ភាគ០៨

144 3 0
                                    

  “ ឃុំឃាំង ”

  « អ៊ួយ! អ្នកនាងថ្នមដៃបន្តិចបានទេ » រ៉ូណាន់ ស្រែកឲ្យស្រីក្រមុំចម្លែកមុខដែលជួយស្អំស្នាមជាំលើថ្ងាសឲ្យគេ បន្ទាប់ពីនាងបានវាយគេមិនសំច្នៃដៃព្រោះគិតថាគេជាចោរហើយ។
  « ខ្ញុំសុំទោសផងណា ខ្ញុំមិនដឹងពិតមែនថា ឡូវែល មានប្អូនប្រុសដែរ » ដេរ៍ស៊ី ឈប់ស្អំរបួសលើថ្ងាសឲ្យ រ៉ូណាន់ ហើយមកឱនមុខចុះសុំទោសគេវិញ ព្រោះបើ មីនី ចូលមកមិនទាន់ហើយស្រែកប្រាប់ថាគេជាប្អូនប្រុស ឡូវែល ទេ នាងប្រហែលវាយគេរហូតដេកពេទ្យបាត់ទៅហើយ។
  « ខ្ញុំមិនប្រកាន់នឹងអ្នកបម្រើដែលមកថ្មីដូចអ្នកនាងទេ  » រ៉ូណាន់ ចិត្តទូលាយមិនប្រកាន់នឹង ដេរ៍ស៊ី តែគេនៅធ្វើមុខក្រញូវមួរម៉ៅមិនទាន់បាត់ ហើយក៏កញ្ឆក់យកប្រដាប់ស្អំរបួសពីដៃស្រឡូនទៅស្អំរបួសលើថ្ងាសដោយខ្លួនឯងវិញ។
   « ខ្ញុំមិនមែនអ្នកបម្រើមកថ្មីទេ » ដេរ៍ស៊ី ប្រញាប់ប្រាប់ រ៉ូណាន់ ព្រោះមិនចង់ឲ្យមានអ្នកយល់ច្រឡំម្នាក់ទៀត។
   « នាងមិនមែនជាអ្នកបម្រើក្នុងផ្ទះទេ? » រ៉ូណាន់ ធ្វើមុខភ្ញាក់ផ្អើល ព្រោះតាំងពីដើមមកបើមិនមែនជាអ្នកចូលមកធ្វើការក្នុងផ្ទះទេ បងប្រុសគេមិនដែលនាំចូលមកក្នុងផ្ទះឡើយ តែនាងចូលមកស្នាក់នៅក្នុងផ្ទះរបស់គេហើយប្រាប់គេថាមិនមែនមកធ្វើការជាអ្នកបម្រើ ចឹងមានតែនាងជាភ្ញៀវ បែបនេះមានន័យថាបងប្រុសរបស់គេនាំស្រីចូលផ្ទះហើយ។
    « ខ្ញុំជាភរិយាបងប្រុសរបស់លោក »
    « ភរិយា! » រ៉ូណាន់ ស្រែកខ្លាំងៗស្ទើរមិនជឿនឹងត្រចៀករបស់ខ្លួនឯង បងប្រុសអាត្មានិយមរបស់គេកំពុងតែប្រើល្បិចកលអ្វីទៀតហើយ ពិតមែនហើយមួយរយៈមុនគេលឺថាក្រុមហ៊ុនមានបញ្ហាស្ទើរតែដួលរលំ ប៉ុន្តែព្រឹកមិញភាគហ៊ុនក្នុងក្រុមហ៊ុនស្រាប់តែប្រែមកជាល្អប្រសើរវិញមួយរំព្រិច ឬក៏មានពាក់ព័ន្ធនឹងនារីម្នាក់នេះ។ រ៉ូណាន់ សម្លឹងមុខ ដេរ៍ស៊ី មិនដាក់ភ្នែក ដោយក្នុងខួរក្បាលរបស់គេកំពុងគិតស្មានពីគំនិតបងប្រុស។
   « លោកមិនជឿម្នាក់ទៀតហើយមែនទេ? ខ្ញុំបានរៀបការជាមួយ ឡូវែល ថែមទាំងបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផង ប៉ុន្តែហេតុអ្វីខ្ញុំនិយាយប្រាប់អ្នកណាក៏គេមិនជឿបែបនេះ »
   « ខ្ញុំជឿនាង តែនាងឈ្មោះអ្វី? អត់ទេ! ខ្ញុំគួរតែហៅនាងថាបងថ្លៃ »
   ដេរ៍ស៊ី ចំហរមាត់ធំៗព្រោះមិននឹកស្មានថា រ៉ូណាន់ ជឿអ្វីដែលនាងបាននិយាយ គេគឺជាមនុស្សដំបូងក្នុងផ្ទះដែលជឿសម្តីរបស់នាង នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ទីបំផុតមានមនុស្សជឿនាងហើយ។
   « ខ្ញុំឈ្មោះ ដេរ៍ស៊ី រីករាយដែលបានស្គាល់លោក...» នាងមិនចាំឈ្មោះរបស់គេទេ ទោះ មីនី ធ្លាប់ប្រាប់នាងម្តងហើយក៏ដោយ ព្រោះតែជំងឺភ្លេចភ្លាំងរបស់នាង។
   « រ៉ូណាន់ » រ៉ូណាន់ ណែនាំខ្លួនជាផ្លូវការព្រោះគេនៅមិនទាន់ណែនាំខ្លួនទៅកាន់នាងនៅឡើយ គេមិនចម្លែកចិត្តទេដែលនាងមិនចាំឈ្មោះរបស់គេ។
   « ឈប់សិន លោកចាំខ្ញុំនៅទីនេះមួយភ្លែត! » ដេរ៍ស៊ី ក្រោករត់ចូលទៅបន្ទប់របស់នាង បានបន្តិចនាងក៏ចេញមកវិញព្រមជាមួយកាំមេរ៉ាថតរូបនិងសៀវភៅកំណត់ហេតុរបស់នាង។
   គ្រឹប!
   « នាងធ្វើស្អីនឹង? » រ៉ូណាន់ លើកដៃបាំងមុខ ចោទសួរទៅស្រីក្រមុំដែលសុខៗក៏យកកាំមេរ៉ាមកថតរូបរបស់គេ។
   « ខ្ញុំភ្លេចប្រាប់លោកថាខ្ញុំមានជំងឺភ្លេចភ្លាំងឆាប់រហ័ស ដូច្នេះដើម្បីអាចចំណាំលោកបានខ្ញុំត្រូវថតរូបលោកទុក សុំអនុញ្ញាតផង » នាងប្រាប់ពីស្ថានភាពជំងឺប្រចាំកាយរបស់នាងឲ្យគេដឹងហើយក៏ញញឹមដាក់គេសុំអនុញ្ញាតថតរូបរបស់គេទុកមួយសន្លឹក។
   រ៉ូណាន់ ព្រមដាក់ដៃចុះ កែវភ្នែកស្រទន់អាណិតអាសូរសម្លឹងស្នាមញញឹមរបស់ស្រីក្រមុំដល់ថ្នាក់ភ្លឹកភ្លេចខ្លួនមិនដឹងថានាងថតរូបគេហើយតាំងពីពេលណា រហូតបានលឺសំឡេងនាងនៅចំពោះមុខ ទើបគេដឹងស្មារតីមកវិញ។
   « រួចរាល់ហើយ លោក រ៉ូណាន់ »
   រ៉ូណាន់ ឱនមើលនាងយករូបថតរបស់គេបិទនៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃនិងសរសេរឈ្មោះរបស់គេនៅជិតរូបថត។
   “ មនុស្សដូចជាបងប្រុសម្តេចនឹងអាចរៀបការជាមួយមនុស្សស្រីដែលមានជំងឺបែបនេះបានទៅ បងប្រុសច្បាស់ជាកំពុងតែត្រូវការអ្វីពីនាងមិនខាន ពេលដែលនាងអស់ប្រយោជន៍បងប្រុសនឹងទាត់នាងចោល ” រ៉ូណាន់ សម្លឹងមុខរបស់ ដេរ៍ស៊ី ប្លែកៗរហូតនាងគិតថាលើមុខរបស់នាងមានប្រឡាក់អ្វីទៀតផង ទើបនាងសួរគេ។
   « តើមុខរបស់ខ្ញុំប្រឡាក់អ្វីមែនទេ? » 
   « មិនបានប្រឡាក់អ្វីទេ...ពេលនេះដល់ពេលខ្ញុំត្រូវទៅវិញហើយ » រ៉ូណាន់ ដកភ្នែកពីស្រីក្រមុំហើយក្រោកឈរឡើងពេញកម្ពស់ដើម្បីត្រឡប់ទៅវិញ ព្រោះគេមិនបានស្នាក់នៅផ្ទះនេះទេ។
   « លោកមិនបានរស់នៅទីនេះទេ? » ដេរ៍ស៊ី សួរដោយភ្ញាក់ផ្អើលព្រោះនាងស្មានតែគេស្នាក់នៅក្នុងផ្ទះនេះដែរ ព្រោះគេជាប្អូនប្រុសរបស់ ឡូវែល។
   « អត់ទេ ខ្ញុំមិនចូលចិត្តអ្នកខ្លះ មិនចង់រស់នៅជាមួយគេទេ »
   « បងប្រុសលោកមែនទេ? លោកមិនត្រូវគ្នាជាមួយ ឡូវែល ទេឬ? »
   « ខ្ញុំមិនចង់និយាយពីគេច្រើនទេ នាងក៏ដូចគ្នាកុំសូវជឿសម្តីរបស់គេពេក ព្រោះគេមិនបានល្អដូចនាងគិតឡើយ » រ៉ូណាន់ ដាស់តឿន ដេរ៍ស៊ី ដោយបំណងល្អ ហើយក៏ដើរចេញទៅយ៉ាងលឿន។
   « តើមានរឿងអ្វីកើតឡើងរវាងបងប្អូនពួកគេទៅ? »  ដេរ៍ស៊ី អង្គុយសម្លឹងមាត់ទ្វារផ្ទះដែល រ៉ូណាន់ ចេញទៅមុននេះ ដោយចង់ដឹងពីរឿងដែលនាំឲ្យបងប្អូនទាំងពីរនាក់មិនចុះសម្រុងនឹងគ្នា តែនាងបែរជាមិនបានគិតពីសម្តីដាស់តឿនដែល រ៉ូណាន់ និយាយប្រាប់នាងមុននេះទៅវិញ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now