ភាគទី ៦១

118 11 1
                                    

“ស៊ុលហ្គី... ដល់ពេលដែលឯងត្រូវទៅរស់នៅជាមួយគ្រួសារពិតប្រាកដរបស់ឯងហើយ” កាងជុងវ៉ុនមិនបានលួងលោមកូនស្រីគេឡើយ គេបែរជានិយាយប្រយោគដែលស៊ុលហ្គីទទួលយកមិនបានទៅវិញ។
“លោកប៉ា...”
“យើងមិនមែនជាប៉ាបង្កើតរបស់ឯងទេ”
“ប៉ា!” ស៊ុងវ៉ាន់ងាកទៅស្រែកដាក់ឪពុកមួយទំហឹងកាលដែលឮប្រយោគចាក់ចំបេះដូងរបស់ស៊ុលហ្គីមុននេះ គេគិតថាវាស្ដាប់ទៅលើសលួសមិនសាកសមនឹងឱ្យបងស្រីគេមកស្ដាប់ប្រយោគបែបនេះឡើយ។
“បងស៊ុល បងកុំស្ដាប់ប៉ាអី បងមិនអាចទៅណាចោលខ្ញុំបានទេ ខ្ញុំជាប្អូនស្រីបង្កើតរបស់បង មិនអ៊ីចឹងឬ?”
“ឯងត្រឹមជាកូនដែលយើងមើលថែជំនួសឪពុកបង្កើតរបស់ឯងតែប៉ុណ្ណោះ មានតែ កាង ស៊ុងវ៉ាន់ តែម្នាក់គត់ដែលជាអ្នកត្រូវស្នងត្រកូលកាងនៅថ្ងៃអនាគត”
“លោកប៉ា! ហេតុអ្វីបានជាប៉ាប្រើសម្ដីដាក់បងស៊ុលបែបនេះ? ខ្ញុំមិនដែលឃើញប៉ាបែបនេះដាក់បងស៊ុលពីមុនសោះឡើយ”
“ត្រូវការឱ្យប៉ាប្រាប់ការពិតដល់ឯងប៉ុន្មានដង កាង ស៊ុងវ៉ាន់? ស៊ុលហ្គីមិនមែនជាបងស្រីឯងនោះទេ ស្ដាប់បានទេ?”
“ស្ដាប់ណាស៊ុលហ្គី ត្រកូលផាកពិតជាត្រូវការឯងណាស់ ឯងជាកូនច្បងនៃត្រកូលផាក ទោះបីឯងជាកូនស្រីក៏ដោយ តែគ្រួសារផាកពេលនេះពិតជាត្រូវការឯងពិតមែន”
“ត្រូវការខ្លាំងហ៎? ប៉ាគិតហ៎ថាមនុស្សដូចខ្ញុំនេះគេត្រូវការខ្លាំង?”
“វាមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេប៉ា...”
“ខ្ញុំសង្ឃឹមថាបន្ទាប់ពីចប់បេសកកម្មនេះខ្ញុំនឹងអាចលាឈប់នឹងការងារនេះរួចមកបន្តការងារជំនួសប៉ា តែនេះប៉ាបែរជាលើកខ្ញុំឱ្យទៅគ្រួសារគេទៅវិញ ប៉ាមិនគិតថាវា-”
“បានហើយប៉ាមិនចង់ស្ដាប់អ្វីទាំងអស់! ដល់ពេលដែលឯងត្រួវទៅហើយ រឿងការងារក្រុមហ៊ុនប៉ាចេះចាត់ចែងហើយ”
“ឯងឆាប់ទៅចុះ ប៉ាមិនចង់ស្ដាប់ឯងនិយាយទៀតទេ”
“បងស៊ុល...” ស៊ុងវ៉ាន់ងាកមកចាប់ដៃអ្នកជាបងដែលនឹងត្រូវឃ្លាតក្នុងពេលបន្តិចទៀតនេះដោយទឹកមុខស្រពោនព្រមទាំងមានទឹកភ្នែកដក់ជាប់ក្នុងកែវភ្នែកទៀតផង។
“បានជាលោកប៉ានិយាយបែបនេះហើយ អ៊ីចឹងខ្ញុំលាលោកប៉ាសិនហើយ” ស៊ុលហ្គីពោលទាំងឱនលំទោនខ្លូនកៅសិបដឺក្រេគោរពអ្នកដែលបានចិញ្ចឹមបីបាច់ខ្លួនជាងម្ភៃឆ្នាំមកនេះទាំងទឹកភ្នែកស្រក់ចុះមិនឈប់ អ្នកដែលជាអ្នកមានគុណបានត្រឹមតែបែរខ្នងពួនសម្រក់ទឹកភ្នែកបៀមក្ដីឈឺចាប់តែឯង ចំណែកឯអ្នកជាប្អូនវិញឃើញដូចនេះកាន់តែទទួលយកមិនបានព្រោះខ្លួនមិនចង់ឃ្លាតពីបងស្រីដ៏ល្អម្នាក់នេះឡើយ។
“បងដាច់ចិត្តទៅចោលខ្ញុំដែរមែនទេ? បងពិតជាចង់ទុកប្អូនស្រីម្នាក់នេះឱ្យនៅម្នាក់ឯងរហូតតើមែនទេ?”
“បងនឹងត្រឡប់មកវិញនៅថ្ងៃណាដែលលោកប៉ាពេញចិត្តនឹងចង់ឱ្យបងមករក” ស៊ុលហ្គីញញឹមទាំងទឹកភ្នែកស្រក់មិនអស់ ខំទប់ចិត្តកុំឱ្យយំតែខ្លួនធ្វើមិនបានឡើយ។
“បងលាសិនហើយស៊ុងវ៉ាន់!” ថាតែមួយឃ្លានេះ ស៊ុលហ្គីក៏បោះជំហ៊ានចេញទៅទាំងក្ដីឈឺចាប់ គេប្រឡែងទឹកភ្នែកមកតាមដំណើរដោយមិនខ្វល់ថាមានអ្នកខ្វល់ឡើយ។ អង្គរក្សលោកផាកបានបើកទ្វារឡានឈរចាំអ្នកនាងធំរបស់ត្រកូលផាករួចជាស្រេច ស៊ុលហ្គីឈរសម្រួលអារម្មណ៍ដើម្បីកុំឱ្យអ្នកផ្ទះត្រកូលផាកដឹងថាគេលួចយំ ព្រោះគេមិនចង់ឱ្យគ្រួសារនោះចំអកលកលើយឡើយ។
__
រាត្រីកាលបានចូលមកដល់ ក្រលេកមកមើលគ្រួសារប៊េវិញ បន្ទាប់ពីរូបភាពទំនាក់ទំនងរបស់ស៊ុលហ្គីនិងអាយរីនបានបែកធ្លាយមកពួកគេបានត្រឹមតែយកលុយទៅបំបិទមាត់អ្នកកាសែតនិងអង្គភាពផ្សាយព័ត៌មានទូទាំងប្រទេស។ ឯអាយរីនវិញគេនៅគិតពីសម្ដីរបស់ឪពុកគេនៅឡើយ។
‘ឯងមិនដឹងទេនៅពេលនេះ តែនៅថ្ងៃអនាគតឯងនឹងដឹងថាគេសំខាន់ប៉ុណ្ណាសម្រាប់ខ្លួនឯង’ ប្រយោគមួយឃ្លាចេញពីមាត់ឪពុកខ្លួននៅគងរំពងពេញត្រចៀកមិនឈប់ ចិត្តនាងនៅតែគិតពីប្រយោគនេះព្រោះមិនយល់ច្បាស់ថាឪពុកខ្លួនចង់សម្ដៅទៅលើអ្វី។
”ខ្ញុំមិនយល់ទេហេតុអីលោកប៉ាថាគេសំខាន់សម្រាប់ខ្ញុំទាំងដែលខ្ញុំត្រូវគេកុហកជាងមួយឆ្នាំមកនេះ លោកប៉ាទុកចិត្តគេដល់ថ្នាក់នេះឬ?” នាងក្រមុំអង្គុយនឹកគិតពីរឿងនេះមិនឈប់ នាងនៅតែខឹងនឹងស៊ុលហ្គីដែលលួចក្បត់នាងក្រោយខ្នង នាងមិនយល់ទេហេតុអីបានជាគេអាចស្រឡាញ់មនុស្សដូចនាងបានហើយក៏អាចដាច់ចិត្តបានយ៉ាងលឿនដូច្នេះ។
__
@ភូមិគ្រឹះត្រកូលផាក
   តុអាហាររបស់ត្រកូលផាកនៅថ្ងៃនេះមិនដូចរាល់ដង ព្រោះតែសមាជិកក៏បានមកជួបជុំគ្រួសារនេះឱ្យមើលទៅពេញលេញ។ ក្នុងបរិយាកាសបែបនេះពួកគេគួរតែសើចសប្បាយដូចគ្រួសារដទៃពេលដែលជួបជុំគ្រួសារប៉ុន្តែវាមិនដូចឡើយ។ ជីនយ៉ុងនិងស៊ុលហ្គីកំពុងតែអង្គុយពាក់មុខយក្សដាក់គ្នាចំណែកឯបូណានិងលោកផាកវិញបានត្រឹមអង្គុយមើលមុខគ្នាព្រោះថាមិនសមណាពួកគេប្រែជាមើលមុខគ្នាលែងចំសោះ ពីមិត្តភក្តិក្លាយជាបងប្អូនបង្កើតសមតែសប្បាយចិត្តតែពួកគេវិញពីមិត្តភក្តិក្លាយជាសត្រូវសឹងតែសុីសាច់ហុតឈាមទៅហើយ។
“ពួកឯងប្រុងអង្គុយពាក់មុខយក្សដាក់ដល់ពេលណាទៀត មិនគិតបាយទឹកទេឬ?” លោកផាកពោលឡើងធ្វើឱ្យជីនយ៉ុងចាប់ផ្តើមដួសអាហារមកដាក់ក្នុងចានបាយទាំងទឹកមុខក្រង៉ូវមើលមិនយល់ដដែល។
“ស៊ុលហ្គី ឯងឆាប់ញ៉ាំទៅ” លោកផាកងាកមកនិយាយដាក់កូនស្រីច្បងកាលបើបានឃើញគេមិនព្រមដួសអាហារមកញ៉ាំសោះ។
“បងស៊ុល នេះឆាប់ញ៉ាំទៅ ញ៉ាំឱ្យច្រើនៗដើម្បីមានកម្លាំងទៅធ្វើការនៅថ្ងៃស្អែក” ស៊ុលហ្គីបានត្រឹមតែងក់ក្បាលរួចញ៉ាំបាយបន្ត។ កាលបើឃើញបូណាយកចិត្តទុកដាក់លើស៊ុលហ្គីបែបនេះ ជីនយ៉ុងចាប់ផ្តើមមិនពេញចិត្តភ្លាម នាយងើបឈរឡើងរួចសម្លងមើលមុខស៊ុលហ្គីមុននឹងបន្តមើលមុខបូណា។
“ខ្ញុំឆ្អែតហើយ” ដោយនាយមិនចង់បង្ករឿងនៅតុបាយនាយក៏ដើរចេញទៅដោយទុកឱ្យលោកផាកតាមសម្លឹងមើលនាយទាំងមិនយល់។
“ឆាប់ញ៉ាំបាយទៅ កុំខ្វល់ពីគេអី” លោកផាកនិយាយរួចក៏បន្តញ៉ាំ តែស៊ុលហ្គីដូចជាមានរឿងចង់និយាយលោកក៏មើលមុខគេរួចសួរ។
“ឯងមានអីចង់និយាយមែនទេ?”

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now