ភាគ៤៤

723 45 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៤៤

មិនថានាងដេញគេចេញ និយាយពាក្យគ្រប់យ៉ាងឲ្យគេឈឺចាប់នឹងចាកចេញពីនាងក៏ហូស៊ុកនៅតែមិនចេញ នាយក៏ប្ដូរពីការសម្រុកបំបុកចូលទៅក្នុងដោយការលុតជង្គង់មួយកន្លែងប្រឹងនឹងសំឡឹងមើលទៅអ្នកដែលអង្គុយផ្អែកខ្នងយំនៅខាងក្នុងឯណោះ ពួកគេទាំង២អង្គុយសំឡឹងគ្នាទៅវិញទៅមកទាំងដែលម្នាក់ៗឈឺចាប់ស្ទើរតែស្លាប់តែក៏គ្មាននរណាម្នាក់ហ៊ានបើកចំហ បើកចិត្តនិយាយគ្នាត្បិតថាម្នាក់កំពុងតែឆ្អែតឆ្អន់ចិត្ត ខណៈម្នាក់ទៀតក៏គ្មានឱកាសនឹងបានបកស្រាយប្រាប់ទៅនាង។
«ឡេឡានី..»
«ម្ចាស់ប្រុសស្រឡាញ់អេមម៉ាលីយូរហើយពិតទេ? នាងជាមនុស្សស្រីដែលម្ចាស់ប្រុសតែងតែរង់ចាំពិតទេ? ភាពយកចិត្តទុកដាក់ ការសម្របតាម អនុស្សាវរីយ៍ល្អៗ នាងក៏មាន កិរិយាសម្បត្តិ មុខមាត់ ឋានៈនាងមានគ្រប់យ៉ាងដែលខ្ញុំគ្មាន..បែបនេះហើយទើបខ្ញុំមិនហ៊ានប្រកាន់ខឹងរឺក៏អន់ចិត្តក៏ព្រោះតែបើប្រៀបធៀបគ្នា ខ្ញុំនឹងអ្នកនាងអេមម៉ាលីម្នាក់ប្រៀបបីដូចជាទេពអប្សរដែលមានតែមនុស្សប្រាថ្នាចង់ជិត មានតែមនុស្សរង់ចាំ ខណៈម្នាក់ទៀតប្រៀបដូចជាកាកសំណល់ដែលរសាត់អណ្ដែតគ្មានទិសតំបន់ ហូរមកទើរនៅទីណាក៏នៅជាប់ទីនោះរួចក៏រសាតអណ្ដែតបន្តគ្រាដែលកន្លែងមួយនោះលែងត្រូវការ» ឡេឡានីនិយាយទាំងទឹកភ្នែកស្រក់មកកាន់តែខ្លាំងលើសដើមថែមទៀត ឡេឡានីក៏ផ្ដេកខ្លួនដេកចុះនៅលើឥដ្ឋនោះទាំងដៃនៅអោបកូនឆ្មាជាប់ដដែល ហូស៊ុកក៏មិនបានទៅណានឹងនៅលុតជង្គង់សំឡឹងមើលទៅនាងតាមចន្លោះទ្វារដដែល។
«ចុះនាងធ្លាប់គិតចង់ផ្ដល់ឱកាសឲ្យយើងបាននិយាយបកស្រាយម្ដងទេ ថាអ្វីដែលនាងគិតមកលើយើងវាជាការពិតរឺមួយក៏អត់?» ហូស៊ុកក៏សួរទាំងក្នុងចិត្តអន្ទះសារចង់ឲ្យនាងឆ្លើយតបថាយល់ព្រម គេនឹងបាននិយាយបកស្រាយថាតាមពិតគេមិនបានស្រឡាញ់អេមម៉ាលី មិនដែលសូម្បីតែគិតថានឹងស្រឡាញ់នាងឡើយ តែទឹកចិត្តគេក៏ធ្លាក់ដល់ដីកាលបើឡេឡានីនាងញញឹមទាំងទឹកភ្នែកហូរកាត់ថ្ពាល់។
«ម្ចាស់ប្រុសក៏ហត់នឿយនឹងតាមសួរនាំខ្ញុំណាស់ហើយ ចាត់ទុកថារឿងមួយនេះខ្ញុំមិនឆ្ងល់ចង់ដឹងដូចជាគ្រប់រឿងទៅចុះ ព្រោះអីម្ចាស់ប្រុសដឹងទេ?» ឡេឡានីនិយាយឡើងស្របនឹងភ្នែកងាកមើលចំទៅកាន់ម្ចាស់កាយមាំទាំរួចញញឹមបន្តិច។
«ខ្ញុំឈប់ស្រឡាញ់ម្ចាស់ប្រុសហើយ..ខ្ញុំលែងហ៊ានប្រាថ្នាហើយ» ឡេឡានីបញ្ចប់ឃ្លាប្រយោគរបស់ខ្លួនឯងដោយការក្រោកឡើងពីឥដ្ឋរួចសម្ដៅទៅកាន់គ្រែគេងដែលមិនអាចឲ្យអ្នកនៅខាងក្រៅមើលមកបាន។
«ហ៊ឹកៗ ហ៊ឹកហ៊ឺ» ឡេឡានីទម្លាក់ខ្លួនដេកនៅលើគ្រែធំទូលាយដែលមានពណ៌ឆើតឆាយសាកសមនឹងភាពស្រស់បំព្រងរបស់នាងកាលពីមុនណាស់ តែនាងពីមុនបាត់ទៅណា? នាងក្នុងពេលនេះគឺទន់ជ្រាយបំផុត ឈឺចាប់បំផុត ឯកោបំផុត។
ភឹប! ភឹប
គ្រាន់តែនាងនិយាយចប់បានមួយសន្ទុះឡេឡានីក៏បានលឺសំឡេងសម្រឹបជើងបោះជំហានដើរចាកចេញទៅ បានន័យថាម្ចាស់ប្រុសបានយល់ពីបំណងនាងហើយ ឡេឡានីក៏បានត្រឹមតែបិទភ្នែកសម្ងំគេងទាំងដែលខួរក្បាលនាងឈឺស្ទើរតែផ្ទុះចេញមកខាងក្រៅ។
(ឯងអាចនឹងប្រឈមមុខជាមួយនឹងគេនៅថ្ងៃស្អែកបានយ៉ាងមិចទៅឡេឡានី?!)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now