ភាគ៥០

134 5 1
                                    

“ បាត់ខ្លួនក្នុងសមុទ្រ ”

  ប៊ូសាន
  ង៉ក់!
  ឡានទំនើបពណ៌ខ្មៅឈប់នៅមុខកំពង់ផែមួយកន្លែងនៅក្នុងទីក្រុងប៊ូសាន។ ឡូវែលនិងដេរ៍ស៊ី ចុះពីលើឡានមករៀងខ្លួន ព្រោះតាំងពីឡើងឡានមកគេនិងនាងមិននិយាយគ្នាសូម្បីមួយម៉ាត់ ទោះបីជាអ្នកទាំងពីរបានចំណាយពេលនៅក្នុងឡានជាមួយគ្នារាប់ម៉ោងក៏ដោយ។
  « សួស្តី អ្នកនាងគឺប្រធានថ្មីរបស់ក្រុមហ៊ុន ដេលប៊ឺត មែនទេ? » បុរសម្នាក់ចុះពីលើកាប៉ាល់ទេសចរណ៍មករាក់ទាក់ជាមួយ ដេរ៍ស៊ីនិងឡូវែល។
  « ចាស គឺខ្ញុំ »
  « ខ្ញុំគឺជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុននេសាទដែលក្រុមហ៊ុនអ្នកនាងទាក់ទងមក ឥឡូវនេះអ្នកនាងឡើងលើកាប៉ាល់សិនទៅ ខ្ញុំនឹងបើកកាប៉ាល់នាំអ្នកនាងទៅមើលតំបន់ដែលយើងនេសាទ »
  « ចាស » ដេរ៍ស៊ី ឆ្លើយដោយស្នាមញញឹមហើយក៏រហ័សដើរតាមក្រោយប្រធានគ្រប់គ្រងក្រុមហ៊ុននេសាទឡើងទៅលើកាប៉ាល់ដោយមាន ឡូវែល ដើរតាមពីក្រោយនាងដោយមិននិយាយអ្វីមួយម៉ាត់។ គេប្រហែលនៅអន់ចិត្តជាមួយនាងចំពោះរឿងកាលពីម្សិលមិញមិនទាន់បាត់នៅឡើយ ទើបជួបមុខនាងហើយមិននិយាយអ្វីបែបនេះ។

   កាប៉ាល់ទេសចរណ៍ចេញដំណើរទៅដោយនៅលើទូកមានត្រៀមជាភេសជ្ជៈនិងអាហារសម្រាប់ ដេរ៍ស៊ីនិងឡូវែល ផងដែរ។
   « ខ្ញុំបានរៀបចំអាហារនេះជាពិសេសសម្រាប់អ្នកទាំងពីរ ឆាប់ភ្លក់សាកមើល » ប្រធានគ្រប់គ្រងនិយាយហើយក៏ចេញទៅឈរម្ចាងទុកពេលឲ្យភ្ញៀវទាំងពីរញុំអាហារថ្ងៃត្រង់ជាមួយគ្នាយ៉ាងស្ងៀមស្ងាត់។
   ដេរ៍ស៊ី មានអារម្មណ៍មិនល្អសោះ ពេលគេប្រែមកជាស្ងាត់បែបនេះ ទើបនាងផ្តើមនិយាយឡើង។
   « លោកនៅខឹងរឿងខ្ញុំរៀបការហើយទៀតមែនទេ? »
   « អត់ទេ ខ្ញុំម្តេចនឹងមានសិទ្ធិខឹងអ្នកនាងព្រោះរឿងផ្ទាល់ខ្លួនរបស់អ្នកនាងទៅ » ឡូវែល ងើបសម្លឹងមុខនាងចំៗជាមួយកែវភ្នែកអន់ចិត្តខ្លាំង។
   « មិនខឹងក៏ល្អហើយ ព្រោះខ្ញុំមិនចង់ឲ្យរឿងផ្ទាល់ខ្លួនមកបំផ្លាញ់ការងាររបស់យើងទេ » នាងដឹងច្បាស់ថាគេកំពុងតែអន់ចិត្តជាមួយរឿងរបស់នាង ប៉ុន្តែនាងនៅតែនិយាយធ្វើដូចជាមិនដឹងពីចិត្តរបស់គេទៀត នាងដឹងថាគេកំពុងខូចចិត្តព្រោះយល់ច្រឡំថានាងរៀបការរួចហើយ តែនាងនៅមិនបកស្រាយហើយទុកឲ្យគេខូចចិត្តដោយសារនាងបន្តទៀត ហេតុអ្វីនាងចិត្តដាច់យ៉ាងនេះ? សូម្បីនាងខ្លួនឯងក៏មិនដឹងថាហេតុអ្វីនាងចិត្តអាក្រក់ចំពោះគេបែបនេះដែរ?។
   ដុក!
   « ខ្ញុំឆ្អែតហើយ! » ឡូវែល ទម្លាក់ស្លាបព្រាចុះហើយក្រោកឈរ ដើរចេញពីតុអាហារដោយអារម្មណ៍មួរម៉ៅ ។
   « អ្ហើយ...» ដេរ៍ស៊ី ដកដង្ហើមធំទាំងតឹងទ្រូងពេលឃើញគេបែបនេះ នាងមិនចង់ឲ្យបញ្ហាផ្ទាល់ខ្លួនមកបំផ្លាញ់ការងាររបស់នាងទេ យ៉ាងណានាងគួរតែដោះស្រាយជាមួយគេឲ្យច្បាស់លាស់ ជៀសវាងមានបញ្ហានៅពេលក្រោយ។ ដេរ៍ស៊ី ក្រោកឈរឡើងដើរទៅតាមគេនៅក្បាលទូក។
   « ខ្ញុំមិនដឹងថាពីមុនយើងមានអ្វីពាក់ព័ន្ធនឹងគ្នាទេ ប៉ុន្តែរឿងរ៉ាវទាំងអស់នោះបានកន្លងហួសអស់ហើយ លោកគួរតែបំភ្លេចរឿងពីអតីតកាលទាំងនោះចោលទៅ » ដេរ៍ស៊ី ឈរនៅខាងក្រោយផែនខ្នងក្រាស់ដែលកំពុងឈរសម្លឹងទៅផ្ទៃសមុទ្រធំធេងសែនស្ងប់ស្ងាត់ដូចជាបេះដូងរបស់គេនៅពេលនេះ។
    « នាងនិយាយចេញមកដូចជាងាយស្រួលខ្លាំងណាស់ព្រោះតែនាងមិនមែនជាអ្នកចងចាំរឿងរ៉ាវទាំងអស់នោះ ប៉ុន្តែសម្រាប់ខ្ញុំដែលចងចាំរឿងរ៉ាវកាលពីមុន ខ្ញុំមិនអាចបំភ្លេចវាបានទេ ខ្ញុំនឹងមានអារម្មណ៍ខុសកាន់តែធ្ងន់បើខ្ញុំបំភ្លេចរឿងទាំងអស់នោះចោល » ឡូវែល ងាកមករកនាងវិញជាមួយកែវភ្នែកដ៏សែនឈឺចាប់របស់គេ បើនាងនៅចងចាំរឿងរ៉ាវពីមុន តើនាងនឹងប្រាប់ឲ្យគេបំភ្លេចគ្រប់យ៉ាងចោលបែបនេះទេ? តើនាងពិតជាចង់ឲ្យគ្រប់យ៉ាងរវាងនាងនិងគេត្រូវចប់នៅក្នុងអតីតកាលបែបនោះពិតមែនឬ? នាងមិនគិតចង់ចាប់ផ្តើមថ្មីជាមួយគេម្តងទៀតទេឬយ៉ាងណា?។
   « តើលោកចងចាំរឿងរ៉ាវទាំងនោះព្រោះតែមានអារម្មណ៍ខុសមែនទេ? បើវាជាអារម្មណ៍ខុសចំពោះខ្ញុំ អញ្ចឹងពេលនេះខ្ញុំនឹងអភិទោសឲ្យលោក ខ្ញុំអភិទោសឲ្យលោកគ្រប់យ៉ាង ដូច្នេះលោកអាចបំភ្លេចរឿងរ៉ាវពីមុនហើយចាប់ផ្តើមរស់នៅជាមួយបច្ចុប្បន្នបានហើយ »
   « បច្ចុប្បន្នដែលនាងរៀបការហើយអញ្ចឹងមែនទេ? ហ៊ឹក! បច្ចុប្បន្នដែលខ្ញុំនិងនាងត្រឹមជាមិត្តរួមការងារនេះមែនទេដែលខ្ញុំត្រូវរស់នៅជាមួយវានោះ? » ឡូវែល ញញឹមទាំងឈឺចាប់ព្រោះគ្រប់យ៉ាងដែលកើតឡើងចំពោះគេគួរឲ្យអស់សំណើចពេកហើយ ហេតុអ្វីទេវតាលេងសើចនឹងគេបែបនេះ? ប្រាំឆ្នាំមុនគេរុញច្រាននាងចេញដើម្បីតែការពារនាង ប៉ុន្តែគេត្រូវបាត់បង់នាងពិតមែន តែគេនៅលួចមានសង្ឃឹមហើយរងចាំនាងរាល់ថ្ងៃព្រោះគិតថាថ្ងៃណាមួយនាងនឹងត្រឡប់មករកគេវិញ រហូតមកដល់ថ្ងៃនេះទើបគេដឹងថាគ្រប់យ៉ាងមិនអាចត្រឡប់ក្រោយបានទៀតទេ គ្រប់យ៉ាងរវាងគេនិងនាងបានចប់យូណាស់មកហើយ ចប់តាំងពីថ្ងៃដែលគេសម្រេចចិត្តជ្រើសយកភារកិច្ចការពារក្រុមហ៊ុនហើយបោះបង់នាងចោលមកម្លេះ ពេលនេះគេបានត្រឹមតែឈរស្តាយក្រោយហើយក៏ត្រូវធ្វើចិត្តដើម្បីទទួលយកការពិតដែលកើតឡើងតែប៉ុណ្ណោះ គេត្រូវទទួលស្គាល់ថានាងមិនមែនជារបស់គេទៀតទេ ។ ឡូវែល ឱនមុខចុះហើយដើរកាត់នាងចូលទៅក្នុងកាប៉ាល់វិញទាំងមិននិយាយអ្វីទាំងអស់ ព្រោះបេះដូងរបស់គេកំពុងតែត្រូវនាងបំផ្លាញ់ចោលទាំងស្រុង គេឈឺចាប់ដូចស្លាប់ពេលដឹងថារវាងនាងនិងគេគឺត្រូវបានបញ្ចប់ហើយ ចាប់ពីពេលនេះទៅគេបានត្រឹមតែនៅក្បែរនាងក្នុងនាមជាមិត្តរួមការងារមិនអាចលើសពីនេះឡើយ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now