“ ហាមចិត្តទន់ ”
ត្របកភ្នែកក្រាស់បើកឡើងបន្តិចម្តងៗរហូតឃើញច្បាស់ដំបូលផ្ទះស័ង្កសី ទើបគេរហ័សក្រោកអង្គុយទាំងភ្ញាក់ផ្អើល ព្រោះយប់មិញគេចាំបានថាគេនៅខាងក្រៅផ្ទះទេ ហេតុអ្វីពេលនេះគេមកគេងនៅក្នុងផ្ទះវិញ?។ ឡូវែល ចោលភ្នែកមើលបរិវេណក្នុងផ្ទះទើបដឹងថាទីនេះមិនមែនជាផ្ទះប្តីប្រពន្ធអ្នកនេសាទដែល ដេរ៍ស៊ី ស្នាក់នៅទេ តើគេនៅឯណាឲ្យប្រាកដទៅ? ។
ក្រាក!
« ដឹងខ្លួនហើយមែនទេ? » អ្នកមីងប្រពន្ធអ្នកនេសាទលើកចានបបរចូលមកដោយទឹកស្រស់ស្រាយសប្បាយចិត្តពេលឃើញអ្នកដែលសន្លប់ព្រោះគ្រុនពេញមួយយប់ស្រាប់តែដឹងខ្លួនឡើងវិញ។
« អ្នកមីង...ហើយទីនេះជាកន្លែងណា? ខ្ញុំមកទីនេះបានយ៉ាងម៉េច? » ឡូវែល សួរទៅកាន់ប្រពន្ធអ្នកនេសាទដែលយកចានបបរមកដាក់លើតុក្បែរគ្រែ ទាំងទឹកមុខងឿងឆ្ងល់ចង់ដឹងគ្រប់យ៉ាងដែលកើតឡើងចំពោះគេកាលពីយប់មិញក្រោយពេលគេសន្លប់បាត់ស្មារតីហើយ។
« គឺពេលដែលប្តីរបស់ខ្ញុំទៅមើលផ្ទះក្រោយភ្លៀងរាំងក៏បានឃើញលោកគេងសន្លប់នៅលើដីមុខផ្ទះ ទើបគាត់គ្រាលោកមកផ្ទះសាច់ញាតិរបស់ខ្ញុំនៅទីនេះ »
« អរគុណអ្នកមីងនិងលោកពូខ្លាំងណាស់ដែលបានជួយជីវិតរបស់ខ្ញុំម្តងទៀត » ឡូវែល អរគុណអ្នកមីងដោយស្នាមញញឹមហើយក៏ឱនមុខចុះសោកសៅបន្តិច ព្រោះគេគិតថានាងនឹងចេញមកជួយគេ ប៉ុន្តែមិននឹកស្មានថានាងមិនខ្វល់ពីការស្លាប់រស់របស់គេបែបនេះសោះ នាងពិតជាចិត្តដាច់ចំពោះគេខ្លាំងណាស់។
« ក្មួយទាំងពីរនៅតែខ្វែងគំនិតគ្នាទៀតមែនទេ? »
« បាទ » ឡូវែល ឆ្លើយទាំងទឹកមុខសោកសៅទើបធ្វើឲ្យប្រពន្ធអ្នកនេសាទដកដង្ហើមធំ ព្រោះមិនដឹងថាជួយគេយ៉ាងណាទេ។
« ប៉ុន្មានថ្ងៃនេះអ្នកកំលោះអាចស្នាក់នៅទីនេះបាន បើមិនចង់ត្រឡប់ទៅស្នាក់នៅជាមួយនាងវិញ ព្រោះមីងនិងប្តីក៏ត្រូវស្នាក់នៅផ្ទះនេះប៉ុន្មានថ្ងៃទៀតដែរដោយសារតែសាច់ញាតិរបស់មីងផ្ញើរដំណឹងតាមគេមកថាពួកគេនឹងស្នាក់នៅដីគោកប៉ុន្មានថ្ងៃទៀត » ប្រពន្ធអ្នកនេសាទនិយាយចប់ហើយ ក៏ក្រោកឈរឡើងប្រុងចេញទៅខាងក្រៅវិញ តែក៏ត្រូវ ឡូវែល ហៅឈប់។
« ឈប់សិនអ្នកមីង ក្រែងអ្នកមីងប្រាប់ថានឹងជូនពួកខ្ញុំឡើងគោកនៅថ្ងៃនេះមែនទេ? » ឡូវែល សួរប្រពន្ធអ្នកនេសាទដោយទឹកមុខខកបំណងព្រោះអ្នកមីងបានប្រាប់គេកាលពីម្សិលមិញថានឹងជូនគេត្រឡប់ទៅត្រើយម្ខាងទៀតវិញនៅថ្ងៃនេះ ប៉ុន្តែមកដល់ពេលនេះអ្នកមីងបែរជាប្រាប់ថាគេត្រូវស្នាក់នៅទីនេះប៉ុន្មានថ្ងៃទៀតទៅវិញ។
« ឲ្យមីងសុំទោសក្មួយផងដែលមិនអាចជូនក្មួយត្រឡប់ទៅវិញបាន ព្រោះទូករបស់មីងត្រូវរលកបោកទៅបាត់កាលពីយប់មិញហើយ ពេលនេះប្តីអ្នកមីងកំពុងតែឲ្យទូកអ្នកភូមិជួយរក »
« ទូកត្រូវរលកបោកទៅបាត់ហើយមែនទេ? អ្នកមីងច្បាស់ជាពិបាកចិត្តណាស់ហើយ ខ្ញុំសុំទោសផង »
« មិនមែនកំហុសក្មួយទេ ចាំពេលដែលមីងបានទូកមកវិញហើយ ចាំមីងជូនក្មួយឡើងទៅដីគោកវិញ »
« បាទ អរគុណអ្នកមីងណាស់ » ឡូវែល បន្ទន់ខ្លួនគោរពអរគុណដល់ប្រពន្ធអ្នកនេសាទដែលដើរចេញទៅ ហើយក៏ត្រឡប់មកទម្លាប់ខ្លួនអង្គុយលើគ្រែគេងវិញ។
« តើ ដេរ៍ស៊ី យ៉ាងម៉េចហើយ? នាងចង់ត្រឡប់ទៅវិញឲ្យបានឆាប់ ពេលនេះនាងច្បាស់ជាខកចិត្តខ្លាំងណាស់ ខ្ញុំគួរតែទៅមើលនាង » ឡូវែល គិតហើយក៏ក្រោកឈរឡើងពេញកម្ពស់ខ្ពស់សង្ហារបស់គេដើរទៅយកអាវដៃវែងដែលអ្នកមីងប្រពន្ធអ្នកនេសាទបានបត់ទុកឲ្យគេជាស្រេចនៅលើកៅអីមកពាក់ពីលើអាវដៃខ្លីហើយក៏រហ័សចេញពីផ្ទះទៅ។
BINABASA MO ANG
បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១
Romanceដំបូងគេជាសុភាពបុរសជិះសេះសបន្ទាប់មកគេក៏ប្រែក្លាយជាស្តេចបិសាចដ៏កាចសាហាវបំផុតសម្រាប់នាង គេដោះរបាំងមុខសុភាពបុរសរបស់គេចេញនៅពេលទទួលបានគ្រប់យ៉ាងតាមចិត្តប៉ងប្រាថ្នារបស់គេហើយ...ទង្វើល្អៗនិងក្តីស្រលាញ់ដែលគេធ្លាប់និយាយកន្លងមកសុទ្ធតែក្លែងក្លាយ។ ដេរ៍ស៊ី ហាលី នាង...