត់ចុងក្រោយនៃឯកសាររួចបិទកុំព្យូទ័រទាំងប្រញាប់ប្រញាល់នឹងអាលបានទៅរកកូនស្រីសំណព្វចិត្តភ្លាមៗតាមការចង់បានរបស់នាង។
រូម៉ាចាកចេញពីបន្ទប់ធ្វើការទាំងញាប់ជើងតែនាងក៏មិនភ្លេចងាកញញឹមរាក់ទាក់ទៅកាន់អ្នកបម្រើដែលកំពុងតែជូតសម្អាតនឹងរៀបចំកន្លែងលេងរបស់កូននាងនៅជាន់ខាងលើឯណេះផង នាងបន្ថយសម្រឹបជើងបន្តិចកាលបើមកដល់ជិតបន្ទប់កូនព្រោះនាងមិនចង់បង្កើតជាទម្លាប់អាក្រក់ឲ្យហាណា ដោយសារតែការដើរទន្ទ្រាំជើងនៅក្នុងផ្ទះវាមិនមែនជារឿងល្អនោះទេ។
"អ្នកនាងម៉ា.."
"ពួកនាងទៅសម្រាកចុះ ស្អែកសឹមរៀបបន្តណា៎ នេះយប់ណាស់ទៅហើយ" រូម៉ាតែងតែផ្ដល់ភាពសំខាន់នឹងខ្វល់ខ្វាយពីអ្នកជុំវិញខ្លួនជានិច្ច នាងតឿនអ្នកបម្រើទាំងអម្បាល់ម៉ានឲ្យចាកចេញទៅសម្រាក ចំណែកនាងក៏នៅទីនេះចាំចូលទៅចួបកូន អ្នកបម្រើដើរចាកចេញស្របនឹងរូម៉ាលូកដៃបើកទ្វារល្មម។
"ម៉ាក់ ហិហិ" ហាណាក៏លាន់មាត់នឹងទះដៃផាច់ៗគ្រាន់តែឃើញអ្នកម៉ាក់មកដល់សោះ រូម៉ាញញឹមរួចប្រញាប់នាំខ្លួនតូចចូលតាមចន្លោះទ្វាររួចទើបបិទវិញយ៉ាងស្ងាត់ៗបំផុត ខ្លាចរ៉ូហ្សេស៍កំពុងតែគេងនៅបន្ទប់ក្បែរនោះភ្ញាក់។
"ហៅម៉ាក់មានការអីហ្អេស៎កូន?" រូម៉ាក៏ចូលទៅជិតកូន កាន់តែជិតកាន់តែឃើញច្បាស់ថានាងតូចកំពុងតែពាក់ម្កុដព្រះនាងថ្មី រូម៉ាក៏ងក់ក្បាលតិចៗនាំឲ្យហាណានាងឆ្ងល់បន្តិចដែរ។
"កូនស្មានតែម៉ាក់មើលឃើញពីចម្ងាយហើយតើស៎" ពាក្យសម្ដីហាណាក៏ដូចជាដាស់តឿនអ្នកជាម្ដាយដែលចូលមកអង្គុយជិតនោះ រូម៉ាលើកដៃញីភ្នែកខ្លួនឯងបន្តិចរួចទម្លាក់ខ្លួនចុះអង្គុយកៀកក្បែរនឹងកូនភ្លាម។
"មកពីម៉ាក់មើលកុំព្យូទ័រពេកនឹងណាទើបព្រាលភ្នែក កូនក៏ចឹងដែរកុំចុចអាយផេតយប់ៗពេក ប្រយត្ន័មើលមិនបានឆ្ងាយដូចជាម៉ាក់ណា៎" រូម៉ាលើកដៃវែកសក់កូនស្រីស្រាលរួចលូកទាញកន្សែងមកគ្របស្មាឲ្យកូន នាងនៅមិនទាន់ជាស្រួលបួលមិនអាចឲ្យត្រូវខ្យល់ផ្ដេសផ្ដាសបានឡើយ។
"ម៉ាក់ហ្អា៎..."
"ចាស៎" ហាណាប្ដូរពីការហៅម្ដាយមកជារុលត្រសុលចូលអោបរាងកាយតូចច្រឡឹងរបស់ម្ដាយជាប់ណែន រូម៉ាក៏ថើបកូនថ្នមៗព្រមជាមួយនឹងការអោបរឹតតបវិញយ៉ាងកក់ក្ដៅ ហាណាមានទឹកមុខក្រៀមហាក់បីដូចជានាងកំពុងតែគិតអ្វីម៉្យាងនៅក្នុងចិត្ត។
"មិចក៏ស្ងាត់? កូនមានអីចង់និយាយក៏និយាយមកណា ម៉ាក់ចាំស្ដាប់កូនជានិច្ច"
"កូនខ្លាច.." ហាណាងាកក្បាលពីទ្រូងម្ដាយបន្តិចរួចងើបមើលទៅអ្នកម៉ាក់ជាទីស្រឡាញ់មិនដាក់ភ្នែក ហាណានាងព្យាយាមសំឡឹងមើលដល់ថ្នាក់ម្ដាយដែលមុននេះមិនមានអារម្មណ៍គិតក៏ប្ដូរមកជាងឿងឆ្ងល់ភ្លាម ក៏ព្រោះតែបារម្ភនឹងទឹកមុខកូនពេក។
"ហាណា.."
"កូនខ្លាចថាថ្ងៃណាមួយកូនងើបពីគេងមកអត់ឃើញម៉ាក់ កូនខ្លាចម៉ាក់ឈឺ កូនខ្លាចម៉ាក់ពិបាកចិត្ត..ម៉ាក់ញ៊ាំអាហារឲ្យច្រើនណា៎ព្រោះម៉ាក់ស្គមណាស់ ម៉ាក់ត្រូវគេងឲ្យយូរៗជាមួយកូនរាល់ថ្ងៃ ហើយម៉ាក់កុំមើលកុំព្យូទ័រយូរពេកកុំឲ្យម៉ាក់ស្រវាំងភ្នែក ម៉ាក់កុំខំធ្វើការពេកអីបានទេ?" ហាណានិយាយទាំងប៉ុន្មានក៏ហាក់ចាក់ដោតក្នុងចិត្តអ្នកម៉ាក់នាងជាខ្លាំង ហាណានាងរពឹសលេងច្រើនតែនាងក៏តែងតែសង្កេតតាមមើលម៉ាក់ជានិច្ច នាងអាចមើលដឹងថាម្ដាយស្រកសាច់ទាំងដែលរូម៉ាព្យាយាមច្រកអាវរលុងមិនឲ្យគេចាប់អារម្មណ៍ នាងក៏នៅដឹងថាម៉ាក់នាងចូលគេងយប់ជ្រៅហើយក៏ក្រោកវិញពីព្រលឹមរៀងរាល់ថ្ងៃទៀត។
"ម៉ាក់ហ្អា៎ ហ៊ឹក មិចក៏ម៉ាក់យំ?!" ហាណាពេបមាត់តិចៗក៏ព្រោះតែឃើញទឹកភ្នែកអ្នកម៉ាក់ស្រក់ចុះកាត់ផែនថ្ពាល់ រូម៉ាក៏លូកដៃម្ខាងកាន់ច្បិចថ្ពាល់កូនរួចព្យាយាមញញឹមទាំងដែលនាងកម្សួលខ្លាំងចង់តែស្រែកយំទៅហើយ។
"ម៉ាក់មានយំឯណា? ម៉ាក់គ្រាន់តែរំភើបចិត្ត រំភើបចិត្តដែលហាណាកូនម៉ាក់ធំដឹងក្ដីបានយ៉ាងល្អ ហើយក៏យល់ពីសុខទុក្ខរបស់ម៉ាក់បែបនេះ កូនកុំបារម្ភអី ម៉ាក់មិនទៅណាចោលព្រះនាងតូចរបស់ម៉ាក់ទេ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ម៉ាក់នឹងនៅក្បែរកូនគ្រប់ពេល.."
"ម៉ាក់..ហ៊ឹក ម៉ាក់ៗសន្យាណា៎" ហាណាលើកដៃជូតទឹកភ្នែកខ្លួនឯងតិចៗរួចលើកកូនដៃជាសញ្ញា រូម៉ាក៏ញញឹមរួចយកកូនដៃខ្លួនឯងមកថ្ពក់សន្យាជាមួយនឹងកូន។
"សន្យា.." រូម៉ាដកកូនដៃចេញរួចទាញកូនមកអោបជាប់នឹងដើមទ្រូង នាងសំឡឹងមើលទៅពន្លឺព្រះចន្ទដែលនៅខាងក្រៅរួចប្រែប្រួលទឹកមុខបន្តិចដូចជាកំពុងតែលាក់បាំងអ្វីម៉្យាងនៅក្នុងចិត្តអញ្ចឹង។

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now