Ch8: គេមិនមកផ្ទះទេ 🎉

5K 182 15
                                        


របួសនៅលើដងខ្លួនទាំងប៉ុន្មានត្រូវបានគ្រូពេទ្យនៅក្នុងផ្ទះជួយព្យាបាល និងពិនិត្យមើលយ៉ាងរៀបរយ។ លើកនេះ វាមិនសូវធំដុំប៉ុន្មានទេតែនាយត្រូវហៅពេទ្យមកដោយផ្ទាល់ដើម្បីចង់ឲ្យមកមើលរបួសហាន់ណាផង និងសួររឿងមួយចំនួនផង។
"ស្នាមនោះអាចបាត់ដែរទេ គ្រូពេទ្យ?"
"ពិបាកបន្តិចហើយ តែខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាព" ពេទ្យហ្វីលនិយាយតាមការមើលឃើញអំពីរបួសនៅលើមុខអ្នកបម្រើស្រី។ វាមិនជ្រៅប៉ុន្មានទេ តែពេលត្រូវរបួសភ្លាមៗមិនទទួលបានការមើលថែទើបមានមេរោគចូល ធ្វើឲ្យពិបាកព្យាបាល។
"អរគុណគ្រូពេទ្យហើយ"
"អ្នកប្រុសមានអ្វីចង់និយាយជាមួយខ្ញុំទៀតដែរទេ?"
"គឺ... ថ្នាំដែលលោកម្ចាស់ចាក់ឲ្យខ្ញុំ លោកអាចប្រាប់បានទេ ថាវាជាថ្នាំអ្វី?"
ថេយ៉ុងលើកដៃអង្អែលស្នាមម្ជុលនៅលើកញ្ចឹងករថ្នមៗ ដែលវាធ្វើឲ្យនាយចុកកបន្តិចដែរ តែមិនមានអាការៈអ្វីគួរឱ្យកត់សម្គាល់នោះទេ។ អ៊ីចឹងហើយ បានជានាយមិនដឹងថាវាជាថ្នាំអី។
"ខ្ញុំមិនដឹងរឿងផ្ទាល់ខ្លួន រឺការងាររបស់គាត់ទេ តួនាទីខ្ញុំគឺទទួលព្យាបាលឲ្យលោកម្ចាស់ប៉ុណ្ណោះ"
"មិនអីទេ អរគុណលោកច្រើនហើយ"
"បាទ! នេះជាបង់បិទរបួស អ្នកប្រុសតូចអាចប្រើបាន"
"បាទ អរគុណម្ដងទៀត"
តើថ្នាំដែលគេចាក់ឲ្យនាយរាល់ដងជាថ្នាំអ្វីទៅ?
...
ប៉ុន្មានថ្ងៃកន្លងផុតទៅ គ្រប់យ៉ាងនៅតែដូចដើមដោយនាយតែងតែត្រូវគេញាំញីបន្ទាប់ពីចាក់ថ្នាំចូលក្នុងទៅខ្លួន ប៉ុន្តែខ្លួនដូចមិនបានកើតអ្វីនៅឡើយទេ ឯរូបរាងក៏គ្មានអីផ្លាស់ប្ដូរដែរ គឺគ្រាន់តែសក់ឆាប់ដុះលឿនបន្តិច ដើមទ្រូងក៏ឈឺ ស្រកៀៗឡើងពើង ប្រហែលត្រូវគេធ្វើបាបច្រើនពេកក៏មិនដឹង។
"អ្នកប្រុសតូច?"
"ហ៊ឹម?"
"បើនៅអង្គុយភ្លឹកបែបនេះ យល់ល្អ ខ្ញុំនាំអ្នកប្រុសចុះទៅមើលបក្សីនៅខាងក្រោមយ៉ាងម៉េចដែរ?"
"ផ្ទះនេះមានចិញ្ចឹមបក្សីហេស?"
"ចាស មាន"
"ខ្ញុំចង់ទៅមើលឥឡូវនេះ"
ពេលចុះមកដល់ខាងក្រោម អ្នកបម្រើក៏នាំថេយ៍មកមើលបក្សីពីរក្បាលនៅក្នុងទ្រង់មាសដ៏ធំ ដែលវាត្រូវគេទុកនៅរាងហាលចំហៀងផ្ទះ។ អ៊ីចឹងបានជានាយមិនដែលចាប់អារម្មណ៍។
"ម៉េចក៏វាមានពណ៌ខុសគ្នាខ្លាំងម្ល៉េះ? មួយពណ៌ខ្មៅប្រផេះ មួយទៀតបែជាចម្រុះពណ៌ក្រហមបៃតងទៅវិញ?"
"ចាស គឺដំបូងលោកម្ចាស់ចិញ្ចឹមតែពណ៌ខ្មៅធំមួយនេះទេ តែក្រោយមកប្រហែលជាគាត់គិតថាវាកំសត់ ឯកាពេកទើបយកមួយទៀតមកចិញ្ចឹម"
"វាជាឈ្មោលឬ ហាន់ណា?"
"ចាស ឈ្មោលទាំងពីរ"
"តែមើលទៅវាដូចជាមានទំនាក់ទំនង... អឺ?"
"ខ្ញុំក៏គិតថាវាស្រលាញ់គ្នាដែរ វាដូចជាកំពុងមានកូនជាមួយគ្នាទៀតផង"
"មិនអាចទេ វាជាឈ្មោល ម៉េចនឹងមានកូន?"
"ចាស អ្នកប្រុស ខ្ញុំគ្រាន់តែសង្ស័យ"
"ខ្ញុំអាចដាក់ចំណីឲ្យវាបានដែរទេ?"
"ចាំខ្ញុំទៅសួរមេកាឲ្យ"
"អឹម ក៏ល្អ! កុំឲ្យខុសវិន័យរបស់គេ"
តាំងពីមានរឿងកាលពីថ្ងៃនោះ ថេយ៍មិនហ៊ានធ្វើអ្វីឱ្យខុសច្បាប់ទម្លាប់ទៀតទេ។ ចង់រស់សុខត្រូវតែស្ដាប់សម្ដី និងចេះផ្គាប់ចិត្តគេ នាយនឹងរៀនទម្លាប់ខ្លួន មិនធ្វើឲ្យគេទាស់ចិត្តទៀតទេ។
"អ្នកប្រុស?"
"មេការរងមានអីឬ?"
កំលោះតូចក៏ឆ្ងល់ណាស់ដែរ ខ្លាចថាខ្លួនបានប្រព្រឹត្តខុសអ្វី ព្រោះឃើញមេការដង្ហែមនុស្សមកជាមួយយ៉ាងច្រើន មិនមែនចង់ចាប់នាយទៅតែងខ្លួន ត្រៀមទទួលគេទៀតទេមែនទេ?
"ខ្ញុំយកចំណីសត្វទាំងពីរនេះឲ្យអ្នកប្រុស និងយកបង្អែម នំសម្រាប់អ្នកប្រុសដែរ គ្រាន់កំដរមាត់ពេលមើលទេសភាព"
ចម្លែកណាស់! ហេតុអីពួកគេចិត្តល្អនឹងនាយយ៉ាងនេះ រាល់ដងមិនដែលស្ដាប់នាយ មិនអើពើនឹងការសុំជំនួយរបស់នាយអីបន្តិច។
"ហេតុអី? លោកម្ចាស់ចង់ឲ្យខ្ញុំធ្វើអី្វឬ?"
"គឺថា... លោកម្ចាស់នឹងមិនត្រឡប់មកភូមិគ្រឹះទេប៉ុន្មានថ្ងៃនេះ អ្នកប្រុសតូចមិនបាច់បារម្ភទេ"
មេការរងដែលជាមនុស្សប្រុសចំណាស់ដំណាលនឹងអ៊ំរបស់នាយតូចនិយាយឡើងទាំងលួចញញឹមតិចៗដាក់នាយ ដូចដឹងច្បាស់ថានាយខ្លាចអំណាចគេយ៉ាងអ៊ីចឹង។
"តើពិតមែនទេ?"
រាងស្ដើងស្ទុះងើបឈរទាំងត្រេកអរ លេចស្នាមញញឹមចេញឡើងទាំងមិនដឹងខ្លួន សូម្បីតែអ្នកបម្រើ៤ ៥នាក់អ្នកនៅទីនេះ ក៏ទ្រាំអត់ញញឹមតាមមិនបានដែរ។
"តែអ្នកប្រុសនៅតែមិនអាចធ្វើអីផ្ដេសផ្ដាសទេ បើមេការធំដឹង ចប់មិនខាន"
ត្រូវហើយ បើយាយចាស់កាចឆ្នាស់នោះដឹង នាយប្រាកដជាទ្រោមខ្លួនទៀត តែទោះយ៉ាងណាក៏ធូរស្បើយក្នុងចិត្តមួយកម្រិតខ្លះដែរដែលគេមិននៅ។
"អ៎! ខ្ញុំយល់ហើយ"
នៅទីនេះចម្លែក មានវិន័យតឹងរឹងណាស់សូម្បីតែការដាក់ចំណីសត្វក៏ត្រូវបានកំណត់ម៉ោងនិងបរិមាណច្បាស់លាស់ដែរ។ សំណាងហើយលើកនេះ នាយធ្វើអីសួរគេមុន។
"ស្អាតណាស់ ទាស់តែពួកវារស់នៅគ្មានសេរីភាព"
ពួកអ្នកបម្រើលឺនាយតូចពោលដូច្នោះ ក៏ទម្លាក់ទឹកមុខចុះ បានត្រឹមនឹកអាណិតក្នុងចិត្ត មិនហ៊ានចូលទៅនិយាយអ្វីទេ។ ពួកគេចូលមករកនាយតូចពេលនេះ ទុកថាក្លាហានណាស់ទៅហើយ រាល់ដងមិនហ៊ានមើលមុខផង ព្រោះខ្លាចម្ចាស់ផ្ទះនេះ។
"ខ្ញុំពិតជាមិនអាចចេញទៅខាងក្រៅមែនហេស?"
ថេយ៉ុងងាកសួរពួកគេទាំងទឹកមុខគួរឲ្យអាណិត តែពួកគេក៏តបដោយក្រវីក្បាល ទោះជាយ៉ាងណាក៏ធ្វើអ្វីមិនបានដដែល នេះជាបញ្ជាផ្ដាច់ការរបស់លោកម្ចាស់។
"ចុះអាចទាក់ទងទៅខាងក្រៅបានទេ?"
ទៀតហើយ! សុំអ្វីក៏ក្រវីក្បាលៗ នាយមិនដឹងថាគួរធ្វើបែបណាទៀតទេ អផ្សុកខ្លាំងណាស់។
បើមានជីមីននៅក៏ល្អដែលគេអាចកំដរនាយឈ្លោះ តែមួយរយៈនេះហាក់មិនសូវឃើញគេសោះ លឺថាគេរវល់ហ្វឹកហាត់ទើបបាត់ស្រមោលឈឹង។
"ក្រៅពីរឿងដែលខ្ញុំសុំនោះ អ្វីផ្សេងខ្ញុំអាចធ្វើបានតាមចិត្តមែនទេ?"
អ្នកបម្រើមើលមុខគ្នាហើយក៏ចាំស្ដាប់សំណូមពររបស់គេ ត្បិតថាគេជាមនុស្សចៅហ្វាយនាំមកនៅដល់ក្នុងផ្ទះ ទោះបីធ្វើបាបតិចតួច តែក៏សំខាន់ណាស់។
ប៉ុន្មានម៉ោងក្រោយមក របស់ដែលនាយតូចចង់បានក៏ត្រូវគេដឹកមកឲ្យដល់ផ្ទះ ហើយក៏មានអង្គរក្សយកមកឲ្យដល់ដៃទៀតផង។
"វ៉ោវ! អស្ចារ្យខ្លាំងណាស់។ អរគុណបងប្រុស"
ពាក្យសម្ដីផ្អែមល្ហែមរបស់នាយតូច ធ្វើឲ្យគ្រីសដែលជាអង្គរក្សមើលការផ្ទាល់ខ្លួនក្រហមមុខក្រហមមាត់ ព្រោះស្នាមញញឹមនិងសម្លេងពិរោះរបស់គេ។
"បាទ មិនអីទេអ្នកប្រុស"
ថេយ៉ុងញញឹមបិទមាត់មិនជិត ហើយក៏ទាញវីយូឡុងមកកាន់ អង្អែលស្ទាបថ្នមៗដោយក្ដីស្រលាញ់។ វាជាឧបករណ៍ដែលនាយស្រលាញ់ និងបានរៀនលេងតាំងពីខ្លួននៅមណ្ឌលកុមារកំព្រា កាលមិនទាន់ទៅរស់នៅជាមួយអ្នកស្រីចនមកម្ល៉េះ។
"អ្នកប្រុសពិតជាចង់លេងវានៅទីនេះមែនហេស?"
អ្នកបម្រើសួរទាំងធ្វើមុខង៉េមង៉ាម ព្រោះធម្មតាលោកម្ចាស់ពួកគេមិនចូលចិត្តរញ៉េរញ៉ៃទេ ក្នុងផ្ទះគឺស្ងប់ស្ងាត់បំផុត សូម្បីមនុស្សក្នុងផ្ទះក៏មិនឲ្យឡូឡា ឬជជែកគ្នាដែរ។
"គេមិនបានហាមឯណា ត្រូវទេ?"
"ចាសគឺមែន! តែអ្នកប្រុសចេះលេងវាដែរឬ?"
"មិនពូកែទេ តែអាចលេងបាន។ ចាំខ្ញុំលេងឲ្យអ្នកទាំងអស់គ្នាស្ដាប់"
សម្លេងភ្លេងមនោសញ្ចេតនា ពិរោះរណ្ដំដែលចេញពីវីយូឡុងមួយនោះធ្វើឲ្យអ្នកនៅក្នុងផ្ទះ បណ្ដោយអារម្មណ៍អន្លង់អន្លោចទៅតាមដោយភ្លេចខ្លួន។ ក្នុងនោះដែរក៏មានជីមីន ដែលដើរតាមសម្លេងភ្លេងទាំងស្មារតីរវើរវាយ ប្រៀបដូចធ្លាប់ស៊ាំនឹងភ្លេងមួយនេះ តែមិនដឹងថាធ្លាប់ស្ដាប់នៅទីណាឡើយ។
វាយូរណាស់ហើយ ដែលនាយខានលេងបទមួយនេះ។ បទចម្រៀងនេះ ធ្វើឲ្យនាយនឹកដល់មិត្ត លោកគ្រូអ្នកគ្រូដែលនៅមណ្ឌលកុមារកំព្រា។ ទោះពេលនោះរស់នៅសាមញ្ញ គ្មានភាពហ៊ឺហាក្ដី ក៏យល់ថាមានក្ដីសុខ ដូចជាក្រុមគ្រួសារតែមួយ មិនដូចជាគ្រួសារបច្ចុប្បន្នដែលទុកនាយត្រឹមទំនិញដោះដូរ។
"អ្នកប្រុសតូចពូកែណាស់"
អ្នកបម្រើនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយពេលគ្រីសកាន់ផ្កាមួយទងហុចឲ្យថេយ៍ក្រោយភ្លេងបញ្ចប់ ទាំងអស់គ្នាក៏ធ្វើតាម បង្កើតបានជារូបភាពសប្បាយរីករាយមួយដែលមិនធ្លាប់បានកើតឡើងនៅក្នុងផ្ទះនេះ។
"អរគុណ"
ថេយ៉ុងកាន់ផ្កាមកហិតម្ដងមួយៗ ហើយក៏រេភ្នែកឃើញជីមីនឈរសម្លឹងនាយពីចម្ងាយ។ តើគេមានអ្វីនិយាយជាមួយនាយឬ?
"ឯងបង្ករឿងអីទៀតហើយ គីម ថេយ៉ុង?"
"មិនឃើញទេឬ ថាកំពុងលេងភ្លេង"
ជីមីនប្ដូរពីសម្លឹងមកជាសម្លក់ឧបករណ៍ភ្លេងនៅក្នុងដៃរាងតូចមិនដាក់ភ្នែក។ នាយហាក់ដូចជាចូលចិត្តវាយ៉ាងចម្លែកទាំងដែលមិនធ្លាប់ប៉ះពាល់ម្ដងផង។
"វីយូឡុងនេះ...?"
"ចង់សាកលេងដែរទេ?"
"..."
"អីយ៉ា! ឈប់សម្លក់ទៅ បើចង់ចាំយើងបង្រៀន"
ដោយឃើញគេឈរធ្មឹងមិនកម្រើក ថេយ៍ក៏អឺអើដោយខ្កួនឯង ចាប់គេយកមកកូដជាមួយគ្នាតែម្ដង។
នាយតូចដើរទៅខាងក្រោយខ្នង ហើយក៏ដាក់វីយូឡុងលើស្មាគេ ដោយចាប់ដៃគេឲ្យកូដខ្សែថ្នមៗតាមខ្លួន។ កាយវិការល្ងីល្ងើ ស្មោះត្រង់របស់ថេយ៉ុងធ្វើឲ្យបេះដូងអ្នកម្ខាងទៀតលោតញាប់ដោយមិនដឹងខ្លួន តែគេប្រឹងធ្មេចភ្នែក ក្រវីក្បាលមិនចង់ទទួលការពិត មុននឹងរុញច្រានគេចេញឆ្ងាយពីខ្លួន។
"កើតអីទៀតហើយ?"
ថេយ៍មិនយល់ទេ នាយគ្រាន់តែចង់រាប់មិត្តជាមួយគេ អីក៏ពិបាកយ៉ាងនេះ ឬគេកាត់តាមប៉ារបស់គេដែលជាមនុស្សខឹងមិនដឹងខុសត្រូវនោះ?
"ឯងសាហាវដូចដេតថាមិនខុសមែន!"
ជីមីនខាំធ្មេញ ថាស្ដីឲ្យគេទាំងខឹងក្នុងចិត្ត មិនគួរណាភ្លេចខ្លួនលង់នឹងមនុស្សរាយមាយបែបនេះ។ គេប្រហែលជាចង់បានទាំងឪទាំងកូនហើយមើលទៅ។
"អេ៎? យើងបានទៅធ្វើស្អីឯង មនុស្សឆ្គួតនេះចង់ទៅណា?"
ដៀលគេហើយបែជារត់យករួចខ្លួន មនុស្សនៅផ្ទះនេះអីក៏ពិបាកផ្គាប់ចិត្តយ៉ាងនេះ។
អ្នកដែលដើរគេចទៅខាងលើ មិនព្រមតបត បានត្រឹមក្រវីក្បាលដេញរូបភាពអម្បាញ់មិញចោលទាំងអស់។ តែហេតុអីក៏ក្លិនខ្លួននិងថ្ពាល់ប៉ោងៗសរលោងរបស់គេនៅតែតាមលោងនាយមិនឈប់បែបនេះ?
រយៈពេលដែលម្ចាស់ភូមិគ្រឹះមិននៅ ជីវិតតូចមួយរបស់ថេយ៍ប្រែជាល្អជាងមុនច្រើនណាស់។ នាយមានមិត្តច្រើនដែលជជែកជាមួយ លើកលែងតែគ្នារបស់មេការធំ ព្រោះគាត់ជាជំនិតជេឃេតែម្ដង ក្រៅពីនោះសុទ្ធតែនៅខាងនាយ មិនថាអ្នកបម្រើស្រីឬប្រុស។ ពួកគេយកចិត្តនាយណាស់ មិនដូចជាពេលដំបូងៗឡើយ ធ្វើឲ្យនាយយល់ថាការរស់នៅទីនេះក៏មិនអន់ដែរ ក្ដីសុខមួយពេលនេះធ្វើឲ្យខ្លួនសឹងតែភ្លេចកិច្ចការសំខាន់ទៅហើយ។

To be continued 🥰

#ម៉េចដែរនឹកគេអត់? 😝 អ្នកដែលចាំផ្លូវជុងហ្គុកចាំយូរទៀតសិនទៅ ព្រោះ admin លង់មួយជេឃេហើយ 🌚 Top របស់ថេយ៍អាចមិនមែនមានតែមួយទេ 🤔 ចាំមើលទាំងអស់គ្នា

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Onde histórias criam vida. Descubra agora