ភាគទី៧៧

534 27 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៧៧

«ពេញ..ពេញចិត្តយ៉ាងមិច?!» នាងល្អិតរូម៉ាកាលបើប្រុសម្នាក់នេះមកសារភាពថាពេញចិត្តនាងចំៗបែបនេះ ស្រីតូចក៏ហាក់ធ្វើខ្លួនមិនត្រូវ បូកផ្សំនឹងការថើបមុននេះទៀត ការថើបដែលនាងមិនយល់ទាល់តែសោះ មិនដែលធ្លាប់ឆ្លងកាត់ទាល់តែសោះទើបនាងមានអារម្មណ៍ចម្លែក។
«បងពេញចិត្តម៉ា..លឺទេ? បងនិយាយថាបងពេញចិត្តម៉ា ចង់ឲ្យបងថើបម៉ាបញ្ចាក់ទៀតទេ?»
«ឆ្កួត..» រូម៉ាលូកដៃរុញទ្រូងថេយ៉ុងចេញព្រោះគេកាន់តែធ្វើឲ្យនាងរសាប់រសល់ក្នុងចិត្តខ្លាំងលើសដើមទៀតហើយ គេនឹងនាងមិនដែលធ្លាប់មានការទាក់ទងសុីជម្រៅរឺក៏ធ្លាប់មានអ្វីដែលឈានដល់ការសារភាពបែបនេះឡើយ តែហេតុអីក៏គេសម្រេចចិត្តនិយាយឡើងពេលនេះ?
(ជើងហោះហើរទៅប៉េកាំងត្រៀមនឹងចេញដំណើរហើយ រាល់អ្នកដំណើរសុំត្រៀមខ្លួន)
ខណៈនោះខាងព្រលានយន្តហោះក៏ចាប់ឧទានផ្ដល់ជាដំណឹងដល់អ្នកដំណើរទាំងអស់នាំឲ្យចិត្តរូម៉ាកាន់តែឆ្លេឆ្លាលើសដើម នាងប្ដូរពីចិត្តរសាប់រសល់រឿងថេយ៉ុងថើបនាងមុននេះមកជាភាំងភ្លឹកត្បិតថាបើសិនជាថេយ៉ុងឃើញថាម៉ាក់របស់នាងជាឡេឡានីនាងច្បាស់ជាចប់ជាមិនខាននោះឡើយ ស្រីតូចក៏ប្រញាប់ដើរទៅលើកាតាបនឹងវ៉ាលីរបស់នាងបំណងចង់ចាកចេញ។
(ជើងហោះហើរទៅប៉េកាំង..)
«ខ្ញុំគិតទៅ..»
«ម៉ាទៅជាមួយបងតែម្ដងទៅ ចាំបងរ៉ាប់រងរឿងសំបុត្រឲ្យម៉ាចុះ..»
«តែ..» រកតែរូម៉ាប្រកែកមិនទាន់ថេយ៉ុងក៏លូកកាន់ក្រសោបម្រាមដៃស្រឡូនរបស់នាងឲ្យចាកចេញទៅជាមួយនឹងគេតែម្ដង។

ក្រឡេកមើលទៅឡេឡានីនឹងបុរសចម្លែកដែលព្យាយាមតាមនាងប៉ុន្មានដងទៅហើយនោះ ថ្ងៃនេះពួកគេក៏បានចួបគ្នាម្ដងទៀតហើយលើកនេះគេក៏អូសដៃនាងឲ្យចេញមកទាំងកម្រោលមិនខុសពីលើកមុនឡើយ។
«លោក..លែង..អឹស» មកដល់ខាងក្រៅឡេឡានីក៏ក្រលាស់ដៃពីការចាប់កាន់របស់អ្នកម្ខាងទៀតព្រមជាមួយនឹងទឹកមុខបែបមិនពេញចិត្ត ស្រីតូចងាកភ្នែកសំឡឹងមើលទៅគេចំមុននឹងបែរខ្លួនបំណងចង់ចាកចេញតែហូស៊ុកក៏ឃាត់នាងជាថ្មីទៀត។
«ឈប់សិន! ខ្ញុំមិនមែនមកបង្កបញ្ហាជាមួយនឹងអ្នកនាងទៀតនោះទេ..ខ្ញុំមកនេះគ្រាន់តែចង់សុំទោស សុំទោសដែលធ្វើមិនគប្បីដាក់អ្នកនាង ព្រោះតែខ្ញុំយល់ច្រឡំ..» នាយក៏និយាយទាំងអារម្មណ៍ស្ងប់នឹងស្លូតបូតទៅកាន់នាង បូកផ្សំជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញ សក់ក៏ទម្លាក់ចុះបាំងភ្នែកនាំឲ្យគេមើលទៅមិនគួរឲ្យខ្លាចដូចជាកាលពីថ្ងៃនោះឡើយ ឡេឡានីក៏ប្ដូរចិត្តពីការរត់គេចមកជាឈរប្រឈមមុខជាមួយនឹងគេជាថ្មី។
«បើលោកដឹងខុសនឹងសុំទោស ខ្ញុំក៏មិនថាអីដែរព្រោះមនុស្សយើងតែងតែមានខុសជារឿងធម្មតា តែថាលោកកុំធ្វើបែបនេះដាក់អ្នកផ្សេងអីព្រោះវាធ្វើឲ្យពួកគេមិនស្រណុកចិត្តនោះទេ»
«ហេតុអីក៏អ្នកនាងមិនស្រណុកចិត្ត? មានរឿងអីមែនទេ?» គ្រាន់តែលឺថាឡេឡានីមិនស្រណុកពេលបានចួបខ្លួនភ្លាម ហូស៊ុកក៏ប្រញាប់ចោទសួរឡើងភ្លាមៗទាំងចង់ដឹងត្បិតថានាងអាចនឹងមានការចងចាំខ្លះជាមួយគេ ព្រោះមនុស្សធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា យ៉ាងហោចណាស់ក៏ចងចាំមុខគ្នាខ្លះពេលបានចួបបែបនេះ។
«ព្រោះ..ព្រោះខ្ញុំមានគូដណ្ដឹងហើយ»
«ពូ! ពូតាមខ្ញុំរហូត តិចគូដណ្ដឹងខ្ញុំខឹងទៅ..» មិនដឹងថានាងនិយាយនេះដោយសារតែច្រឡំមាត់រឺក៏មានបំណងទេ តែសព្វនាមថា(ពូ) ដែលនាងប្រើជាមួយគេហាក់នាំឲ្យហូស៊ុកមានអារម្មណ៍ល្អនឹងចង់ញ៉ោះនាងបន្ថែមទៀត។
«ដរាបណានាងមិនទាន់ចូលរោងការ ពូនៅតែមានឱកាស» ហូស៊ុកក៏ព្យាយាមខិតចូលជិតនាងនាំឲ្យឡេឡានីកាន់តែមីងមាំងពិបាកនឹងធ្វើខ្លួនឲ្យសម ស្រីតូចងាកឆ្វេងងាកស្ដាំរួចទាញយកកាបូបខ្លួនកំពុងស្ពាយមកបាំងផ្ទៃមុខខ្លួនឯងខណៈហូស៊ុកខិតមកកាន់តែកៀកនាំឲ្យបបូរមាត់នាយប៉ះនឹងកាបូបនាងលាន់ខ្សឺត។
«បើមានក៏ខ្ញុំមិនយកពូដែរ..» ឡេឡានីអើតក្បាលចេញបន្តិចរួចពោលពាក្យគួរឲ្យស្រឡាញ់បន្តទៀត ហូស៊ុកលួចញ៉ោចស្នាមញញឹមរួចពោលពាក្យខ្លះមិនឲ្យនាងដឹង។
«យកបាន២ដងហើយគ្រាន់តែអូនភ្លេច..»
«ពូនិយាយអីតែឯងនឹង?» ឡេឡានីប្រញាប់ឆ្លើយតបទៅការនិយាយត្អូញត្អែររបស់អ្នកម្ខាងទៀតឯណោះភ្លាម ទាំងដែលនាងបានដឹងហើយថាគេនឹងមិនមានចម្លើយឲ្យនាងនោះឡើយ។
«គ្មានអីទេ..គ្រាន់តែខ្ញុំនិយាយថាពួកយើងចួបគ្នាបាន២ដងហើយ និយាយអ៊ីចឹងអ្នកនាងមកទីនេះមានការអីរឺ?» កាត់ពីការចែចង់ញ៉ែញ៉ងគ្នា ហូស៊ុកក៏ប្ដូរមកសួរបំណងដែលនាងមកទីនេះវិញទាំងដែលគេបានដឹងច្បាស់ទៅហើយថានាងមកទីនេះព្រោះតែមូលហេតុអី ( សួរយកគួរ)។
«អើយ! នេះខ្ញុំវិះតែភ្លេចទៅហើយ កូនស្រីខ្ញុំ» ឡេឡានីក៏ប្រញាប់ប្រញាល់ទាញយកទូរសព្ទ័ឡើងបំណងចង់ចុចខលរកកូនស្រី តែនាងក៏បានឃើញសារជាអក្សរមួយផ្ញើមកកាត់បំណងគេទៅវិញ សារជាអក្សរសរសេរប្រាប់ថាមិនបាច់ឲ្យនាងទៅទេ ព្រោះកូនស្រីនាងបានឡើងយន្តហោះទៅជាមួយមិត្តបាត់ទៅហើយ។
«ទៅជាមួយមិត្តហ្អេស៎?» ឡេឡានីលាន់មាត់ឡើងទាំងចងចិញ្ចើមបន្តិចបែបមិនសប្បាយចិត្ត ខុសពីអ្នកដែលនៅជិតឯណោះកាលបើបានលឺថារូម៉ាទៅជាមួយនឹងមិត្ត ស្នាមញញឹមគេក៏ញ៉ោចឡើងភ្លាម។
(អាល្អិតថេយ៍នេះមិនធម្មតាពិតមែន)
«អ្នកនាងនៅមិនទាន់ឆ្លើយជាមួយខ្ញុំនៅឡើយទេ» ហូស៊ុកក៏ឧទានសំនួរដដែលឡើងព្យាយាមទាញអារម្មណ៍អ្នកដែលកំពុងតែឈរភ្លឹកឯណោះឲ្យមើលមកគេ ឡេឡានីក៏ឆ្លើយតបសារនោះបន្តិចមុននឹងដាក់ទូរសព្ទ័ចុះក្នុងកាបូបវិញ។
«ខ្ញុំមកជូនកូនស្រីខ្ញុំឡើងយន្តហោះ តែពេលនេះក៏ដល់ពេលទៅវិញហើយ បើលោកគ្មានការអីសំខាន់ទេ ខ្ញុំសុំទៅមុនហើយ» ឡេឡានីព្យាយាមបញ្ចប់ការសន្ទនាជាមួយនឹងនាយដោយសន្តិវិធីបំផុតព្រោះនាងមិនចង់ឲ្យគេមើលមកថានាងអាក្រក់ដាក់គេដូចជាការចួបគ្នានាលើកទីមួយឯណោះ ស្រីតូចបែរខ្លួនបំណងចង់ចាកចេញតែក៏បែរជាត្រូវដៃមាំទាំចាប់ដៃនាងជាប់ណែនឃាត់ឃាំងនាងមិនឲ្យចាកចេញទៅម្ដងទៀត។
«ជ្រុលជាបានចួបគ្នាទៅហើយ អ្នកនាងអាចកំដរនៅជាគ្នាជាមួយខ្ញុំបានទេ? គាប់ជួនក្មួយប្រុសខ្ញុំទើបតែឡើងយន្តហោះទៅអម្បាញ់មិញ ម៉្យាងខ្ញុំក៏មិនសូវចេះនៅតែម្នាក់ឯងដែរ..» ហូស៊ុកក៏លើកសំណើរនេះឡើងទាំងក្នុងចិត្តរំពឹងថានាងនឹងយល់ព្រមជាមួយគេ ឡេឡាីក៏ងាកមើលមុខនាយបន្តិចរួចគ្រហឹមស្រាលបន្តិចដូចជាកាត់ផ្ដាច់សង្ឃឹមគេទាំងស្រុងអ៊ីចឹង។


ម៉ោង២រសៀលនៅឯសួនកំសាន្តមួយកន្លែង..
ដំណើរទន់ភ្លន់របស់នាងតូចក្នុងឈុតសមសួនមានរិទ្ធិមានកិត្តិយសតែក៏មិនសូវជាសាកសមជាមួយនឹងអាយុត្បិតនាងក៏នៅក្មេងដែរ..
គ្រប់យ៉ាងវាជាការគិតក្នុងខួរក្បាលរបស់ម្ចាស់កាយមាំដែលដើរតាមពីក្រោយនាយដោយដៃកាន់សំបុត្រចូលទស្សនាសួនកំសាន្តមិនខុសពីនាងប៉ុន្មានដែរ ឡេឡានីក៏ងាកមើលឆ្វេងស្ដាំរួចជ្រឹមចិញ្ចើមបន្តិចមុននឹងងាកមើលទៅអ្នកដែលតាមពីក្រោយនាងឯណោះ។
«អេ..តាមខ្ញុំចាំខ្ញុំទិញសំបុត្រចូលសួនកំសាន្តមានមនុស្សច្រើនណាស់ ហេតុអីក៏ស្ងាត់នឹងមានតែពូនឹង-» នាងលើកដៃចង្អុលទៅហូស៊ុក នាយដែលនាងបានឃើញម្ដងជាពីរដង មិនដឹងថាជាភាពចៃដន្យរឺបំណងឡើយ នាយក៏ចូលមករកនាងរួចអោនសំឡឹងមើលមុខនាងចំៗទាំងស្នាមញញឹមខិល។
«ជានិស្ស័យទេដឹង? ប្រហែលជាទេវតាកំណត់ឲ្យពួកយើងចួបគ្នាពិេសសៗឲ្យបានច្រើនទេដឹង?» ហូស៊ុកនិយាយរួចងាកមើលទៅអ្នកដែលនៅឈរមាត់ខ្លោងទ្វារចូលឯណោះ អ្នកដែលបានទិញសំបុត្រជាមួយនាងមុននោះគឺទទួលបានការសងប្រាក់វិញ ព្រោះមួយសួននេះត្រូវបានកក់ផ្ដាច់ក្រោមឈ្មោះរបស់កម្លោះត្រកូលហ្វ្រេដឌើរីកស៍នេះហើយ។
«អ៊ីចឹងខ្ញុំមិន-»
«ទៅដើរលេងទៅ ជ្រុលជាមកទៅហើយ» ឡេឡានីក៏មិនអាចនិយាយបដិសេធបានព្រោះតែនាយលូកក្រសោបដៃនាងរួចអូសនាងទាំងកម្រោលតែម្ដង ហូស៊ុកក៏បង្ហាញភាពសាមញ្ញនឹងមិនធ្លាប់ធ្វើពីមុនមកជាមួយនាង..

មានតែពេលដែលគេនៅជាមួយនឹងនាងទើបគេអាចធ្វើអ្វីបានក្នុងនាមជា ហូស៊ុក ហ្វ្រេដឌើរីកស៍ បុរសសាមញ្ញធម្មតា មិនមែនជាហ្វ្រេដឌើរីកស៍ដែលគ្រប់គ្នាខ្លាចរអាក្នុងនាមជាម៉ាហ្វៀឡើយ៕

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now