ភាគទី៣៥

121 8 0
                                    

បន្ទាប់ពីអាយរីនគ្រាស៊ុលហ្គីចូលបន្ទប់រួច នាងក៏យកកន្សែងផ្សើមដោយទឹកក្ដៅអ៊ុនៗមកដាក់លើថ្ងាសដើម្បីឱ្យសីតុណ្ហភាពក្នុងខ្លួនថយចុះ។នាងចាប់ដៃគូសង្សារមកអង្អែលថ្នមៗធ្វើឱ្យអ្នកដែលត្រូវបានគេចាប់ដៃនោះលួចអរក្នុងចិត្តទាំងដែលធ្វើពុតជាសន្លប់សោះ។

"មិនដឹងជាទៅធ្វើអីទេបានជាឈឺបែបនេះ នេះបើមិនមកមើលទេមិនដឹងថាទៅជាយ៉ាងណាទេ" នាងក្រមុំរអ៊ូរទាំតែទឹកមុខនាងបញ្ជាក់ថានាងកំពុងតែបារម្ភខុសពីអ្នកដែលកំពុងធ្វើពុតនេះលួចសើចក្នុងចិត្តទាំងមានកំហុសបន្តិចដែរព្រោះគេបានកុហកសង្សាររបស់ខ្លួន។

"ឆាប់ងើបណា កាង ស៊ុលហ្គី អូនបារម្ភពីបង" ប្រយោគមួយនេះបានធ្វើឱ្យស៊ុលហ្គីដែលកំពុងដេកស្ដូកនោះរំភើបក្នុងចិត្តក្រៃលែង មិននឹកស្មានថានាងនឹងបានឮពាក្យល្អៗបែបនេះពីនាងសោះ។ស៊ុលហ្គីធ្វើជាបើកភ្នែកប្រឹមៗដូចជាទើបតែភ្ញាក់សន្លប់ឯអ្នកម្ខាងទៀតកាលបើបានឃើញសង្សារភ្ញាក់វិញក៏ញញឹមឡើងទាំងព្រួយបារម្ភក្នុងចិត្តផង។

"ស៊ុលហ្គី! បងមិនអីទេមែនទេ? បងមានអារម្មណ៍មិនស្រួលត្រង់ណាទេ? ត្រូវការឱ្យអូនជូនទៅពេទ្យទេ?" នាងក្រមុំងើបទៅអង្គុយលើពូកក្បែរគូស្នេហ៍ថែមទាំងស្ទាបស្ទង់ថ្ងាសដោយក្ដីបារម្ភផង។

"បង...បងមិនអីទេ គ្រាន់តែឃើញអូនបងក៏ជាវិញបាត់ទៅហើយ មិនចាំបាច់ត្រូវការពេទ្យទេ" កាលបើបានសង្សារសួរនាំជីកឬសគល់ទាំងក្ដីបារម្ភបែបនេះនាងក៏តបវិញទាំងញញឹមទៅកាន់នាងក្រមុំ។

"អូនសួរមែនណា កុំមកលេងសើចដាក់អូន ដឹងទេអូនភ័យសឹងតែស្លាប់ទៅហើយ"

"បងធ្វើឱ្យអូនភ័យដល់ថ្នាក់ហ្នឹងផងហ៎? បងសុំទោសដែលធ្វើឱ្យអូនបារម្ភ" ស៊ុលហ្គីទាញរាងស្ដើងមកឱបជាប់ទ្រូងថែមទាំងអង្អែលក្បាលនាងថ្នមៗផង។

"លើកក្រោយពេលឈឺត្រូវរកថ្នាំលេបកុំទុកដល់ថ្នាក់ដួលសន្លប់បែបនេះ សំណាងហើយដែលអូនមកមុនបងសន្លប់ ចុះបើអូនមកយឺតជាងនេះបងនឹងទៅជាយ៉ាងណា?" នាងក្រមុំឃ្លាតខ្លួនពីការឱបរួចងើយទៅសួររាងខ្ពស់ពេញដោយក្ដីបារម្ភ។

"បងសុំទោសណាលើកក្រោយបងនឹងមើលថែខ្លួនឱ្យល្អ អូនក៏កុំបារម្ភពីបងខ្លាំងពេក ហើយបងក៏សុំទោសដែលមិនបានជូនអូនទៅក្រុមហ៊ុន" ស៊ុលហ្គីនៅតែបន្តញញឹមទៅរកនាងក្រមុំ។

"មិនអីទេ អូនមិនបានខឹងឯណា" ពួកគេញញឹមដាក់គ្នាយ៉ាងរីករាយ ទុក្ខរបស់ស៊ុលហ្គីនៅពេលនេះក៏រាត់តាមវាយោអស់សល់តែអារម្មណ៍រីករាយនិងកក់ក្ដៅ គេខានទទួលអារម្មណ៍បែបនេះយូរហើយតាំងតែពីម្ដាយរបស់គេទៅចោលអស់រយៈពេលប្រាំពីរឆ្នាំទាំងដែលពេលនោះគេនៅរៀនវិទ្យាល័យនៅឡើយ។

ក្រោយពីពួកគេចំណាយពេលនៅជាមួយគ្នាសឹងតែកន្លះថ្ងៃរួចមកហើយនោះ អាយរីនក៏បានចាកចេញទៅ ឯស៊ុលហ្គីវិញក៏ធូរចិត្តកាលដែលនាងក្រមុំតាមមិនទាន់គំនិតខ្លួន នាងហក់ទៅអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវរួចដកដង្ហើមធំបន្តិចមុននឹងយកតេឡេទូរទស្សន៍មកចុចបញ្ជារទូរទស្សន៍។មួយសន្ទុះក្រោយក៏ឃើញវត្តមានរបស់ជូវីដែលត្រឡប់មកពីធ្វើការវិញទាំងក្នុងដៃមានថង់ដាក់ប្រអប់អាហារពេញដៃ។ជូវីរៀងភ្ញាក់នឹងវត្តមានរបស់ស៊ុលហ្គីបន្តិចតែក៏លែងវិញព្រោះតែមុននេះនាងដឹងច្បាស់ថាមានរឿងអ្វី។

"មិនទៅធ្វើការទេហ៎?" នាងប្រកូកឡើងមុននឹងដាក់អាហារទាំងនោះនៅលើតុ។

"ទេ ខ្ញុំគេងជ្រុលម៉ោងទើបមិនបានទៅ" ស៊ុលហ្គីតបទាំងភ្នែកសម្លឹងទូរទស្សន៍ជាប់។

"មិនខ្លាចចៅហ្វាយរករឿងទេ?"

"ខ្ញុំបានសុំច្បាប់នាងរួចហើយ ថាខ្ញុំឈឺមិនបានទៅទេថ្ងៃនេះ" នាងនៅតែតបទាំងមិនបែរមុខទៅកាន់ជូវី។

"អ្ហឹម ញ៉ាំអាហារពេលព្រឹកទេ? ខ្ញុំបានទិញ-" ស្រីស្រស់ខំបន្លឺឡើងទាំងញញឹមទៅកាន់អ្នកដែលកំពុងអង្គុយមើលទូរទស្សន៍តែក៏ត្រូវគេកាត់សម្ដីរបស់នាងភ្លាម។

"ទេ ខ្ញុំមិនឃ្លានទេ" ស៊ុលហ្គីពោលប្រយោគនេះទាំងមិនមើលមុខនាងជាលើកទី៣ នាងលើកតេឡេបញ្ជារទូរទស្សន៍ឱ្យបិទរួចដើរទៅកាន់បន្ទប់របស់ខ្លួនទាំងមិនខ្វល់ពីអ្នកម្ខាងទៀតដែលធ្លាក់ទឹកមុខដោយសារនាងសោះ។ដៃដែលកំពុងលើកប្រអប់អាហារនោះក៏ត្រូវដាក់ចុះដោយស្វ័យប្រវត្តិទឹកមុខក៏ក្លាយទៅជាស្រពោន...

"នេះស៊ុលហ្គីប្លែកដល់ថ្នាក់ហ្នឹងផង?" ជូវីពោលឡើងទាំងអន់ចិត្តនឹងស៊ុលហ្គីយ៉ាងខ្លាំងនាងមិននឹកស្មានថាស៊ុលហ្គីនឹងធ្វើបែបនេះដាក់នាងទេ។

*Flashback*

"អ្ហេ ហេតុអីបានជានាងនៅទីនេះ?" ជូវីដែលកំពុងឈររង់ចាំជណ្ដើរយន្តក៏ស្រាប់តែប្រទះឃើញអាយរីនដែលកំពុងតែដើរចេញពីជណ្ដើរយន្តមួយទៀតដែលនៅខាងឆ្វេងដៃរបស់នាង។ចំណែកឯនាងក្រមុំអាយរីនវិញមិនបានចាប់អារម្មណ៍នូវវត្តមានរបស់ជូវីឡើយ នាងដើរចេញទៅខាងក្រៅខុនដូរួចសម្ដៅទៅរកឡានដែលកំពុងចតចាំនាងនៅពីមុខរួចជាស្រេច ជូវីប្រញាប់ចេញទៅតាមពីក្រោយនាងតែឡាននោះក៏ចេញដំណើរទៅបាត់។

"ច្បាស់ណាស់ថាមុននេះនាងមករកស៊ុលហ្គី សង្ឃឹមថាជួបលើកក្រោយខ្ញុំនឹងនិយាយជាមួយនាងឱ្យដឹងសខ្មៅ ប៊េ ជូហ្យុន!" ជូវីឈរមើលឡានដែលកំពុងបោលទៅមុខអស់មួយសន្ទុះធំហើយនោះក៏ចាប់ផ្តើមប្រកូកឡើងទាំងញញឹមលាក់គំនួច។

*End of flashback*
__

@ក្រុមហ៊ុនឧស្សាហកម្មផាក
រាងសង្ហាបោះជំហ៊ានយ៉ាងហំហួនចេញពីជណ្តើរនៃក្រុមហ៊ុនរបស់ឪពុកខ្លួនដោយទឹកមុខញញឹមប៉ព្រាយ នាយដើរសម្ដៅទៅបន្ទប់ប្រចាំតំណែងរបស់ឪពុកខ្លួននាយត្រូវបានលោកជុងដេកោះហៅមុននេះទើបប្រញាប់ឃ្លាការងារនៅឯក្នុងបន្ទប់ផ្ទាល់ខ្លួនរួចមកជួបនឹងឪពុក។
តុកៗ! តុក! សំឡេងគោះទ្វាបានបន្លឺដាស់ស្មារតីបុរសចំណាស់ដែលកំពុងអង្គុយភ្លឹកមើលរូបថតមួយសន្លឹករបស់មនុស្សស្រីម្នាកដែលជាអតីតមិត្តស្រីរបស់គាត់។

"ចូលមក" លោក ផាក ជុងដេ តាំងស្មារតីបន្តិចមុននឹងតបទៅកាន់អ្នកដែលនៅខាងក្រៅ។
"តើលោកប៉ាមានការអ្វីបន្ទាន់មែនទេបានជាហៅខ្ញុំមកទាំងប្រញាប់ប្រញាល់ដូច្នេះ?" នាយកម្លោះឱនគោរពអ្នកជាឪពុកមុននឹងលើកសំណួរចោទសួរឡើង។

"អង្គុយសិនមក ប៉ាមានរឿងមួយចង់ពិភាក្សា" ឮដូច្នោះនាយក៏ដាក់បង្គុយលើកៅអីដែលមាននៅទល់មុខតុរបស់លោក មើលទៅទឹកមុខរបស់លោកជុងដេហាក់ដូចជាមានរឿងសំខាន់ចង់ប្រាប់ទៅគេអ៊ីចឹង។

"បាទលោកប៉ា អញ្ជើញមានប្រសាសន៍មកចុះ!" ជីនយ៉ុងប្រកូកឡើងទាំងញញឹមហាក់សង្ឃឹមក្នុងចិត្តថារឿងនោះអាចជាដំណឹងល្អក៏ថាបាន។

"ប៉ាមិនប្រាកដក្នុងចិត្តទេថាដំណឹងនេះជាដំណឹងល្អសម្រាប់ឯង..." លោកជុងដេបន្លឺឡើងទាំងមិនមើលមុខជីនយ៉ុងចំ ឯនាយឯណោះក៏កាន់តែព្រួយក្នុងចិត្តនៅពេលបានឮប្រយោគរបស់ឪពុកខ្លួនដូច្នោះ។

"...ខ្ញុំថាវាមិនអីទេលោកប៉ា សូមលោកប៉ាមានប្រសាសន៍មក ព្រោះខ្ញុំគិតថារឿងនេះវាមិនអាក្រក់ប៉ុន្មានទេ" នាយកម្លោះនៅតែខំញញឹមទៅកាន់ឪពុក ទាំងដែលអ្នកម្ខាងទៀតទឹកមុខមិនសូវស្រស់បស់ដោយសារតែមានកង្វល់ក្នុងចិត្ត។

"ឯងមានបងស្រីម្នាក់..."

"...លោកប៉ា...វាគឺជារឿងកំប្លែងតើមែនទេ?" ជីនយ៉ុងភ្ញាក់ផ្អើលបន្តិចតែក៏គិតឡើងវិញគ្រែងឪពុកខ្លួនចង់លលេងនឹងគេ...

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now