ភាគ៤៥

235 7 0
                                    

  “ សម្រេចចិត្តត្រឡប់មកកូរ៉េ ”

  ដេរ៍ស៊ី អង្គុយកាត់ទងផ្កានៅក្នុងហាងដើម្បីត្រៀមរៀបចំទុកឲ្យភ្ញៀវដែលបានកក់ទុក ដោយសារតែជាម៉ោងអាហារថ្ងៃត្រង់ ទើបក្នុងហាងមានតែនាងម្នាក់ដែលនៅប្រចាំការ ចំណែកបុគ្គលិកក៏ចេញទៅញុំអាហារថ្ងៃត្រង់អស់។
  ក្រាក!
  « សូមស្វាគមន៍! » ដេរ៍ស៊ី រហ័សក្រោកឈរញញឹមរាក់ទាក់ដាក់ភ្ញៀវដែលចូលមក។
  « អ្នកនាងគឺជាអ្នកនាង ដេរ៍ស៊ី មែនទេ? »
  « ចាសគឺខ្ញុំ »
  « មានសំបុត្រមកពីក្រុមហ៊ុនលោកប៉ារបស់នាងនៅកូរ៉េផ្ញើរមកឲ្យអ្នកនាង » គេហុចសំបុត្រឲ្យនាងហើយក៏ចេញទៅវិញ ដោយមិននិយាយអ្វីផ្សេងទៀតឡើយ ទើប ដេរ៍ស៊ី មានអារម្មណ៍ចម្លែកបន្តិច។
   ដេរ៍ស៊ី ត្រឡប់មកអង្គុយនៅតុក្នុងហាងវិញហើយបើកសំបុត្រដែលផ្ញើរមកពីក្រុមហ៊ុនមើល។
   « ក្រុមហ៊ុនលោកប៉ាមានបញ្ហាទៀតហើយ? » ដេរ៍ស៊ី មើលសំបុត្រស្នើសុំពីក្រុមហ៊ុនសូមឲ្យនាងត្រឡប់ទៅគ្រប់គ្រងក្រុមហ៊ុនវិញហើយក៏ចាប់ផ្តើមព្រួយចិត្តជាខ្លាំង។ នាងមិនចង់បោះបង់ហាងផ្កាទេ ហើយម្យ៉ាងទៀតនាងខ្លាចថាខ្លួនឯងធ្វើការងារធំបែបនោះមិនបាន ទើបនាងមិនដឹងទេថាគួរទៅតាមសំណើរនេះឬអត់។
   « ពួកយើងត្រឡប់មកវិញហើយ? » សំឡេងគ្រលរពេញដោយភាពសប្បាយរីករាយបន្លឺមកពីចម្ងាយ ទើប ដេរ៍ស៊ី រហ័សក្រោកទៅចាំទទួល រ៉ូណាន់និងកូនស្រីដែលទើបចេញពីសាលារៀន។
   « អ្នកម៉ាក់ » ក្មេងស្រីតូចល្អិតគួរឲ្យស្រលាញ់រត់ចូលមកឱបអ្នកម៉ាក់ដែលអង្គុយលាដៃចាំកូនស្រីជាស្រេច។
   « ដេលលី ហត់ដែរទេហា៎? » ដេរ៍ស៊ី វែកសរសៃសក់ដែលធ្លាក់មកលើមុខកូនស្រីចេញ រួចសួរកូនស្រីដោយស្នាមញញឹម។
   « ដេលលី អត់ហត់ទេ តែ ដេលលី ឃ្លាន» នាងតូចដាក់ដៃអង្អែលពោះធ្វើមុខឃ្លានដាក់អ្នកម៉ាក់។
   « អញ្ចឹងចាំម៉ាក់ទៅលើកអាហារថ្ងៃត្រង់មកឲ្យកូនណា » ដេរ៍ស៊ី លើកកូនស្រីឲ្យអង្គុយនៅលើកៅអីហើយទើបងាកមកសួរនាយកំលោះដែលឈរនៅខាងក្រោយវិញ។
   « រ៉ូណាន់ លោកចង់ញុំអ្វីដែរទេ? »
   « ដេលលី ញុំអ្វី ខ្ញុំក៏ញុំនឹងដែរ » រ៉ូណាន់ មិនរើសច្រើនហើយក៏ចូលទៅអង្គុយទល់មុខ ដេលលី រងចាំ ដេរ៍ស៊ី លើកអាហារថ្ងៃត្រង់មក ប៉ុន្តែក៏បានឃើញសំបុត្រដែលនៅលើតុទើបគេបើកមើលហើយឃើញថាជាសំបុត្រដែលក្រុមហ៊ុន ដេលប៊ឺត ស្នើរសុំឲ្យ ដេរ៍ស៊ី ត្រឡប់ទៅគ្រប់គ្រងក្រុមហ៊ុននៅកូរ៉េវិញ។
   « អាហារមកដល់ហើយ » ដេរ៍ស៊ី ដាក់ចានអាហារនៅលើតុដោយស្នាមញញឹម ប៉ុន្តែពេលក្រឡេកឃើញសំបុត្រនៅនឹងដៃរបស់ រ៉ូណាន់ នាងក៏មិនសប្បាយចិត្តភ្លាម។
   « តើនាងទៅដែរទេ? » រ៉ូណាន់ សួរនាងដោយមិនសប្បាយចិត្តដូចគ្នា ព្រោះបើនាងទៅហាងផ្កាគ្រប់កន្លែងប្រហែលគេត្រូវលក់ឲ្យអ្នកផ្សេងហើយ ព្រោះហាងទាំងអស់ជាក្តីស្រម៉ៃរបស់នាង តែបើនាងលែងត្រូវការហើយគេក៏មិនត្រូវការដែរ។
   « លោកគិតថាខ្ញុំគួរទៅឬអត់? » នាងទម្លាក់ខ្លួនអង្គុយចុះទាំងតឹងទ្រូងហើយសួរយោបល់ពីគេវិញ។
   « នាងគួរតែសម្រេចចិត្តដោយខ្លួនឯង ដេរ៍ស៊ី »
   « បើខ្ញុំមិនទៅ ក្រុមហ៊ុនដែលសាងមកដោយកម្លាំងញើសឈាមរបស់លោកប៉ាក៏ត្រូវបញ្ចប់ត្រឹមនេះហើយ ប៉ុន្តែបើខ្ញុំទៅហើយនៅតែជួយក្រុមហ៊ុនមិនបានទៀត តើធ្វើយ៉ាងម៉េច? »
   « បើនាងខំប្រឹងអស់ពីសមត្ថភាពហើយនៅតែជួយក្រុមហ៊ុនមិនបានទៀត នាងក៏អស់ចិត្តនិងព្រមទទួលយកវា តែបើទុកឲ្យក្រុមហ៊ុនត្រូវដួលរលំទាំងមិនបានធ្វើអ្វីសោះ ទើបធ្វើឲ្យនាងមានអារម្មណ៍សោកស្តាយពិតប្រាកដ »
   « ចឹងខ្ញុំត្រូវទៅតាមសំណើរនេះមែនទេ? ហើយចុះហាងផ្កានៅទីនេះវិញ? លោកមើលថែម្នាក់ឯងបានទេ? »
   « បើនាងសុំឲ្យខ្ញុំជួយមើលថែទៅហើយ ទោះមិនរួចក៏ត្រូវតែរួចដែរ »
   « ចុះបើខ្ញុំមិនសុំឲ្យជួយមើលថែវិញ លោកគិតធ្វើយ៉ាងម៉េចចំពោះហាងផ្កាទាំងអស់របស់ពួកយើង? »
   « ខ្ញុំនឹងលក់វាចោលទាំងអស់ ហើយទៅកូរ៉េជាមួយនាងដែរ »
   « រ៉ូណាន់ លោកហ៊ានលក់ហាងផ្ការបស់ខ្ញុំសាកមើល ខ្ញុំនឹងកាត់លោកជាកង់ៗមិនខាន » ដេរ៍ស៊ី ចង្អុលមុខសង្ហាគំរាមកាត់គេដូចសាច់ពេលលឺថាគេមានគម្រោងលក់ហាងផ្ការបស់នាង។
   « ដេលលី ជួយពូផង អ្នកម៉ាក់ក្មួយចង់សម្លាប់ពូហើយ » រ៉ូណាន់ ទៅរំអួយឲ្យក្មេងជួយ។
   « អ្នកម៉ាក់ត្រូវការកាំបិតឥឡូវនេះទេ ដេលលី ទៅយកឲ្យ » ដេលលី មិនជួយគេហើយនៅចង់ទៅយកកាំបិតឲ្យអ្នកម៉ាក់ថែមទៀត។
   « ដេលលី ជើងល្អណាស់ឯង » រ៉ូណាន់ ក្នាញ់នឹងក្មួយស្រីជើងល្អរបស់គេជាខ្លាំង ចំណែក ដេរ៍ស៊ី បានត្រឹមអង្គុយសើចកូនស្រីនិងរ៉ូណាន់ ឈ្លោះគ្នា ព្រោះនាងទម្រាំនឹងចរិកមិនត្រូវគ្នារបស់ ដេលលីនិងរ៉ូណាន់ នេះស្រាប់ទៅហើយ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Wo Geschichten leben. Entdecke jetzt