ភាគ១១

131 6 0
                                    

បន្ទប់ដាក់អីវ៉ាន់

ប្រូស!
មីនី រុញ ដេរ៍ស៊ី ចូលក្នុងបន្ទប់ដាក់អីវ៉ាន់ចាស់ទ្រុឌទ្រោមខាងក្រោយផ្ទះហើយក៏រហ័សបិទចាក់សោជាប់មិនឲ្យនាងរត់ចេញរួច។
ផាំង! ផាំង!
« បើកទ្វា! ឆាប់បើកទ្វា! អួយ! ហ៊ឹក » ដេរ៍ស៊ី ទប់ដៃដែលមានរបួសសម្រូតខ្លួនអង្គុយចុះផ្អែកខ្នងនឹងទ្វាបន្ទប់ដាក់អីវ៉ាន់យំយ៉ាងខ្លាំង នាងក៏មិនដឹងដែលថាហេតុអ្វីក្នុងចិត្តរបស់នាងឈឺចាប់ខ្លាំងយ៉ាងនេះ? ដូចរឿងឈឺចាប់បែបនេះមិនមែនទើបតែកើតឡើងលើនាងម្តងនោះទេ ដូចជាវាបានកើតឡើងច្រើនដងមកហើយ រហូតធ្វើឲ្យបេះដូងនាងពោលពេញដោយរបួសដែលទទួលការប៉ះទង្គិចបន្តិចក៏ចាប់ផ្តើមឈឺចាប់ឡើង ។
  « ហ៊ឹក! តើគេធ្វើបែបនេះដាក់ខ្ញុំប៉ុន្មានដងហើយ? ហ៊ឺ! ហេតុអ្វីខ្ញុំនឹកមិនឃើញសោះ? » ដេរ៍ស៊ី លើកដៃទះក្បាលខ្លួនឯងខ្លាំងៗទាំងយំមិនព្រមឈប់ នាងចង់ឈប់យំណាស់តែនាងធ្វើមិនបានទេ ទោះនាងមិនបានចាំរឿងកន្លងមកដែលគេធ្លាប់ធ្វើចំពោះនាង ប៉ុន្តែអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងចិត្តរបស់នាងនៅពេលនេះបញ្ជាក់ច្បាស់ណាស់ថារឿងនេះមិនបានកើតឡើងតែម្តងទេ។
  វ៉ូ! វ៉ូ!
  ខ្យល់មួយមេធំបក់បោកនាំយកពពកខ្មៅងងឹតមកគ្របដណ្តប់ពេញមាឃធ្វើឲ្យសភាពនៅក្នុងបន្ទប់ដាក់អុីវ៉ាន់ប្រែជាងងឹតសូន្យដូចយប់មួយរំព្រិច។ ដេរ៍ស៊ី ក្រោកឈរឡើងងើយសម្លឹងមាឃងងឹតតាមដំបូលដែលឆ្លុះធ្លាយគ្មានកន្លែងជិត។
  « មាឃជិតភ្លៀងហើយ...មានអ្នកនៅខាងក្រៅទេ បើកទ្វារឲ្យខ្ញុំផង ឡូវែល ខ្ញុំដឹងខុសហើយ ខ្ញុំសុំទោស ហ៊ឹក! បងឲ្យខ្ញុំធ្វើអ្វីក៏បាន ប៉ុន្តែកុំទុកខ្ញុំឲ្យនៅទីនេះអី ហ៊ឺ! » ដេរ៍ស៊ី ព្យាយាមគោះទ្វាទាំងដៃមានរបួស ប្រឹងស្រែកហៅឲ្យគេដោះលែងនាងចេញពីបន្ទប់ដាក់អីវ៉ាន់គួរឲ្យខ្លាចមួយនេះ តែទោះជានាងប្រឹងស្រែកយ៉ាងណាក៏គ្មានអ្នកជួយនាងដែរ ព្រោះនេះជាបន្ទប់ដាក់អីវ៉ាន់ទុកចោលនៅឆ្ងាយពីផ្ទះធំណាស់។
   ផាំង!
   « អ្ហា៎! » ដេរ៍ស៊ី លើកដៃទប់ត្រចៀករត់ទៅលាក់ខ្លួននៅជិតជញ្ជាំងព្រោះតែខ្លាចសំឡេងផ្គររន្ទះដែលលាន់ត្រហឹងពេញមាឃ។
    ឈូ! ឈូ!
    ភ្លៀងបង្អុរចុះមកដូចខឹងអ្នកណា ដំណក់ទឹកភ្លៀងហូរតាមដំបូលបន្ទប់ដាក់អីវ៉ាន់តែឆ្លុះធ្លាយស្រោចលើរាងស្តើងដែលអង្គុយទប់ត្រចៀកនៅជិតជញ្ជាំង រាងស្តើងញ័រដូចកូនសត្វព្រោះតែភាពរងានិងភាពភ័យខ្លាច។ នាងខ្លាចទឹកភ្លៀងនិងផ្គររន្ទះតាំងពីនាងដឹងខ្លួននៅលើឆ្នេរសមុទ្រ នាងត្រូវបានជួយសង្គ្រោះដោយអ្នកនេសាទម្នាក់ បើស្តាប់តាមរឿងរ៉ាវដែល ឡូវែល ធ្លាប់និយាយប្រាប់នាងថានាងនិងគ្រួសារបែកគ្នាព្រោះតែជួបព្យុះនៅកណ្តាលសមុទ្រ ប្រហែលនាងមានអាការៈខ្លាចភ្លៀវនិងផ្គររន្ទះព្រោះតែហេតុការណ៍នៅពេលនោះហើយ។
ដេរ៍ស៊ី ក្រាបចុះទាំងក្បាលរបស់នាងចាប់ផ្តើមឈឺខ្លាំងហើយរូបភាពនៃការចងចាំកាលពីអតីតកាលខ្លះបានលេចឡើងមកក្នុងខួរក្បាលរបស់នាង។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now