តាំងពីចុះមកដល់ខាងក្រោម រាងក្រាស់ក៏លឺសម្លេងសើចកក្អឹកចេញពីក្នុងផ្ទះបាយ ដែលវាជាសម្លេងដែលនាយខានលឺយូរមកហើយ។ នាយនឹកសម្លេងសើចរបស់គេ នឹកស្នាមញញឹមរបស់គេ តែខ្លួនឯងបែជាមិនដែលធ្វើឲ្យគេមានសុភមង្គលឬសើចសប្បាយម្ដងណាសោះ។
នាយចង់ចូលទៅរកគេនៅក្នុងផ្ទះបាយ មើលគេធ្វើអាហារយ៉ាងមានក្ដីសុខ តែក៏បែជាទៅដល់ ឃើញកូនប្រុសទាំងពីររបស់ខ្លូននៅទីនោះដែរ ពួកគេមិនបានអត់ប្រយោជន៍ដូចដែលនាយគិត គឺចេះជួយធ្វើជាកូនកាំបិត លាងបន្លែ រៀបចំសាច់បានជំនាញទៀតផង។ ចេះតាំងពីពេលណា?
"អុ៎ លោកប្ដី? បងមកតាំងពីពេលណា?"
"ទើបតែមកមិញនេះឯង"
ធ្លាប់មានតែពីរនាក់ប្ដីប្រពន្ធ ពេលគិតចង់ធ្វើអីក៏ធ្វើហ្នឹង តែពេលនេះជាប់ដៃជាប់ជើង ចង់ចូលទៅឱបក្រសោបប្រពន្ធផង មើលគេធ្វើម្ហូបផងក៏មិនបាន។
"ឌែតឌីចូលមកធ្វើអី? ទើសទែងណាស់"
"មែនហើយ! ឌែតឌីមិនចេះធ្វើអីផង ទៅអង្គុយចាំញ៉ាំស្រាប់ៗវិញល្អជាង"
ជេយ៍និយាយមិនទាន់ផុត ជែកក៏ជួយបន្ថែមបែបព្យាយាមដេញនាយចេញមិនឲ្យមកជិតប៉ាៗគេនោះទេ។
"ផ្ទះនេះជារបស់យើង យើងចង់ឈរត្រង់ណាក៏បាន"
"បង...! អូនថាបងទៅអង្គុយចាំនៅតុល្អជាង អូនធ្វើរួចឥឡូវហើយ"
មកមិនទាន់បានប៉ុន្មានផង តែចេះរករឿងចង់ឈ្លោះជាមួយកូន កាន់តែចាស់កាន់តែចិត្តក្ដៅ។
"ថេយ៍! បាន... យើងទៅអង្គុយចាំក៏បាន"
តាំងពីបានកូនប្រុសពីរនាក់ហ្នឹងម៉ង ថេយ៍ក៏ប្រកែកនឹងនាយគ្រប់រឿង សឹងតែមិនស្ដាប់សម្ដីនាយសោះ។
ដោយហេតុតែមិនចង់ឲ្យកូនៗដឹងថាពួកគេមានការរង្គោះរង្គើរជាមួយគ្នាទើបនាយសុខចិត្តចុះចាញ់ ដើរចេញព្រមស្ដាប់តាមសម្ដីភរិយា។ ទោះនាយមិនមែនជាមនុស្សមានមនោសញ្ចេតនាណាស់ណា តែការដែរឈ្លោះគ្នានៅមុខកូន វាមិនមែនជារឿងដែលនាយគួរធ្វើ។
មកដល់តុ នាយក៏ទៅអង្គុយកន្លែងប្រចាំដែលនៅក្បាលតុរួចក៏ទាញកៅអីក្បែរនោះចូលមកជិតបៀតនឹងខ្លួន ដើម្បីឲ្យថេយ៍បាននៅកាន់តែជិតនាយ តែចៃដន្យអីពេលពួកគេរៀបចំអាហារដាក់លើតុរួចរាល់ ថេយ៉ុងបែជាទៅអង្គុយចន្លោះកណ្ដាលកូនៗនាយទៅវិញ ធ្វើឲ្យនាយលេបបាយទាំងមុខមិនរីក។
"អាហារមិនត្រូវមាត់ឬ? តែអូនថានេះជាអាហារដែលបងចូលចិត្តហើយតាស"
ត្បិតថានេះជាម្ហូបដែលកូនៗនាយកម្មង់ឲ្យធ្វើ តែវាក៏ជាចំណង់ចំណូលចិត្តរបស់ជេឃេដូចគ្នា។ មិនដឹងយ៉ាងម៉េច កូនពីរនាក់នេះ កាត់ទៅគេទាំងមុខ ទាំងចរិត។
"ប្រហែលហត់នឿយពេក ទើបញ៉ាំមិនចូល"
"ឬមួយបងមិនស្រួលខ្លួន?"
ព្រោះតែបារម្ភពីស្វាមី រាងតូចក៏ប្ដូរកៅអីទៅអង្គុយជិតគេ ជួយស្ទាបមើលថ្ងាសនិងករបស់គេក្រែងលោគេកើតគ្រុន តែដឹងអីគេគ្រាន់តែឈឺពុតតែប៉ុណ្ណោះ។
"ដូចជាមិនអីទេ"
"នៅត្រង់នេះហើយ មិនចាំបាច់រើចុះឡើងទេ"
ពេលរាងស្ដើងចង់គេចខ្លួនទៅរកកូនវិញ នាយក៏គេទាញគេកាន់តែចូលជិតថែម សឹងតែអង្គុយលើភ្លៅគ្នា។ ថេយ៉ុងមិនបានជាប្រកែកអីទេ ព្រោះដឹងថាមិនឈ្នះ អ៊ីចឹងមានតែស្របតាមគេតែម្ដងទៅ។
ពេលបានប្រពន្ធមកអង្គុយជិតវិញ នាយក៏ញ៉ាំបាយយ៉ាងឆ្ងាញ់តែម្ដង គ្មានគិតដល់កូនដែលអង្គុយធ្វើមុខជ្រេញដាក់ទេ។
"ញ៉ាំបន្លែផងកូន ដើម្បីឲ្យឆាប់ធំ"
កូននាយក៏ដូចតែកូនអ្នកដទៃអ៊ីចឹងដែរ រឿងបន្លែផ្លែឈើអីដាក់មិនសូវបានទេ បានតែសាច់ និងអាហារសម្រន់ បើនាយមិនបង្ខំមិនប៉ះតែម្ដង។
"ប៉ាញ៉ាំបន្លែដែរមិនឃើញធំអីផង ចាញ់ឌែតឌី ឌែតក៏អត់ញ៉ាំបន្លែដូចកូនតែធំជាងប៉ាៗឆ្ងាយណាស់"
ខំសរសើរកូនថាស្ដាប់បង្គាប់មិនទាន់បានប៉ុន្មានផង ឥឡូវក៏ចេះតមាត់ថាឲ្យនាយវិញរកតែនាយតបតមិនកើត ព្រោះថានេះជាការពិត។ ព្រោះតែឌែតឌីគេមិនញ៉ាំបន្លែហ្នឹងហើយ បានជាកូនកាត់តាម។
ចំណែកជេឃេកូនឌឺនាយប៉ុណ្ណឹងហើយ គេបានត្រឹមលួចសើចនឹងប្រពន្ធដែលត្រូវកូនប្រុសដេញជើងទាន់ តែត្រូវសើចលែងសមពេលងាកទៅឃើញថាថេយ៉ុងកំពុងសម្លឹងសម្លក់នាយមិនដាក់ភ្នែក ថែមទាំងមើលបន្លែក្នុងចាននាយទៀតផង គិតចង់យ៉ាងម៉េច?
"អ្នកណាថា ឌែតឌីកូនគ្រាន់តែទុកបន្លែញ៉ាំតាមក្រោយប៉ុណ្ណោះ ឌែតឌីចូលចិត្តញ៉ាំបន្លែណាស់ដឹងទេ?"
"ហ៊ឹម?"
ជេឃេធ្វើមុខឆ្ងល់ៗមិនដឹងខ្លួនឯងចូលចិត្តបន្លែតាំងពីពេលណា គេចេះតែលើកដាក់ យកនាយធ្វើជាឧបករណ៍ទុកញុះញង់កូន។
"ហាមាត់មក អូនបញ្ចុក"
ព្រោះជាពុកពួកគេទើបនាយត្រូវធ្វើជាគំរូល្អទ្រាំហាត់មាត់ទំពាររបស់ដែលខ្លួនមិនចូលចិត្តសូម្បីតែបន្តិច។ ឃើញឌែតឌីខ្លួនញ៉ាំបែបនេះ ក្មេងៗក៏ប្រកែកតវ៉ាលែងបាន មានតែទ្រាំលេបវាទាំងមុខស្អុយហ្នឹងឯង។
"ប៉ាៗ បន្តិចទៀត ជួយហៅគ្រូពេទ្យមកផង"
"កូនកើតអីឬជែក?"
"កូនមិនបានកើតអីទេ តែអាបងកើត ជើងត្រូវគេទាត់ឡើងហើមអស់ហើយពេលលេងបាល់កាលពីថ្ងៃ"
"ម៉េចក៏មិនប្រាប់ប៉ាឲ្យលឿនជាងនេះ?"
ក្រោយញ៉ាំអាហាររួច ថេយ៉ុងក៏បានទាក់ទងនៅគ្រូពេទ្យឲ្យមកមើលរបួសឲ្យកូន ដែលវាឡើងហើមជាំ តែគេបែជាមិនមាត់មិនក មិនបង្ហាញឲ្យនាយឃើញសូម្បីបន្តិច។
"ឈឺខ្លាំងទេជេយ៍?"
"មិនឈឺទេ"
ដំបូងកំលោះតូចគិតថា វាជារឿងតិចតួចទើបមិនចង់ប្រាប់ឲ្យប៉ាបារម្ភតែយូរៗទៅក៏ឈឺខ្ទោកៗ ធ្វើឲ្យពិបាកកម្រើកជើង ពិបាកដេក ដើរ អង្គុយសឹងទាំងអស់។
"ទៅទាត់បាល់ឬទៅទាត់គ្នា?"
រាងក្រាស់ឈរជ្រាត់ចង្កេះស្ដីឲ្យកូនពេលឃើញរបួសនៅលើជើង វាមិនធ្ងន់ធ្ងរណាស់ណា តែក្នុងនាមជាឪពុកមិនបារម្ភមិនបានហើយមិនចង់ឲ្យពួកគេទៅបង្ករឿងនាំឲ្យមានរបួសបែបនេះមកផ្ទះទៀតទេ។
"គឺគ្នាខាងនោះ វាលេងចាញ់ទើបប្រើល្បិចថោកទាប បើបងប្រុសមិនឃាត់ ខ្ញុំហក់ធាក់វាបាត់ហើយ"
អ្នកត្រូវរបួសមិនសូវជាប៉ុន្មានទេ ណាស់តែអ្នកជាប្អូនដែលឆេះឆួល ក្ដៅដូចបាយពុះ។
"យើងឲ្យទៅរៀន មិនមែនឲ្យទៅបង្ករឿងទេ"
"តែវាលេងខូចមុន វាថែមទាំងឆ្លៀតគម្រាមចង់ធ្វើបាបទាំងគ្រួសារយើងទៀតផង"
"ផាំង* ស្អីគេ? ម្នាក់ណា វាអស្ចារ្យមកពីណាបានជាហ៊ាននិយាយដល់គ្រួសារយើង? ប្រាប់ឈ្មោះនិងត្រកូលវាមក យើងនឹងទៅសួរសុខទុក្ខវាដល់ផ្ទះតែម្ដង"
ដំបូងចង់ធ្វើជាឌែតឌីល្អ ប្រឹងស្ដីថា ទូន្មានមិនចង់ឲ្យកូនបង្ករឿងនោះទេ តែស្ដាប់យូរទៅក៏ទ្រាំលែងបាន ទើបក្ដៅក្រហាយគោះតុផាំង ពេលលឺថាមានអ្នកប្រមាថដល់ត្រកូល។
"បានហើយលោកប្ដី! រឿងតូច កុំធ្វើឲ្យទៅជារឿងធំ"
"រឿងតូចស្អី? មិនឃើញថាវាធ្វើបាបកូនយើងទេហេស?"
"ក្មេងៗប៉ះពាល់គ្នាតិចតួចជារឿងធម្មតាទេ បងកុំខឹងអី"
ដឹងហើយថាគេជាម៉ាហ្វៀ តែគ្រាន់តែកូនមានរឿងតិចតួចក៏ប្រមូលបក្សពួកឲ្យទៅរករឿងអ្នកដទៃដល់ផ្ទះ វាមិនសមនោះទេ គួរតែដោះស្រាយដោយចិត្តត្រជាក់ល្អជាង។
ជេយ៍និងជែកក៏មិនស្មានថាឌែតរបស់គេខឹងដល់ថ្នាក់នេះដែរ តែអំណាចគាត់ពិតមិនធម្មតាទេ បើហាមាត់ឡើងគិតចង់ទៅដល់ផ្ទះគេតែម្ដងនោះ ចង់ដឹងដែរថាឌែតមាននិងអស្ចារ្យប៉ុណ្ណាទៅ?
"បាន តែយើងគ្រាន់តែចង់ដឹងឈ្មោះនិងត្រកូលវាប៉ុណ្ណោះ មិនធ្វើអីទេ"
"ប្រាកដចិត្តដែរទេ?"
"អឹម ប្រាកដ"
ព្រោះតែជឿជាក់ទឹកមុខរបស់គេ ថេយ៉ុងក៏យល់ព្រមឲ្យកូនប្រាប់ឈ្មោះក្មេងនោះទៅគេ រួចគេក៏រហ័សហៅជំនិតមកខ្សឹបខ្សៀវ ប្រើឲ្យទៅធ្វើការឲ្យគេភ្លាមៗ។
VOCÊ ESTÁ LENDO
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanficថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)