ភាគទី៦៧

352 17 6
                                    

“គឺខ្ញុំស្រឡាញ់អ្នកនាង ជូហ្យុន” មួយប្រយោគចេញពីមាត់ជីនយ៉ុងនេះធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង មិនថាបូណា ឬមួយស៊ុលហ្គីទេ សូម្បីតែអ្នកជាឪពុកបង្កើតវិញក៏ភ្ញាក់ដែរ ព្រោះមិននឹកស្មានថាកូនប្រុសខ្លួនហ៊ានសារភាពចំពោះមុខចាស់ទុំបែបនេះទេ។
“ពូអរគុណទឹកចិត្តក្មួយខ្លាំងណាស់ជីនយ៉ុង ដែលមានអារម្មណ៍ល្អលើកូនស្រីពូ ពូមិនថាអីទេប្រសិនបើអាយរីនយល់ព្រមដែរនោះ” លុះឃើញថាម្នាក់ៗស្ងាត់មាត់ឈឹងដុងយ៉ុកក៏ថាឡើងទាំងញញឹមតិចៗទៅកាន់អ្នកកម្លោះ ធ្វើឱ្យបេះដូងនាយរីកមាឌជាងមុន ព្រោះថាឪពុកខាងស្រីបានបើកភ្លើងខៀវដល់នាយរួចជាស្រេច រង់ចាំតែពាក្យយល់ព្រមពីមាត់របស់អាយរីនតែប៉ុណ្ណោះ។ ស៊ុលហ្គី កាលបើឃើញទិដ្ឋភាពនេះ ខ្លួនគេនៅមិនសុខឡើយ ខួរក្បាលចាប់ផ្តើមគិតកាន់តែច្រើន បេះដូងឈឺខ្ទោកៗ ព្រោះខ្លាចថាគេបាននាង ទាំងដែលគេដឹងខ្លួនស្រាប់ហើយថាគ្មានថ្ងៃបាននាងមកក្រសោបម្ដងទៀតនោះ។
“អរគុណលោកពូខ្លាំងណាស់ ខ្ញុំនឹងរង់ចាំចម្លើយពីអ្នកនាងជូហ្យុន មិនថាយូរឬឆាប់ទេ ខ្ញុំអាចចាំបាន” នាយកម្លោះឱនក្បាលបន្តិចដើម្បីសម្ដែងការគោរពអរគុណទៅកាន់ចាស់ទុំ តែក៏មិនភ្លេចដៀងភ្នែកទៅស៊ុលហ្គី បង្ហាញពីភាពអ្នកឈ្នះទៅកាន់គេដើម្បីបញ្ឈឺចិត្ត។ ឯនាងក្រមុំដែលជាសាមីខ្លួនវិញបែរជាអង្គុយឆ្កឹង ព្រោះមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េច កាលបើឪពុកខ្លួនបើកភ្លើងខៀវឱ្យកម្លោះត្រកូលផាកនេះហើយ នាងសម្លឹងមើលមុខឪពុកខ្លួនបែបមិនយល់ ឯដុងយ៉ុកក៏ងក់ក្បាលតិចៗក្នុងន័យឱ្យសញ្ញានាងអ្វីមួយ នាងមិនតបតែងាកមុខចេញរួចសម្លឹងមើលជីនយ៉ុងដែលកំពុងញញឹមមកកាន់ខ្លួន។ ស៊ុលហ្គីខំប្រឹងឱនមុខចុះគេចពីទិដ្ឋភាពទាំងនេះ គេមិនចង់ឃើញមិនដឹងមិនចង់ឮ រឹតតែមិនចង់ឆ្កឹះដំបៅក្នុងបេះដូងរបស់ខ្លួន។
“បើសិនជាជូហ្យុនយល់ព្រម យើងអាចឱ្យពួកគេមើលចិត្តគ្នាមួយរយៈសិនបាន ក្នុងនាមខ្ញុំជាឪពុករបស់ជីនយ៉ុង ខ្ញុំក៏អនុញ្ញាតដូចគ្នា” ឮឪពុកខ្លួនថាបែបនេះ ជីនយ៉ុងញញឹមក្នុងអត្ថន័យម៉្យាងដែលមិនមែនដោយសារតែសប្បាយចិត្ត តែបើសម្លឹងទៅអាយរីន វិញអារម្មណ៍មិនដឹងជាដល់ណាទេ។ នៅពេលដែលជុងដេ ក៏បើកដៃដល់ពួកគេថែមទៀតនោះបូណា ក៏កាន់តែមិនយល់ ព្រោះនាងដឹងថាឪពុកនាងក៏ដឹងពីរឿងរវាងស៊ុលហ្គី និងអាយរីនដែរ ហេតុនេះហើយបានជានាងឆ្ងល់ថាប៉ានាងធ្វើដើម្បីអ្វី? ឬក៏ចង់ឱ្យស៊ុលហ្គីកាត់ចិត្តពីអាយរីន? ស៊ុលហ្គី ងើបពីកៅអីធ្វើឱ្យគ្រប់គ្នាសម្លឹងទៅគេគ្រប់គ្នា។
“ខ្ញុំសុំអនុញ្ញាតទៅបន្ទប់ទឹកសិន” គេបោះប្រយោគនេះរួចក៏ដើរចេញទៅ ឯចាស់ៗវិញនៅមុននេះស្មានថាស៊ុលហ្គីក្រោកទះតុប្រឆាំងនឹងរឿងនេះទៅហើយទេតើ ព្រោះពួកគាត់សុទ្ធតែដឹងថាស៊ុលហ្គី និងអាយរីនធ្លាប់ជាសង្សារនឹងគ្នា។ ដោយរង់ចាំនឹងនិយាយតទល់ជាមួយស៊ុលហ្គីជាយូរមកហើយ អាយរីនក៏សម្រេចចិត្តសុំអនុញ្ញាតពីចាស់ៗចេញទៅខាងក្រៅដូចគ្នា ដោយយកលេសថាទាក់ទងនឹងការងារព្រោះមិនចង់ឱ្យចាស់ៗគិតថានាងទៅតាមស៊ុលហ្គី។
មកដល់បន្ទប់ទឹក ស៊ុលហ្គីឈរពីមុខឡាបូលាងដៃដែលកំពុងតែបើកទឹកបង្ហូរចោល គេឈរសម្លឹងមើលទឹកនោះទាំងមុខមាំ មិនដឹងថាខ្លួនឯងមកបន្ទប់ទឹកដើម្បីមកធ្វើទុកធុរៈផ្ទាល់ខ្លួន ឬមកឈរមើលទឹកហូរឱ្យប្រាកដ។ សមចិត្តអាយរីនណាស់ មិនចាំបាច់ទៅរកឯណាឆ្ងាយមកដល់បន្ទប់ទឹកក៏ឃើញវត្តមានគេនៅទីនោះស្រាប់អាយរីនដើរសម្ដៅទៅរកស៊ុលហ្គីយ៉ាងលឿន ឯអ្នកខាងនោះវិញនៅឈរឆ្កឹងមិនសូម្បីតែងាកមុខទៅរកនារីដែលកំពុងឈរនៅមុខនាងទាំងកំហឹង។
“នៅមានរឿងអីខ្លះដែលនាងលាក់បាំងនឹងខ្ញុំ? បើមានក៏និយាយនៅត្រង់នេះឱ្យអស់មក នឹងអាលខ្ញុំចាត់ការនាងទៅតាមកំហឹងដែលខ្ញុំខំទប់កន្លងមកនេះ” ទឹកមុខរបស់នាងក្រមុំដែលសម្លឹងទៅអ្នកម្ខាងទៀតបានបញ្ជាក់យ៉ាងច្បាស់ពីចិត្តខឹងគុំគួននឹងមនុស្សស្រីដែលឈរធ្វើមុខស្មើនៅមុខកញ្ចក់ប៉ុណ្ណា នាងចង់ណាស់ ចង់វាយគេ ទះគេ តប់គេទៅតាមអារម្មណ៍ដែលនាងមានទាំងស្អប់ និងខឹងថែមទាំងស្រឡាញ់ទៀត នាងស្អប់គេដែលគេក្បត់នាង នាងខឹងគេដែលកុហកនាង ហើយនាងស្រឡាញ់គេព្រោះនាងបានប្រគល់ក្ដីស្រឡាញ់ដំបូងរបស់នាងទៅឱ្យគេអស់ហើយ។ ស៊ុលហ្គី មិនតបតតែគេបែរមកមើលមុខអតីតសង្សារទាំងទឹកមុខមើលមិនយល់។
“(ផាច់់!) ហេតុអីមិនតប? (ឌឹប!) នាងដឹងទេថាខ្ញុំទុកចិត្តនាងប៉ុណ្ណា (ឌឹប!) ខ្ញុំស្រឡាញ់នាងប៉ុណ្ណា (ឌឹបៗ!) ខ្ញុំទុកនាងសំខាន់ប៉ុណ្ណា? ខ្ញុំទុកនាងសំខាន់ស្មើនឹងជីវិត ចុះនាង? នាងបែរជាទុកខ្ញុំជាល្បែងលេងសើច ហើយនៅក្បត់គ្រួសារខ្ញុំទៀត!” ដោយគ្មានអ្វីតបត គេសុខចិត្តឈរឱ្យនាងវាយតប់តាមកំហឹងដែលទុកក្នុងចិត្ត គេដឹងខ្លួនថាគេខុសខ្លាំងណាស់ សូម្បីតែពាក្យសុំទោសក៏មិនអាចលុបលាងកំហុសគេបានផង បើសិនជាសម្លាប់គេហើយនាងអាចរំសាយកំហឹងបាន គេនឹងឈរឱ្យនាងសម្លាប់គេ។
“វាយខ្ញុំទៅ! បើសិនជាវាយខ្ញុំហើយនាងរំសាយចិត្តខឹងស្អប់បាន” ស៊ុលហ្គី ថាទាំងទឹកមុខស្មើធេង គេលាដៃឱ្យនាងវាយគេបន្ត ព្រោះគេមិនមានពាក្យអីមកនិយាយទៀតទេ។
“...” ប្រយោគរបស់ស៊ុលហ្គីធ្វើឱ្យនាងក្រមុំឈរគាំងមើលមុខគេទាំងមិនយល់ គេមិនសុំទោសនាង មិននិយាយលួងលោមនាងទេឬ? នេះមិនមែនជាអ្វីដែលនាងរំពឹងទុកទេ នាងចង់ឱ្យគេសុំការអភ័យពីនាង ចង់ឱ្យគេឃាត់នាង ចង់ឱ្យគេយល់ចិត្តនាង តែគេពិតជាមាត់រឹងណាស់។ អាយរីន មើលមុខមនុស្សស្រីដែលនាងធ្លាប់ស្រឡាញ់ ឥឡូវក៏នៅតែស្រឡាញ់ ទាំងទឹកភ្នែកកំពុងស្រក់ចុះម៉ាត់ៗ នាងមិនខ្វល់ទេថា ស៊ុលហ្គីនឹងមានអារម្មណ៍បែបណា នាងគ្រាន់តែចង់ឱ្យគេយល់ចិត្តនាងតែប៉ុណ្ណោះ តែមើលទៅគេចុះ ដូចជាមនុស្សគ្មានអារម្មណ៍អ៊ីចឹង។
“គ្រែងនាងចង់វាយខ្ញុំឬ? វាយមក វាយតាមចិត្តនាងមក វាយឱ្យសមនឹងកំហុសដែលខ្ញុំបានសាងលើនាងចុះ” ស៊ុលហ្គីក៏ខំទប់ទឹកភ្នែកខ្លួនដែរកាលបើឃើញមនុស្សដែលខ្លួនស្រឡាញ់សម្រក់ទឹកភ្នែកនៅនឹងមុខបែបនេះ។ តាមចិត្តខឹង អាយរីនចង់តែវាយនាងឱ្យស្លាប់ទេ តែនាងក៏នៅសល់កូនចិត្តមួយស្រឡាញ់គេដែរ ទើបធ្វើឱ្យនាងចិត្តមិនដាច់។
“បើខ្ញុំចង់សម្លាប់នាង ខ្ញុំធ្វើពេលណាក៏បាន តែពេលនេះខ្ញុំមិនចង់ឱ្យនាងធ្វើជាខ្មោចយាមបន្ទប់ទឹកទេ”
“...” ស៊ុលហ្គីឈរជ្រួញចិញ្ចើមមិនយល់ពីស្រីម្នាក់នេះសោះ មិនដឹងថានាងមានអារម្មណ៍យ៉ាងម៉េចចំពោះខ្លួនឱ្យប្រាកដ។ អាយរីនឈរសម្លក់គេរួចក៏ដើរចេញទៅ ទុកឱ្យស៊ុលហ្គីនៅឈរឆ្កឹងមិនយល់តែឯង។
ការជួបជុំអាហារពេលល្ងាចរវាងគ្រួសារទាំងពីរបានចប់ គ្រួសារទាំងពីរត្រឡប់ទៅកាន់ភូមិគ្រឹះរៀងៗខ្លួន។ គ្រាន់តែមកដល់ភ្លាម លោកផាក បានឱ្យកូនៗទាំងអស់មកអង្គុយនៅបន្ទប់ទទួលភ្ញៀវសិន ដោយគ្មានអ្នកណាអាចឡើងទៅបន្ទប់បានទេ លុះត្រាគេនិយាយចប់។
“លោកប៉ាមានការអីមែនទេ?” ជីនយ៉ុងចោទសួរឪពុកមុននឹងដាក់បង្គុយ។
“អ្វីដែលឯងនិយាយទាំងប៉ុន្មាននៅតុបាយមុននេះ ឯងច្បាស់ទេថាវាបានឆ្លងកាត់ខួរឯង មិនមែននិយាយតែមាត់?” ន័យក្នុងសំណួរនេះជីនយ៉ុងដឹងច្បាស់ពីជម្រៅចិត្តឪពុកខ្លួន បូណានិងស៊ុលហ្គីក៏យល់ពីអ្វីដែលឪពុកខ្លួននិយាយដែរ។
“ប៉ាចង់ថាខ្ញុំធ្វើព្រោះចង់ឈ្នះចិត្តគេមែនទេ?” នាយកម្លោះសើចហួសចិត្តព្រោះគេស្មានចិត្តឪពុកមិនដែលចេះខុស។
“គេជាបងស្រីឯង ប្រយ័ត្នសម្ដីបន្តិចទៅ ជីនយ៉ុង!”
“តែប៉ាមានសួរខ្ញុំទេថាខ្ញុំចង់ក្លាយជាប្អូនគេឬអត់នោះ?” ពេលនេះអ្នកទាំងពីរកំពុងតែតឹងសរសៃកដាក់គ្នារៀងខ្លួន ស៊ុលហ្គីក៏ឆក់ឱកាសមួយដើម្បីកុំឱ្យមានជម្លោះ។
“ប៉ា... ខ្ញុំ និងអាយរីនបានចប់គ្នាដាច់ស្រេចហើយ សូមប៉ាកុំបារម្ភពីរឿងនេះ ខ្ញុំច្បាស់នឹងអ្វីដែលខ្ញុំជ្រើសណាស់!”
“ស៊ុលហ្គី! ឯងច្បាស់នឹងខ្លួនឯងទេថាឯងនេះលែងនឹកគិតពីគេ? ឯងត្រូវកុហកខ្លួនឯងដែរឬ?” ប្រយោគនេះហាក់ធ្វើឱ្យស៊ុលហ្គីផាំងបន្តិច តែគេរកចម្លើយដ៏សមស្របមួយសម្រាប់សំណួរនេះ។
“រវាងរស់នៅក្នុងការពិត និងរស់នៅក្នុងការកុហក ខ្ញុំសុំជ្រើសការកុហកហើយ ព្រោះបើរស់នៅក្នុងការពិត ខ្ញុំអាចឈឺច្រើនជាងនេះ”
“បងស៊ុល! ខ្ញុំដឹងថាបងនៅស្រឡាញ់បងអាយរីន បងឆាប់សារភាពភ្លាមទៅ!” បូណាដឹងច្បាស់ថាបងស្រីខ្លួនកំពុងតែមាត់ក្បត់ចិត្ត គេមិនចង់ឃើញពីរនាក់នេះបែកបាក់គ្នាទេ។
“បងប្រាប់ហើយ រវាងបង និងនាងគឺចប់ គ្មានពាក្យថាអាចបន្តទៀតបានទេ”
“ឃើញទេប៉ា? ចុងក្រោយអ្នកឈ្នះគឺនៅតែជាខ្ញុំ ខ្ញុំនឹងពិសោធឱ្យប៉ាឃើញថាខ្ញុំពិតជាស្រឡាញ់ជូហ្យុនមែន ប៉ាចាំតែមើលចុះ!” ជីនយ៉ុងថាំចិត្តនឹងអង្គុយឈ្លោះជាមួយឪពុកខ្លួន នាយបោះប្រយោគនេះរួចរៀបនឹងងើបចេញតែសម្ដីជុងដេធ្វើឱ្យនាយអាក់ដំណើរ។
“បំភ្លេចពាក្យដែលយើងនិយាយនៅតុបាយចោលទៅ យើងមិនទទួលកូនប្រសារជាអ្នករកសុីលក់ថ្នាំញៀនទេ!” ជីនយ៉ុងញញឹមសារជាថ្មី រួចបែរមកសម្លឹងមុខឪពុកខ្លួនមុននឹងពោល។
“ខ្ញុំនឹងយកនាងមករស់នៅក្នុងផ្ទះនេះឱ្យបាន បើរឿងនេះធ្វើឱ្យប៉ាទើសទាល់ ខ្ញុំនឹងធ្វើឱ្យប៉ាទើសចិត្តរាល់ថ្ងៃ” ថារួច ជីនយ៉ុងបោះជំហ៊ានទៅជណ្ដើរសម្ដៅទៅបន្ទប់ដោយមិនខ្វល់ថាឪពុកខ្លួនខឹងក្រោធឬអត់។
“ប៉ា បណ្ដោយគេមួយខ្យល់សិនចុះ ទុកឱ្យខ្ញុំតាមមើលសកម្មភាពគេ ខ្លាចគ្រែងគេធ្វើអ្វីមិនគប្បី” ស៊ុលហ្គីផ្ដល់យោបល់ទៅកាន់ឪពុកខ្លួន ទាំងភ្លេចខ្លួនហៅជុងដេថាប៉ាផង។
“ល្អណាស់ស៊ុលហ្គី ឯងត្រៀមខ្លួនប្រើត្រកូលផាកហើយឬនៅ?”
“មិនលឿនពេកទេឬប៉ា?” ស៊ុលហ្គីហាក់ភ្ញាក់ផ្អើលព្រោះខ្លួនមិនទាន់បានត្រៀមខ្លួននៅឡើយ។
“យើងដៅរួចហើយ ពេលណាយើងឮឯងហៅយើងថាប៉ា ពេលនោះហើយឯងនឹងចាប់ផ្តើមប្រើត្រកូលផាក” ស៊ុលហ្គីឮហើយចាប់ផ្តើមភ័យខ្លួនម្ដងបន្តិចៗ ព្រោះគិតថាបើជុងដេប្រកាសថាខ្លួនជាកូនប្រពន្ធដើមនោះ ប្រាកដណាស់ព័ត៌មាននេះនឹងក្លាយជាប្រធានបទក្ដៅកគុកប្រចាំឆ្នាំនៅប្រទេសកូរ៉េ។

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jul 12, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

[KH] Fake Guard // Seulrene [Season 1]Nơi câu chuyện tồn tại. Hãy khám phá bây giờ