ភាគទី២៧

131 11 0
                                    

@ភូមិគ្រឹះត្រកូលប៊េ

នៅក្នុងភូមិគ្រឹះត្រកូលប៊េពេលនេះកំពុងតែមានភាពចលាចលដោយសារតែមានអ្នករាយការណ៍អំពីរឿងឆេះឃ្លាំងទាំងកណ្ដាលយប់។

"អ្នកណាថ្លើមធំហ៊ានចូលទៅដុតឃ្លាំងទាំងយប់? សន្ដិសុខមិនមើលការខុសត្រូវទេឬ?" អាយរីនដាក់ថេនស្រែកមួយវាស់ ពោលទាំងកំហឹង អ្នកណាមិនខឹងសុខៗឃ្លាំងក៏ឆេះបែបនេះ?

"សន្តិសុខបានប្រាប់ថាមិនឃើញមានអ្នកណាចូលមកទេ ហើយក៏មិនបានឮសំឡេងអ្វីចម្លែកដែរ ទាន!" ថេនតបវិញទាំងឱនមុខចុះ តែកែវភ្នែកគេក្រលេកទៅមើលស៊ុលហ្គីដែលឈរពីក្រោយខ្នងអាយរីន ឯស៊ុលហ្គីវិញដឹងថាថេនកំពុងតែគិតថាគេជាអ្នកធ្វើវាហើយ ព្រោះគេធ្លាប់និយាយរឿងនេះជាមួយថេនពីក្បាលព្រលប់។

"គ្មានបានការមែន! គ្រាន់តែឱ្យយាមឃ្លាំងមួយក៏យាមមិនបាន តើឃ្លាំងមានអ្នកមកពន្លត់ទាន់ឬអត់?"

"មិនទាន់ទេ ពេលទៅដល់ឃ្លាំងឆេះអស់បាត់ទៅហើយ ទំនិញនៅខាងក្នុងក៏មិនសល់ដែរទាន!"

"តាមរកមុខអ្នកដុតឱ្យឃើញ កាន់តែឆាប់កាន់តែល្អ!" បន្ទាប់ពីទទួលបញ្ជារពីអាយរីនរួចថេនក៏ប្រញាប់ទៅធ្វើតាមភ្លាម។

"ខ្ញុំគិតថាឃ្លាំងឆេះក៏វាល្អដែរអ្នកនាង" ស៊ុលហ្គីបន្លឺឡើងនៅពីក្រោយអាយរីន ធ្វើឱ្យនាងងាកទៅសម្លក់ស៊ុលហ្គីថ្លែ។

"ប៉ុន្តែខ្ញុំត្រូវខាតប្រាក់អស់រាប់លាន និងទំនិញជាច្រើនទៀត នាងដឹងទេ?"

"ប៉ុន្តែអ្នកនាងមានទេគិតថាបើសិនជាឃ្លាំងនេះនៅដល់ថ្ងៃស្អែក ប៉ូលិសនឹងមករុករើឃ្លាំងនេះ?"

"..." ស៊ុលហ្គីនិយាយត្រឹមនេះធ្វើឱ្យអាយរីនគាំងគ្មានយោបល់។

"តែវាហាក់ដូចជាចៃដន្យពេកហើយដែលមានអ្នកលួចដុតឃ្លាំងពេលនេះ អ្នកនាងគិតដូចខ្ញុំទេ?"

"មែនហើយ អ្នកដុតប្រាកដជាមានចេតនា តែមិនដឹងថាអាក្រក់ឬល្អទេ រង់ចាំដំណឹងពីថេនសិន"

__

@ភូមិគ្រឹះត្រកូលផាក

រាងសង្ហារជីនយ៉ុងទើបតែមកដល់ផ្ទះ ស្មើនេះទាបភ្លឺទៅហើយ ជីយ៉ុនដែលចុះមករកទឹកផឹកក៏ភ្ញាក់ផ្អើលពេលឃើញបងប្រុសខ្លួនទើបតែចូលផ្ទះស្មើនេះ។

"បងប្រុសទើបតែមកពីណាស្មើនេះហើយ ហេតុអ្វីបានជាបែកញើសជោគបែបនេះ?"

"អូហ៍ បងទើបតែ...មកពីហាត់ប្រាណ" ជីនយ៉ុងកុហកទៅប្អូនស្រីរបស់ខ្លួន។

"បងហាត់ប្រាណស្មើនេះ? ចម្លែកមែនហាត់ប្រាណស្លៀកពាក់ដូចនីនចាអ៊ីចឹង" បូណាដើរទៅបើកទូរទឹកកករួចយកទឹកមកចាក់ផឹក វាជាការពិតដែលជីនយ៉ុងស្លៀកពាក់បែបនោះ។រំពេចនោះជីនយ៉ុងក៏ចុចទូរទស្សន៍ក៏ឃើញព័ត៌មានផ្សាយអំពីភ្លើងឆេះឃ្លាំងរបស់អាយរីន។

"អ្ហេ? ភ្លើងឆេះឃ្លាំងរបស់បងស្រីអាយរីន? ហើយអ្នកណាក៏ទំនេរម្ល៉េះទៅដុតឃ្លាំងរបស់គាត់" បូណាចំហមាត់ធ្លុងពេលឃើញព័ត៌មាននេះ ឯជីនយ៉ុងវិញធ្វើខ្លួនប្លែកៗឱ្យបូណាចាប់ផ្តើមសង្ស័យ។

"ឯងមិនឡើងទៅគេងវិញទេ?" ជីនយ៉ុងសួរទាំងភ្នែកនៅមើលទូរទស្សន៍។

"បងដេញខ្ញុំ?"

"ទេបងគ្រាន់តែសួរ"

"មិនបាច់សួរទេ តែគេចង់គេទៅហើយ ខ្ជិលនិយាយជាមួយបងណាស់!" បូណានិយាយរួចក៏ឡើងទៅជាន់លើវិញបាត់។
ឯនាយកម្លោះឯណេះវិញនៅបន្តអង្គុយមើលទូរទស្សន៍ធម្មតា គ្មានអ្នកណាដឹងទេថាគេជាអ្នកធ្វើរឿងនេះ។
រីង! រីង! ទូរស័ព្ទរបស់នាយក៏រោទ៍ឡើង នាយប្រញាប់ដកទូរស័ព្ទចេញពីហោប៉ៅរួចចុចទទួល។

"មានការអ្វីមែនទេសម្លាញ់?" ជីនយ៉ុងនិយាយទៅកាន់អ្នកចុងខ្សែរ។

"អាជីនយ៉ុង អាចម្កួត! យើងដឹងច្បាស់ថាឯងជាអ្នកធ្វើ!" អ៊ុនសូអង្គុយនៅក្នុងបន្ទប់ធ្វើការ ស្រែកដាក់ជីនយ៉ុងតាមទូរស័ព្ទលែតៗមកវិញ។

"កើតស្អីឯង យើងធ្វើស្អី?"

"នៅឆ្លើយធ្វើពើទៀត ឯងមែនទេជាអ្នកទៅបំផ្លាញភស្តុតាង?"

"បំផ្លាញភស្តុតាងស្អី? យើងទើបតែមកពីប៊ូសានវិញទេ"

"ឯងច្បាស់ហើយមែនទេថាឯងមិនបានធ្វើ?"

"យើងមិនដឹងឯងចង់និយាយពីស្អីទេ និយាយស្ដាប់គ្នាមិនចូលសោះ"

"ឯងមិនដឹងទេឬ? ឃ្លាំងរបស់អាយរីនបានឆេះហើយ ព្រោះមានអ្នកលួចដុត បើមិនមែនឯងមានតែអាស៊ុលហើយ"

"ស្អីគេ? ស៊ុលហ្គីអាចទៅដុតបានយ៉ាងម៉េច ឯងនេះកំប្លែងណាស់"

"មិនឱ្យយើងថាឱ្យវាយ៉ាងម៉េច បើថ្ងៃមិញយើងឱ្យគេទៅឃាត់ខ្លួនអាយរីនមកបំភ្លឺវាបែរជាឃាត់ហើយប្រាប់ថាទុកឱ្យវាជាអ្នករកភុស្ដតាង គិតទៅក្ដៅមែន!"

"ឯងតាមដានគេឱ្យជាប់ទៅ ហើយឮមកថាស្អែកនេះស៊ុលហ្គីនិងអ្នកនាងជូហ្យុនឡើងត្រូវតុលាការមែនទេ?"

"មែនហើយ យើងបានរៀបចំពាក្យពេចន៍ដើម្បីឱ្យវានិយាយតាមហើយ"

"ល្អហើយ ចុះរឿងរបស់អាយរីនវិញឯងគិតយ៉ាងម៉េច?"

"រឿងនេះមានតែតុលាការទេដែលមានសិទ្ធសម្រេច"

"អ្ហឹម អ៊ីចឹងយើងមិនរំខានឯងទេ កុំធ្វើការយូរពេកឆាប់ចូលដេកផង!"

"ចូលដេកក្បាលឯងស្អីការងារដូចភ្នំ បេសកកម្មមួយមិនទាន់ធ្វើហើយផងក៏ជាប់មកធ្វើបេសកកម្មមួយទៀត"

"ឯងហត់ហើយសម្លាញ់ ម៉ាកៗនេះយើងប្រាកដជាលើកប្អូនស្រីយើងឱ្យអ្នកដែលមានពេលច្រើនជាងហើយ"

"បិទមាត់ស្អុយរបស់ឯងទៅ!"

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now