ភាគទី៨៣

524 33 2
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៨៣

«បងហេនរី?» សំឡេងឧទានហៅព្រមជាមួយនឹងភាពនឹករលឹករបស់នាងល្អិតឡេឡានីទៅកាន់បុរសជាគូដណ្ដឹងនោះឯងដែលនាំឲ្យទ្រូងខាងឆ្វេងរបស់អ្នកម្ខាងទៀតដែលគិតថាខ្លួនជាមនុស្សតែម្នាក់ដែលទទួលបានការហៅនឹងភាពនឹករលឹកបែបនេះ ទាំងដែលពេលនេះនៅក្នុងនាងមិនសូម្បីតែមានរូបគេបន្តទៀតឡើយ គ្រប់យ៉ាងវាគ្រាន់តែជាអតីតកាលរវាងពួកគេប៉ុណ្ណោះ។
«បងហេនរី..» ឡេឡានីពោលឡើងស្របនឹងការរើបម្រាស់បំណងចង់ក្រោកទៅរកបុរសជាគូដណ្ដឹងតែក៏បែរជាត្រូវអ្នកម្ខាងទៀតកាន់ដៃនាងជាប់មិនលែង ឡេឡានីក៏ងាកមកមើលហូស៊ុក អ្នកដែលព្យាយាមកាន់ដៃនាងជាប់មិនលែងឯណោះ គេក៏មិនបានមើលមកនាងវិញព្យាយាមគេចវេសនឹងអូសដៃនាងបំណងចង់ចាកចេញទៅជាមួយគ្នាដូចជាសព្វមួយដង តែលើកនេះក៏មិនបានសម្រេច។
«លោកពូ..លែងទៅ» ឡេឡានីនាងមិនបាននៅស្ងៀមដូចជាកាលពីមុនឡើយ នាងរើបម្រាស់ចេញពីការចាប់កាន់របស់ហូស៊ុកនឹងបែរបំណងចង់រត់ទៅរកហេនរីតែលើកនេះមិនត្រឹមតែដៃរបស់នាងឡើយ តែរាងកាយនាងទាំងស្រុងក៏ត្រូវបានហូស៊ុកប្រើដៃម្ខាងអោបក្រសោបជាប់ស្របនឹងដៃម្ខាងទៀតបែរតម្រង់កាណុងកាំភ្លើងទៅកាន់នាយម្នាក់ទៀតដែលកំពុងតែតម្រង់មកនាយដូចគ្នាដែរនោះ។ «ឯងចង់ធ្វើស្អីហូស៊ុក ហ្វ្រេដឌើរីកស៍?» ហេនរីក៏ចោតសួរនូវសំនួរដ៏គួរឲ្យអស់សំណើចមួយទាំងដែលគេបានដឹងច្បាស់ទៅហើយថាគេបានធ្វើអ្វី? ហើយហូស៊ុកពេលនេះគេក៏កំពុងតែព្យាយាមចង់បានអ្វីដែលជារបស់គេត្រឡប់ទៅវិញដែរ កិច្ចសន្ទនាដែលមិននិយាយចេញមកមួយនេះគឺមានតែហេនរីនឹងហូស៊ុកឯណោះដែលយល់ ឡេឡានីនាងមិនបានយល់អ្វីឡើយ ចិត្តរបស់នាងពេលនេះគឺចង់តែទៅរកបុរសម្នាក់ដែលនាងគិតថាជាអនាគតរបស់នាង ជាម្ចាស់ជីវិតរបស់នាង ទាំងដែលការពិតអ្នកកំពុងអោបនាងនេះហើយជាម្ចាស់ជីវិតរបស់នាងពិតប្រាកដនោះ។
«លែងខ្ញុំទៅ..លែង ហ៊ឹក» ឡេឡានីព្យាយាមរើបម្រាស់ជាខ្លាំងដល់ថ្នាក់សំឡេងយំខ្សឹបខ្សួលរបស់នាងបន្លឺឡើងហាក់ដូចជាប្រាប់ដល់ហូស៊ុកថានាងមិនមានភាពកក់ក្ដៅស្ថិតក្នុងការអោបក្រសោបរបស់នាយទៀតឡើយ តែហូស៊ុកក៏មិនបាននិយាយអ្វីនឹងបន្តអោបនាងជាប់ណែនលើសដើមថែមទៀត។
«អូនតែងតែនិយាយថាចង់ឲ្យបងអោបអូនឲ្យណែនផ្ដល់ការចាប់អារម្មណ៍មកលើអូនឲ្យបានច្រើន តបស្នងក្ដីស្រឡាញ់អូនឲ្យដូចជាអូនធ្វើមកលើបង ពេលនេះបងក៏កំពុងតែធ្វើវាហើយឡេឡានី» ហូស៊ុកអោបនាងបណ្ដើរនិយាយឡើងនូវពាក្យពេចន៍លេចកប់នៅក្នុងទ្រូងចេញមកជាលើកដំបូងចាប់តាំងពីពួកគេបានចួបគ្នាមក គេបាននិយាយពាក្យគ្រប់យ៉ាងដែលនាងតែងតែចង់លឺកន្លងមក តែពេលនេះនាងក៏មិនចងចាំ មិនយល់ពីអ្វីដែលគេនិយាយនោះឡើយ វាយឺតពេលបន្តិចហើយ...មែនទេ?
«លោកឆ្កួតហើយ! ទោះបីជាខ្ញុំមាននៅក្នុងការចងចាំរបស់លោកខ្លាំងកម្រិតណាក៏ពេលនេះពួកយើងមិនអាចបន្តទៀតដែរ ព្រោះខ្ញុំមានអ្នកផ្សេងហើយ ខ្ញុំមានគ្រួសារ មានគូដណ្ដឹងនឹងកូនដែលនៅរង់ចាំ..» ឡេឡានីបញ្ចប់ឃ្លាប្រយោគរបស់ខ្លួនដោយការលូកបេះដៃរបស់ហូស៊ុកចេញពីខ្លួននាង បន្តបោះជំហានទៅរកហេនរីគូដណ្ដឹងរបស់នាងឯណោះវិញ។
ហេនរីក៏លូកកាន់ក្រសោបដៃនាងជាប់ណែននាំនាងចាកចេញទៅជាមួយគ្នា ហូស៊ុកងើបភ្នែកសំឡឹងមើលទៅវត្តមានអ្នកដែលដើរចាកចេញនោះស្របនឹងជង្គង់មាំអុកនឹងដីលាន់ផឹប។
«បងគួរតែសុំអូនរៀបការឲ្យបានលឿនជាងនេះ បងគួរតែអោបក្រសោបអូនឲ្យបានណែនជាងនេះ ម៉្លេះថ្ងៃនេះបងមិនត្រូវសំឡឹងមើលអូនចាកចេញទៅទាំងបែបនឹងឡើយ ឡេឡានី..» ហូស៊ុកមិននិយាយតិចៗឡើងគឺគេស្រែកខ្លាំងៗតែម្ដង ស្រែកបំណងឲ្យអ្នកដែលដើរចេញទៅឯណោះបានលឺពីអ្វីដែលខ្លួនគិត ហើយវាក៏បានផលពិតមែន។
«ឡេឡានី..» ហេនរីឧទានឡើងកាលបើអ្នកដែលដើរមកជាមួយនឹងគេ កាន់ដៃគេជាប់តែចិត្តគំនិតនាង បេះដូងរបស់នាងក៏ដូចជាមិននៅនឹងខ្លួន ឡេឡានីលូកដៃម្ខាងទប់ទ្រូងរបស់ខ្លួនជាប់ ដំណើរបោះជំហានលឿនមុននោះក៏ប្ដូរមកជាយឺតទៅៗក៏ព្រោះតែនាងស្ដាប់លឺពាក្យតម្អូញគ្រប់យ៉ាងរបស់ហូស៊ុកទាំងអស់ច្បាស់ៗ ចិត្តមួយបង្ខំឲ្យនាងចាកចេញទៅជាមួយគូដណ្ដឹង ខណៈកូនចិត្តមួយទៀតបង្ខំនាងឲ្យត្រឡប់ទៅរកគេនឹងសួរនាំគ្រប់យ៉ាង ទាំងរឿងសុបិន្តចម្លែកដែលនាងតែងតែមាន សំឡេងចម្លែកដែលបន្លឺក្នុងខួរក្បាលនាងជារឿយៗឯណោះ។
«ឡេឡានី..ឆាប់ទៅ»
«អ្វីដែលបងនិយាយវាជាការពិតទេបងហេនរី?» ទីបំផុតការដើរចាកចេញរបស់ពួកគេក៏ត្រូវបានបញ្ឈប់ លឿនជាងការរំពឹងទុករបស់ហេនរីទៅទៀត ឡេឡានីសំឡឹងមើលមកនាយហាក់ទាមទារចម្លើយដែលនាងចង់បាន តែជំនួសឲ្យការឆ្លើយតបហេនរីក៏នៅស្ងៀមមិនឆ្លើយអ្វីែតនាយក៏កាន់ដៃនាងកាន់តែជាប់ណែនដូចជាខ្លាចបាត់នាងទៅ របូតឱកាសដែលគេកំពុងតែមានទៅគ្រានោះ។
«អូន..ឈប់» ហេនរីក៏និយាយឡើងស្របនឹងដំណើរបោះជំហានទៅតាមពីក្រោយនាង ឡេឡានីលើកដៃម្ខាងខ្ទប់មាត់ខ្លួនឯងដែលកំពុងតែយំឯណោះ នាងព្យាយាមរត់ឲ្យកាន់តែលឿនព្រមជាមួយនឹងពាក្យជាច្រើនកប់ក្នុងខួរក្បាល ហើយពាក្យទាំងនោះហើយដែលជាអ្នកជម្រុញឲ្យនាងរត់ត្រឡប់មករកគេវិញ។
(ខួរក្បាលខ្ញុំមិនចងចាំគេ តែបេះដូងខ្ញុំតែងតែឈឺពេលបានចួបគេ..មាត់ខ្ញុំតែងតែបដិសេធការអោបថើបរបស់គេ តែក្នុងចិត្តបែរជាទាមទារចង់ចូលក្រោមការអោបមួយនោះ)
«ហ៊ឹក! ហេតុអីទៅ?!» ឡេឡានីក៏ប្រញាប់រត់ឡើងមកជម្រាលខាងលើដែលនាងបានលឺសំឡេងហូស៊ុកស្រែកស្វែងរកនាងមុននោះ តែឡើងមកដល់នាងក៏មិនបានឃើញគេ គេមិននៅទីនោះទៀតឡើយ នាងបាត់គេទៅហើយ ហេតុអីក៏គេមិននៅចាំនាង?
«ហូស៊ុក ហ្វ្រេដឌើរីកស៍! លោកនៅឯណា?លោកជាអ្នកណា? ហេតុអីក៏មិនឆ្លើយ?» ឡេឡានីស្រែកឡើងមួយអស់សំឡេង នាងស្រែកឡើងទាំងយំ ខណៈហេនរីឡើងមករកនាងនឹងកាន់ស្មានាងជាប់ណែន ហូស៊ុកគេក៏មិនបានទៅណាឆ្ងាយឡើយ គេនៅឈរសំឡឹងមើលនាងពីបន្ទប់កញ្ចក់ខាង គេអាចឃើញហេនរីព្យាយាមទាញនាងយកមកអោបខណៈនាងតូចកំពុងតែយំពេលដែលស្រែកហៅរកខ្លួនឯណេះ ហូស៊ុកបិទភ្នែកបន្តិចរួចងើយក្បាលឡើងព្រោះតែមិនចង់ឃើញនាងយំបែបនេះ មិនចង់ឃើញនាងឈឺចាប់បែបនេះទៀត ជាពិសេសបើដើមហេតុដែលនាំឲ្យនាងឈឺចាប់គឺជាគេ។
«បើអូននៅជាមួយគេមានក្ដីសុខហើយ..បងក៏ព្រមលែងដៃអូន» ហូស៊ុកនិយាយយ៉ាងស្ងប់ ខណៈក្នុងចិត្តគេមិនបានស្ងប់ស្ងាត់ដូចជាសម្ដីគេឡើយ បេះដូងគេសឹងតែធ្លុះធ្លាយទៅហើយដែលឃើញនាងបែបនេះ តែសម្ដីនាងនិយាយមុននេះក៏នាំឲ្យគេរអៀសចិត្ត រអៀសចិត្តខ្លាំងដល់ថ្នាក់ទោះជាចិត្តគេនៅស្រឡាញ់នាងខ្លាំងប៉ុណ្ណា ចង់អោបក្រសោបនាងទុកថ្នាក់ណាក៏គេត្រូវបំភ្លេចចោល។
(ឡេឡានី..ឡេឡានីយើងទៅផ្ទះវិញទៅ! ណា៎ស្ដាប់បង) សំឡេងហេនរីក៏បន្លឺឡើងយ៉ាងច្បាស់ដូចជាគេកំពុងតែព្យាយាមលួងលោមនឹងនាំឡេឡានីចាកចេញទៅ ហូស៊ុកក៏ទាញវាំងននបំណងចង់បិទតែក៏មានអ្វីម៉្យាងធ្វើឲ្យគេឈប់។ ព្រូស!ផូស!
(ឡេឡានី..)
ម្ដងនេះវាជាសំឡេងស្រែករបស់ហេនរីបូកផ្សំនឹងសំឡេងលាន់ផូសដូចជាទង្គិចនឹងអ្វីម៉្យាង ហូស៊ុកក៏បើកកញ្ចក់មើលរួចបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល។
«ឡេឡានី!!!» ហូស៊ុកស្រែកឡើងមួយទំហឹងមុននឹងប្រញាប់បើកទ្វារចាកចេញពីបន្ទប់រួចចុះទៅជាន់ខាងក្រោម ដំណើរបោះជំហានចូលមករបស់ហូស៊ុកបង្ហាញច្បាស់ដល់រាងកាយអ្នកដែលដេកផ្ទាល់លើដី ក្បាលក៏មានឈាមហូរជ្រាបពីការប៉ះទង្គិចពេលដែលនាងរអិលជើងមុននោះ ឡេឡានីបិទភ្នែកស្រាលៗខណៈទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ បបូរមាត់ក៏ហើបពាក្យខ្លះចេញមកដោយមិនបានព្រៀងជាមុន។
(ឡេឡានី..ឡេឡានីមិនត្រូវកើតអីទេ)
«ម្ចាស់ប្រុស ហ៊ឹក»

អានរួចជួយខមិនផង អរគុណច្រើន៕

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now