ភាគ២៦

161 4 0
                                    


“ ឌឺដង ”

  បន្ទប់អាហារ
  តុអាហារពេលល្ងាចជួបជុំសមាជិកគ្រួសារជាលើកដំបូងត្រូវបានរៀបចំយ៉ាងរាបរយរងចាំតែអ្នកប្រុសទាំងពីរចុះមកញុំអាហារដែលបានរៀបចំតែប៉ុណ្ណោះ។ ឡូវែលនិងរ៉ូណាន់ ដើរសំដៅមកបន្ទប់អាហារដំណាលគ្នាហើយក៏ប្រជៀតគ្នានៅមាត់ទ្វាដណ្ដើមគ្នាចូលមកក្នុងបន្ទប់អាហារ។
  “ ហេតុអ្វីពួកគេចេះឈ្លោះគ្នាបែបនេះ? ” ដេរ៍ស៊ី ឈរមើល ឡូវែលនិងរ៉ូណាន់ កាច់កុងគ្នាតាំងពីមាត់ទ្វាហើយក៏ក្រវីក្បាលហួសចិត្តបន្តិច ។
  « ដេរ៍ស៊ី អ្នកនាងជាអ្នករៀបចំអាហារទាំងអស់នេះមែនទេ? » រ៉ូណាន់ សម្លឹងអាហារនៅលើតុដោយស្នាមញញឹមហើយក៏សួរទៅកាន់ស្រីក្រមុំដែលឈរក្បែរនោះដោយសំឡេងស្រទន់។
  « ចាស តើលោកចូលចិត្តទេ? » ដេរ៍ស៊ី ញញឹមរួសរាយសួរទៅកាន់ រ៉ូណាន់ វិញ ធ្វើដូចមួយបន្ទប់នេះមានតែនាងនិង រ៉ូណាន់ ដោយគ្មានអ្នកណាចាប់អារម្មណ៍នឹងរាងក្រាស់ដែលឈរនៅក្បែរនេះសោះ។
  « បាទ ខ្ញុំចូលចិត្តទាំងអស់នឹងឲ្យតែអ្នកនាងជាអ្នកធ្វើ »
  « ដួសបាយ ឃ្លានណាស់! » ឡូវែល ទម្លាក់ខ្លួនអង្គុយលើកៅអីស្រែកបញ្ជា ដេរ៍ស៊ី ខ្លាំងៗកាត់ការសន្ទនារវាងនាងនិងប្អូនប្រុស ទាំងមុខក្រញ៉ូវខឹងមួរម៉ៅដែលគ្មានអ្នកចាប់អារម្មណ៍នឹងគេសោះ។
  « ចាស » ដេរ៍ស៊ី រហ័សយកចានទៅដួសបាយតាមសម្តីគេ។
  « ចាំខ្ញុំជួយ » រ៉ូណាន់ រហ័សទៅជួយដួសបាយ ដេរ៍ស៊ី ធ្វើឲ្យ ឡូវែល កាន់តែនៅមិនសុខ។
   គេខំប្រើនាងឲ្យទៅដួសបាយដើម្បីមិនឲ្យនាងនៅនិយាយជាមួយ រ៉ូណាន់ ប៉ុន្តែ រ៉ូណាន់ នៅតែទៅជួយដួសបាយឆ្លៀតឱកាសក្បែរនាងដដែល ទើបគេទ្រាំមិនបានក៏ក្រោកឡើងទៅទាញដៃនាងចេញពី រ៉ូណាន់ មកវិញ។
   « មានប្អូនប្រុសរបស់ខ្ញុំជួយដួសបាយហើយ នាងមកអង្គុយត្រង់នេះឲ្យស្ងៀមៗវិញល្អជាង » ឡូវែល អូសដៃនាងឲ្យមកអង្គុយកៅអីជិតគេ ទាំងមិនភ្លេចញាក់ចិញ្ចើមឌឺឲ្យប្អូនប្រុស។
   រ៉ូណាន់ មិនមាត់ហើយក៏កាន់ចានបាយមកឲ្យ ដេរ៍ស៊ីនិងបងប្រុសរបស់គេ។ រ៉ូណាន់ ដួសម្ហូបប្រុងដាក់ចាន ដេរ៍ស៊ី តែត្រូវ ឡូវែល លើកចានមកទទួលជំនួស។
   « អរគុណប្អូនប្រុស! » ឡូវែល ញញឹមឌឺដាក់ប្អូនប្រុស ធ្វើឲ្យ ដេរ៍ស៊ី លួចអស់សំណើច។
   វិធីមួយនេះគេរៀនតាមនាងច្បាស់ណាស់ ព្រោះលើកមុននាងក៏ធ្លាប់ប្រើវិធីនេះដែរ គឺនៅពេលដែល យូរ៉ាន់ មកញុំអាហារនៅទីនេះ។
   « ដេរ៍ស៊ី ស្អែកចង់ញុំអ្វីជាពិសេសទេ? ចាំខ្ញុំធ្វើឲ្យនាងញុំ » រ៉ូណាន់ សួរទៅកាន់ ដេរ៍ស៊ី ។
   « ខ្ញុំញុំអ្វីក៏បានដែរ មិនបាច់រំខានលោកទេ » ដេរ៍ស៊ី ឆ្លើយទាំងក្រែងចិត្តគេ។
   « អ្នកបម្រើក្នុងផ្ទះមាន មិនចាំបាច់រំខានឯងធ្វើម្ហូបទេ » ឡូវែល លូកមាត់ជ្រៀតជ្រែកការសន្ទនារបស់អ្នកទាំងពីរ។
   « អញ្ចឹងសម្រេចថាអាហារពេលព្រឹកថ្ងៃស្អែកខ្ញុំជាអ្នកធ្វើហើយណា » រ៉ូណាន់ មិនខ្វល់ពីសម្តីរំខានរបស់បងប្រុសហើយសម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯង។
   « តាមចិត្តលោកចុះ » ដេរ៍ស៊ី យល់ព្រមតាមគំនិតរបស់ រ៉ូណាន់ ដែរ។
   “ ឯងចង់ធ្វើម្ហូបយកចិត្តនាងផងមែនទេ? យើងមិនព្រមឲ្យឯងបានសម្រេចទេ ” ឡូវែល ទំពារបាយយ៉ាងសោះកក្រោះភ្នែកទាំងគូសម្លក់មុខប្អូនប្រុសមិនដាក់ ខណៈខួរក្បាលរបស់គេកំពុងតែគិតរកវិធីធ្វើឲ្យផែនការរបស់ប្អូនប្រុសបរាជ័យ។
    ក្រោយញុំអាហារពេលល្ងាចរួច ឡូវែល ប្រញាប់ទៅបន្ទប់របស់គេមុន មានតែ ដេរ៍ស៊ីនិងរ៉ូណាន់ ដែលនៅអង្គុយជជែកគ្នាលេងរហូតយប់បន្តិច ទើបនាងសុំទៅបន្ទប់សម្រាក ហើយ រ៉ូណាន់ ក៏សុំដើរជូននាងទៅបន្ទប់គេងដែរ។
    « រាត្រីសួស្តី » គេនិយាយលានាងពេលជូននាងមកដល់មុខបន្ទប់។
    « ចាស រាត្រីសួស្តី » ដេរ៍ស៊ី ញញឹមដាក់គេបន្តិចហើយក៏បើកទ្វាបន្ទប់ចូលទៅខាងក្នុង។
    ដេរ៍ស៊ី ចូលមកដល់ក្នុងបន្ទប់ក៏ត្រូវភ្ញាក់នឹងសភាពបន្ទប់ទទេស្អាតគ្មានអ្វីសោះ។
    « តើអីវ៉ាន់របស់ខ្ញុំទៅណាអស់ហើយ? មានចោរចូលផ្ទះមែនទេ? » ដេរ៍ស៊ី ភ័យស្លន់ស្លោហើយក៏រហ័សរត់ចេញមកខាងក្រៅវិញ។
    ក្រាក!
    នាងបើកទ្វាមកក៏បានឃើញ ឡូវែល និង រ៉ូណាន់ នៅប្រឈរមុខដាក់គ្នាមុខបន្ទប់របស់នាង ។
    « តោះឆាប់ឡើងទៅបន្ទប់របស់ពួកយើង » ឡូវែល ងាកមករកនាងហើយក៏ឈោងចាប់ដៃនាង នាំនាងដើរឡើងជណ្តើរទៅបន្ទប់ខាងលើ ទាំងនាងនៅធ្វើមុខឡេឡឺមិនដឹងអ្វី។
    ចំណែក រ៉ូណាន់ ក៏មិនអាចធ្វើអ្វីបាន ព្រោះបងប្រុសគេប្រើសិទ្ធិជាស្វាមីស្របច្បាប់ដណ្តើមនាងទៅ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now