Ch49: បើមិនស្រលាញ់គ្នា ហេតុអីរៀបការ?

6.4K 252 19
                                        

ដោយសារតែថេយ៍នៅស្រពិចស្រពិល និងឈរធ្មឹងសម្លឹងពួកគេមិនដាក់ភ្នែក ទើបរាងក្រាស់ត្រូវដើរទៅរក ហើយដឹកដៃគេដោយផ្ទាល់ទៅរកភ្ញៀវពិសេស។
"ជែត?"
រាងតូចស្ទុះទៅឱបក្រសោបកូនស្រីទាំងក្ដីនឹករលឹក ទឹកភ្នែកក៏ស្រក់ជាបន្តបន្ទាប់ ព្រោះនាយអត់នឹងរំភើបមិនបាន មិនស្មានថាបានជួបកូនវិញនៅថ្ងៃនេះ។ នាងធំច្រើនណាស់ ថែមទាំងស្រស់ស្អាតទៀតផង។ មិនចង់អួតក៏មិនកើត ព្រោះកូនស្រីស្អាតបែបនេះព្រោះតែនាងកាត់មករកនាយ។
"ប៉ាៗ ហេតុអីមិនឃើញប៉ាទៅលេងកូនផង?"
នេះជាសំណួរដែលជែតចង់សួរប៉ាយូរមកហើយ នាងក៏នឹកគាត់ដូចគ្នាប៉ុន្តែមិនដែលឃើញគាត់ទៅលេងនាងម្ដងណាឡើង។ នាងតូចចិត្ត ស្មានថាគាត់មិនបានស្រលាញ់នាងដូចជាប្អូនប្រុសទេតែពេលបានជួប គាត់មិនបានដូចដែលនាងគិត គាត់ហាក់នឹកនាងជាងនាងនឹកគាត់ទៅទៀត។
"ប៉ាសុំទោសៗ ដែលទុកកូនឲ្យនៅម្នាក់ឯង"
"ហឹកៗ ប៉ា"
រូបភាពដ៏ស្រណោះស្រណោករបស់ប៉ាកូនទាំងពីរធ្វើឲ្យអ្នកជំវិញខ្លួនមើលហើយអត់នឹងអាណិតមិនបាន។ ចង់ដឹងណាស់ ថាអ្នកដែលបំបែកប៉ាកូនគេចេញពីគ្នា ពេលនេះមានអារម្មណ៍បែបណា ធ្វើមិនឃើញឬយ៉ាងម៉េច ថាគេកំពុងធ្វើឲ្យកូននិងប្រពន្ធខ្លួនឯងឈឺចាប់?
"បានហើយៗ ថ្ងៃនេះគួរតែជាថ្ងៃល្អ កុំនាំកូនមកយំយែកអី"
រាងក្រាស់ថាស្ដីឲ្យប្រពន្ធបែបនោះមែន តែអ្នកដែលនាយទាញយកមកឱបលួងលោម ជូតទឹកភ្នែកមុនគេនោះគឺប្រពន្ធតូចហ្នឹងឯង។
"មនុស្សអាក្រក់"
ថេយ៍លួចជេរប្ដីខ្សឹបៗ តែវាមិនបានធ្វើឲ្យគេប្រកាន់ខឹង គេបែជាញញឹមលួចខ្នាញ់ទើបថើបក្រញិចថ្ពាល់ក្រពុំនៅចំពោះមុខគ្រប់គ្នា។
"រំអួយបែបនេះ ប្រយ័ត្នកូនយើងកាត់តាម"
មនុស្សកំពុងតែខូចចិត្តផង លួចខឹងគេផង គេមិនលួងឲ្យត្រឹមត្រូវតែបែជាមកថាឲ្យ ញ៉ោះឲ្យនាយខឹងថែម។ ថេយ៍ង៉ក់ងរមិនចង់ឲ្យគេមកនែបនិត្យទេ តែគេមិនព្រមលែងនាយ មានតែឱបណែនថែមឲ្យនាយសឹងរកខ្យល់ដកមិនបាន។
"ឌែតឌីហើយនិងប៉ាមើលទៅដូចស្រលាញ់គ្នាតាស"
ជែតអើតកមកចន្លោះប្អូនភ្លោះទាំងពីរ  ដែលពួកគេក៏កំពុងសង្កេតមើលសកម្មភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធទាំងពិចារណា ហើយក៏នាំគ្នាវិភាគម្នាក់ម្ដង។
"ឃើញថើបគ្នាញឹបញាប់ មនុស្សស្រលាញ់គ្នាគេថើបគ្នាចឹងត្រូវអត់ បងប្រុស បងស្រី?"
"តែមនុស្សស្រលាញ់គ្នា គេមិនឃុំឃាំងគ្នាបែបនេះទេជែក"
មានតែជេយ៍ម្នាក់ប៉ុណ្ណោះ ដែលគិតថាទំនាក់ទំនងពួកគាត់មិនមែនជាស្នេហា តែវាជាការចង់បានរបស់ឌែតឌីតែម៉្យាង ឬអាចថាគាត់ចាប់បង្ខំប៉ានាយក៏ថាបាន។
"បើមិនស្រលាញ់គ្នា ហេតុអីរៀបការ មានកូនជាមួយគ្នា?"
សម្ដីរបស់បងស្រីពួកគេក៏ត្រូវម៉្យាងដែរ បើគ្មានចិត្តឲ្យគ្នាមែន ប្រហែលមិនបាននៅជាមួយគ្នាយូរឆ្នាំបែបនេះទេ។
ទីបំផុត គ្រួសាររបស់គេក៏បានវិលមកជួបជុំគ្នាវិញក្រោយពេលបែកគ្នាអស់រយៈពេលជាយូរ។ ថេយ៍ព្យាយាមអភិវឌ្ឍទំនាក់ទំនងជាមួយនឹងកូនស្រីទាំងដែលនៅរក្សាភាពស្និទ្ធិស្នាលជាមួយនឹងកូនប្រុសទាំងពីរ។ នាយមិនបានស្រលាញ់នរណាចោលនរណានោះទេ គ្រាន់តែថានាយខានជួបកូនស្រីយូរ ទើបចង់នៅជាមួយនាងឲ្យបានច្រើន។
ពេលឃើញនាងនិងស្វាមីខ្លួនមានទំនាក់ទំនងល្អ នាយក៏សប្បាយចិត្តព្រោះយ៉ាងហោចណាស់ក៏បានដឹងថាជេឃេមិនបានស្អប់កូនស្រីដូចដែលនាយគិតពីដំបូង មើលទៅគេស្រលាញ់និងយកចិត្តទុកដាក់ចំពោះនាងណាស់ មិនអ៊ីចឹង មិនមែនកូនធំហើយនៅលើកបីដាក់អង្គុយលើភ្លៅនោះទេ។
"ប៉ា! ថ្ងៃនេះ ពួកយើងទៅដើរលេងជាមួយគ្នាបានទេ?"
ជែកអង្រួនដៃថេយ៍ទាំងទឹកមុខស្រងូតស្រងាត់ ព្រោះខ្លួនពិតជាចង់ចេញទៅដើរលេងជាមួយគ្រួសារបានម្ដងពិតមែន។ នាយចង់សប្បាយ ចង់ដូចជាគ្រួសាររបស់អ្នកដទៃដែរ។
"គឺ... សាកសុំឌែតឌីរបស់កូនទៅ"
រឿងបែបនេះ នាយគ្មានសិទ្ធិសម្រេចចិត្តទេ អ៊ីចឹងមានតែឲ្យគេសុំជេឃេដោយផ្ទាល់ហ្នឹងឯង បើនាយហាមាត់និយាយគេកាន់តែមិនព្រម។
"ឌែតឌី!"
"មានអី?"
"ពួកយើងសុំទៅដើរលេងមួយថ្ងៃបានទេ?"
"មែនហើយ! នាំប៉ាទៅជាមួយផង"
ទោះកូនប្រុសម្នាក់ៗខំនិយាយបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយក៏នាយនៅតែមិនពេញចិត្តព្រមទាំងមើលទៅថេយ៍ទាំងក្រសែភ្នែកខឹងសម្បារ  ប្រៀបដូចជាថេយ៍ហ្នឹងជាអ្នកនាំអាតកូនឲ្យនិយាយអ៊ីចឹង។
"ចាំថ្ងៃក្រោយចុះ ថ្ងៃនេះលេងនៅផ្ទះសិនទៅ"
ពាក្យសម្ដីនេះ ពួកគេស្ដាប់ឡើងចាំអស់ទៅហើយ។ រាល់ពេលដែលសុំទៅណាម្ដងៗ វាពិបាកជាងស្អីទៅទៀត បើចង់ឲ្យប៉ាទៅជាមួយវាកាន់តែពិបាក។
"បងនាំកូនដើរលេងបន្តិចទៅ  អូនមិនទៅក៏បានដែរ"
"មិនបានទេប៉ា!"
បើប៉ាមិនទៅពួកគេក៏មិនទៅដែរ! បើមិនបានទៅជុំគ្នាដដែល តើទៅដើម្បីអី?
"ឌែតឌី ជែតក៏ចង់ដើរលេងនឹងគេដែរ ជែតខានមកទីនេះយូរហើយ ឌែតឌីនាំជែតដើរលេងផងណា"
នាងច្រម៉ក់ធ្វើភ្នែកម៉ក់ៗចង់យំផងអីផង ធ្វើឲ្យគេមិនអាណិតកូនស្រីមិនបានទើបត្រូវបណ្ដោយតាមអ្វីដែលនាងចង់បាន។
"ហើយកូនចង់ទៅណា?"
"ឌែតឌីយល់ព្រមហើយមែនទេ?"
"អឹម"
"ប៉ាៗអាចទៅជាមួយពួកយើងដែរមែនទេ?"
"អូខេ"
"ល្អណាស់ ស្រលាញ់ឌែតឌីបំផុត *ជុប"
នាងតូចរត់ចុះពីភ្លៅជេឃេទៅស្រវ៉ាឱបប៉ាតូចរបស់នាងទាំងរំភើប ព្រោះទីបំផុតនាងក៏បានចេញទៅក្រៅជាមួយប៉ាតូចហើយ។
"ប៉ាពួកយើងទៅណាល្អ?"
"អឺ ប៉ាក៏មិនសូវស្គាល់កន្លែងកំសាន្តច្រើនទេ"
"អញ្ចេះចុះ ពួកយើងទៅសមុទ្រតែម្ដងទៅ តែចាំល្ងាចបន្តិចចាំទៅល្អទេ? ឌែតចង់នៅបង្ហើយការងារបន្តិចសិន"
"ពិតមែនហេស ឌែតឌី?"
"បាទ"
បងប្អូនប្រុសទាំងពីរងាកមើលមុខគ្នា ហើយក៏ក្រវីក្បាលតិចៗពេលឃើញបងស្រីសុំអីបានដូចចិត្ត ចំណែកពួកនាយមិនដែលសុំបានទៅណាម្ដងឡើយ។ គាត់លំអៀងខាងបងស្រីច្បាស់ណាស់!
ក្រោយនិយាយគ្នាដាច់ស្រេច គេក៏ចេញទៅធ្វើការបាត់ទុកឲ្យថេយ៍នៅមើលកូននិងរៀបចំអីវ៉ាន់ទាំងប៉ុន្មានជាមួយជំនិតផ្ទាល់ខ្លួន។
តាមពិត នាយគួរតែរករឿងឈ្លោះជាមួយគេ ក្រោយត្រូវគេចាប់ធ្វើបាបប៉ុន្មានថ្ងៃនេះ តែមកឃើញកូនៗសប្បាយចិត្តយ៉ាងនេះ នាយក៏ចិត្តមិនដាច់ មិនចង់ឲ្យកូនឃើញពួកនាយឈ្លោះគ្នា។ ឲ្យតែពេលនាយខឹងគេ នឹកចង់លែងលះ គេក៏បង្ហាញទង្វើរល្អតិចតួចឲ្យនាយទន់ចិត្តភ្លាម បើបែបនេះ តើឲ្យនាយទៅណារួច?
"ប៉ាៗ ពេលណាឌែតឌីមកវិញ?"
"ប្រហែលបន្តិចទៀត ពួកយើងចាំសិនទៅណា"
នាយនិងកូនអង្គុយរង់ចាំគេយូរហើយតាំងពីរព្រឹកដល់ល្ងាច ល្ងាចដល់យប់តែមិនឃើញវត្តមានគេត្រឡប់មកវិញទាល់តែសោះ។ មើលកូនៗចុះ ម្នាក់ៗចង់ដើរលេងពេកសូម្បីបាយល្ងាចក៏មិនហ៊ានញ៉ាំ ហើយនាំគ្នាអង្គុយចាំផ្លូវទាំងងុយងក់អស់ហើយ។
"ម្ចាស់តូច! លោកម្ខាស់ប្រាប់ឲ្យអ្នកទាំងអស់គ្នាឡើងឡានពេលនេះ ហើយចាំទៅជួបគាត់ចំណតយន្តហោះតែម្ដង"
"ទៅយន្តហោះផ្ទាល់ខ្លួនរបស់គេឬ?"
"បាទទាន"
ជារឿងធម្មតាទេ ដែលគេមានយន្តហោះផ្ទាល់ខ្លួន ព្រោះគេក៏ឧស្សាហ៍ហោះទៅមកៗព្រោះតែរឿងជំនួញ ណាមួយគេចូលចិត្តភាពផ្ទាល់ខ្លួន មិនចង់មានអ្នករំខានក្នុងពេលគេសម្រាកនៅលើយន្តហោះ។
នៅតាមផ្លូវទៅជួបគេ ដោយសារតែកូនឃ្លានពេក ទើបថេយ៍ឲ្យកូនញ៉ាំអាហារសម្រន់ មានដូចជានំនែកនៅលើឡានបណ្ដើរៗទម្រាំតែទៅដល់។
ដល់ពេលឡើងយន្តហោះ មិនថាកូនឬមួយក៏ថេយ៍នោះទេ សុទ្ធតែគេងលង់លក់ទាំងអស់ ទើបជេឃេសម្រេចបីប្រពន្ធនិងកូនស្រីឡើងយន្តហោះដោយខ្លួនឯង ចំណែកកូនប្រុសចង់នរណាបីក៏បីទៅ។
"អឹម... លោកប្ដី?"
ពេលភ្ញាក់ដឹងខ្លួន ថេយ៍ក៏ឃើញថាខ្លួនឯងកំពុងគេងនៅក្នុងដៃស្វាមី អ៊ីចឹងតាសបានជានាយយល់ថាកក់ក្ដៅ និងគេងបានលង់លក់ស្រូលយ៉ាងនេះ។ តែ... ឯណាកូនៗរបស់នាយ។
"អូននៅស្ងៀមបានទេ? យើងនឿយ ចង់គេង"
ដើម្បីតែបាននាំកូនដើរលេង នាយក៏ប្រញាប់បង្ហើយការងារដែលនៅសល់ទាំងប៉ុន្មានដោយមិនគិតបាយទឹក និងម៉ោងសម្រាក ដូច្នេះហើយទើបមានអារម្មណ៍ថាល្វើយ ចង់សម្ងំគេងនៅលើយន្តហោះឲ្យបានយូរ សម្រាកយកកម្លាំងដើរលេង ព្រោះទម្រាំទៅដល់កោះនោះ វាឆ្ងាយគួរសមដែរ។
"អឺ... អូនគ្រាន់តែចង់ទៅមើលកូន ខ្លាចពួកគេឃ្លាន"
"ឲ្យពួកគេគេងសិនទៅ បើគេឃ្លានប្រាកដជាភ្ញាក់មករកពួកយើងហើយ"
"បាទ"
នាយព្រមស្ដាប់តាមសម្ដីគេ ព្រោះនាយក៏ងងុយនិងហត់នឿយណាស់ដែរពេញមួយថ្ងៃនេះ ព្រោះត្រូវមើលកូនម្ដងបី និងរៀបចំសម្ភារៈគ្រប់យ៉ាងរបស់មនុស្សមួយគ្រួសារ។
ទីបំផុតពួកគេក៏មកដល់កោះមួយនៅក្នុងប្រទេសអ៊ីតាលីនេះហើយ តែមិនស្មានសោះថាជេឃេគេមានផ្ទះលំហែរផ្ទាល់ខ្លួននៅទីនេះទៀត ថែមទាំងវាស្រស់ស្អាត គួរឲ្យចង់រស់នៅ មិនតូចហើយក៏មិនធំពេក ត្រឹមបើកទ្វារចូលមកក៏យល់ថាវាមានរបៀបរៀបរយនិងរៀបចំបានល្អណាស់ប្រៀបដូចជាមានអ្នកមកចាំសម្អាតជាញឹកញាប់។
"អូនមិនស្មានសោះ ថាបងមានផ្ទះនៅទីនេះដែរ"
"ផ្ទះ និងទ្រព្យសម្បតិ្តយើងមានច្រើន យើងក៏មិនសូវចាំដូចគ្នា"
"ដឹងហើយថាបងជាអ្នកមាន"
"អូនក៏ជាប្រពន្ធអ្នកមានដែរ មិនអ៊ីចឹង?"
"ហើយកូនក៏ជាកូនស្រីអ្នកមាន"
ជែតមកឈរសើចស្ញេចនៅកណ្ដាលអ្នកទាំងពីរ ព្រោះនាងសប្បាយចិត្ត ញញឹមបិទមាត់មិនជិតដែលបានមកដើរលេងនៅទីនេះ ហើយថែមទាំងមកជួបជុំគ្នាទៀតផង។
"បាទកូនសម្លាញ់ ចូលចិត្តផ្ទះនេះដែរទេ?"
"ចូលចិត្តណាស់ឌែតឌី"
"ចង់បានទេ ចាំឌែតឌីឲ្យ"
"ចាស ចង់បានៗ"
ជេឃេលើកកូនមកដាក់លើភ្លៅដោយរង់ចាំឲ្យអ្នកបម្រើលើកទឹកត្រជាក់ៗមកបម្រើកំឡុងពេលរង់ចាំទទួលទានអាហារជាមួយគ្នា។
"អូនមកអង្គុយត្រង់នេះមក ការងារផ្សេងៗមនុស្សរបស់យើងចេះធ្វើហើយ"
នាយមិនដែលគិតថាយកគេមកឲ្យមកធ្វើការផ្ទះអីបន្តិច តែគេទេដែលមិនចេះនៅស្ងៀមៗ លួចធ្វើនេះធ្វើនោះទាំងដែលនាយធ្លាប់ប្រាប់ពីដំបូងថាធ្វើប្រពន្ធនាយមិនចាំបាច់ធ្វើអីច្រើន គ្រាន់តែនៅផ្ទះធ្វើខ្លួនស្អាតៗនិងមើលកូនទៅបានហើយ។
"គឺអូនចង់ធ្វើអីដោយខ្លួនឯង ចង់ឲ្យមានតែគ្រួសាររបស់យើងនៅក្នុងផ្ទះនេះ"
"មិនអីទេ អូនមិនចេះហត់ទេហេស? ចាំពួកគេរៀបចំអាហារនិងបន្ទប់រួចរាល់ យើងនឹងឲ្យពួកគេទៅសម្រាកផ្ទះខាងក្រោយវិញ"
"បាទ អូនដឹងហើយ ជេយ៍ ជែកមកនេះមកកូន"
"បាទ/បាទ"
នាយបារម្ភខ្លាចថាគេហត់នឿយទើបមិនចង់ឲ្យធ្វើអី ប៉ុន្តែមាត់នាយមិនចេះសម្ដីផ្អែម ចេះតែដៀល និងហាស្ដីឲ្យគេប៉ុណ្ណោះ។
"ឌែតឌីបន្តិចទៀតកូនចង់លេងទឹក ចង់ជិះទូក"
"បាទ ឌែតក៏មានទូកធំមួយនៅទីនេះដែរ ចាំឌែតនាំកូនជិះជាមួយគ្នា"
"ឌែតឲ្យទូកមកជែតបានទេ?"
"ប្រាកដជាបាន"
"ចុះកូន?"
ឃើញបងស្រីសុំអីក៏បានៗ ជែក កូនប្រុសពៅក៏លូកមាត់ចង់សុំនេះសុំនោះដែរ តែជេឃេបែជាធ្វើមុខមាំ មិនឆ្លើយក៏ដឹងដែរថាមិនពេញចិត្ត។
"ចុះអាយផេតនៅនឹងដៃនេះ ក្រែងទើបតែទិញឲ្យហេស?"
"តិចជាងផ្ទះឆ្ងាយណាស់ ឌែតស្រលាញ់កូនលំអៀង!"
"ជេយ៍បានហើយ ដរាបណាកូនធ្វើជាក្មេងល្អ ឌែតឌីគង់តែមានរបស់ឲ្យកូនទេណា ស្ដាប់ប៉ា"
"មិនជឿទេ! មើលអាបងទៅ ខំធ្វើជាក្មេងល្អហើយតែមិនឃើញបានអី"
"ឌែតមានរបស់ផ្សេងទុកឲ្យជេយ៍រួចហើយ តែគេមិនចង់បាន"
ជេយ៍មិនបានញញើតនឹងពាក្យដៀមដាមរបស់គាត់ទេ តែមិនចង់តបតទើបធ្វើជាមិនដឹងមិនលឺតែថេយ៉ុងយល់ចិត្តកូននិងស្វាមីច្បាស់ណាស់ ថាពួកគេមានរឿងអីជាមួយគ្នា។ អាចទេដែលគេជ្រើសរើសឲ្យជេយ៍ក្លាយជាអ្នកស្នងតំណែងរបស់គេ?
"បងពិតជាមិនចង់បានមែនហេស ជេយ៍?"
"ចង់បាន តែបងចង់បានដោយការខិតខំរបស់ខ្លួនឯង"
"អូហូ បងពិតជាឡុយមែន"
គំនិតរបស់ជេយ៍ធ្វើឲ្យអ្នកស្ដាប់មិនកោតសរសើរមិនបាន គេនៅតូចតែមួយសោះតែមានគំនិតដូចជាមនុស្សពេញវ័យ ចេះយល់ការរាក់ជ្រៅ បើជេឃេជ្រើសយកគេជាអ្នកស្នងតំណែងមែននោះ វាក៏សាកសមណាស់ដែរ ប៉ុន្តែនាយតូចក៏គាំទ្រគំនិតរបស់កូន ព្រោះមិនចង់បង្ខំកូននោះទេ។
ជេឃេក៏មិនទាន់ថាអ្វីដែរ ព្រោះគេមិនបានខ្វល់ពីគំនិតកូនបែបណាស្រាប់ហើយ តែពេលនេះនាយចង់ធ្វើជាឪពុកដ៏ល្អរបស់ពួកគេសិន  ទោះយ៉ាងណាក៏គេត្រូវគ្រប់គ្រងជំនួញមួយនេះជំនួសនាយដដែល។

To be continue 💗💕

វគ្គនេះ admin សរសេរអត់ចេញសោះ ច្រើនថ្ងៃហើយ😭😭 ពិបាកណាស់ពេលសរសេរឲ្យគេត្រូវគ្នា 🙄 ស្គាល់តែវេទនាម៉េចទេឥឡូវហ្នឹង 😛
ឥឡូវសុំត្រូវគ្នាតិចៗសិន កូនសំណព្វគេមកហើយ🤧 បើភ្លាវកុំប្រកាន់អី អធ្យាស្រ័យផងវគ្គនេះ🙏🙏

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now