ភាគ២៩

149 3 0
                                    


” ចិត្តទន់ ”

  ក្រាក!
  ឡូវែល បើកទ្វាបន្ទប់ទឹកឈរមើលស្រីក្រមុំដែលអង្គុយញ័រទទ្រើកនៅក្រោមដំណក់ទឹកត្រជាក់។ មុខមាត់ឡើងស្លេកអស់តែនាងនៅរឹងចចេសមិនខ្ចីសុំអង្វរគេមួយម៉ាត់សោះ នាងចង់ឈ្នះគេខ្លាំងណាស់មែនទេ? គេក៏ចង់ដឹងថានាងទ្រាំបានយូប៉ុណ្ណាទៀត។
  គ្រឹប!
  ឡូវែល បិទទ្វាបន្ទប់ទឹកហើយដើរទាំងអន្ទះសារមកអង្គុយលើគ្រែកណ្តាលបន្ទប់វិញ។ គេអង្គុយមិនសុខទើបទម្លាក់ខ្លួនគេង គេព្យាយាមបិទភ្នែកសម្ងំគេង ប៉ុន្តែខួរក្បាលរបស់គេចេះតែនឹកឃើញដល់រូបភាពស្រីក្រមុំរងាញ័រញាក់ឡើងស្លេកមាត់ ទើបធ្វើឲ្យគេគេងមិនលក់ក៏ស្ទុះក្រោកអង្គុយមកវិញ។
   « ខ្ញុំគេងមិនលក់ទេ បើមិនបានងូតទឹក » ឡូវែល ធ្វើជារអ៊ូលឺៗដើម្បីឲ្យស្រីក្រមុំដែលជាប់ឃុំនៅក្នុងបន្ទប់ទឹកបានលឺ។ ក្រោយពីរអ៊ូរួចគេក៏ក្រោកឡើងដើរទៅយកកន្រ្តៃនៅលើតុនិងបើកទូយកកន្សែងមួយដើរចូលទៅក្នុងបន្ទប់យ៉ាងលឿន។
    ឡូវែល ចូលទៅដល់ក៏យកកន្សៃកាត់ចំណងខ្សែនៅកដៃនិងជើងដោះលែងនាងឲ្យមានសរីភាព រួចបោះកន្សែងចំកណ្តាលមុខរបស់នាង។
    « ឆាប់ចេញទៅ ខ្ញុំត្រូវការងូតទឹក » គេគំហកដេញនាងទាំងអារម្មណ៍មួរម៉ៅ។
    «...» ដេរ៍ស៊ី មិនតបតអ្វីទាំងអស់ នាងគ្រាន់តែសម្លឹងមុខគេបន្តិចហើយក៏ដណ្តប់កន្សែងដើរចេញពីបន្ទប់ទឹកទៅក្នុងបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់។
    ឡូវែល ឈរបែរខ្នងដាក់នាងរហូតនាងចេញទៅផុតទើបគេងាកមកសម្លឹងច្រកទ្វាដែលនាងចេញទៅមុននេះទាំងខឹងចិត្ត។
    « ចង្រៃយ៍! » គេស្រែកជេរខ្លួនឯងដែលចិត្តទន់ដោះលែងនាងទាល់តែបាន ប៉ុន្តែស្របពេលជាមួយគ្នាគេក៏មានអារម្មណ៍ធូរស្រាលដូចជាបានលើកដុំថ្មរាប់គីឡូចេញពីលើទ្រូងដូចគ្នា។
    ឡូវែល ចូលទៅងូតទឹកឲ្យស្រឡះមុខមាត់ហើយបំភ្លេចរឿងដែលកើតឡើងមុននេះចោលទាំងអស់
មុននឹងដើរចេញមកក្នុងបន្ទប់វិញជាមួយកន្សែងជូតសក់មួយនៅក្នុងដៃ។ ឡូវែល ចូលមកដល់ក្នុងបន្ទប់មិនបានឃើញនាង ទើបរហ័សដើររកនាង គេប្រុងនឹងបើកទ្វាចេញទៅខាងក្រៅទៅហើយស្រាប់តែក្រឡេកឃើញនាងគេងលក់នៅលើកម្រាលខាងក្រោមក្បែរជើងគ្រែ។
    « ខឹងជាមួយខ្ញុំដល់ថ្នាក់លែងឡើងគេងលើគ្រែផងមែនទេ? នាងគិតចង់យកឈ្នះខ្ញុំដល់ថ្នាក់នេះផងឬ? » ឡូវែល ឈរសម្លឹងស្រីក្រមុំដែលគេងលក់លង់នៅលើកម្រោលខាងក្រោមដោយទឹកមុខពេញដោយល្បិចកល។ ឡូវែល យកកន្សែងជូតសក់ទៅទុកហើយក៏ត្រឡប់មកយកខ្នើយគេងរបស់គេនៅលើគ្រែ ហើយចុះទៅគេងលើកម្រាលខាងក្រោមក្បែរនាង។ កំលោះខូចខិលសសៀរខិតចូលគេងជិតរាងស្តើងហើយលូកដៃឱបរឹតនាងណែនដៃ ធ្វើឲ្យអ្នកដែលកំពុងគេងត្រូវបើកភ្នែកឡើងដោយសារការរំខានរបស់គេ។
    « លោក! » នាងបង្វែរខ្លួនងាកមកមើលគេទាំងភ្នែកព្រឹមៗមិនទាន់អស់ងងុយ តែក៏មានអារម្មណ៍មួរម៉ៅនឹងនាយកំលោះដែលតាមរករឿងនាងមិនឈប់។ នាងខំគេចមកគេងនៅខាងក្រោមដើម្បីមិនឲ្យជួបមុខគេខ្លាចមានរឿងទៀត ប៉ុន្តែគេនៅតែតាមមកគេងជាមួយនាងឲ្យទាល់តែបានទេ។
    « យ៉ាងម៉េចដៃប្តីឱបមិនកក់ក្តៅដូចដៃប្រុសនាងមែនទេ? »
    សម្តីអាក្រក់មិនប្រែរបស់គេធ្វើឲ្យ ដេរ៍ស៊ី ខឹងក្តៅមុខភាយស្វាងងងុយមួយរំព្រិច នាងខំគិតថារឿងនឹងចប់ត្រឹមនេះហើយតែគេនៅមករករឿងនាងទៀតឲ្យទាល់តែបាន។ ហេតុអ្វីគេចូលចិត្តធ្វើឲ្យបេះដូងនាងឈឺចាប់យ៉ាងនេះ? ពាក្យសម្ដីរបស់គេមួយម៉ាត់ណាក៏មុតដូចកាំបិតដែលអាចសម្លាប់បេះដូងនាងបានគ្រប់ពេល តែនាងនៅប្រឹងធ្វើជាដូចជាគ្មានអារម្មណ៍ឈឺចាប់អ្វីសោះបានយ៉ាងល្អនៅចំពោះមុខគេ។
    « លោកមិនមែនជាប្តីរបស់ខ្ញុំទេ ចេញឲ្យឆ្ងាយទៅ   » នាងលើកដៃច្រានគេមួយទំហឹង ហើយក៏រហ័សក្រោកចេញពីគេ។
    « ខ្ញុំភ្លេចទៅថាតាំងពីរៀបការមកយើងមិនទាន់បានធ្វើអ្វីដែលប្តីប្រពន្ធទូទៅគេធ្វើទេ ទើបធ្វើឲ្យនាងភ្លេចខ្លួនថាខ្ញុំជាស្វាមីរបស់នាងបែបនេះ » ឡូវែល ក្រោកឈរពេញជំហរឈានជើងចូលមករកនាងម្តងមួយជំហានៗដោយទឹកមុខខូចខិលសម្លឹងនាងតាំងពីចុងជើងដល់ទម្រង់មុខស្លេកស្លាំងដែលព្យាយាមឈានជើងថយក្រោយគេចពីគេទាំងដៃឱបខ្នើយជាប់មិនលែង។
    « កុំចូលមកណា បើមិនអញ្ចឹងខ្ញុំស្រែកឲ្យគេជួយហើយ » ដេរ៍ស៊ី គំរាមគេទាំងញ័រមាត់ទទ្រើកតាមចង្វាក់បេះដូងដែលលោតភិតភ័យបន្តិច អៀនខ្មាស់បន្តិច។
    « នាងល្ងង់លើសពីការគិតរបស់ខ្ញុំទៅទៀត ដេរ៍ស៊ី     ប្តីប្រពន្ធមួយគូកំពុងតែសមដំណេកជាមួយគ្នាតើអ្នកណាគេហ៊ានឡើងមករំខាននោះ? » ឡូវែល អស់សំណើចព្រោះមិននឹកស្មានថានាងល្ងង់ដល់ថ្នាក់នេះ។ គេញញឹមយ៉ាងច្រឡឺមដាក់នាងហើយក៏បោះជំហានចូលទៅរកនាងកាន់តែលឿនជាងមុន។
    « កុំចូលមក » ដេរ៍ស៊ី ថយរហូតខ្នងប៉ះនឹងជញ្ជាំងទើបនាងត្រូវឈប់មួយកន្លែងឱបខ្នើយជាប់ណែនសម្លឹងជំហានជើងគេដែលចូលមករកនាងយ៉ាងលឿនទាំងបេះដូងលោតស្ទើចេញមកខាងក្រៅ។ តើគេគិតធ្វើរឿងបែបនេះពិតមែនឬ? គេមិនបានស្រលាញ់នាងទេ ហេតុអ្វីក៏ចង់ធ្វើរឿងបែបនេះជាមួយនាង? តើគេទុកនាងជារបស់លេងសើចមែនទេ? នាងមិនព្រមធ្វើជាស្រីកំដររបស់គេទេ ទោះនាងស្រលាញ់គេខ្លាំងប៉ុណ្ណាក៏នាងមិនមែនជាស្រីចិត្តងាយដែលឲ្យគេលេងសើចតាមចិត្តបានដែរ បើគេមិនស្រលាញ់នាង នាងក៏មិនធ្វើរឿងផ្តេសផ្តាសបែបនេះជាមួយគេក្នុងនាមជាស្រីកំដររបស់គេដែរព្រោះនាងក៏មានតម្លៃរបស់នាង ម្យ៉ាងទៀតនៅចុងក្រោយនាងនិងគេគង់តែលែងលះជាមួយគេដដែល នាងមិនចង់លង់ខ្លួនជាមួយគេជ្រៅជាងនេះ ហើយនាងក៏មិនចង់ឈឺចាប់ជាងនេះទៀតដែរ នាងមិនចង់ឲ្យគេមកជំពាក់បំពាក់ជាមួយនាងនៅថ្ងៃក្រោយ គេគួរតែមានជីវិតដ៏ល្អតាមការរំពឹងទុករបស់គេ មិនគួរមកជំពាក់ពាក់ព័ន្ធនឹងមនុស្សស្រីល្ងង់ដូចជានាងទេ។
   ឡូវែល ដើរចូលមកជិតនាង គេលើកដៃច្រត់ជញ្ជាំងឃាំងមិនឲ្យនាងរួចចេញទៅណារួច បបូរមាត់ក្រាស់ញោចញញឹមយ៉ាងឃោឃៅដាក់នាងបន្តិច។
   « ចាំមើលថ្ងៃក្រោយនាងហ៊ានទៅទាក់ទងប្រុសណាផ្សេងទៀតទេ » គេញញឹមឡើងយ៉ាងសមចិត្តដាក់នាងហើយក៏លោមុខស្រស់សង្ហាចូលទៅរកបបូរមាត់ក្រហមព្រឿងៗរបស់នាង។
   ប្រូស!
   រាងស្តើងដួលប្រូសទៅលើឥដ្ឋសន្លប់បាត់ស្មារតីមួយរំព្រិចធ្វើឲ្យអ្នកដែលឈរនៅពីមុខនាងលើដៃជ្រោងសក់ក្បាលឡើងទាំងមួរម៉ៅ។
   « អ្ហើយ...! » ឡូវែល ដកដង្ហើមធំដោយអារម្មណ៍ធុញថប់ពេលគ្រប់យ៉ាងជិតបានសម្រេចតាមបំណងរបស់គេហើយ តែនាងបែរជាដួលសន្លប់បាត់។
   « ភ័យដល់សន្លប់ផងមែនទេ? » ឡូវែល ឱនមើលរាងស្តើងដែលគេងសន្លប់បាត់ស្មារតីនៅលើឥដ្ឋការ៉ូក្បែរជញ្ជាំង។
   « នាងឆាប់ក្រោកមក កុំធ្វើពុតជាសន្លប់បោកខ្ញុំឲ្យសោះ ព្រោះខ្ញុំមិនមែនភ្លើទេ » ឡូវែល ឈរហៅនាងដោយទឹកមុខមួរម៉ៅខ្លាំងមិនកំប្លែងនឹងការសម្តែងមិនសមរបស់នាងទេ តែគេហៅនាងយ៉ាងណាក៏នាងមិនព្រមក្រោកសោះ ទើបគេអង្គុយចុះហើយចាប់ដៃនាងមើល។
   កម្តៅក្តៅនៅលើសាច់ដៃរបស់នាងប៉ះដល់ដៃរបស់គេភ្លាម ធ្វើឲ្យគេតក់ស្លុតរហ័សលើកដៃទៅស្ទាបថ្ងាសរបស់នាងវាស់កម្តៅមើល។
   « ក្តៅខ្លួនខ្លាំងណាស់ ដេរ៍ស៊ី! ដេរ៍ស៊ី! » ឡូវែល ព្យាយាមអង្រួនហៅនាងម្តងទៀតដើម្បីបញ្ជាក់ឲ្យច្បាស់ថានាងពិតជាសន្លប់ដោយសារតែគ្រុនក្តៅមែនឬគ្រាន់តែធ្វើពុតជាសន្លប់ដើម្បីគេចពីគេទេ តែក្រោយពីហៅនាងច្រើនដងហើយនាងនៅសន្លប់មិនដឹងខ្លួនទៀត ទើបគេរហ័សលើកបីនាងទៅដាក់ឲ្យគេងនៅលើគ្រែដោយក្តីព្រួយបារម្ភ។ ឡូវែល រហ័សរហួនយកប្រដាប់វាស់កម្តៅមកវាស់កម្តៅឲ្យនាង។
   « សាមសិបប្រាំបួនអង្សាសេ! មិនបានទេត្រូវរកវិធីបន្ថយកម្តៅសិន » ឡូវែល ទុកប្រដាប់វាស់កម្តៅនៅលើតុក្បែរក្បាលគ្រែហើយរហ័សទៅយកទឹកនិងកន្សែងមកជូតខ្លួនឲ្យ ដេរ៍ស៊ី ដើម្បីកាត់បន្ថយកម្តៅ។ ឡូវែល យកកន្សែងសើមតិចៗមកជូតដៃឲ្យនាងថ្នមៗ ប៉ុន្តែនៅតែមិនអាចកាត់បន្ថយកម្តៅបានដដែល ទើបគេត្រូវជូតខ្លួនឲ្យនាងទៀត ប៉ុន្តែគេមិនអាចលួចបំពាននាងពេលនាងសន្លប់បានទេ តែបើមិនធ្វើបែបនេះកម្តៅនាងមិនអាចថយចុះទេ ណាមួយយប់ជ្រៅណាស់ទៅហើយគេមិនអាចចុះទៅហៅ មីនី បានទេ ម្យ៉ាងទៀតគេខ្លាច រ៉ូណាន់ ដឹងហើយធ្វើឲ្យរឿងកាន់តែធំផង ទើបគេត្រូវបង្ខំចិត្តធ្វើគ្រប់យ៉ាងដោយខ្លួនឯង។
   ឡូវែល ងាកមុខចេញហើយលូកដៃចូលក្នុងអាវរបស់នាងជូតខ្លួនឲ្យនាងថ្នមៗ អ្វីក៏គេមិនបានឃើញនិងមិនបានប៉ះដែរ គេគ្រាន់តែជូតខ្លួនឲ្យនាងរួចក៏ដកដៃចេញមកវិញ តែមិនមែនមិនបានប៉ះសុទ្ធទេតែគេក៏ចាត់ទុកថាមិនបានប៉ះទៅចុះ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now