ភាគ១១

886 55 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១១

ពេលល្ងាចឈានចូលមកដល់
ឡានមួយគ្រឿងផ្សេងខុសពីព្រឹកមិញក៏ចូលមកដល់វិមានហ្វ្រេដ ឌើរីកស៍វាជាឡានផ្ទាល់ខ្លួនដែលហូស៊ុកទុកនៅក្រុមហ៊ុនមិនសូវជាប្រើតែថ្ងៃនេះគេក៏យកវាមកប្រើព្រោះកាលពីព្រឹកគេចាកចេញទៅជាមួយនឹងរ៉េនដានឹងប្រើប្រាស់ឡានរបស់នាង ត្បិតគេមិនចង់ឲ្យនាងប្រើប្រាស់លេសនេះនឹងជូននាងទៅនេះទៅនោះផ្ដេសផ្ដាស។
«សាយណ្ណ័សួស្ដីអ្នកប្រុសធំ» គ្រាន់តែគេចុះពីឡានភ្លាមក៏មានអ្នកបម្រើជាច្រើនចេញមកទទួលគេ ហូស៊ុកក៏ងាកមើលហាក់ដូចជាព្យាយាមរកមើលម្នាក់ក្នុងចំណោមពួកគេទាំងនោះ ម្នាក់ដែលចម្លែកជាងគេ រពឹសជាងគេ តម្លង់ជាងគេក្នុងវិមានមួុយនេះ តែថ្ងៃនេះគេបែរជាមិនបានឃើញនាងចេញមកទទួលគេទៀត។
«អ្នកប្រុសធំមកហើយ..» ម៉ាដាមម៉ែលដែលនៅខាងលើឯណោះក៏ចុះមកទទួលនាយដូចគ្នាដែរ ដោយគាត់ចុះមកព្រមទាំងជួយកាន់កាតាបធ្វើការរបស់គេ ហូស៊ុកក៏ងក់ក្បាលបន្តិចរួចនាំខ្លួនឡើងទៅកាន់ជាន់ខាងលើ។
«លោកប៉ានឹងប្រុសតូចទៅណា?!» តាមទម្លាប់ឲ្យតែមកដល់ហូស៊ុកតែងតែសួរនាំពីអ្នកគ្រប់គ្នាក្នុងវិមានតាមផ្លូវឡើងមកខាងលើឯណោះ។
«លោកម្ចាស់គាត់ចេញទៅឌីននើជាមួយសម្លាញ់ចាស់គាត់ ចំណែកអ្នកប្រុសតូចក៏ចេញទៅបាត់តាំងពីពេលដែលអ្នកប្រុសតូចចេញទៅបាត់ម៉្លេះ..» ម៉ាដាមនិយាយរៀបរាប់តាមដំណើរដើមទងនាំឲ្យហូស៊ុកងក់ក្បាលបន្តិច នាយឡើងមកដល់ខាងលើទាំងក្នុងចិត្តរំពឹងថានឹងបានឃើញអ្នកដែលខ្លួនកំពុងតែរកនោះ តែមកដល់ខាងលើនៅតែមិនឃើញនាងទៀត។
ក្នុងចិត្តហូស៊ុកចាប់ផ្ដើមងឿងឆ្ងល់ភ្លាម ត្បិតថាវាមិនមែនជាទម្លាប់របស់នាងល្អិតឡេឡានីនេះឡើយដែលមិនចេញមកទទួលគេ ព្រោះនាងតែងតែសប្បាយនឹងបានឃើញវត្តមានគេត្រឡប់មកវិញ។
«អ្នកប្រុសធំចង់ពិសារអាហារពេលល្ងាចមុនទេ ចាំម៉ាដាមទៅរៀបចំជូន»
«ឈប់សិនម៉ាដាម..» ម៉ាដាមម៉ែលបម្រុងនឹងចាកចេញទៅហើយនោះក៏ត្រូវឃាត់ឃាំងដោយអ្នកប្រុសរបស់គាត់ឯណេះ ហូស៊ុកក៏ងាកមើលទៅម៉ាដាមព្រមជាមួយនឹងទឹកមុខបង្ហាញនូវកង្វល់ដែលនាំឲ្យម៉ាដាមដឹងភ្លាម។
«នាងល្អិតនោះប្រហែលជាទៅជាមួយអ្នកប្រុសតូចទេដឹង ព្រោះឃើញពីព្រឹកនាងចេញទៅចំការទំពាំងបាយជូរនឹងមានអ្នកប្រុសតូចទៅតាមនាង» ពាក្យម៉ាដាមនិយាយថានាងចេញទៅជាមួយថេយ៉ុងក៏នាំឲ្យនាយកម្លោះស្រាលចិត្តបន្តិច ត្បិតថានាងមិនដែលបាត់ទៅបែបនឹងឡើយ ហើយបើសិនជានាងទៅណាផ្ដេសផ្ដាសនាងក៏ប្រហែលជានឹងត្រូវចាប់ខ្លួនព្រោះនាងប្រៀបដូចជាជនអន្តោប្រវេសន៍នៅទីនេះអ៊ីចឹង ព្រោះនាងជាទំនិញដែលគេទិញខុសច្បាប់។
«បើអ៊ីចឹងល្អហើយ..ខ្ញុំឡើងទៅសម្អាតខ្លួនសិន» ហូស៊ុកក៏នាំខ្លួនឡើងទៅកាន់បន្ទប់គេងរបស់គេដែលនៅជាន់ខាងលើឯណោះ។
មកដល់គេក៏បើកទ្វារចូលហួសទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីផ្លាស់សម្លៀកបំពាក់ចាស់នឹងអាលបានងូតទឹកសម្អាតខ្លួន តែសកម្មភាពគ្រប់យ៉ាងត្រូវបានបញ្ឈប់ កែវភ្នែកក៏នៅតម្រង់ទ្រឹងមួយកន្លែងសំឡឹងមើលទៅឈុតអាវសឺមីគេជាច្រើនដែរព្យួរនៅចម្រឹងទូរថ្លាអាចឲ្យគេមើលឃើញពីភាពខុសប្លែក។
ហូស៊ុកបោះជំហានមួយៗចូលទៅកាន់ទូរមួយនោះរួចទាញកញ្ចក់បើកបង្ហាញឲ្យឃើញអាវសឺមីគេជាច្រើនដែលចងក្រវ៉ាត់កររួចជាស្រេចតាមម៉ូដនឹងពណ៌ដែលសាកសម ឃើញគ្រប់យ៉ាងនៅទីនោះក៏ហាក់រំលឹកដល់នាងល្អិតដែលចូលមកអង្គុយដេរឡេវដៃអាវគេកាលពីព្រឹកឯណោះ នាងក៏ច្បាស់ជាអ្នកដែលរៀបចំអាវទាំងនេះដែរ ព្រោះរឿងចម្លែកៗបែបនេះមានតែនាងប៉ុណ្ណោះដែលអាចធ្វើបាន។
«នាងតែងតែចម្លែកជានិច្ច» ហូស៊ុកក៏ទាញទ្វារទូបិទរួចនាំខ្លួនចេញទៅជាមួយកន្សែងពោះគោមួយនឹងដៃ។
មួយសន្ទុះធំក្រោយពីសម្អាតខ្លួននឹងផ្លាស់ប្ដូរសម្លៀកបំពាក់រួចហូស៊ុកក៏ចូលទៅអង្គុយលើសាឡុងក្បែរគ្រែរួចលូកទាញថេបលេតមកកាន់ គេចុចវាសចូលក្នុងតារាងខ្មៅដែលមានតែគេដែលដឹងពីលេខសម្ងាត់ហើយវាក៏ជាតារាងរៀបរាប់នឹងបង្ហាញពីប្រភេទអាវុធដែលគេធ្លាប់បានផលិតនឹងលក់ចេញផងដែរ មនុស្សសាមញ្ញធម្មតាប្រហែលជាមើលឃើញគេត្រឹមតែCEOរបស់ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះប៉ុណ្ណោះ តែសម្រាប់ពពួកជនទីផ្សារងងឹតសុទ្ធតែដឹងថាគេមិនត្រឹមតែជាទាយាទម៉ាហ្វៀប៉ែកខាងលិចតែក៏ជាអ្នកចេញម៉ូដអាវុធគ្រោះថ្នាក់ៗជាច្រើនផងដែរ។
ហូស៊ុកក៏ចុចវាសថេបលេតនោះនឹងមើលពីកាំភ្លើងខ្លីសម័យថ្មីមួយដែលគេកំពុងតែកែច្នៃហើយវាក៏នឹងក្លាយជាអាវុធដែលមានតម្លៃថ្លៃបំផុតក្នុងឆ្នាំនេះ។
ងឹក!
(អ្នកប្រុសតូច..)
ខណៈគេកំពុងតែប្រមូលផ្ដុំអារម្មណ៍ហៀបនឹងធ្វើការងារក៏មានសំឡេងឡានឈប់ព្រមជាមួយនឹងសំឡេងអ្នកបម្រើពោលឡើងថាជាអ្នកប្រុសតូច បានន័យថាថេយ៉ុងគេមកវិញហើយ ហូស៊ុកក៏ទាញថេបលេតបិទបន្តិចរួចក៏ចេញទៅខាងក្រៅដើម្បីមើលថាក្មួយប្រុសគេនឹងនាងល្អិតនោះទៅណាខ្លះថ្ងៃនេះ?!
«ប្រុសតូច?!» គ្រាន់តែមកដល់ខាងក្រោមភ្លាមហូស៊ុកក៏ឧទានហៅក្មួយប្រុសភ្លាម ក្នុងចិត្តក៏រំពឹងថានឹងបានលឺព្រមទាំងឃើញនាងល្អិតឡេឡានីមកវិញដែរតែគ្រប់យ៉ាងក៏ផ្ទុយខុសពីការគិត ថេយ៉ុងគេមកតែម្នាក់ឯង មិនមាននាងល្អិតនោះមកជាមួយឡើយ ហូស៊ុកក៏ជ្រឹមចិញ្ចើមបន្តិចរួចបោះជំហានចូលទៅរកក្មួយប្រុសបន្តិច។
«លោកពូទិញនាងល្អិតនោះតម្លៃប៉ុន្មានទៅ? ចាំខ្ញុំសងលោកពូវិញ..ភឹប» ថេយ៉ុងនិយាយមិនទាន់ចប់ផងក៏ត្រូវបានលោកពូលូកកាន់ចាប់ស្មាគេទាំងសងខាងជាប់ណែន ក្រសែភ្នែកបែបកាចរបស់គេក៏បញ្ចេញមកជាថ្មី។
«ឯងចង់បានន័យថាយ៉ាងមិច ក្រែងឡេឡានីបាត់ទៅជាមួយឯងហេស៎?» ហូស៊ុកក៏អង្រួនស្មាក្មួយប្រុសតិចៗហាក់ដូចជាអន្ទះសារចង់ដឹងចម្លើយរបស់គេភ្លាមៗតែអ្វីដែលគេទទួលបានមកវិញនោះគឺភាពមិនដឹងអ្វីរបស់ថេយ៉ុង។
«ខ្ញុំជាអ្នកខុសដែលនិយាយខ្លាំងៗដាក់នាង..»
«ឯងបាននិយាយស្អីខ្លះទៅប្រុសតូច? ប្រាប់ពូទៅមើល» ហូស៊ុកក៏នៅឆ្លៀតចោទសួរសំនួរមួយនេះទៀត ក្នុងចិត្តគេកាន់តែអន្ទះអន្ទែងលើសដើមទៀត។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now