ភាគ១៦

144 5 0
                                    

“ គ្រោះថ្នាក់ ”

  ង៉ក់!
  ឡានរបស់ ឡូវែល ឈប់នៅខាងមុខអគារដ៏ប្រណិតនៃក្រុមហ៊ុន ដេលប៊ឺត ។ លៀម ចុះពីលើឡានដើរមកបើកទ្វារឡានឲ្យចៅហ្វាយនាយបានចេញពីក្នុងឡានបង្ហាញរូបរាងដ៏មានអំណាចរបស់គេនៅពីមុខបុគ្គលិកនិងអ្នកភាគហ៊ុនដែលចេញមកចាំទទួលស្វាគមន៍គេនិងភរិយា។ ឡូវែល ចេញពីក្នុងឡានទាញឡេវអាវបិទយ៉ាងរៀបរយ មុននឹងងាកទៅលាដៃទទួលភរិយាដែលអង្គុយនៅក្នុងឡានឲ្យនាងបានចេញមកខាងក្រៅដែរ។
  ដេរ៍ស៊ី ចាប់ប្រអប់ដៃមាំចេញមកខាងក្រៅជាមួយឈុនសម្លៀកបំពាក់ថ្មីដែល ឡូវែល ទិញឲ្យនាងនៅតាមផ្លូវមកទីនេះ។
  « ដេរ៍ស៊ី! » អ្នកស្រី ស៊ូរីន រត់មកទទួលក្មួយស្រីហើយក៏ឱបនាងយ៉ាងកក់ក្តៅ។
  « អ្នកមីង! » ដេរ៍ស៊ី ឱបរាងចំណាស់ណែនដៃមិនចង់លែងព្រោះនាងចង់សុំជំនួយពីអ្នកមីង ប៉ុន្តែ ឡូវែល ចូលមកទាញដៃនាង ឲ្យនាងព្រមដកខ្លួនចេញពីអ្នកស្រី ស៊ូរីន។
  « ចូលទៅបន្ទប់ប្រជុំល្អជាង » ឡូវែល និយាយហើយក៏ចាប់ដៃ ដេរ៍ស៊ី បណ្តើរគ្នាចូលទៅបន្ទប់ប្រជុំក្នុងក្រុមហ៊ុនយ៉ាងលឿន។

  អ្នកភាគហ៊ុនបានមកជួបជុំគ្នាក្នុងបន្ទប់ជាស្រេច ដោយមាន ឡូវែល អង្គុយនៅកៅអីអគ្គនាយកជំនួយកន្លែងភរិយារបស់គេ តែ ដេរ៍ស៊ី ក៏មិនបានទៅណាឆ្ងាយ នាងនៅអង្គុយកៅអីមួយនៅជិតគេ។ បានបន្តិចលេខារបស់អ្នកស្រី ស៊ូរីន ក៏បានយកឯកសារមួយចំនួនចែកឲ្យគ្រប់គ្នាពិនិត្យមើល។ ឡូវែល បានមើលឯកសារនៅចំពោះមុខហើយក៏ក្តាប់ដៃណែនចេញសរសៃលើខ្នងដៃរវាមទឹកមុខប្រែខឹងសម្បារមួយរំព្រិច។
  « អ្នកនាង ដេរ៍ស៊ី កំពុងមានជំងឺភ្លេចភ្លាំងមែនទេ? » អ្នកភាគហ៊ុននាំគ្នាចោលភ្នែកសម្លឹងមុខរបស់ ដេរ៍ស៊ី ដោយភាពភ្ញាក់ផ្អើល។
  « ចាស » ដេរ៍ស៊ី ឆ្លើយតបតាមត្រង់មិនលាក់លៀម ព្រោះក្នុងឯកសារពិនិត្យដែលចេញពីមន្ទីរពេទ្យនេះក៏បញ្ជាក់ច្បាស់ហើយ គ្រាន់តែនាងឆ្ងល់ថាតើអ្នកមីងបានឯកសារពិនិត្យមួយនេះមកដោយរបៀបណា? បើនាងមិនដែលទៅមន្ទីរពេទ្យជាមួយអ្នកមីងផង ប៉ុន្តែនាងធ្លាប់ត្រូវ រ៉ូណាន់ នាំទៅមន្ទីរពេទ្យ សង្ស័យ រ៉ូណាន់ យកលទ្ធផលពិនិត្យមួយនេះនៅពេលនោះហើយ។
  « នេះជាមូលហេតុពិតប្រាកដដែល ដេរ៍ស៊ី មិនអាចមកគ្រប់គ្រងក្រុមហ៊ុនបន្តពីលោកប៉ាបាន មិនដូចពាក្យដែលលោក ឡូវែល ធ្លាប់និយាយប្រាប់គ្រប់គ្នាពីមុនមកទេ » អ្នកស្រី ស៊ូរីន និយាយបន្ត ធ្វើឲ្យគ្រប់គ្នាចោលភ្នែកទៅសម្លឹងមុខរបស់ ឡូវែល ដោយការសង្ស័យវិញ។
  « លោកកុហកពួកយើងដើម្បីអ្វីទៅលោក ឡូវែល? » គ្រប់គ្នាសួរដេលដោលគេដោយមិនទុកចិត្តគេ។
  « ជាស្វាមីប្រាកដជាធ្វើបែបនេះដើម្បីការពារភរិយារបស់ខ្លួនឯងហើយ ខ្ញុំមិនចង់ឲ្យគ្រប់គ្នាមើលមកប្រពន្ធរបស់ខ្ញុំថាជាអ្នកជំងឺ ហើយក៏នាំគ្នាមើលងាយនិងរើសអើងនាងទេ »
  « បើលោកធ្វើដើម្បីការពារភរិយាមិនអីទេ ខ្ញុំខ្លាចតែលោកធ្វើបែបនេះដើម្បីទទួលបានសិទ្ធិអំណាចពីក្រុមហ៊ុនរបស់យើង ហើយក៏ប្រើសិទ្ធិអំណាចមួយនេះកេងយកផលប្រយោជន៍ពីក្រុមហ៊ុនរបស់យើងទៅឲ្យក្រុមហ៊ុនរបស់លោកខ្លួនឯង » អ្នកស្រី ស៊ូរីន និយាយចំៗចំណុចធ្វើឲ្យគ្រប់គ្នាកាន់តែលែងទុកចិត្ត ឡូវែល។
   « បើមិនទុកចិត្តខ្ញុំ អញ្ចឹងក៏តែងតាំងអ្នកគ្រប់គ្រងម្នាក់ទៀតទៅ ដើម្បីឲ្យគ្រប់គ្នាស្ងប់ចិត្ត » ដំបូងឡើយគេមិនព្រមរឿងតែងតាំងអ្នកដឹកនាំម្នាក់ទៀតជាដាច់ខាត ព្រោះនាំឲ្យគេពិបាកធ្វើការ ប៉ុន្តែពេលនេះបើមិនមានការតែងតាំងអ្នកគ្រប់គ្រងម្នាក់ទៀតទេ អ្នកភាគហ៊ុនទាំងអស់ច្បាស់ជាមិនព្រមឲ្យគេនៅអង្គុយតំណែងអគ្គនាយកនេះទៀតទេ។
    « ដេរ៍ស៊ី ក្មួយគិតយ៉ាងណាដែរ? » អ្នកស្រី ស៊ូរីន ងាកទៅសួរក្មួយស្រី។
    « ចាស ខ្ញុំថាតែងតាំងអ្នកដឹកនាំម្នាក់ទៀតក៏ល្អដែរ ដើម្បីបានធ្វើជាភ្នែកច្រមុះមើលអ្នកដែលមានបំណងមិនល្អលើក្រុមហ៊ុនលោកប៉ា » ដេរ៍ស៊ី បញ្ចេញមតិបែបបញ្ឆិតបញ្ឆៀងដោយភ្នែកងាកទៅសម្លឹងមុខរបស់ ឡូវែល មិនឈប់។
    « អ៊ីចឹងអ្នកនាងគិតថាអ្នកណាដែលសាកសមនឹងតំណែងមួយនេះ? » អ្នកភាគហ៊ុនម្នាក់សួរទៅកាន់ ដេរ៍ស៊ី។
    « ខ្ញុំគិតថាអ្នកមីង ស៊ូរីន សាកសមបំផុត » ដេរ៍ស៊ី ជ្រើសរើសអ្នកមីងរបស់នាងព្រោះអ្នកមីង ស៊ូរីន ជាមនុស្សម្នាក់គត់ដែលនាងទុកចិត្ត។
    « នាង! » ឡូវែល ងាកមកសម្លក់មុខនាងដូចចង់ស៊ីសាច់ទាំងរស់ ព្រោះបើនាងរើសអ្នកផ្សេងគេអាចយកលុយទិញក្បាលបាន ប៉ុន្តែអ្នកស្រី ស៊ូរីន គេធ្វើបែបនោះមិនបានទេ ទើបគេខឹងនាងឡើងចង់ដាច់សរសៃឈាមខួរក្បាល។
    « ចឹងពួកយើងធ្វើការបោះឆ្នោតឥឡូវនេះទៅ អ្នកណាដែលយល់ព្រមឲ្យអ្នកស្រី ស៊ូរីន ឡើងធ្វើជាអ្នកគ្រប់គ្រងថ្មីសូមលើកដៃ »
    គ្រប់គ្នាក្នុងអង្គប្រជុំលើកដៃស្ទើទាំងអស់គ្នា អត់តែប៉ុន្មាននាក់ដែលជាគ្នារបស់ ឡូវែល ។
    « ពួកយើងយល់ស្របតាមសំឡេងភាគច្រើន ព្រមឲ្យអ្នកស្រី ស៊ូរីន ឡើងកាន់តំណែងអ្នកគ្រប់គ្រងបន្ត  »
   « អបអរសាទរ »
   គ្រប់គ្នានាំគ្នាទះដៃអបអរសាទរអ្នកស្រី ស៊ូរីន ឡើងកាន់តំណែងថ្មីជាផ្លូវការ។
   « អរគុណគ្រប់គ្នាដែលជឿទុកចិត្តខ្ញុំ ហើយក៏អរគុណ ដេរ៍ស៊ី ដែលជឿទុកចិត្តអ្នកមីង នាងខ្ញុំនឹងខិតខំធ្វើការងារជាអ្នកគ្រប់គ្រងប្រកបដោយគុណធម៌និងការអភិវឌ្ឍដើម្បីជួយក្រុមហ៊ុនរបស់យើងឲ្យរីកចម្រើនទៅមុនឥតឈប់ឈរ » អ្នកស្រី ស៊ូរីន ឡើងក្លែងអំណរគុណនិងការតាំងចិត្តក្នុងនាមជាអ្នកគ្រប់គ្រងថ្មីហើយ អង្គប្រជុំក៏បានបញ្ចប់។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now