ផ្តើមរឿង

566 14 0
                                    

  “ បុរសដេរ៍ស៊ី ”

   ពន្លឺព្រះសូរិយាភ្លឺថ្លានារដូវក្តៅជះកម្តៅលើសពី២៨អង្សាសេលើទងផ្កាចម្រុះប្រភេទដែលដាក់តម្រៀបគ្នាលើកអាវក្រៅដៃវែងក្រឡាការ៉ូពណ៌ផ្ទៃមាឃលាយពណ៌សរបស់ស្រីក្រមុំដែលអង្គុយកាត់ទង់ផ្កានៅក្បែរនោះដើម្បីដាក់រៀបចំឲ្យភ្ញៀវដែលឈរចាំកណ្តាលពន្លឺថ្ងៃលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង។
   « បាច់ផ្កាដេរ៍ស៊ីរបស់អ្នកនាងរៀបចំរួចរាល់ហើយ » ទម្រង់មុខអក្សរវីញញឹមស្រស់ចេញអញ្ចាញនិងធ្មេញតូចស្មើល្អគួរឲ្យស្រលាញ់ដាក់អតិថិជនដំបូងរបស់នាងក្នុងថ្ងៃនេះ។
   «...» អតិថិជនដ៏ល្អទទួលយកបាច់ផ្កាពីក្នុងដៃរបស់នាងហើយក៏បោះលុយមួយសន្លឹកទៅលើដីមិនខ្វល់ពីម្រាមស្រឡូនដែលខំលូកមកទទួលដោយដៃពីរយ៉ាងគួសម តែបែរជាត្រូវគេមើលងាយមិនឲ្យតម្លៃចំពោះអ្នកលក់ផ្កាតាមចិញ្ចើមផ្លូវដូចជានាងសោះ។
   « ដេរ៍ស៊ី មិនអីទេ បន្តិចឯងក៏ភ្លេចហើយ » ដេរ៍ស៊ី ជាឈ្មោះរបស់នាង ព្រោះតែនាងដើរលក់ផ្កាដេរ៍ស៊ី តាំងពីអាយុ ១៥ឆ្នាំ អំឡុងពេលនាងមករស់នៅទីក្រុងសេអ៊ូលដំបូង នាងក៏ចាប់ផ្តើមដើរលក់ផ្កាដេរ៍ស៊ីដើម្បីយកលុយចិញ្ចឹមជីវិត នាងមានជំងឺភ្លេចភ្លាំងឆាប់រហ័ស មិនមែនភ្លេចធម្មតា តែគ្រប់រឿងទាំងអស់ដែលបានកើតឡើងឬក៏នាងបានធ្វើមិនដល់ពីរនាទីនាងក៏ភ្លេចអស់ទៅហើយ ហេតុនេះហើយទើបគ្រប់រឿងសំខាន់នាងតែកត់ទុកក្នុងកូនសៀវភៅដែលនាងដាក់តាមខ្លួនជាប្រចាំ ដោយសារតែបែបនេះហើយទើបសូម្បីតែនាងជាអ្នកណាមកពីណាមុនមកដល់ទីនេះនាងក៏មិនដឹងដូចគ្នា គ្មានផ្ទះ គ្មានគ្រួសារ  នេះហើយគឺជាជីវិតរបស់នាង។
    ដេរ៍ស៊ី ឈរសម្លឹងលុយដែលធ្លាក់នៅលើដីដោយកែវភ្នែករលីងរលោងចង់យំតែនាងយំមិនចេញ ទោះក្នុងដើមទ្រូងនាងនៅខណះនេះដូចជាមានអ្វីមករំខានឲ្យនាងឈឺចាប់ខ្ទោកៗក៏នាងមិនដឹងថាមកពីអ្វីព្រោះក្នុងខួរក្បាលរបស់នាងគឺទទេស្អាត គ្មានការចងចាំអ្វីទាក់ទងនឹងលុយដែលធ្លាក់នៅលើដីនោះទេ តែនាងអាចទទួលដឹងតាមរយះអារម្មណ៍ ថាមុននេះច្បាស់ជាមានរឿងអ្វីមួយកើតឡើងចំពោះនាងគ្រាន់តែនាងមិនចាំតែប៉ុណ្ណោះ។
    ប្រាវ!
    ដេរ៍ស៊ី ឱនរើសលុយ តែត្រូវបុរសមិនស្គាល់មុខពីរនាក់ចូលមកបំផ្លាញ់កន្លែងលក់ផ្កាដូរបាយហូបរបស់នាងឡើងខ្ទេចខ្ចីអស់ ។
    « ឈប់! ឈប់ទៅ! » ដេរ៍ស៊ី ចាប់ទងផ្កាដេរ៍ស៊ីដែលខ្ទាតមកជាប់សក់មើលហើយក៏ស្ទុះក្រោកទៅទាញអាវបុរសមាឌមាំទាំងពីរនាក់ឲ្យឈប់ជាន់កម្ទេសផ្កាដែលបាចសាចពាលពេញដីដោយសារតែស្នាដៃរបស់ពួកគេទាំងពីរ។
    « ចេញ! »
    ប្រូស!
    « អ៊ួយ! ហ៊ឹក! » ដេរ៍ស៊ី លើកកែងដៃដែលរលាត់ចេញឈាមព្រោះតែត្រូវកម្លាំងដៃមាំច្រានឲ្យដួលទាំងកំរោលមកមើល កែវភ្នែកមូលក្រឡង់បង្ហូរទឹកភ្នែកចុះមកលើថ្ពាល់ នាងមិនបានយំរំអួយព្រោះតែរបួសបន្តិចនេះទេ នាងយំព្រោះតែផ្កាជាច្រើនទងដែលត្រូវបាតជើងមាំជាន់កម្ទេចទៅវិញទេ ផ្កាទាំងអស់នេះនាងកាត់មកពីក្នុងសួននៅមណ្ឌលកុមារកំព្រាដែលនាងស្នាក់នៅ ជាផ្កាដែលក្មេងៗខំប្រឹងស្រោចទឹកមើលថែរាល់ថ្ងៃ គ្រាន់តែសង្ឃឹមថានឹងលក់បានលុយខ្លះយកទៅទិញរបស់ញុំ តែពេលនេះក៏ត្រូវបុរសម្ចាស់ហាងនៅក្បែរៗនេះមកជាន់កម្ទេចចោលដោយមិនមានស្តាយស្រណោះ។
   « បើស្អែកខ្ញុំឃើញនាងមកលក់ផ្កានៅទីនេះទៀត ខ្ញុំនឹងហៅប៉ូលីសឲ្យចាប់នាងហើយ »
   ឌឹប!
   ផ្កាកុលាបទក់មួយបាច់ត្រូវគប់ចំកណ្តាលមុខតូចដែលអង្គុយយំនៅលើដី មុននឹងបុរសចិត្តឃោឃៅទាំងពីរនាក់នោះដើរចេញទៅទាំងបែកញើសជោកខ្នងក្នុងចិត្តនៅខឹងជាមួយនាងមិនទាន់បាត់ ទោះជាបានបំផ្លាញ់ផ្ការបស់នាងអស់ហើយក៏ដោយ។
   « ហ៊ឹក! ផ្ការបស់ខ្ញុំ ខ្ទេចអស់ហើយ ហ៊ឺ! » ដេរ៍ស៊ី អង្គុយយំរើសផ្កាដែលខ្ទេចខ្ទីរាយប៉ាយនៅលើដីឡើងមកម្តងមួយទងៗដោយចិត្តស្តាយស្រណោះរបស់ដែលខ្លួនខំថែរក្សាយ៉ាងលំបាកទម្រាំតែបានប៉ុណ្ណេះ តែត្រូវអ្នកដែលមើលមិនឃើញតម្លៃរបស់ផ្កាទាំងនេះមកកម្ទេចចោលមិនដល់មួយនាទី។
   ឌឹប!
   ជើងមាំមិនដឹងចេញមកពីណាមកទាត់ដៃស្រឡូនដែលកំពុងរើសផ្កា ទើបម្ចាស់ដៃរហ័សងើបមុខឡើងសម្លឹងមុខអ្នកដែលទាត់នាង។
   « ណេ! នាងមិនទាន់ឲ្យថ្លៃកន្លែងខ្ញុំទេ » បុរសដែលបានបំផ្លាញ់ផ្ការបស់ ដេរ៍ស៊ី មុននេះ ត្រឡប់មកសម្លុតទារលុយថ្លៃឈ្នួលពីនាងវិញ ដោយមុខក្រាស់បំផុត គេដឹងថានាងមានជំងឺភ្លេចភ្លាំងទើបគេតែងតែធ្វើបាបនាងដោយរបៀបនេះ គឺកម្ទេចកន្លែងរបស់នាងមិនឲ្យនាងនៅលក់យូបាំងមុខហាងរបស់គេហើយក៏មកទារលុយពីនាងថែមទៀត ហើយថ្ងៃខ្លះគេមកទារនាងដល់ទៅពីរ បីដងក៏មានដែរ គេមិនបានចង់ធ្វើបាបនាងទេ តែធ្វើម្តេចបើនាងល្ងង់ឲ្យគេធ្វើបាបបែបនេះដោយខ្លួនឯង។
   « ចាស នេះលុយថ្លៃឈ្នួលលោកថៅកែ » នាងរហ័សដកលុយហុចឲ្យថៅកែម្ចាស់ហាងក្បែរកន្លែងនាងលក់ដោយដៃទាំងពីរយ៉ាងគួរសម នាងឱនរគោរពមនុស្សអាក្រក់ដែលបំផ្លាញ់កន្លែងរបស់នាងទាំងមិនដឹងថាគេបានធ្វើអ្វីដាក់នាងខ្លះនៅមុននេះ។
លោកថៅកែ ញញឹមយ៉ាងពេញចិត្តហើយក៏លូកដៃយកលុយពីក្នុងដៃរបស់នាង។
   ពឹប!
   បាតដៃធំទូលាយលើខ្នងដៃរវាមដោយសរសៃលូកមកចាប់ច្របាច់កដៃរបស់លោកថៅកែម្ចាស់ហាងខ្លាំងៗរហូតថៅកែស្រែកដោយឈឺចាប់ឡើង។
   « អ៊ួយ...អ៊ួយ...លែងៗ »
   « លោកបំផ្លាញ់របស់នាងហើយនៅចង់យកលុយនាងទៀតមែនទេ? » សំឡេងគ្រលរមានអំណាចស្រែកសម្លុតដាក់លោកថៅកែហាងដោយកែវភ្នែកមុតដូចកាំបិតពណ៌ត្មោតរបស់គេសម្លឹងមុខលោកថៅកែហាងស្ទើឆ្លុះសាច់។
   « អ៊ួយ! ខ្ញុំ...មិនបានបំផ្លាញ់កន្លែងនាងទេ! »
   « នៅប្រកែកទៀត? តើចង់ឲ្យខ្ញុំបំបាក់ដៃលោកទើបលោកព្រមទទួលកំហុសមែនទេ? » ឡូវែល រ៉ូប៊ីនសុន អ្នកជំនួញកូនកាត់កូរ៉េ បារាំង គេជាអ្នកជំនួញដ៏ល្បីល្បាញនិងមានឥទ្ធិពលម្នាក់នៅក្នុងប្រទេសកូរ៉េ ប៉ុន្តែមួយរយៈចុងក្រោយនេះមុខជំនួញរបស់គេមិនសូវជាល្អប៉ុន្មានទេ ក្រុមហ៊ុនរបស់គេមានរឿងផ្ទួនៗរហូតធ្វើឲ្យក្រុមហ៊ុនធ្លាក់ដល់បាត់នៅចាំតែថ្ងៃប្រកាសក្ស័យទុនប៉ុណ្ណោះ ហើយនេះប្រហែលជាមូលហេតុដែលធ្វើឲ្យយើងបានឃើញមនុស្សខ្ពង់ខ្ពស់មិនចេះដាក់ខ្លួនដូចជាគេលេចមុខនៅតាមចិញ្ចើមផ្លូវធ្វើវីរះបុរសជួយស្រីស្អាត។
   « អ៊ួយ...កុំៗខ្ញុំដឹងខុសហើយ កុំបំបាក់ដៃរបស់ខ្ញុំ » លោកថៅកែបន្ទន់ជង្គង់ដល់ដីអង្វរដល់រាងខ្ពស់ស្រស់សង្ហា សុំឲ្យគេព្រមដកដៃចេញ ព្រោះគេស្ទើតែបំបាក់កដៃរបស់លោកទៅហើយ មើលចុះឡើងជាំដុំៗពេញកដៃ។
   « ឆាប់ឲ្យលុយនាងវិញ! » គេសម្លុតម៉ាត់ៗដោយសំឡេងកាចគ្មានភាពស្រទន់ត្រង់ណា បូករួមនឹងកែវភ្នែករឹងខ្លាំងរបស់គេផង ធ្វើឲ្យលោកថៅកែភ័យឡើងញ័រខ្លួនអស់។
   « នេះលុយរបស់នាង ហើយចំណែកលុយនេះខ្ញុំសងថ្លៃផ្កាដែលខូចខាត »
   « លោកថៅ...» ដេរ៍ស៊ី រកហៅលោកថៅកែឲ្យឈប់មិនទាន់ ព្រោះលោករត់ទៅលឿនដូចព្យុះដូចជាខ្លាចនឹងបុរសរូបស្រស់សង្ហាដែលចូលមកសម្លុតលោកមិនឲ្យយកលុយពីនាងខ្លាំងណាស់។ តាមពិតនាងមិនដឹងទេថាលោកថៅកែជាអ្នកកម្ទេចផ្កាហើយធ្វើជាមកយកលុយពីនាងទៀត ប្រហែលមកពីនាងមានជំងឺភ្លេចភ្លាំងទើបលោកថៅកែធ្វើបាបនាង ប៉ុន្តែនាងពិតជាអរគុណបុរសរូបសង្ហាម្នាក់នេះខ្លាំងណាស់ដែលបានចូលមកជួយនាង ។
   « អរគុណលោកខ្លាំងណាស់ ខ្ញុំមិនដឹងថាមានអ្វីសងគុណលោកវិញទេ » ដេរ៍ស៊ី បើកភ្នែកមូលក្រឡង់ងើយសម្លឹងមុខសង្ហារបស់អ្នកដែលមានកម្ពស់ខ្ពស់ជាងដោយញញឹមចេញធ្មេញមកតិចៗដើម្បីបញ្ជាក់ពីទឹកចិត្តដឹងគុណដែលនាងមានចំពោះគេ។
   « បើនាងចង់សងគុណខ្ញុំ គ្រាន់តែរៀបបាច់ផ្កាដេរ៍ស៊ីឲ្យខ្ញុំមួយបាច់មក » ឡូវែល ងាកទៅសម្លឹងផ្កាដេរ៍ស៊ីដែលនៅល្អខ្លះ ដូចជាចង់បញ្ជាក់ប្រាប់ ដេរ៍ស៊ី ថាត្រឹមតែផ្កាដេរ៍ស៊ីមួយបាច់ក៏គ្រប់គ្រាន់ហើយសម្រាប់ការសងគុណរបស់នាង ព្រោះគេមកទីនេះក៏ដើម្បីតែទិញផ្កាដេរ៍ស៊ីដូចគ្នា។
   « ចាស ខ្ញុំនឹងរៀបចំឲ្យលោកជាពិសេស » ដេរ៍ស៊ី សប្បាយចិត្តឡើងពេលដឹងថាគេគ្រាន់តែចង់បានផ្កាដេរ៍ស៊ីមួយបាច់ជាការតបស្នងចំពោះរឿងដែលបានជួយនាង។ មិនចាំយូម្រាមស្រឡូនរហ័សទៅរើសយកទងផ្កាដេរ៍ស៊ីដែលល្អៗដោយសម្រិតសម្រាំង រួចទើបយកមកកាត់ស្លឹកនិងទងចេញដោយផ្ចិតផ្ចង់ នាងយកចិត្តទុកដាក់នឹងការរៀបផ្កាមួយបាច់នេះណាស់ នាងតាំងចិត្តថានឹងរៀបផ្កាមួយបាច់នេះឲ្យស្អាតលើបាច់ផ្កាទូទៅដប់ម្លៃដង ព្រោះផ្កាមួយបាច់នេះសម្រាប់អ្នកមានគុណរបស់នាង ដូច្នេះនាងត្រូវរៀបឲ្យបានស្អាតបំផុត។ ដេរ៍ស៊ី កាត់ស្លឹកនិងទងឲ្យមើលទៅរៀបរយហើយ ទើបយកក្រដាសពណ៌ពងក្រសារមកខ្ចប់ជាបាច់ផ្កាយ៉ាងស្រស់ស្អាតឲ្យទៅ ឡូវែល។
   « ដេរ៍ស៊ីដ៏ស្រស់ស្អាតមួយបាច់នេះ ខ្ញុំរៀបចំជាពិសេសសម្រាប់លោក » ដេរ៍ស៊ី ហុចបាច់ផ្កាដ៏ស្រស់ស្អាតដោយដៃទាំងពីរទៅឲ្យ ឡូវែល ដោយមិនភ្លេចបញ្ចេញស្នាមញញឹមដ៏គួរឲ្យស្រលាញ់របស់នាងដាក់គេ។
   « អរគុណណាស់ ខ្ញុំនឹងរក្សាទុកវាឲ្យបានល្អ » គេទទួលយកបាច់ផ្កាពីក្នុងដៃរបស់នាង ដោយញោចមាត់ញញឹមបន្តិចដាក់នាង ធ្វើឲ្យបេះដូងតូចលោតញាប់មួយរំព្រិច ព្រោះនាងទើបតែដឹងថាគេសង្ហារខ្លាំងប៉ុណ្ណា នៅពេលគេញញឹមនេះឯង។
រវល់តែឈរញញឹមលង់នឹងសម្រស់របស់គេ ទើបភ្លេចសួរឈ្មោះរបស់គេ រហូតគេដើរចេញទៅឆ្ងាយ ទើបនាងនឹកឃើញថាភ្លេចសួរឈ្មោះនិងថតរូបរបស់គេទុកទៅហើយ។ ការថតរូបមនុស្សម្នាក់ទុកជាទម្លាប់ប្រចាំដ៏សំខាន់មួយនៅក្នុងជីវិតរបស់ ដេរ៍ស៊ី ព្រោះនាងអាចចាំមនុស្សម្នាក់បានទាល់តែនាងបានយករូបថតរបស់គេនិងគ្រប់យ៉ាងដែលទាក់ទងជាមួយគេកត់នៅក្នុងសៀវភៅរបស់នាង តែធ្វើយ៉ាងម៉េចបើនាងមិនបានសួរឈ្មោះគេឬក៏ថតរូបគេទុកផង នាងមិនចង់ភ្លេចគេដូចជាមនុស្សដទៃទៀតទេ។
   ដេរ៍ស៊ី រហ័សទៅយកកូនសៀវភៅមកសរសេររៀបរាប់ពីសកម្មភាពដែលគេបានចូលមកជួយនាងនៅថ្ងៃនេះ ព្រមទាំងលក្ខណះរូបរាងរបស់គេផងដែរ។
    “... គេខ្ពស់ហើយសង្ហា គេមើលទៅមិនមែនជាមនុស្សចូលចិត្តញញឹមទេ តែគេពិតជាសង្ហាខ្លាំងណាស់នៅពេលគេញញឹម...”
ដេរ៍ស៊ី ដកភ្នែកពីក្រដាសសៀវភៅហើយក្រឡេកទៅសម្លឹងទងផ្កាដេរ៍ស៊ីដែលនៅក្បែរនោះហើយញញឹមចេញមកបន្តិច មុននឹងឱនសរសេរប្រយោគចុងក្រោយ។
    “ គេជាបុរស ដេរ៍ស៊ី។ ” ថ្ពាល់រលោងសប្រែជាក្រហម ព្រោះមិនដឹងថាគេឈ្មោះអ្វីទើបនាងហៅគេបែបនេះ តែនាងអៀនព្រោះឈ្មោះរបស់នាងក៏ដូចផ្កាដេរ៍ស៊ីដែរ អ៊ីចឹងប្រយោគនេះប្រែជាមានន័យថាគេជាបុរសរបស់នាងហើយ ។ ដេរ៍ស៊ី ឱបសៀវភៅអង្គុយអៀនមួយសន្ទុះ ទើបនាងប្រែមកជាធម្មតាវិញ ក្រោយគ្រប់យ៉ាងដែលទាក់ទងជាមួយគេបានរលុបបាត់ពីក្នុងការចងចាំរបស់នាងទៅ។
               រងចាំភាគបន្ត

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Место, где живут истории. Откройте их для себя