ភាគទី៨៤

530 36 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៨៤

មន្ទីរពេទ្យជាយក្រុង
ដោយសារតែការប៉ះទង្គិចនោះមិនជាធ្ងន់ធ្ងរទើបបានជាឡេឡានីត្រូវបានគ្រូពេទ្យបញ្ជូនឲ្យទៅសម្រាកនៅបន្ទប់អ្នកជម្ងឺនឹងមិនចាំបាច់ទទួលការដេរភ្ជាប់ដូចជាកាលពីមុន វត្តមានរាងកាយតូចស្រឡូនដេកស្ដូកនៅលើគ្រែអ្នកជម្ងឺព្រមជាមួយទឹកមុខបែបមិនដឹងខ្យល់ ទឹកមុខដែលបង្ហាញថានាងគេងលង់លក់ស្ងប់ស្រួលហើយក្រោយពីនាងបានចួបប្រទះរឿងរ៉ាវជំពាក់ជំពិនជាច្រើនមិនថាជីវិតរស់នៅនឹងជីវិតស្នេហា។
«ឆាប់ដឹងខ្លួនឡើងណា៎ ឡេឡានី» សំឡេងគ្រលរធំបន្លឺឡើងពីម្ចាស់កាយមាំមាននាមជាគូដណ្ដឹងរបស់នាង នាមដែលនាយជាអ្នកបង្កើតឡើងដោយខ្លួនឯងត្បិតថាគេមានចិត្តមកលើឡេឡានី គេចង់មើលថែនាងឲ្យសាកសមនឹងចិត្តចង់បាន ទោះបីជាគេដឹងថាថ្ងៃណាមួយនាងគង់តែដឹងការពិតហើយអាចនឹងខឹងស្អប់គេក៏ដោយ តែយ៉ាងហោចក៏គេបានចំណាយពេលជាមួយនឹងនាងដែរ។
«ដកដៃឯងចេញពីនាង!» នៅក្នុងបន្ទប់ក៏មិនមែនមានតែហេនរីនឹងអ្នកជម្ងឺនៅលើគ្រែឯណោះឡើយ ហូស៊ុកក៏នៅទីនោះហើយគេក៏ជាអ្នកក្របួចករអាវរបស់ហេនរីពេលនេះផងដែរ អ្នកដែលកំពុងតែដាក់ចិត្តកាយព្រួយបារម្ភជាមួយនឹងឡេឡានីឯណេះក៏ប្ដូរការចាប់អារម្មណ៍មកលើអ្នកចាប់ក្របួចករអាវខ្លួនវិញ។
«ហេតុអីក៏ឯងដឹងថាយើងនឹងឡេឡានីនៅទីនោះ? ឯងឆាប់ឆ្លើយមក..ឯងជាអ្នករៀបចំគ្រប់យ៉ាងមែនទេ?» ហូស៊ុកបង្ហាញភាពខឹងសម្បារកាន់តែខ្លាំងដូចជាគេលាក់កប់នូវកំហឹងនោះជាយូរមកហើយអ៊ីចឹង។
«រៀបចំ? ឯងគិតថាយើងរៀបចំផែនការឆ្កួតឡប់ទាំងនោះដើម្បីមកសំឡឹងមើលមនុស្សស្រីដែលយើងស្រឡាញ់ដេកស្ដឹងលើគ្រែបែបនេះហ្អេស៎? ឯងឆ្កួតហើយហូស៊ុក ហ្វ្រេដឌើរីកស៍» ហេនរីមិនបាននៅស្ងៀមឲ្យកេក្របួចករអាវខ្លួនឯងឡើយ គេចាប់ទាញកអាវរបស់ហូស៊ុកវិញដូចគ្នា កែវភ្នែកម្នាក់ៗមុតស្រួចជាងកាំបិតទៅទៀតកាលបើត្រូវប្រឈមមុខជាមួយនឹងគ្នាបែបនេះ។
«ត្រកូលផាទ្រីសៀរ៍គ្មាននរណាអាចទុកចិត្តឡើយ មិនថាជាឯង កូនស្រីឯង នរណាទាំងអស់» ហូស៊ុកពោលទាំងមិនស្ទាក់ស្ទើរក្នុងចិត្តសោះ ដៃមាំទាំម្ខាងដែលនៅសល់ក៏ក្ដាប់ណែនសឹងតែបាក់ម្រាមទៅហើយព្រោះឃើញមុខគេម្ដងណា ហូស៊ុកក៏នឹកឃើញដល់ការស្លាប់ដ៏អាណោចអាធមរបស់ប៉ាម៉ាក់នឹងប្អូនស្រីគេ។
«កូនស្រីយើងមិនពាក់ពន្ធ័ឡើយ»
«គ្រួសារយើងក៏ដូចគ្នា លោកប៉ា អ្នកម៉ាក់ ប្អូនស្រីក្នុងផ្ទៃរបស់យើងក៏មិនបានដឹងអ្វីដូចគ្នាតែក៏បែរជាត្រូវឪរបស់ឯងសម្លាប់រង្គាល អ៊ីចឹងអ្វីដែលឯងនិយាយវាគ្មានឥទ្ធិពលមកលើយើងឡើយ ហេនរី ផាទ្រីសៀរ៍» និយាយដល់ការស្លាប់របស់គ្រួសារហ្វ្រេដឌើរីកស៍នេះ ហេនរីគេក៏មានភាពមិនប្រាកដប្រជាក្នុងចិត្តជាច្រើនហើយក៏មិនយល់ដូចគ្នាថាហេតុអីបានជាលោកប៉ាគេសម្លាប់គ្រួសារមេធាវីដែលមិនពាក់ពន្ធ័អ្វីនឹងសម្ពន្ធ័ម៉ាហ្វៀសោះ។
«យើងមកយកឡេឡានីទៅវិញ» ហូស៊ុកប្ដូរប្រធានបទភ្លាមដោយចូលទៅជិតអ្នកដែលកំពុងដេកស្ដឹងឯណោះរួចលូកដៃពីក្រោមខ្នងបំណងចង់បីនាងឡើង ធ្វើយ៉ាងណាក៏ដោយឲ្យតែទៅឆ្ងាយពីសត្រូវគេម្នាក់នេះ តែវាក៏មិនងាយព្រោះហេនរីមិនព្រមឲ្យរឿងនេះកើតឡើងឡើយ គេរឹតតែមិនអាចឲ្យឡេឡានីទៅណបាន។
«ឯងឆ្កួតហើយ! លែង..»
«ឯងនឹងហើយដែលឆ្កួត គិតហ្អេស៎ថាឯងអាចលាក់គ្រប់យ៉ាងបានជិតរហូតនោះ? មិនយូរមិនឆាប់ឡេឡានីក៏គង់តែដឹងការពិតថាឯងកុហកនាងរឿងដែលនាងជាគូដណ្ដឹងរបស់នាង ឯងចង់ឲ្យនាងស្អប់ឯងរឺក៏យ៉ាងមិច?» ហូស៊ុកគំហកខ្លាំងៗទៅអ្នកដែលរឹងទទឹងឯណោះ ហេនរីក៏មិនបានខ្វល់នឹងរុញហូស៊ុកឲ្យចាកចេញឆ្ងាយពីគ្រែឡេឡានីកំពុងតែគេងឯណោះ រួចគេក៏លូកកាន់ក្រសោបដៃនាងល្អិតឡេឡានីជាប់ណែនជាថ្មី។
«ហ៊ឹម!» រាងកាយតូចដែលដេកលង់លក់ឯណោះក៏បម្រាស់ទាំងនៅបិទភ្នែកនៅឡើយព្រោះនាងត្រូវថ្នាំរបស់គ្រូពេទ្យនាំឲ្យនាងងងុយឡើងទន់ខ្លួនតែម្ដង ហើយក៏មិនដឹងថានាងអាចក្រោកនៅថ្ងៃនេះរឺមួយក៏អត់ផង។
«កុំទៅណាចោលអូនណា៎ ហ៊ឹម» ឡេឡានីឯណោះក៏ញញឹមទាំងគេងលក់រួចទាញដៃហេនរីចូលទៅអោបជាប់ណែន សកម្មភាពរបស់នាងហាក់ពុះច្រៀកទ្រូងម្ចាស់កាយខ្ពស់ដែលឈរសំឡឹងមើលមកនាង ព្យាយាមរិះរកគ្រប់វិធីដើម្បីបានយកនាងត្រឡប់ទៅវិញ ទៅកន្លែងពិតប្រាកដរបស់នាងតាំងពីដើមមក តែក្រោយបានឃើញភាពស្និតស្នាលនឹងទុកចិត្តដែលនាងមានទៅលើហេនរីរួចមកហូស៊ុកក៏ហាក់ស្រាលចិត្តខ្សាកៗ ហេនរីឯណោះឱកាសហុចឲ្យគេក៏កាន់ដៃឡេឡានីកាន់ែតជាប់ណែនដូចគ្នា។
«នាងរស់នៅជាមួយយើងមានក្ដីសុខហើយ នាងក៏មានរូម៉ា កូនស្រីម្នាក់ដែលស្រឡាញ់នាងនឹងត្រូវមើលថែ ចំណែកឯង ពេលដែលនាងនៅជាមួយឯង រាល់ពេលគឺតែងតែមានបញ្ហាមានទុក្ខលំបាកមិនចេះចប់ រយៈពេល៣ខែចុងក្រោយនេះឡេឡានីក៏រស់នៅបានយ៉ាងល្អបំផុតក្នុងជីវិតថ្មីរបស់នាង គ្រាន់តែឯងត្រឡប់មកវិញភ្លាមបញ្ហាផ្សេងៗក៏ចាប់ចូលមករកនាងជាថ្មី ដូចជាពេលនេះអ៊ីចឹង នាងត្រូវដេកស្ដឹងនៅលើគ្រែព្រោះតែភាពធ្វេសប្រហែសរបស់ឯង នេះបើសិនជាយើងមិនដឹងទាន់ពេលហើយត្រឡប់មកវិញទាន់ពេល យើងក៏អាចនឹងបាត់បង់នាងទៅដូចគ្នា» ហេនរីពោលឡើងគ្រប់ឃ្លាប្រយោគដែលហូស៊ុករអៀសចិត្តព្រោះវាសុទ្ធសឹងតែជាការពិត ឡេឡានីនៅជាមួយនឹងគេនាងតែងតែមានបញ្ហាជានិច្ច លើកទីមួយជារឿងការទិញនាងយកមក ទីពីរជារឿងរបស់អេមម៉ាលី ហើយពេលនេះនាងក៏មានបញ្ហាព្រោះតែការធ្វេសប្រហែសមួយពេលរបស់គេទៀត។
«ហ៊ឹម!គេង..គេងអោបអូន» ឡេឡានីឯណោះក៏លូកដៃទាញជាយអាវរបស់ហេនរីទាំងបិទភ្នែក នាយក៏មិនបង្អង់ប្រញាប់ទម្លាក់ខ្លួនដេកក្បែរគូដណ្ដឹងរួចអោបនាងជាប់ណែន ហូស៊ុកក៏មិនបានតវ៉ាអ្វីទៀតរួចប្រញាប់នាំខ្លួនចាកចេញពីទីនោះ ហេនរីកាលបើដឹងថាខ្លួនជាអ្នកឈ្នះនាយក៏ញញឹមជាប់រួចទាញមនុស្សស្រីជាទីស្រឡាញ់ចូលមកអោបក្រសោបជាប់រាងកាយកាន់តែណែនលើសដើម។ «ហ៊ឹម..»
«គេងទៅអូនសម្លាញ់! បងនៅទីនេះហើយ» ហេនរីនិយាយរួចអង្អែលក្បាលនាងតិចៗ ឡេឡានីឯណោះក៏ញញឹមទាំងបិទភ្នែក ដៃត្រសុលលូកទៅលេងប៉ះសក់របស់ហេនរីផ្នែកខាងក្រោយដូចជាពេលដែលនាងគេងអោបហូស៊ុកកាលពីអតីតកាលឯណោះ។
«ហិហិ..សក់បងទន់ណាស់ អឹប! គេងអោបបង..អោបម្ចាស់ប្រុស ហិហិ» ទឹកមុខញញឹមរបស់ហេនរីមុននោះក៏រសាយសាបសូន្យមកត្រឹមពាក្យថា 'ម្ចាស់ប្រុស' នឹងឯង នាយក៏ដកខ្លួនចេញពីការអោបក្រសោបរួចសំឡឹងមើលទៅអ្នកដែលគេងមមីរនោះ។
(អូននៅមិនទាន់ចងចាំអ្វីទេត្រូវទេ? មិនមែនលឿនថ្នាក់នឹងទេ ត្រូវទេ? ពួកអូនត្រូវនៅជាមួយនឹងបងណាឡេឡានី)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now