ភាគ១០

969 43 1
                                    


កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០

«រ៉េនដាមកដល់ហើយ» គ្រាដែលឡេឡានីនឹងហូស៊ុកកំពុងតែសំឡឹងមើលគ្នាក៏មានសំឡេងមួយបន្លឺឡើងនាំឲ្យពួកគេហាក់ប្រមូលអារម្មណ៍ជាថ្មីរួចងាកបែរចេញពីគ្នា ដោយហូស៊ុកងាកមើលទៅវត្តមានអ្នកដែលទើបតែមកដល់ឯណោះ។
«ខ្ញុំសុំចេញទៅក្រៅសិនហើយ» ឡេឡានីឯណេះក៏សុំខ្លួនចេញទៅក្រៅបាត់ព្រោះនាងមិនគិតចង់បង្កបញ្ហាអ្វីបន្តទៀតនោះឡើយ គ្រាន់តែឡេឡានីចេញផុតមនុស្សស្រីម្នាក់នោះក៏ចូលមកដល់ល្មម។
ឡេឡានីក៏នៅមិនទាន់ចេញទៅក្រៅពិតប្រាកដដោយនាងនៅឈរក្រោយជញ្ជាំងបន្ទប់ក្បែរនោះ កែវភ្នែកងាកចេញសំឡឹងមើលទៅផែនខ្នងមាំទាំរបស់ម្ចាស់ប្រុសរួចក៏សំឡឹងមើលទៅវត្តមានមនុស្សស្រីប្លែកម្នាក់ដែលនាងតុបតែងខ្លួនសុិចសុីលិចធ្លោ ដូចជាសាកសមនឹងម្ចាស់ប្រុសនាងក្នុងឈុតអាវធំពេលនេះខ្លាំងណាស់។
«អ្នកនាងម្នាក់នេះជានរណាទៅ?!»
«នាងច្រណែនហ្អេស៎?!» ខណៈឡេឡានីកំពុងតែស្រពិចស្រពិលនឹងវត្តមានរបស់រ៉េនដាឯណោះ ក៏មានសំឡេងគ្រលរមួយបន្លឺឡើងពីក្រោយខ្នងរបស់នាងភ្លាម ស្រីតូចប្រញាប់ងាកបែររហូតដល់ផែនខ្នងរបស់នាងបុកប៉ះនឹងជញ្ជាំងលាន់បឹបហើយវាក៏លាន់លឺដល់ត្រចៀករបស់ហូស៊ុកនាំឲ្យគេប្រញាប់ងាកមើលភ្លាមៗតែក៏មិនបានឃើញនរណាសោះ។
«លោកហូស៊ុករកមើលអីហ្អេស៎?!» ស្រីស្រស់រ៉េនដាដែលមានងារជាម៉ូដែលបង្ហាញតំណាងមុខជំនួញរបស់ហូស៊ុកឯណោះក៏សួរនាំឡើងបែបធម្មតាៗជាមួយនឹងគេហាក់បីដូចជាពួកគេនៅជាមួយគ្នាយូរឆ្នាំណាស់មកហើយអ៊ីចឹង។
«គ្មានអីទេ! ប្រហែលជាយើងស្ដាប់ច្រឡំ»
«តែថារ៉េនដាមកវិមានទាំងព្រឹកមានការអីដែរទៅ?!» ហូស៊ុកក៏ប្រញាប់ចូលសាច់ការភ្លាមត្បិតមិនចង់ពន្យារពេលយូរ ព្រោះគេនឹងរ៉េនដាសុទ្ធតែមានការងារត្រូវធ្វើដូចគ្នា ម្នាក់ៗសុទ្ធតែរវល់ការងាររៀងៗខ្លួន កម្រនឹងបានចួបគ្នាណាស់។
«គឺ..» រ៉េនដាមិននិយាយតែមាត់ នាងក៏ចូលទៅអោបកាន់ដៃរបស់ហូស៊ុកជាប់ណែន ការចាប់កាន់យ៉ាងស្និតស្នាលរបស់នាងក៏នាំឲ្យអ្នកដែលលបលួចមើលឯណោះកាន់តែភាំងភ្លឹកខ្លាំងលើសដើមថែមទៀត។
ឡេឡានីនៅឈរប្រឹងសំឡឹងមើលទៅមនុស្សស្រីម្នាក់នោះស្និតស្នាលជាមួយម្ចាស់ប្រុសរបស់នាង ទាំងដែលតាំងពីនាងមកនៅទីនេះគ្មាននរណាម្នាក់ហ៊ាបចូលស្និតស្នាលជាមួយម្ចាស់ប្រុសឡើយក្រៅពីនាង។
«យើងដឹងណាថានាងកំពុងតែគិតអីនាងល្អិត» បានឃើញឡេឡានីសំឡឹងមើលទៅហូស៊ុកនឹងរ៉េនដាបែបនេះវាហាក់ដូចជាហុចឱកាសឲ្យថេយ៉ុងសងសឹកនាងអ៊ីចឹងដែរ ដោយគេព្យាយាមចាក់នាងឲ្យច្រណែនជាមួយវត្តមានមនុស្សស្រីម្នាក់នោះ ព្រោះគេអាចមើលដឹងថាក្មេងម្នាក់នេះមិនមែនមិនបានគិតអីលើលោកពូគេឡើយ។
«ខ្ញុំនឹងហ្អេស៎?! ខ្ញុំគិតអី?! ចំមែន..» ឡេឡានីក៏សួរឡើងស្របនឹងដៃរុញស្មាថេយ៉ុងរួចនាំខ្លួនចាកចេញពីទីនោះ ថេយ៉ុងក៏តាមសំឡឹងមើលនាងទាំងញញឹមចុងមាត់ ភ្នែកងាកមើលទៅលោកពូគេនឹងរ៉េនដាព្រមជាមួយនឹងទឹកមុខបែបធុញទ្រាន់។
«នាងល្អិតឡេឡានីនេះយ៉ាងណាក៏ធុញទ្រាន់មិនដល់ស្រីម៉ូឌែលម្នាក់នេះដែរ» ថេយ៉ុងនិយាយចង់សម្ដៅទៅលើរ៉េនដានឹងឯង នៅកាលីហ្វ័រញ៉ានេះអ្នកណាមិនស្គាល់រ៉េនដា រ៉ូហ្សាលៀរ៍ តារាម៉ូឌែលជួរមុខនឹងជាកូនរបស់រដ្ឋមន្ត្រីដែលមានឋានៈនឹងអំណាចខ្ពង់ខ្ពស់ ប្រុសៗម្នាក់ណាក៏ប្រាថ្នាចង់បាននាងទៅថ្នាក់ថ្នមបីបម តែនាងក៏បែរជាមិនសំឡឹងឃើញនរណាម្នាក់ដែលព្យាយាមចូលមករកនាង តែក៏បែរជាមកចាប់អារម្មណ៍នឹងនាយហូស៊ុក អ្នកជំនួញវ័យក្មេងដែលមិនដែលគិតអ្វីលើនាងនេះទៅវិញ នាងព្យាយាមតាមគេនៅក្បែរគេអស់ប្រមាណជា៣ឆ្នាំទៅហើយតែគេក៏ហាក់មិនព្រមបើកភ្លើងខៀវឲ្យគេទាល់តែសោះឡើយ។
«ពួកយើងទៅតែម្ដងទៅល្អទេ? លោកហ្គេសស្ពើមិនបានប្រាប់លោកហូស៊ុកទេរឺថាថ្ងៃនេះពួកយើងមានណាត់នោះ? ហីយ៉ា..» រ៉េនដានិយាយបណ្ដើរដៃកាន់ក្រៀកដៃហូស៊ុកកាន់តែជាប់ណែនលើសដើម ហូស៊ុកមិនបានពោលនិយាយអ្វីច្រើនតែក៏ដកដៃពីការចាប់កាន់របស់រ៉េនដាភ្លាម។
«លោកប៉ាបានប្រាប់រួចហើយ គ្រាន់តែខ្ញុំមិនស្មានថារ៉េនដានឹងមករកខ្ញំដល់ទីនេះ..» ហូស៊ុកក៏នៅតែបង្ហាញភាពគួរសមទៅកាន់នាងក្នុងនាមជាអ្នករួមការងារ នាយក៏ចង្អុលនាំផ្លូវដើម្បីបានចាកចេញទៅព្រមគ្នាជាមួយនាងឯណោះ។
«រ៉េនដាអង្គុយបាំងខាងនេះចុះចាំយើងជាអ្នកបើក» មកដល់ខាងក្រៅហូស៊ុកក៏និយាយឡើងព្រមជាមួយនឹងទឹកមុខស្មើហើយវាក៏ជាចំណុចខ្សោយដែលធ្វើឲ្យរ៉េនដាងប់ងល់ជាមួយនឹងគេដែរ មនុស្សប្រុសតែស្រគត់ស្រគំនឹងម៉ឺងម៉ាត់បែបនេះឯង។
«គួរឲ្យស្រឡាញ់បំផុតហើយលោកហូស៊ុក» រ៉េនដាក៏ពោលទាំងញញឹម បើកទ្វារឡានចូលទៅអង្គុយតាមការប្រាប់របស់គេ ហូស៊ុកឯណោះក៏ទាញសារ៉េករអាវគេបន្តិចតែភ្នែកក៏ងាកមើលទៅក្នុងបរិវេណវិមានហាក់ដូចជាកំពុងតែរកវត្តមានរបស់នរណាម្នាក់មុននឹងចេញទៅ តែបែរជាបាត់មិនឃើញនាងសោះ។
«លោកហូស៊ុក..មានអីមែនទេ?!» ដោយសារតែហូស៊ុកមិនងាយចូលឡានទើបរ៉េនដានាងអើតក្បាលមកសួរ ហូស៊ុកឯណោះក៏ងាកមើលមកនាងរួចក្រវីក្បាលបន្តិចនឹងរហ័សរហួនចូលឡានមិនចាំយូរទៀត។
កង់ឡានបង្វិលនាំយកតួរថយន្តម៉ាកទំនើបចុងក្រោយនោះចាកចេញទៅខណៈមានក្រសែភ្នែករបស់មនុស្សម្នាក់សំឡឹងមើលមកពីចំការទំពាំងបាយជូរ ឡេឡានីតាមសំឡឹងមើលតាំងពីឡានមិនទាន់ចាកចេញរហូតដល់ឡាននោះបើកចេញឆ្ងាយទៅដាច់កន្ទុយភ្នែក។
«ថាហើយ! នាងច្បាស់ជាកំពុងតែច្រណែន» មិនថាឡេឡានីព្យាយាមគេចមកដល់ទីនេះ អ្នកដែលចង់ឌឺដងផ្លែផ្កានាងក៏នៅតែតាមមកដល់ទីនេះ ថេយ៉ុងជ្រែងហោប៉ៅដើរចូលមករកនាងល្អិតដែលកាន់កន្ត្រកបេះទំពាំងបាយជូរតែអារម្មណ៍នាងបែរជាមិននៅនឹងការងារមួយនេះសោះ ហាក់បីដូចជានាងយកលេសគេចមកទីនេះដើម្បីតែលបលួចមើលការចាកចេញរបស់លោកពូគេនឹងរ៉េនដាប៉ុណ្ណោះ។
«អេ៎! មិចក៏ទៅជាគរហើយ?!» ខុសពីសព្វមួយដងដែលឡេឡានីនាងតែងតែតបតរមិនឲ្យដាច់សូរ តែលើកនេះនាងក៏បានតែងាកភ្នែកសំឡឹងមើលទៅថេយ៉ុងរួចនាំខ្លួនបន្តដំណើរទៅមុខទៀត ដោយមិននិយាយស្ដីចូលនាយសូម្បីតែមួយម៉ាត់។
«យើងថានាងកាត់ចិត្តទៅ ព្រោះយ៉ាងណាក៏លោកពូមើលមិនឃើញនាងដែរ..រ៉េនដានាងទាំងស្អាត មានការងារច្បាស់លាស់ជាកូនអ្នកមានតាមលោកពូមករាប់ឆ្នាំទៅហើយគាត់ក៏នៅតែមើលមិនឃើញ..»
«លោកអាចបិទមាត់សិនបានទេ?! ខ្ញុំគិតថាលោកកំពុងតែយល់ខុសលើខ្ញុំហើយ» ទីបំផុតឡេឡានីក៏ព្រមហើបមាត់និយាយរកគេ ថេយ៉ុងញាក់ចិញ្ចើមបន្តិចរួចចូលទៅកាន់តែជិតនឹងប្រឈមមុខជាមួយនឹងនាង ឡេឡានីក៏មិនបានគេចវេសអ្វីទៀតនឹងព្យាយាមនៅប្រឈមមុខជាមួយគេ។
«អ៊ីចឹងនាងចាំបាច់ភាំងនឹងធ្វើមុខស្អុយធ្វើអីពេលដែលពូស៊ុកនិយាយជាមួយស្រីផ្សេង បើនាងមិនបានគិតអីលើគាត់ពិតមែននោះ? រឺមួយក៏នាងព្យាយាមចូលមកជិតគាត់ព្រោះចង់បានលុយជាថ្នូរ?» ពាក្យថា(លុយ) អ្នកណាក៏ចង់បាន អ្នកណាក៏ត្រូវការ តែដែលថេយ៉ុងនិយាយថានាងមកទីនេះព្រោះតែចង់បានលុយពីលោកពូគេនោះវាធ្វើឲ្យឡេឡានីចិត្តស្ងប់មុននោះអស់ការទ្រាំ ស្រីតូចក្ដាប់ដៃខ្លួនឯងស្របនឹងភ្នែកទាំងសងខាងឡើងក្រហមរងាលដូចជាម្ទេស។
«យ៉ាងមិច? យើងនិយាយត្រូវក៏ខឹង?! អឹស..» ថេយ៉ុងនិយាយមិនទាន់ក៏ត្រូវឡេឡានីគប់មួយកន្ត្រកទំពាំងបាយជូរចំកណ្ដាលទ្រូងនាំឲ្យទំពាំងបាយជូរដែលនាងបេះបានទាំងអម្បាល់ម៉ាននោះខ្ចាយព្រាចពេញដីទាំងអស់ ថេយ៉ុងក៏អោនមើលទៅទំពាំងបាយជូរទាំងនោះរួចងើបមើលមកឡេឡានីទាំងខឹងសម្បារដូចគ្នា។
«ខ្ញុំដឹងថាលោកជាកូនអ្នកមាន មានលុយចាយរាប់មិនអស់ ទោះជាស្លាប់កើតជាច្រើនដងទៀតក៏ដោយ វាជាឥទ្ធិពលតែមួយគត់ដែលលោកមាន លោកគិតថាលុយជាអ្វីគ្រប់យ៉ាង អាចទិញអ្វីបានគ្រប់យ៉ាង តែការដែលលោកយកលុយមកដើម្បីមើលងាយអ្នកដទៃបែបនេះវាធ្វើឲ្យលោកមើលទៅដូចជាមនុស្សល្ងង់អ៊ីចឹង មែន! ខ្ញុំវាក្រ ខ្ញុំត្រូវលោកពូលោកទិញយកមកក៏មិនមែនបានន័យថាខ្ញុំនេះចង់បានលុយគាត់រឺក៏ព្យាយាមចូលជិតគាត់ព្រោះតែគំនិតអាក្រក់អ្វីដែរ ខ្ញុំព្យាយាមចូលជិតគាត់ព្រោះតែចង់សងគុណគាត់ ចង់អរគុណដែលគាត់ជួយមនុស្សទ័លច្រកដូចជាខ្ញុំប៉ុណ្ណោះ បើសិនជាខ្ញុំមានសមត្ថភាពរកលុយមកសងគាត់បានខ្ញុំក៏នឹងធ្វើ មិនមែនមកនៅឈរត្រង់នេះឲ្យលោកមើលងាយឡើយ..»
«នាង..» ថេយ៉ុងហាក់គាំងនិយាយអីមិនចេញ គេក៏ឧទានហៅនាងក៏ព្រោះតែឡេឡានីនាងបញ្ចប់ការសន្ទនាពួកគេត្រឹមការបែរខ្នងចាកចេញទៅ ឡេឡានីព្យាយាមបោះជំហានចាកចេញញាប់ស្អេកធ្វើដូចជាមិនបានលឺអ្វីដែលគេនិយាយ កែវភ្នែកក្រហមងាំងរបស់នាងមុននោះក៏ដាលនាំទឹកភ្នែកឲ្យហូរស្រក់ចុះមកមិនឈប់។
«ហេតុអីក៏គ្រប់គ្នាតែងតែគិតថាខ្ញុំចូលក្បែរនរណាម្នាក់ព្រោះតែប្រយោជន៍បែបនេះ?!» ឡេឡានីនិយាយតិចៗម្នាក់ឯងទាំងអួលដើមករ ស្រីតូចក៏ក្រឡេកឃើញទ្វារខាងក្រោយមិនបិទទើបនាងប្រញាប់ចេញតាមនោះទៅ។
មកដល់ខាងក្រៅនាងក៏បានឃើញផ្លូវកៅស៊ូនឹងផ្លូវម្ខាងទៀតជាទន្លេដែលអាចឲ្យនាងទៅព្រលែងអារម្មណ៍មិនល្អទាំងអម្បាល់ម៉ាននៅទីនោះបាន ឡេឡានីក៏ពេបមាត់បន្តិចរួចនាំខ្លួនរត់ឆ្លងកាត់ថ្នល់នោះទាំងយំ។
ទីត!ទីត..
ងឺត..ផាំង!
រាងកាយនាងក៏ត្រូវឡានដែលបើកក្នុងល្បឿនសមល្មមមួយនោះបុកនាំឲ្យនាងបោកផ្ទប់នឹងកូបឡានខាងមុខរួចដួលព្រូសទៅលើថ្នល់។
គ្រឹប!
ឡាននោះក៏មានទំនួលខុសត្រូវនឹងមានអ្នកចុះមកមើលអ្នកដែលពួកគេបានបុកនោះ គ្រានោះក៏មានបុរសមាឌមាំម្នាក់ដែលអង្គុយនៅបាំងខាងក្រោយចេញមកដូចគ្នា។
«ជាមនុស្សស្រីអ្នកប្រុសហេនរី..នាងសន្លប់បាត់ហើយ» បុរសម្នាក់ដែលជាអ្នកបើកឡានក៏និយាយឡើងនាំឲ្យអ្នកដែលចេញមកមើលនោះចូលទៅជិតនាង ដៃម្ខាងលូកត្រកងលើកបីរាងកាយនាងឡើងទើបដឹងថាក្បាលនាងផ្នែកខាងក្រោយមានដាបទៅដោយឈាម ផ្ទៃមុខសក្បុសក៏បង្ហាញច្បាស់ពីមុខគេ ទឹកមុខដែលដាមដោយស្នាមទឹកភ្នែកគួរឲ្យអាណិត។
«យើងគួរធ្វើយ៉ាងមិចអ្នកប្រុស?!»
«យើងយកនាងទៅពេទ្យសិន..រឿងផ្សេងសឹមគិតតាមក្រោយទៀត»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now