ភាគទី ៦៥

181 10 0
                                    

“អ្នកណាទៅដឹងថាលោកស៊ូហូផ្ដល់ចម្លើយបែបញុះញង់ ឬការពិតនោះ អ្នកនាង ប៊េ ជូហ្យុន?” ប្រយោគនេះ អ៊ុនសូ ដូចយកសាំងមកចាក់លើភ្លើងអ៊ីចឹង មិនមែនគេនិយាយមិនចេះគិតទេគឺគេនិយាយត្រង់ៗ មិនបញ្ឆិតបញ្ឆៀង ចំមុខ អាយរីន តែម្ដង។ បំណងគេថ្ងៃនេះគឺធ្វើយ៉ាងណាឱ្យ អាយរីន ភ័យជាមុនសិន ព្រោះថាពេលនេះគេគ្មានភស្ដុតាងគ្រប់គ្រាន់នៅឡើយ។
“អ្នកនាងអនុសេនីយ៍ចង់បានន័យថាម៉េច?” អាយរីន បន្ទាប់ពីខឹងឆួលក្នុងចិត្តអម្បាញ់មិញនេះ នាងស្រាប់តែប្រែទឹកមុខមកជាធម្មតានិយាយធ្វើដូចនាងមិនដឹងរឿងអីអ៊ីចឹង។
“អ្នកនាងប៊េ ខ្ញុំដឹងថាអ្នកនាងពេលនេះកំពុងតែក្ដៅចិត្តនឹងលោកគីម កាលដែលគេបានផ្ដល់ចម្លើយមកខាងខ្ញុំ ហើយខ្ញុំក៏ដឹងទៀតថាអ្នកនាងក៏បានយល់ពីអ្វីដែលខ្ញុំបាននិយាយមុននេះដែរ” អ៊ុនសូ ក្រោកឈរឡើងរួចប្រកូកឡើងទាំងពោលប្រយោគដ៏សែនវែងនោះផងដោយជើងរបស់គេដើរជុំវិញបន្ទប់ម្ដងមួយជំហ៊ានៗ។
“សូមអ្នកនាងតាំងចិត្តឱ្យស្ងប់សិនណា មិនមានអ្នកណាហ៊ានប៉ះអ្នកនាង និងគ្រួសារអ្នកនាងទេប្រសិនបើអ្នកនាងព្រមសហការជាមួយពួកយើង ដើម្បីស្វែងរកការពិត”
“អ្នកនាងអនុសេនីយ៍ ខ្ញុំគិតថាអ្នកនាងយល់ច្រឡំលើខ្ញុំហើយ ខ្ញុំស្អាតស្អំ មិនដូចពាក្យដែល គីម ស៊ូហូ និយាយទេ” នាងក្រមុំខំប្រកែកឡើងដើម្បីការពារខ្លួននឹងបញ្ជាក់អ្នកម្ខាងទៀតពីភាពស្អាតស្អំ។
“ខ្ញុំមិនទាន់ហ៊ាននិយាយថាខាងណាជាអ្នកផ្ដល់ចម្លើយឱ្យខ្ញុំពិតប្រាកដទេ រឹតតែមិនហ៊ាននិយាយថាអ្នកណាជាមនុស្សស្អាតស្អំ” អ៊ុនសូ នៅតែបន្តគោលជំហមិនប្រកាន់ទាំងសងខាង បើគិតទៅល្ខោនពេលនេះកំពុងតែជិតដល់វគ្គល្អមើលហើយ។ គេឱនមកជិតត្រចៀក អាយរីន រួចពោលប្រយោគមួយបែបខ្សឹបឡើង។
“ព្រោះថាលើលោកនេះគ្មានអ្នកណាមើលអ្នកណាធ្លុះឡើយ!” ថាចប់ អ៊ុនសូ ក៏មកអង្គុយកន្លែងដើមរួចបន្តសំណួរទៀត។
“ខ្ញុំសូមបន្តសំណួរ តើអ្នកនាងបានធ្លាប់បញ្ជារអង្គរក្សរបស់អ្នកនាងទៅដុតឃ្លាំងដើម្បីបំបាត់ភស្តុតាងទេ?”
“និយាយតាមត្រង់ទៅចុះ ខ្ញុំមិនសុខចិត្តទៅបំផ្លាញទំនិញខ្លួនឯងនាំតែខាតប្រាក់ចំណូលក្រុមហ៊ុនទេ ម៉្យាងទៀតពេលនោះក្រុមហ៊ុនខ្ញុំជួបវិបត្តិសេដ្ឋកិច្ចខ្លាំងសឹងតែក្រោកមិនរួចក៏ព្រោះតែបាត់បង់ទំនិញមួយឃ្លាំងនេះ អ្នកនាងអនុសេនីយ៍គិតមើលទៅថាខ្ញុំអាចបញ្ជារកូនចៅខ្ញុំឱ្យធ្វើបែបនោះកើតទេ?” ចម្លើយចេញមកភ្លាម អ៊ុនសូ អង្គុយកត់ត្រាបណ្ដើរពិចារណាបណ្ដើរ បើតាមស្ដាប់ទៅចម្លើយនេះវាមិនអាចជាពាក្យកុហកទេ ហើយបើសិនជាពាក្យកុហកមែននោះមិនមែននាងមកឆ្លើយចម្លើយវែងអន្លាយបែបនេះឡើយ។
“ខ្ញុំនៅតែរកមុខអ្នកធ្វើរឿងនេះមិនទាន់ឃើញ អ្នកនាងអនុសេនីយ៍គិតបានយ៉ាងម៉េចថាខ្ញុំជាអ្នកបញ្ជារកូនចៅខ្ញុំទៅបំបាត់ភស្ដុតាងនោះ?” អ្នកនាងត្រកូលប៊េលើកឡើងយ៉ាងសមហេតុផលជាហេតុធ្វើឱ្យ អ៊ុនសូ នៅគាំងមួយកន្លែង ប្រយោគមួយនេះកាន់តែធ្វើឱ្យគេសង្ស័យថារឿងនេះប្រាកដជាជាប់ពាក់ព័ន្ធនឹង ជីនយ៉ុង ជាមិនខាន។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now