ភាគ៣៦

135 5 1
                                    

" ខ្លាចបាត់បង់នាង "

មន្ទីរពេទ្យ
កងរទេះសង្គ្រោះវិលទៅមុខញាប់ សំដៅទៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានរាងក្រាស់ពីរនាក់រត់តាមរទេះសង្គ្រោះមិនឈប់។
« បេះដូងអ្នកជំងឺឈប់លោតហើយ » គ្រូពេទ្យដែលរុញរទេះស្រែកស្លន់ស្លោឡើងហើយក៏ទាញរទេះទៅឈប់កន្លែងសង្គ្រោះបឋមសិន។
ឡូវែលនិងរ៉ូណាន់ ត្រូវក្រុមគ្រូពេទ្យរុញចេញពីក្បែរគ្រែសង្គ្រោះឲ្យពួកគេទៅឈរចាំនៅម្ចាងទើបមិនទើសដៃទើសជើង។
« ដេរ៍ស៊ី! នាងកុំកើតអ្វីណា? » រ៉ូណាន់ ក្រសោបដៃទាំងបែកញើសសស្រាក់ បានត្រឹមឈរមើលគ្រូពេទ្យជួយធ្វើចលនាបេះដូងឲ្យនាងទាំងកែវភ្នែកព្រួយបារម្ភ។
« ត្រៀមឆក់! » លោកដុកទ័រប្រើឧបករណ៍ឆក់ម្តងហើយម្តងទៀត តែបេះដូងរបស់នាងនៅតែគ្មានសញ្ញាត្រឡប់មកវិញ ទើបធ្វើឲ្យអ្នកដែលឈរមើលឃើញហើយស្ទើរតែប្រេះទ្រូងចេញពីគ្នា។ តើនាងគិតទៅចោលគេទាំងបែបនេះមែនទេ?។
« ឆាប់ជៀសចេញ! » ឡូវែល ស្ទុះចូលទៅរកគ្រែដែលមានរាងស្តើងគេសន្លប់ស្តូកស្តឹងជាមួយឈាមហូរជោកពេញខ្លួន ដោយមិនខ្វល់ពីការហាមឃាត់របស់គ្រូពេទ្យឡើយ។
« លោកចង់ធ្វើអ្វី? » គ្រូពេទ្យព្យាយាមហាមឃាត់គេ ហើយ រ៉ូណាន់ ក៏មកជួយចាប់គេមិនឲ្យចូលទៅរំខានការសង្គ្រោះរបស់គ្រូពេទ្យដែរ។
« បងចង់ធ្វើអ្វី? បងឆ្កួតហើយមែនទេ? » រ៉ូណាន់ មកឱបបងប្រុសពីក្រោយទាញគេមិនឲ្យចូលទៅរំខានការសង្គ្រោះរបស់គ្រូពេទ្យ តែគេមិនស្តាប់អ្នកណាសោះ ។
« ចេញឲ្យឆ្ងាយពីយើងទៅ! នាង...នាងមិនអាចស្លាប់ទេ ខ្ញុំមិនអនុញ្ញាតឲ្យនាងស្លាប់ឡើយ ដេរ៍ស៊ី » ឡូវែល រុញប្អូនប្រុសនិងគ្រូពេទ្យដែលចូលមកហាមឃាត់គេឲ្យដួលទៅម្ខាងហើយគេក៏ស្ទុះចូលទៅ ដេរ៍ស៊ី ដែលមិនដឹងស្លាប់រស់នៅលើគ្រែសង្គ្រោះ។
« ឆាប់ឲ្យមកនេះ » គេទាញយកឧបករណ៍ឆក់ចង្វាក់បេះដូងពីដៃគ្រូពេទ្យមកហើយធ្វើការឆក់បេះដូងរបស់នាងដោយខ្លួនឯង។
« ឆាប់ដឹងខ្លួនមក...ដេរ៍ស៊ី! នាងចង់ស្លាប់ទាំងបែបនេះខ្ញុំមិនព្រមទេ ឆាប់ភ្ញាក់មក » គេស្រែកបញ្ជានាងធ្វើដូចជាខ្លួនឯងជាយមរាជដែលអាចកំណត់ស្លាប់រស់បាន គេស្រែកផងឆក់បេះដូងរបស់នាងដោយផ្ទាល់ដៃផង សភាពរបស់គេនៅពេលនេះមិនខុសពីមនុស្សបាត់បង់សតិទេ ។ គេប្រើឧបកណ៍ឆក់ចង្វាក់បេះដូងមិនបានផល ទើបប្រើដៃសង្កត់ដើមទ្រូងធ្វើចលនាបេះដូងឲ្យនាងម្តង ទាំងគ្រូពេទ្យព្យាយាមអូសគេចុះព្រោះបេះដូងរបស់អ្នកជំងឺគ្មានសង្ឃឹមថានឹងលោតម្តងទៀតទេ ។
« លោកឈប់បានហើយ អ្នកជំងឺស្លាប់ហើយ » គ្រូពេទ្យមិនដឹងហាមគេយ៉ាងណាទើបប្រាប់ការពិតឲ្យគេព្រមទទួលយកហើយព្រមចុះចេញមកដោយខ្លួន។
« នាងមិនស្លាប់ទេ នាងមិនអាចស្លាប់ទេ » ឡូវែល នៅតែមិនព្រមចេញពីនាង ដៃមាំទាំងគូគិតតែពីសង្កត់ទ្រូងនាងទោះជាគ្មានសង្ឃឹមថាបេះដូងរបស់នាងនឹងលោតម្តងទៀតក៏ដោយ តែគេនៅបន្តធ្វើព្រោះគេមិនអាចទទួលយកការពិតថានាងស្លាប់នោះទេ ហេតុអ្វីក៏នាងស្លាប់? ព្រឹកមិញនាងនៅតមាត់ជាមួយគេនៅឡើយ គេទទួលយករឿងនេះភ្លាមៗមិនបានទេ គេមិនចង់ឲ្យនាងស្លាប់ តាមធម្មតានាងខ្លាចគេណាស់ តែលើកនេះហេតុអ្វីគេស្រែកគំហកដាក់នាងយ៉ាងណាក៏នាងមិនក្រោកមកបែបនេះ ឬនាងលែងខ្លាចគេហើយ?។
« ដេរ៍ស៊ី! ខ្ញុំប្រាប់ឲ្យនាងក្រោកមក នាងស្តាប់មិនលឺទេឬ? » គេស្រែកគំហកដាក់នាងខ្លាំងៗទាំងទឹកភ្នែកស្រក់ចុះមកព្រមជាមួយដំណក់ញើស គេខំប្រឹងធ្វើចលនាបេះដូងឲ្យនាងឡើងបែកញើសជោកខ្នងតែបេះដូងរបស់នាងនៅតែគ្មានសញ្ញាថាត្រឡប់មកលោតវិញម្តងទៀត តើនាងពិតជាស្លាប់ហើយមែនទេ? តើនាងពិតជាដាច់ចិត្តទៅចោលគេហើយ? ឬនាងលែងស្រលាញ់គេ លែងចង់នៅក្បែរគេទៀតហើយ?។
« ឡូវែល ដោះលែងនាងទៅ » រ៉ូណាន់ ចូលមកទាញដៃបងប្រុសឲ្យចេញពីនាងទាំងបេះដូងឈឺចាប់មិនចាញ់បងប្រុសប៉ុន្មាន ប៉ុន្តែធ្វើម្តេចទៅ គេមិនមែនយមរាជមិនអាចហាមឃាត់ការស្លាប់បានទេ ទើបមានតែត្រូវបង្ខំចិត្តព្រមទទួលយកការពិតមួយនេះ ទោះបីជាពិបាកទទួលយកក៏ដោយ។
« លែង! » ឡូវែល រលាស់ដៃប្អូនប្រុសចេញទាំងកំហឹងនិងភាពឈឺចាប់ ហេតុអ្វីគេត្រូវដោះលែងនាង? បើការដោះលែងនាងមានន័យថានាងត្រូវស្លាប់បែបនេះ គេមិនដោះលែងនាងជាដាច់ខាត។ ឡូវែល ងាកទៅសម្លឹងមុខនាងម្តងទៀតទាំងបេះដូងឈឺចាប់ដូចជាគេយកកាំបិតមកចាក់ទម្លុះរាប់លានកាំបិត គ្រប់ពេលសម្លឹងឃើញមុខរបស់នាង គេចង់តែស្រែកទ្រហោយំឲ្យខ្លាំងៗចេញមកទេ គេចង់សួរថាហេតុអ្វី? ហេតុអ្វីបានជានាងត្រូវស្លាប់? បើពេលនេះអាចមានវិធីធ្វើឲ្យនាងរស់ឡើងវិញបាននោះ ទោះបីជាត្រូវលះបង់ជីវិតរបស់គេក៏គេព្រម គេព្រមលះបង់គ្រប់យ៉ាងឲ្យតែនាងអាចរស់ឡើងវិញបាន តើមានអ្នកណាអាចជួយនាងបានទេ? សូមអង្វរជួយនាងផងទៅ គេមិនចង់បាត់បង់នាងទៅទាំងបែបនេះទេ។ ឡូវែល ឈានជើងដើរចេញទាំងអស់សង្ឃឹម គេលើកជើងឈានទៅមុខមិនចង់រួច អារម្មណ៍របស់គេនៅពេលនេះពិបាកជាងស្លាប់ទៅទៀត យល់ល្អឲ្យគេស្លាប់ទៅ ល្អជាងរស់នៅដោយអារម្មណ៍ឈឺចាប់បែបនេះ។
តឺត! តឺត!
សំឡេងចេញពីឧបករណ៍វាស់ចង្វាក់បេះដូងអ្នកជំងឺធ្វើឲ្យគ្រូពេទ្យរហ័សចូលទៅពិនិត្យមើលអ្នកជំងឺដែលគិតថាស្លាប់ហើយម្តងទៀត។
« បេះដូងអ្នកជំងឺត្រឡប់មកប្រក្រតីវិញហើយ ឆាប់ត្រៀមការវះកាត់ទៅ »
ឡូវែល ងាកក្រោយវិញដោយក្តីសង្ឃឹមថាជាថ្មី គេហាក់មានកម្លាំងពេញខ្លួនវិញភ្លាមពេលឃើញនាងកំពុងតែបើកភ្នែកព្រឹមៗឡើងមក។
« ដេរ៍ស៊ី! » ឡូវែលនិងរ៉ូណាន់ ហៅឈ្មោះនាងតំណាលគ្នា ហើយក៏រត់ចូលទៅរកនាងដំណាលគ្នា ប៉ុន្តែ រ៉ូណាន់ ត្រូវឈប់ជើងទុកឲ្យបងប្រុសរបស់គេជាអ្នកចូលទៅរកនាងជំនួស ព្រោះគេដឹងថាអ្នកដែលនាងចង់ជួបខ្លាំងបំផុតនៅពេលនេះគឺបងប្រុសរបស់គេ មិនមែនជាគេឡើយ។
« ដេរ៍ស៊ី! » ឡូវែល ក្រសោបម្រាមស្រឡូនដែលប្រឡាក់ទៅដោយឈាមជាប់ណែន គេសម្លឹងមើលនាងដោយកែវភ្នែកព្រួយបារម្ភ។
" ល្អណាស់ដែលគេមិនបានកើតអ្វី " នាងគ្មានកម្លាំងសូម្បីតែហាមមាត់និយាយរកគេ ទើបបានប្រឹងបើកភ្នែកសម្លឹងមើលមុខគេជាប់ដោយក្តីត្រេកអរដែលឃើញគេមានសុវត្ថិភាព។ នាងមានអារម្មណ៍ថាឈឺចាប់ពេញខ្លួន នាងអស់កម្លាំងខ្លាំងស្ទើរតែបើកភ្នែកមិនរួច នាងចង់គេងខ្លាំងណាស់ តែនាងពិតជាខ្លាចថាពេលដែលនាងគេងទៅហើយនឹងមិនអាចក្រោកឡើងមកមើលគេបែបនេះម្តងទៀតបាន ។
« សុំសាច់ញាតិអ្នកជំងឺចាំនៅខាងក្រៅ » គ្រូពេទ្យអូសនាងមកដល់មុខបន្ទប់សង្គ្រោះទើបប្រាប់ឲ្យ ឡូវែល ថយចេញពីនាងព្រោះគេមិនអាចចូលទៅខាងក្នុងជាមួយអ្នកជំងឺបានទេ។
ឡូវែល រហ័សដកដៃចេញតាមសម្តីលោកគ្រូពេទ្យ តែក៏ត្រូវនាងស្រវ៉ាចាប់ដៃគេណែនដោយកែវភ្នែកក្រហមឆ្អៅទាំងគូសម្លឹងមុខគេដោយការមិនចង់ឃ្លាត។ គេយល់ពីអារម្មណ៍របស់នាងគ្រប់យ៉ាងទោះបីជានាងមិននិយាយអ្វីក៏ដោយ ព្រោះពេលនេះគេក៏មានអារម្មណ៍មិនខុសពីនាងដែរ គេក៏ខ្លាចថានឹងមិនបានឃើញនាងសម្លឹងមុខគេហើយចាប់ដៃគេបែបនេះទៀតដែរ ប៉ុន្តែគេត្រូវតែឲ្យនាងទៅគ្រូពេទ្យដើម្បីជួយសង្គ្រោះជីវិតរបស់នាង។
« ដេរ៍ស៊ី ពួកយើងនឹងបានជួបគ្នាម្តងទៀតបន្ទាប់ពីនាងវះកាត់រួច ខ្ញុំសន្យាថានឹងនៅចាំនាងនៅទីនេះមិនទៅណាទេ ខ្ញុំនៅទីនេះរហូតនាងដឹងខ្លួនមកវិញ » គេចាប់ដៃនាងនិយាយលួងលោមដោយសំឡេងស្រទន់ខុសធម្មតា កែវភ្នែកស្មោះត្រង់ដែលគេប្រើសម្លឹងមកនាង ធ្វើឲ្យនាងព្រមលែងដៃពីគេ ព្រោះនាងជឿសម្តីរបស់គេ នាងជឿជាក់គេ។
ឡូវែល ឈរពេញកម្ពស់សម្លឹងមើលនាងត្រូវអូសចូលទៅក្នុងបន្ទប់សង្គ្រោះដោយកែវភ្នែកព្រួយបារម្ភជាខ្លាំង។ ខណៈនេះគេមិនអាចសូម្បីតែឲ្យខ្លួនអង្គុយស្ងៀមមួយកន្លែងបាន គេដើរទៅវិញទៅមកមុខបន្ទប់ទាំងចិត្តព្រួយបារម្ភនិងអន្ទះសារ គេពិតជាខ្លាចថាហេតុការណ៍ដូចមុននេះកើតឡើងម្តងទៀតខ្លាំងណាស់ គេខ្លាចពេលវេលាដែលត្រូវដឹងថាបានបាត់បង់នាងទៅ។ កន្លងមកគេតែងតែគិតថាខ្លួនឯងស្អប់នាងខ្លាំងណាស់ ប៉ុន្តែពេលនេះគេដឹងហើយថាខ្លួនឯងស្រលាញ់នាងខ្លាំងប៉ុណ្ណា ព្រោះពេលដែលដឹងថាគេនឹងត្រូវបាត់បង់នាងនោះ គេឈឺចាប់ដូចជាស្លាប់ទាំងរស់អញ្ចឹង គេអស់សង្ឃឹមហើយគ្មានកម្លាំងចង់រស់បន្តទៀតទេ នៅពេលដឹងថានាងមិននៅលើពិភពលោកនេះជាមួយគេទៀត។
« បងប្រុស តើ ដេរ៍ស៊ី យ៉ាងម៉េចហើយ? » រ៉ូណាន់ ដើរមកតាមក្រោយសួរ ឡូវែល ដោយក្តីបារម្ភ។
« គ្រូពេទ្យកំពុងតែធ្វើការវះកាត់ហើយ » ឡូវែល ឆ្លើយតបទាំងទឹកមុខក្រៀមក្រំ។
« ខ្ញុំជឿជាក់ថានាងច្បាស់ជាមិនកើតអ្វីទេ » រ៉ូណាន់ និយាយលួងលោមបងប្រុសនិងខ្លួនឯងហើយក៏ទះស្មាទូលាយតិចៗជាការផ្តល់កម្លាំងចិត្ត។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now