ភាគ51

653 28 1
                                    

ទាយាទម៉ាហ្វៀ
ភាគ51

ក្រឺង!
សំឡេងកណ្ដឹងទ្វារខាងមុខឱសថស្ថានក៏បន្លឺឡើងព្រោះតែមានមនុស្សបើកដើរចេញពីហាងព្រមជាមួយថង់ដែលមានថ្នាំតាមអ្វីដែលនាងចង់បាន រូម៉ាបោះជំហានមួយៗខណៈភ្នែកអោនសំឡឹងមើលតែក្រោមហាក់បីដូចជាមិនមានព្រលឹងព្រលះក្នុងខ្លួនអីបន្តិចសោះ។
ហ្វូ!
ខ្យល់ជំនោរត្រជាក់បោកបក់ប៉ះនឹងរាងកាយអ្នកកំពុងតែគ្មានព្រលឹងព្រលះសោះនោះឲ្យមានស្មារតីទទួលដឹង ជាពិសេសគឺភាពត្រជាក់ស្រេងមកព្រមគ្នាជាមួយនឹងខ្យល់នឹងឯង រូម៉ាងើបភ្នែកឡើងរួចក៏ឈប់បន្តិចកាលបើភ្នែកនាងក្រឡេកឃើញផ្ទៃទឹកដែលមានពន្លឺព្រះចន្ទបញ្ចេញពន្លឺរះចំខាងនាយនាំឲ្យរលកដែលបក់មកមានសភាពព្រិចៗដូចជាផ្កាយដែលនៅលើមេឃ។
ទិដ្ឋភាពស្រស់ត្រកាលមួយនោះហើយដែលទាក់ទាញការចាប់អារម្មណ៍របស់នាង ជើងស្រឡូនដែលមុននេះបញ្ឈប់នៅក្បែរឡានក៏ប្ដូរជាដើរវាងហួសឡានសម្ដៅទៅកាន់កន្លែងមាត់ទឹកនោះ រូម៉ាបញ្ឈប់ដំណើររបស់នាងមកត្រឹមមាត់ច្រាំងទន្លេដែលស្ងាត់ជ្រងំមួយនោះ កែវភ្នែករលីងរលោងជាថ្មីតែនាងក៏ទម្លាក់បិទវាស្របនឹងការងើយក្បាលឡើងស្រូបយកខ្យល់អាកាសល្អនាពេលនោះ អាកាសធាតុល្អ បូកផ្សំនឹងភាពស្ងប់ស្ងាត់ដូចជាកន្លែងដែលល្អបំផុតសម្រាប់អ្នកកំពុងតែមានវិបត្តិមករំសាយទុក្ខសោករបស់គេចោលនៅទីនោះអញ្ចឹង។
"ពេលណាទើបវាចប់ទៅ? ពេលណាទើបគ្រប់យ៉ាងបានល្អប្រសើរទៅ? ខ្ញុំហត់នឿយ ខ្ញុំចង់សម្រាក ខ្ញុំក៏ចង់បណ្ដោយឲ្យខ្លួនឯងទន់ជ្រាយខ្លះព្រោះតែរឿងទាំងប៉ុន្មានវាធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំរំពឹងទុកទៅទៀត.." មនុស្សស្រីដែលធ្លាប់តែរឹងមាំ មិនបង្ហាញអារម្មណ៍រឺក៏ទុក្ខលំបាករបស់ខ្លួនអស់ជាង4ឆ្នាំមកហើយ ពេលនេះនាងក៏បែរជាមកត្អូញត្អែរម្នាក់ឯងនៅមាត់ទឹកស្ងាត់ជ្រងំនោះ រូម៉ាអោនមុខចុះសម្រក់ទឹកភ្នែកតាមអារម្មណ៍ដែលទាមទារមុននឹងមានដៃមាំទាំមួយលូកក្រសោបអោបនាងពីក្រោយជាប់ រូម៉ាងើបមុខឡើងទាំងទឹកភ្នែកដាបពេញភ្នែកក៏ព្រោះតែដឹងថាមានអ្នកអោបនាង។
"អ្នកណា? លែង..លែងយើង ហ៊ឺ" គ្រាន់តែដឹងខ្លួនភ្លាមរូម៉ាក៏ប្រញាប់ប្រញាល់រើបម្រាស់ខ្លួនពីការអោបក្រសោបរបស់ជនមិនស្គាល់មុខនោះភ្លាម តែថាទោះជានាងព្យាយាមរើបម្រាស់យ៉ាងណាក៏នាងមិនអាចគេចផុតពីដៃរបស់គេបាន។
"លែងទៅ..លែង ហ៊ឹក" ការរើបម្រាស់យូរបន្តិចក៏ប្រែក្លាយមកជាទន់ខ្សោយលើសដើមដោយលើកនេះរូម៉ានាងមិនបានរើតែនាងក៏យំទាំងរាងកាយនាងកំពុងតែត្រូវគេអោបរឹតជាប់នៅឡើយ សំឡេងយំរបស់នាងក៏ដូចជាវិធីដោះស្រាយបញ្ហាអញ្ចឹងដែរ អ្នកដែលអោបនាងក៏បន្ធូរដៃតិចៗដែលអាចឲ្យនាងអាចបង្វិលខ្លួននឹងងាកមើលទៅគេបាន តែថាវត្តមានរបស់អ្នកដែលអោបនាងនោះនាំឲ្យទឹកភ្នែករូម៉ាស្រក់មកជាថ្មីម្ដងទៀត ក៏ព្រោះតែវត្តមានបុរសម្នាក់ដែលនាងមិនបានរំពឹងទុកនោះ។
"ម៉ា.." សំឡេងគ្រលរធំតែបង្ហាញភាពទន់ភ្លន់ពេលដែលគេហៅនាង ភាពទន់ភ្លន់ដែលនាងខានលឺមកអស់ជាច្រើនឆ្នាំ ហើយនាងក៏មិនដែលគិតថានាងនឹងបានលឺគេហៅនាងបែបនេះម្ដងទៀតឡើយ។
"ហេតុអីក៏ម៉ាយំ? អ្នកណាធ្វើអីម៉ា?" ម្ចាស់កាយមាំទាំទម្លាក់ដៃបំណងចង់ជូតសម្អាតទឹកភ្នែកដែលហូរស្រក់នៅលើថ្ពាល់នាងតែរូម៉ាក៏ងាកមុខចេញមិនទទួលការប៉ះពាល់នឹងការលួងលោមរបស់គេឡើយ។
"ម៉ា.."
"បានហើយ! ថេយ៉ុង អាល់ហ្វ្រេដដូ..លោកលេងសើចជាមួយខ្ញុំអស់ចិត្តហើយរឺនៅ?" មនុស្សប្រុសម្នាក់ដែលមកអោបនាងនោះគឺគ្មាននរណាឡើយក្រៅពីបុរសម្នាក់ដែលបានបោកប្រាស់គ្រប់គ្នាថាគេក្លាយជាមនុស្សរុក្ខជាតិមិនអាចសូម្បីតែរើបម្រាស់ខ្លួនបាន តែនេះជាស្អី? គេមកទីនេះ មកឈរនៅចំពោះមុខនាងធ្វើជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងរឺ?ចំជាផ្ដាសមែន។
"បងដឹងថាកន្លងមកបងបានធ្វើអ្វីខ្លះតែម៉ា.." ថេយ៉ុងកាត់ប្រយោគខ្លួនកំពុងនិយាយដោយលូកដៃកាន់ប៉ះស្មាទាំងសងខាងរបស់នាងជំនួសវិញ នាយហាក់មានអារម្មណ៍2លាយឡំគ្នាក្នុងពេលតែមួយដោយគេមានអារម្មណ៍ថាសប្បាយចិត្តដែលទីបំផុតគេក៏មករកនាងឃើញបានចួបនាងក្នុងស្ថានការណ៍ភ្លាមៗបែបនេះ តែអារម្មណ៍មួយផ្សេងទៀតគឺដូចជាអារម្មណ៍ខុសឆ្គងដែលគេមានពេលដែលគេមកឃើញនាងយំ មនុស្សរឹងមាំម្នាក់ដែលមិនដែលចុះញ៉មជាមួយនរណាក៏បែរជាមកលាក់ពួនយំម្នាក់ឯងទៅវិញ រឺក៏នាងតែងតែធ្វើបែបនេះនៅកន្លងទៅ4ឆ្នាំនោះ?
"បងពិតជាចង់និយាយបកស្រាយប្រាប់អូនម្ដងទៀត"
"ដើម្បីអី?!" សំនួរសួរខ្លីៗតែក៏ចាក់ដោតអារម្មណ៍អ្នកដែលចង់មកលុបលាងកំហុសនោះជាខ្លាំង ថេយ៉ុងក៏គាំងអណ្ដាតដូចជាគ្រលាស់មិនកើតព្រោះតែសំនួរខ្លីរបស់រូម៉ានេះឯង មិនតែប៉ុណ្ណឹងនាងក៏សំឡឹងមើលទៅអ្នកដែលកំពុងតែកាន់ស្មានាងជាប់ដោយគ្មានការរើបម្រាស់ ត្បិតនាងក៏ចង់ដឹងថាគេនឹងឆ្លើយតបជាមួយសំនួររបស់នាងបែបណាវិញ?
"យ៉ាងមិច? លោកឆ្លើយមិនចេញហ្អេស៎? ត្រូវហើយព្រោះវាជាអ្វីដែលខ្ញុំកំពុងតែគិតដូចគ្នា ក្រោយពីលោកនិន្ទាមើលងាយខ្ញុំ មនុស្សជាទីស្រឡាញ់ជុំវិញខ្លួនខ្ញុំរួចមកលោកក៏បែរជាបកត្រឡប់មកនិយាយថាឡើងចង់បកស្រាយ បកស្រាយធ្វើអី? វាបានប្រយោជន៍អី? ចិត្តកាយអារម្មណ៍ដែលវាឈឺចាប់ព្រោះតែពាក្យទាំងនោះ ស្នាមរបួសដែលបន្សល់ពីទង្វើទាំងនោះក៏ចាប់រលុបអស់តាមពេលវេលាដែលកន្លងផុត.." រូម៉ាមិនអាចបញ្ចប់ប្រយោគខ្លួនឯងបានក៏ព្រោះតែកាយវិការទាញកន្ត្រាក់របស់ថេយ៉ុងនឹងឯង។
"ស្នាមរបួសទាំងនេះ.." ថេយ៉ុងលើកដៃនាងដើម្បីមើលស្នាមអារដៃដែលនាងបានធ្វើកាលពីប៉ុន្មានឆ្នាំមុន ទោះបីជាវាសះស្បើយខ្លះតែវាក៏នៅបង្ហាញរូបរាងឲ្យឃើញថាស្នាមទាំងនោះបន្សល់ទុកពីពេលវេលាឈឺចាប់បំផុតដែលរូម៉ាធ្លាប់មាន បានឃើញវាកាន់តែច្បាស់ថេយ៉ុងក៏កាន់តែអួលណែនក្នុងទ្រូងដល់ថ្នាក់ទឹកថ្លាមួយតំណក់ជ្រាបចុះតាមកន្ទុយភ្នែករបស់គេ។
(រូម៉ានាងមិនបានពេញចិត្តនឹងភ្ជាប់ពាក្យជាមួយរ៉ូហ្សេស៍ឡើយ លើកដំបូងដែលនាងបានដឹងរឿងនេះនាងក៏ព្យាយាមសម្លាប់ខ្លួនច្រើនលើកច្រើនសារ)
"ហេតុអីក៏អូនមិនប្រាប់បង? ហេតុអីក៏អូនលាក់ទុកអារម្មណ៍ឈឺចាប់ទាំងនេះតែម្នាក់ឯងម៉ា? អូនដឹងទេថាបងស្ទើរតែឆ្កួតទៅហើយគ្រាដែលបងលឺថាអូនមានគូដណ្ដឹងចោលបង.." សម្ដីទាំងអម្បាល់ម៉ានរបស់នាយក៏នាំឲ្យម្ចាស់ខ្លួនដែលហាមាត់បំណងចង់តតាំងប្ដូរមកជានៅស្ងៀម រូម៉ាក្ដាប់បបូរមាត់ខ្លួនឯងព្យាយាមទប់ទឹកភ្នែកមិនឲ្យស្រក់នៅចំពោះមុខគេទៀត ព្រោះនាងគ្មានថ្ងៃអត់អោនឲ្យគេជាដាច់ខាត។
"បងបានដឹងរឿងគ្រប់យ៉ាងអស់ហើយទាំងការដែលអូនចាក់បងនៅផ្ទះចាស់នោះ រឿងដែលអូនព្យាយាមធ្វើឲ្យបងស្អប់អូន ហើយបងក៏ដឹងរឿងរបស់ហាណា កូនយើង..ផាច់" មុខថេយ៉ុងត្រូវងាកទៅម្ខាងដោយសារតែការទះភ្លាមៗមិនបានដឹងជាមុនរបស់អ្នកម្ខាងទៀត រូម៉ាទះគេមួយទំហឹងដៃសឹងតែហឹងត្រចៀកគេទៅហើយ។
"ហាណាកូនយើងហ្អេស៎? លោកនៅមានមុខនិយាយអះអាងថានាងជាកូនរបស់លោកទៀតរឺ?" រូម៉ាបង្ហាញភាពខឹងសម្បារជាខ្លាំងជាមួយរឿងនេះ ហើយថេយ៉ុងក៏យល់ពីចិត្តនាងទើបគេប្រញាប់លូកក្រសោបដៃនាងជាប់ណែន។
"ម៉ា.."
"លោកភ្លេចអស់ហើយមែនទេថាលោកធ្លាប់បាននិយាយអីខ្លះដាក់ហាណា? ទាំងនៅសួនច្បារ ជាពិសេសគឺនៅភោជនីយដ្ឋាននោះ.." សំនួររូម៉ាទាញចិត្តគំនិតនឹងខួរថេយ៉ុងឲ្យនឹកឃើញភ្លាមៗនូវសម្ដីដែលគេបាននិយាយកាលពីថ្ងៃនោះ។
(ចង់ដឹងមែនទេ? ព្រោះឯងជាកូនរបស់ស្រីម្នាក់នោះ ឯងជាសមាជិកគ្រួសារឃាតករដែលសម្លាប់ប៉ាម៉ាក់យើងហើយយើងក៏មិនឆ្ងល់ដែរថាហេតុអីក៏ឯងទន់ជ្រាយ មិនយល់ការបែបនេះដែរ ព្រោះបើឯងមានប៉ាប្រៀនប្រដៅត្រឹមត្រូវឯងក៏នឹងយល់ហើយ ឈប់មកធ្វើខ្លួនបែបនេះ)
"ហាណាក្រោយចេញពីភោជនីយដ្ឋានទៅនាងក៏គិតតែពីយំ យំដល់ថ្នាក់គេងលង់ ហើយលោកដឹងទេថាហាណានាងនិយាយអីខ្លះកំឡុងពេលនោះ?"
"ខ្ញុំមិនចង់ចួបប៉ាទៀតទេ ខ្ញុំមិនចង់ចួបអ្នកណាទាំងអស់ ខ្ញុំខ្លាច..ខ្លាចថាប៉ាសិនប៉ារបស់ខ្ញុំជា..."
"ទោះជាកូនមិននិយាយត្រង់តែខ្ញុំក៏អាចដឹងថាអ្វីដែលនាងភ័យខ្លាចបំផុតក្នុងមួយជីវិតនេះគឺការពិតដែលលោកជាប៉ារបស់នាង.." រូម៉ាបកស្រាយច្បាស់ៗដាក់អ្នកដែលសាងរាប់លានកំហុសរួចក៏យកពាក្យសុំទោសនឹងទឹកភ្នែកប៉ុន្មានសិបតំណក់មកទុកជាការលុបលាងទោស ថេយ៉ុងក្រវីក្បាលរួចបន្ទន់ជង្គង់ទាំងសងខាងពីមុខនាង ក្រសោបកាន់ដៃនាងទាំងទឹកភ្នែកគេនៅតែបន្តស្រក់ចុះ គេប្រហែលគិតថានាយអន់បំផុតហើយដែលត្រូវមកលុតជង្គង់យំពីមុខមនុស្សស្រី តែបើធ្វើបែបនេះអាចធ្វើឲ្យរូម៉ាផ្លាស់ប្ដូរចិត្តបាននាយក៏ព្រម។
"ខ្ញុំពរពោះហាណាមក9ខែ10ថ្ងៃ ឆ្លងកាត់រឿងរ៉ាវគ្រប់សព្វបែបយ៉ាងទាំងភាពរងាឯកោ ភាពខ្មាសអៀនក្នុងនាមជាគូដណ្ដឹងម្នាក់តែបែរជាមានកូនរបស់ប្រុសដទៃនៅជាប់ក្នុងពោះមិនមែនជាកូនរបស់គូដណ្ដឹងខ្លួនឯង ហើយថ្ងៃដែលខ្ញុំកាត់ចិត្តអស់ពីលោកគឺនៅថ្ងៃដែលខ្ញុំសម្រាលកូនតែម្នាក់ឯងនៅឯមន្ទីរពេទ្យ.." និយាយដល់ត្រឹមនេះទឹកភ្នែកមួយតំណក់ក៏ហូរស្រក់ចេញពីផែនថ្ពាល់របស់រូម៉ា វាជាអតីតកាលដ៏ឈឺចាប់បំផុតរបស់នាង ការហែលឆ្លងសមុទ្រឈាមនឹងសមុទ្រទឹកភ្នែកដើម្បីបង្កើតកូនជាទីស្រឡាញ់ឲ្យបានមកស្គាល់ពិភពលោកទាំងដែលដឹងថាលោកប៉ារបស់នាងមិនត្រូវការនាងសូម្បីតែបន្តិចសោះ។
"ពេលវេលាដែលខ្ញុំគួរតែទទួលបានការថ្នាក់ថ្នមពីឪពុកកូននៅក្នុងផ្ទៃ ការអោបក្រសោបលួងលោមប្រាប់ថាខ្ញុំនឹងមិនអីទេ ការសម្រាលនឹងជោគជ័យព្រោះគេនឹងនៅទីនោះជាមួយខ្ញុំ...ខ្ញុំមិនបានស្គាល់រសជាតិក្ដីសុខមួយនេះទេ តែវាក៏ល្អដែរព្រោះថាវាក៏ធ្វើឲ្យខ្ញុំកាន់តែរឹងមាំនឹងចងចាំទុកថាដរាបណាខ្ញុំនៅតែមានចិត្តអាណិតសន្ដោសលើមនុស្សដូចជាលោក ខ្ញុំក៏នឹងចួបរឿងបែបនេះម្ដងហើយម្ដងទៀត ឈឺចាប់ម្ដងហើយម្ដងទៀតមិនចេះចប់"
"ម៉ា..ឲ្យបងសុំទោសម៉ា! ម៉ាចង់ឲ្យបងធ្វើយ៉ាងមិចក៏បានឲ្យតែអូនអាចអភ័យទោសឲ្យបង ម៉ា..អឹស" រាងកាយថេយ៍ក៏ត្រូវរុញចេញមួយទំហឹង រូម៉ាក៏មិនបាននិយាយអ្វីច្រើនតែប្រញាប់ចាកចេញទៅ ថេយ៍ក៏មិនបញ្ចប់នឹងស្រវ៉ាក្រសោបបំណងចង់ចាប់ដៃនាងតែបែរជាទាញផ្ដាច់ថង់នៅនឹងដៃនាងជំនួសទៅវិញ។
ប្រោក!
ថ្នាំងងុយគេងដែលរូម៉ាបានបញ្ជាទិញក៏រមៀលធ្លាក់ពីក្នុងថង់មកប៉ះនឹងជើងរបស់គេ ថេយ៍ក៏ប្រញាប់អោនរើសវាយកមកមើលរួចបើកភ្នែកធំៗព្រោះភ្ញាក់ផ្អើល។
"ឲ្យមកវិញ.."
"អូនប្រតិកម្មជាមួយនឹងថ្នាំងងុយគេង ចុះហេតុអីក៏អូន..អត់ទេ! បងមិនអាចឲ្យអូនយកវាទៅធ្វើអីផ្ដេសផ្ដាសឡើយម៉ា អូនមិនអាចធ្វើវាទេ..បងសុំអង្វរចិត្តអូន" ថេយ៉ុងរវល់និយាយទើបហុចឱកាសឲ្យរូម៉ាកញ្ឆក់ទាញយកថ្នាំនោះពីដៃគេបានយ៉ាងងាយ នាងសំឡឹងមើលមុខថេយ៍ចំៗជាមួយនឹងផ្ទៃមុខស្មើធេង។
"ធ្វើអ្វីផ្ដេសផ្ដាស? លោកគិតថាខ្ញុំនឹងសម្លាប់ខ្លួនព្រោះតែមនុស្សដូចជាលោក ព្រោះតែទុក្ខលំបាកដែលមនុស្សដូចលោកបានបន្សល់មែនទេ? លោកគិតខុសហើយ"
"ក្នុងភ្នែកខ្ញុំលោកលែងមានតម្លៃដល់ថ្នាក់នឹងហើយថេយ៍"

ទាយាទម៉ាហ្វៀ (រដូវកាលទី០២)Where stories live. Discover now