ភាគ០៩៖ឯងនិងអាក្មេងនោះស្គាល់គ្នាបានប៉ុន្មានថ្ងៃ?

3.3K 153 11
                                        

      ព្រឹកថ្ងៃថ្មី..
      វត្តមានរបស់ អេនឌី នៅតែមកទទួល ថេយ៉ុង ដូចដើមដដែល ខណៈដែលរាងតូចយើងក៏ត្រៀមនឹងឡើងជិះម៉ូតូជាមួយគេទៅហើយ ស្រាប់តែវត្តមានរបស់ ជុងហ្គុក ក៏បានដើរចេញមកតាមដោយទឹកមុខម៉ឺងម៉ាត់បំផុត។
      “លោកពូ..” ថេយ៉ុង ឈរទៅម្ខាង អេនឌី ងាកមកសម្លឹងមើលឃើញ ជុងហ្គុក ដើរតម្រង់ចូលមកគេក៏រហ័សសំដែងការគោរព។
      “ជម្រាបសួរលោកពូ!” បុរសចំណាស់មិនបានខ្វាយខ្វល់ពីទង្វើគួរសមដែលវ័យកំលោះនោះបានផ្តល់ការគោរពដល់ខ្លួនឡើយ តែផ្ទុយទៅវិញនាយបែរជាសំដែងការមិនពេញចិត្ត ដ្បិតមិនចូលចិត្តឱ្យកូនចិញ្ចឹមទៅណាមកណាជាមួយនិងមនុស្សប្លែកមុខទេគេពិបាកនិងទុកចិត្ត។
      “១៦-១៧ ឆ្នាំមិនទាន់... មានប្រុសបណ្តើរទៅមក ត្រសងគ្នាសម្បើមណាស់!” ជុងហ្គុក ស្រែកគំហកនិយាយស្តីធ្វើដូច ថេយ៉ុង ជាកូនស្រីគេជាក្មេងប្រុសមានមិត្តភក្តិជាមនុស្សប្រុសដូចគ្នាមានអ្វីទាស់ខុសទៅ។
      “លោកពូ.. គាត់ជាមិត្តភក្តិរៀនសាលាជាមួយខ្ញុំទេតើស..” ថេយ៉ុង អះអាងដោយទឹកមុខអន់ចិត្តបន្តិចបន្តួច កាលដែលឃើញមកថា ជុងហ្គុក បញ្ចេញអាកប្បកិរិយាមិនសមរម្យគ្មានហេតុផលបែបនេះចំពោះ អេនឌី។
      “រៀនជាមួយគ្នាហ្នឹងវាយ៉ាងម៉េច?” នាយបែរជាឆាប់ខឹងឆេវឆាវងាកសម្លឹងមើលមុខ ថេយ៉ុង ដូចចង់ស៊ីសាច់គេទាំងរស់។
      “លោកពូ..” វ័យជំទង់ឱនឈ្ងោកមុខចុះដោយមិនហ៊ានតវ៉ា។
      “ខ្ញុំជាមិត្តភក្តិរបស់គេ ខ្ញុំបណ្តើរគេទៅមក ព្រោះខ្ញុំបារម្ភពីសុខទុក្ខ ថេយ៍ ពេលចេញពីសាលារៀនតែប៉ុណ្ណោះលោកពូ!” អេនឌី ព្យាយាមនៅស្ងាត់ស្ងៀមមិនបានសម្លឹងមើលឃើញទង្វើរបស់ ជុងហ្គុក ហើយគេកាន់តែយល់ថាវាមិនគួម្បី សង្ឃឹមការឈឺឆ្អាលរបស់គេអាចជួយការពារ ថេយ៉ុង ពីការស្តីបន្ទោសរបស់ ជុងហ្គុក បានប៉ុន្តែការពិតមិនដូច្នេះនោះទេ។
      “បិទមាត់.. ហើយឈប់មកតាមកូនយើងទៀត.. ចូលក្នុងគ្មានការអនុញ្ញាតឱ្យដើរចេញទៅណាទាំងអស់” ជុងហ្គុក សម្រេចចិត្តដេញ ថេយ៉ុង ឱ្យចូលទៅខាងក្នុងភូមិគ្រឹះដោយដាច់ញត្តិនិងសម្លឹងមុខ អេនឌី ជាមួយខ្សែភ្នែកមិនពេញចិត្ត ដ្បិតក្មេងនេះមិនធ្លាប់ធ្វើអ្វីចំពោះគេពីមុនមក ប៉ុន្តែនាយពិតជាមិនចង់ឱ្យ ថេយ៉ុង ទៅពាក់ព័ន្ធជាមួយគេឡើយ។
      “ទៅបានហើយ..” ជុងហ្គុក រន្ថើនដេញគេ។ អេនឌី តាមសម្លឹងមើល ថេយ៉ុង ចូលទៅខាងក្នុងផុត រួចក៏ងាកមកបញ្ឆេះម៉ូតូមុនពេលដែលចាកចេញទៅគេក៏មិនភ្លេចមើលមុខ ជុងហ្គុក បន្តិចដែរ។
      “របៀបដែលលោកពូស្រលាញ់ការពារកូន.. វាមិនដូចជាក្តីស្រលាញ់ដែលឪពុកកូនទូទៅមានចំពោះគ្នាឡើយ.. សុំឱ្យលោកពូដឹងផងទៅចុះថា ថេយ៉ុង គឺជាមនុស្ស គេគឺមានសិទ្ធស្គាល់និងយល់ដឹងដល់សង្គមខាងក្រៅ មិនមែនបិទសិទ្ធដូចជាលោកពូបានធ្វើឡើយ..” និយាយរួចនាយក៏ឆាប់បញ្ឆេះម៉ូតូបរចាកចេញទៅវឹង បន្សល់ទុកឱ្យ ជុងហ្គុក ខឹងគ្រោតគ្រាតហឹងត្រចៀកម្នាក់ឯងដូចជាត្រូវភ្លើងឆេះឆួលខ្លួនប្រាណយ៉ាងអ៊ីចឹង។
     
      ខាងក្នុងភូមិគ្រឹះ..
      “ឯងនិងអាក្មេងនោះស្គាល់គ្នាបានប៉ុន្មានថ្ងៃ? យើងចិញ្ចឹមឯងតាំងពីតូចហ៊ានដើរប្រាប់គេថាយើងបិទសិទ្ធឯងគ្រប់យ៉ាងផងតើមែនទេ?” ជុងហ្គុក សម្រុកចូលមកស្រែកលុត ថេយ៉ុង ដែលអង្គុយធ្វើភ្នែកសខ្មៅក្បែរលោកស្រីធំឥតរអែងចិត្តគាត់ឡើយ។
      “លោកពូខ្ញុំអត់បានដឹងអី្វទេ..” ថេយ៉ុង គ្រវីក្បាលងីងើមិនយល់អំពីអ្វីដែល ជុងហ្គុក បាននិយាយក្តែងៗចំពោះមុខគេនោះ។
      “កុំបាច់មកប្រកែក.. ក្នុងចិត្តឯងគិតទុកបែបណា ឯងដឹងខ្លួនឯងច្បាស់ណាស់.. បាយផ្ទះនេះស៊ីយូរលែងដឹងជាតិចូវ ឬមួយចង់ទៅស៊ីបាយខាងក្រៅឯងរើសយកទៅ? ទៅនៅពាសវាសពាសកាលជាក្មេងអានាថា ចង់បានជីវិតបែបនេះណាស់អ្ហេស? ចង់បានខ្លាំងណាស់តើមែនទេ?”
      “ជុងហ្គុក ឯងមានហេតុផលបន្តិចទៅ!” លោកស្រី ណែលដេលី ស្រែកដាក់គេចាប់ទាញ ថេយ៉ុង ឱបក្រសោប បើ ជុងហ្គុក ជ្រុលជាវាយក្មេងដែលមិនដឹងម្នាក់ វាយគាត់ឱ្យស្លាប់ដែរទៅ ឱ្យឆាប់រួចផុតកម្មពៀរវេរានិងគ្នាត្រឹមណេះ។
      “ហេតុផល? ទៅមានហេតុផលស្អីជាមួយអាសត្វក្រពើវង្វេងបឹងមួយក្បាលហ្នឹង? ចេញមកណេះ.. ទៅរៀបចំរបស់របរឯងហើយចេញពីទីនេះ.. ចេញឱ្យបាត់ៗទៅ..”
      “ប៉ា..” ថេយ៉ុង ផ្លាស់ប្តូរសព្វនាមទៅកាន់នាយភ្លាមៗ កាលបើ ជុងហ្គុក ប្រែជាស្រែកដេញដោល ខឹងច្រឡោតតោតតូងដាក់គេឃាត់យ៉ាងណាក៏មិនឈ្នះ។
      “ឮទេ?” នាយរឹតតែគំហក មុននឹងស្ទុះទៅចាប់អូសដៃ ថេយ៉ុង គ្រវែងរាងកាយតូចស្តើងបោកទៅនឹងឥដ្ឋ។
      “ជុងហ្គុក..” លោកស្រីធំស្រែកភ្លាត់សំឡេងតឹងសរសៃកណែនផ្អឹះ។
      “កុំនៅទីនេះទៀត.. ទៅស្លាប់ឯណាក៏ទៅៗ..”
      “ហ៊ឹកៗលោកយាយ..” ថេយ៉ុង ឆ្លេឆ្លាស្រែកយំរហាម នៅពេលដែល ជុងហ្គុក ចាប់អូសរាងកាយរបស់គេទីងណាត់ទីងណែងគ្រវែងដូចសត្វដូចធាតុដេញគេឱ្យព្រាត់ប្រាស់ចេញ ខណៈលោកស្រីធំក៏នៅតែរត់យំសស្រិកសស្រាក់តាមចាប់ក្រសោបខ្លួនប្រាណតូចដែលត្រូវបានបុរសនោះប្រើកម្លាំងបាយអូសទាញយ៉ាងឃោឃៅ។
      “បានហើយ.. ជុងហ្គុក ប៉ុណ្ណឹងបានហើយ ហ៊ឹកៗ.. លែងគេ..” ជុងហ្គុក មិនខ្វាយខ្វល់ពីសម្រែកស្រែកយំនិងតំណក់ទឹកភ្នែករបស់ម្តាយដែលហូរស្រក់ចុះមករហាមដាបដាលស្រោចជីវិតគេយ៉ាងណាឡើយ។ ពេលនេះគេមានតែអារម្មណ៍ខឹងនិងទង្វើដ៏ឃោឃៅយង់ឃ្នងដែលគេបានប្រព្រឹត្ដទង្វើទាំងនោះទៅលើ ថេយ៉ុង តែម្យ៉ាងគត់។
      “ហ៊ឹកៗ..ហ៊ឺៗ..” ថេយ៉ុង ខ្សឹកខ្សួរយំគគ្រូកអណ្តឺតអណ្តក់ស្ទាបដៃស្ទាបជើងត្រង់កន្លែងដែល ជុងហ្គុក ប្រើកម្លាំងបាយដាក់គេឈឺចាប់ទាំងចិត្តទាំងកាយ។
      “បើឯងមិនកើតមក.. នាងប្រហែលជាមិនចាកចេញពីយើងទេ.. ឯងមិនសមមានជីវិតរស់នៅទេ ឯងកើតមកធ្វើស្អី ឯងសមតែស្លាប់ ចាប់កំណើតមកធ្វើអី កើតមកធ្វើស្អីអ្ហះ? អាក្មេងចង្រៃ.. អាក្មេងបិសាច.. អាក្មេងគ្មានប្រយោជន៍!” ជុងហ្គុក ស្រែកជេរព្រលែងអារម្មណ៍ខឹងទោសៈនិងពាក្យក្នុងចិត្តវាចាក្តែងៗធ្វើឱ្យ ថេយ៉ុង ស្តាប់ហើយចប់តឹងណែនថប់ក្នុងដើមទ្រូង ហូរទឹកភ្នែកខ្ជោកៗ ចុកបេះដូង ឈឺចិត្ត អួលដើមក ស្ទះដង្ហើម។
      “ចាប់តាំងពីថ្ងៃដែលឯងបានកើតមកជីវិតរបស់យើងផ្លាស់ប្តូរទាំងស្រុង បើយើងមិនជ្រើសរើសយកឯងមកចិញ្ចឹមតាំងតែពីដំបូង ជីវិតរបស់យើងមិនតឹងតែងដូចជាពេលនេះឡើយ វាដល់ពេលហើយ.. ចង់ទៅណាក៏ទៅៗបើយើងចិញ្ចឹម ផ្តល់អ្វីៗឱ្យឯងមិនបានដូចចិត្តរបស់ឯងនោះ!”
      “អត់ទេប៉ា.. ហ៊ឹកៗ ថេយ៍ សូមទោស.. ហ៊ឺៗ.. ថេយ៍ មិនដឹងអ្វីទេ..” ថេយ៉ុង ខំប្រឹងងើបទាំងជើងឈឺ តំណក់ទឹកភ្នែកក៏ស្រោចហូរពេញថ្ពាល់ក្រពុំរឹតតែរហាមនិងបានចាប់ក្រសោបប្រអប់ដៃ ជុងហ្គុក ដោយសង្ឃឹមថាទទួលបានក្តីអាណិត ប៉ុន្តែនាយបែរជារវាសដៃរបស់គេចេញបណ្តាលឱ្យរាងកាយរាងតូចស្តើងដួលបោកខ្លួនទៅនឹងជ្រុងតុមួយទំហឹង។
      “ថេយ៍..” ម៉ែដោះភ្ញាក់ស្រែកញ័រខ្លួនតតាត់រត់ទៅចាប់រាងកាយតូចដែលចុកសៀតអួលអាក់និយាយស្តីមិនចេញនោះគ្រាហ៍ឡើងដោយក្តីសង្វេគចិត្តអាណិតអាសូរ។
      “ប៉ា..ហ៊ឹកៗ..” នៅពេលដែលស្ទើរតែរកពាក្យនិយាយអ្វីក៏មិនចេញ ថេយ៉ុង ក៏ទ្រហ៊ោយំទាមទារក្តីថ្នាក់ថ្នមពីបុរសនោះ។ ប៉ុន្តែនាយក៏នៅតែមិនអើពើនិងបន់ឱ្យគេឆាប់ស្លាប់ទៅទៀតគេមិនដែលខ្វាយខ្វល់ទេ។ បើទោះបីជា ថេយ៉ុង កំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ចាប់ពីពេលនេះតទៅគេលែងមានអារម្មណ៍ខ្វាយខ្វល់ទៀតហើយ ព្រោះចាប់តាំងពីក្មេងនោះបាននិយាយថាគេចិញ្ចឹម ថេយ៉ុង មិនល្អមិនស័ក្តិសមជាឪពុកជាអាណាព្យាបាល គំនិតរបស់គេក៏បានគិតថា ថេយ៉ុង ជាក្មេងដែលចាប់ផ្តើមមានគំនិតលួចគិតបះបោរនិងផ្នត់គំនិតរបស់ខ្លួន។ ក្លាហានហ៊ាននិយាយរអ៊ូរទាំពីទុក្ខលំបាកដែលខ្លួនមានប្រាប់ទៅអ្នកខាងក្រៅ នៅគិតទៀតថា ថេយ៉ុង ប្រហែលជាជីកកកាយរឿងជាច្រើនទៀត ដើម្បីមកប្រឆាំងនិងគេតទៅថ្ងៃមុខ។ ទើបបានជាគេសម្រេចចិត្តដេញឱ្យ ថេយ៉ុង ចេញព្រោះមិនចង់ចិញ្ចឹមគេបន្តនិយាយរួមគេគឺគ្មានមនោសញ្ចេតនាជាមួយក្មេងនោះ។
      “ប៉ា.. ហ៊ឹកៗ.. ប៉ាក៏ដឹងថាកូនស្តាប់តាមប៉ាគ្រប់យ៉ាង.. មួយជីវិតនេះទោះប៉ាចង់ឱ្យកូនធ្វើអ្វីក៏បាន សូមតែប៉ាកុំដេញកូនចេញអី កូនស្រលាញ់ប៉ាខ្លាំងណាស់.. មិនថាប៉ាស្អប់កូនយ៉ាងណា វាយកូនដូចសត្វដូចធាតុយ៉ាងម៉េច កូនសុខចិត្តទ្រាំ កូនទ្រាំបានទាំងអស់ ឱ្យតែកូនបានរស់នៅទីនេះបន្ត ណាប៉ាណា.. កូនសូមអង្វរ!” ថេយ៉ុង ប្រមូលអារម្មណ៍ឡើងវិញមកបាន ក៏សម្រេចចិត្តនិយាយអង្វរករនាយ រួចវាគើមៗទៅឱបជើងជុងហ្គុក ទ្រហោយំយែកអណ្តឺតអណ្តក់ខ្សោះកម្លាំងអស់ពីខ្លួនឈោងដៃចាប់អង្អែលប្រអប់ដៃនាយលួងលោមឪពុកមាឱ្យឈប់ខឹងនិងខ្លួន។
      “កូនសូមសន្យា.. កូនឈប់ពាក់ព័ន្ធជាមួយអ្នកណា.. ឈប់ធ្វើឱ្យប៉ាមិនពេញចិត្តទៀតហើយ ហ៊ឹកៗ.. កូនស្រលាញ់ប៉ា.. ប៉ាជាប៉ាល្អរបស់កូន.. អ្នកខាងក្រៅគេមិនល្អជាមួយកូនដូចជាប៉ាទេ.. ហ៊ឹកៗហ៊ឺៗ.. ប៉ា.. ប៉ា.. ហ៊ឹកៗ.. ប៉ា!” ស្ត្រីចំណាស់ទាំងពីរនាក់និងអ្នកបម្រើដទៃ នាំគ្នាអួលដើមកអាណិត ថេយ៉ុង សង្វេគចិត្តរហូតដល់អួលដើមកថប់តឹងណែនដើមទ្រូងគ្រប់ៗគ្នា។ ចាប់តាំងពីតូចមកគេយំដោយសារតែ ជុងហ្គុក ច្រើនណាស់ តែគេមិនដែលមានគំនិតតបតប្រឆាំងនិងនាយឡើយមានតែការគោរព ឱនលំទោន ដឹងគុណ នាយមិនដែលបំភ្លេចឡើយ។
      “ប៉ាមិនស្រលាញ់កូនចេញពីចិត្តឬប៉ាស្អប់កូនយ៉ាងណា ត្រឹមប៉ាបានផ្តល់បាយ ផ្តល់ទឹក ផ្តល់ទាំងចំណេះដឹង និងភាពកក់ក្តៅឱ្យកូនបានរស់នៅសព្វថ្ងៃមកនេះ កូនពេញចិត្តណាស់ណាទៅហើយ កូនមិនដែលគិតមានគំនិតប្រឆាំងតបតនិងប៉ាទេ.. ប៉ាកុំដេញកូនចេញអី.. ប៉ាទុកឱកាសឱ្យកូនខ្លះផង!”
      “លែងយើង..”
      “ប៉ា.. ហ៊ឹកៗប៉ា..”
      “ជុងហ្គុក ម៉ាក់សុំណាកូន គេស្រលាញ់ឯងខ្លាំងណាស់..បើឯងដេញគេចេញទៅ ឱ្យគេទៅរស់នៅពឹងពាក់អាស្រ័យអ្នកណាអ្ហះកូន? គេនៅជាមួយឯងចាប់ពីតូចក្រូចឆ្មាមកខុសត្រូវអីនិយាយណែនាំកូន ម៉ាក់ចិញ្ចឹមឯង ម៉ាក់មិនដែលប្រដែប្រដៅឯងបែបនេះទេ របៀបមើលថែទាំក្មេងមានច្រើនរបៀបណាស់ ឯងកុំយកហិង្សាបាំងមុខ ឯងចង់ឃើញម៉ាក់ដាច់ខ្យល់ស្លាប់នៅចំពោះមុខឬយ៉ាងណាទៅកូន?” លោកស្រីធំគក់ដើមទ្រូងស្រែកយំ បើដេញ ថេយ៉ុង ឱ្យឃ្លាតចេញទៅដូចសម្លាប់គាត់ទាំងរស់អ៊ីចឹង សព្វថ្ងៃនេះគាត់ស្រលាញ់ ថេយ៉ុង បាត់មុខមិនបានផងរឿងអីហេតុអីត្រូវដេញគេឱ្យចេញឆ្ងាយទៅ។
      “អ៊ីចឹង.. បើចង់ឱ្យវារស់នៅទីនេះត្រូវធ្វើតាមខ្ញុំ!” ជុងហ្គុក ងាកមកសម្លឹងមើលមុខ ថេយ៉ុង ដែលយំសសឹកដាក់គេនោះ។
      “ប្តូរសាលារៀន.. ទៅរៀននៅឯកាណាដា ៥ ឆ្នាំក្រោយ ចាំមកនៅទីនេះវិញ!” ជុងហ្គុក ថាចប់ ថេយ៉ុង ស្តាប់ហើយទន់ជើងទាំងគូស្ទើរតែដួលសន្លប់។
      “ហ៊ឹកៗអត់ទេ..  ខ្ញុំមិនចេះរស់នៅឆ្ងាយពីប៉ានិងលោកយាយ ហើយនិងម៉ែដោះទេ!” ថេយ៉ុង  យំសោកបោកខ្លួនកាន់តែខ្លាំង គ្រវីក្បាលញ័រតតាត់ ប្រកែកទាំងអារម្មណ៍ឆ្លេឆ្លានៅមិនសុខ។
      “កុំរឹងជាមួយយើង.. ទៅរៀបចំខ្លួនទៅ ទៅអាកាសយាន្តដ្ឋាននាល្ងាចនេះ!”
      “ប៉ាខ្ញុំសូមអង្វរ.. ប៉ាមិនដែលស្រលាញ់ខ្ញុំខ្លះសោះតើមែនទេ?”
      “ទៅៗ..” ជុងហ្គុក ច្រាន ថេយ៉ុង ឱ្យផ្តួលខ្លួនអស់ជំហររួចងាកទៅបញ្ជា អីនធើ។
      “នាង.. ទៅរៀបចំរបស់របរឱ្យគេ.. លោកពូអីធៀន កក់សំបុត្រយន្តហោះឱ្យដឹកវាចេញទៅម៉ោង ៦ ល្ងាចនេះ..”
      “ប៉ា.. ប៉ាអត់ទេប៉ា.. ប៉ាកុំធ្វើយ៉ាងហ្នឹងអី ប៉ាកូនសុំអង្វរ!” ថេយ៉ុង ស្ទុះស្ទារត់យ៉ាងត្របាញ់ជើងទៅតាម ជុងហ្គុក ដល់ជាន់ខាងលើបន្ទប់ ស្រែកយំស្ទើរតែដាច់ខ្យល់ស្លាប់។
      “ប៉ា.. ប៉ាកូនស្រលាញ់ប៉ាខ្លាំងណាស់.. ប៉ា..” 
      “ប្រេះទ្រូងខ្ញុំស្លាប់ឥឡូវហើយលោកអើយលោក!” លោកស្រី ណែលដេលី ទម្លាក់បង្គុយចុះស្រវាលើកដៃទប់ដើមទ្រូងរួចក៏យំស្ទើរស្លាប់ស្ទើររស់ សូម្បីតែម៉ែដោះក៏ ជុងហ្គុក មិនអនុញ្ញាតឱ្យគាត់ទៅរស់នៅក្រៅប្រទេសជាមួយ ថេយ៉ុង ដែរ ពោលគឺគេត្រូវទៅរស់នៅទីនោះតែម្នាក់ឯងសុទ្ធសាធ។
     
      ម៉ោង ៥:១២ នាទីល្ងាច..
      ថេយ៉ុង នៅតែឈរយំរអឹកខាងមុខបន្ទប់ ជុងហ្គុក មិនទាន់រៀបចំខ្លួន ដើម្បីធ្វើដំណើរចាកចេញទៅកាន់ព្រលានយន្តហោះនោះឡើយ។ មិនថាគេព្យាយាមយំអង្វរករខ្លាំងយ៉ាងណាក៏ ជុងហ្គុក មិនព្រមផ្លាស់ប្តូរចិត្តគំនិតដែរ។ គេយំស្ទើរតែគាំងថប់ផ្លូវដង្ហើមស្លាប់ យំហើយ យំទៀត យំរហូតដល់មានអារម្មណ៍ថាឈឺក្បាល វិលមុខ ស្ពឹកភ្នែក ហើមមុខស្ពស់ ព្រោះគេមិនបានញ៉ាំអ្វីអស់ពេលពេញមួយថ្ងៃមកហើយ ចាប់តាំងពីព្រលឹមមកម្លេ៉ះ។
      “ប៉ាប៉ា.. ហ៊ឹកៗ ប៉ា..”
      “ថេយ៍.. យំប៉ុណ្ណឹងបានហើយ!” ម៉ែដោះគ្រាំគ្រាចិត្តណាស់ តាមលួងលោម ថេយ៉ុង ជានិច្ច ប៉ុន្តែគេនៅតែព្រមឈប់យំដដែល បេះដូងរបស់គេឈឺចាប់រកទីបំផុតស្ទើរតែគ្មាន វាឈឺហួសថ្លែង ហេតុអ្វី ជុងហ្គុក ចិត្តដាច់ចំពោះគេខ្លាំងដល់ម្លឹង មិនដេញ ដូចតែដេញគេឱ្យឆាប់ចេញឆ្ងាយពីជីវិតនាយដដែល មួយឆ្នាំឬពីឆ្នាំក៏ដោយ តែក្មេងដែលខ្វះក្តីស្រលាញ់និងភាពកក់ក្តៅដូចជាគេពិតជាឯកោខ្លាំងណាស់។
      “ប៉ា.. ប៉ាបើកទ្វារឱ្យកូនបន្តិចមកប៉ា.. ប៉ាកូនចង់ឱបប៉ា..”
      “...” ជុងហ្គុក អង្គុយនៅក្នុងបន្ទប់ស្តាប់សំឡេងក្មេងនោះយំដោយអារម្មណ៍មួម៉ៅខ្លាំង ត្រចៀករបស់គេហឹងអស់ទៅហើយ ថេយ៉ុង ចំជាពូកែយំខ្លាំងណាស់ យំយកស្លាប់យករស់ម្នាក់ឯងតែម្តង។
      “ប៉ា..”
      ក្រាក!!
      ទីបំផុតទ្វារក៏បានបើកឡើង..
      “ប៉ា..” ថេយ៉ុង ស្ទុះចូលទៅឱបនាយយ៉ាងណែន ជុងហ្គុក សម្លឹងមើលមុខម៉ែដោះដែលមានទឹកភ្នែកថ្លាយ៉ង់ជ្រាបហូរដាបនិងកែវភ្នែកដ៏ក្រហមងូវ។
      “បើអ្នកប្រុសឱ្យ ថេយ៍ ទៅរស់នៅទីនោះម៉ែដោះសុំទៅតាមគេផងណា ម៉ែដោះដឹងថា ថេយ៍ មិនចេះមើលថែទាំខ្លួនឯងទេ គេស្គមខ្លាំងបែបនេះ គេទៅរស់នៅទីនោះម្នាក់ឯងម្តេចនឹងធានាសុវត្ថិភាពរបស់គេបាន? ម៉ែដោះសូមអង្វរក៏បាន.. កុំបណ្តោយកូនខ្លាំងពេកអី សង្គមខាងក្រៅមិនប្រាកដថានឹងមានមនុស្សល្អៗចំពោះគេគ្រប់គ្នាទេអ្នកប្រុស..” ជុងហ្គុក យល់ដល់គាត់អង្វរ គេក៏មិនប្រកែក ណាមួយមកឈរយកឈ្នះចាញ់ជាមួយមនុស្សស្រីចំណាស់ម្តាយខ្លួនក៏មិនកើតដែរ។
      “អ្នកប្រុស!” ជុងហ្គុក ងាកសម្លឹងមើលមុខលោកពូ អីធៀន ដែលដើរចូលមក។
      “បានការយ៉ាងណាហើយលោកពូ?”
      “សំបុត្រយន្តហោះត្រូវបានផ្លាស់ប្តូរជើងហោះហើរថ្មីនៅម៉ោង ៨ ព្រឹកវិញអ្នកប្រុស!”
      “អ៊ីចឹងលោកពូចាត់ចែងសំបុត្រយន្តហោះឱ្យម៉ែដោះមួយច្បាប់ទៀតផង ម៉ែដោះក៏ឆាប់ទៅត្រៀមខ្លួនទៅ..” ស្ត្រីចំណាស់ងក់ក្បាលផ្ងក់ៗរាងធូរចិត្តបន្តិច រីឯ ថេយ៉ុង ដឹងថា ជុងហ្គុក មិនផ្លាស់ប្តូរចិត្ត ទោះបីជាអង្វរយ៉ាងណាក៏មិនបានការអ្វីដដែល។
     
      ហាងអាហារ
      Code 13..
      “នេះប្អូន.. អាហារខ្ចប់រួចរាល់ហើយ!”
      “បាទអរគុណបង!” អេនឌី ទទួលយកថង់អាហារពីដៃបុគ្គលិកក្នុងសម្លៀកបំពាក់ជាបុគ្គលិកផ្នែកដឹកជញ្ជូន មុននឹងចាកចេញទៅរកម៉ូតូរបស់ខ្លួន ហើយបើកចេញទៅតាមទីតាំងដែលភ្ញៀវបានកុម្មង់ម្ហូបអាហារ។
      គ្រាំង!! ផាំង!!
      “អូយ..” រថយន្តទំនើបមួយគ្រឿងបើកមកកៀរម៉ូតូគេឱ្យដួលបោកខ្លួនរលាត់ដៃជើងនិងខូចខាតម៉ូតូជាទម្ងន់ ខណៈរថយន្តនោះក៏បានបើករត់ចាកចេញទៅបាត់ស្រមោលឈឹងពីកន្លែងកើតហេតុ។
      “ប្អូន.. ប្អូនយ៉ាងម៉េចទៅហើយ!” មនុស្សម្នាផ្អើលឆោឡោរត់មកជួយលើកគ្រាហ៍ អេនឌី ឡើងដែលមានសភាពហូរឈាមតាមកែងដៃនិងជើងច្រោកៗ រីឯម៉ូតូរបស់គេក៏បាក់កំបាំងស្ទើរតែទាំងស្រុង។
      “ម៉ូតូសំណព្វចិត្តរបស់ខ្ញុំ.. ចប់ហើយ..” អេនឌី សម្លឹងមើលយាន្តជំនិះរបស់ខ្លួនដោយទឹកមុខសោកស្តាយជាទីបំផុត ម៉ូតូមួយគ្រឿងនោះលោកតារបស់គេបានទិញជូនគេជាកាដូមុនពេលគាត់លាចាកលោកទៅ។ ប៉ុន្តែពេលនេះគេថែរក្សាវាលែងបានទៀតហើយគិតចប់គេក៏ដកដង្ហើមធំៗទាំងអារម្មណ៍អស់សង្ឃឹម ដ្បិតគេមិនអាចយំតែអាចកាត់ន័យយល់ឃើញថាគេឈឺចាប់ខ្លាំងជាងពេលបង្ហូរទឹកភ្នែកប៉ុណ្ណា។
     
      យប់នេះ..
      ប្រអប់ដៃស្រឡូនស្ទាបលើស្មាមាំទាំចាប់បង្អូសបំបោសអង្អែលតាមដោយភ្លើងកាមតណ្ហា។ មនុស្សស្រីអាក្រាតកាយម្នាក់ឡើងអង្គុយអុករែងគ្រវីចង្កេះស្រែកថ្ងូរយ៉ាងរោលរាលជាមួយប្រុសសង្ហាដែលកំពុងតែលុងលក់សប្បាយកម្ជាយអារម្មណ៍ជាមួយសិចរោលរាលមិនខ្វាយខ្វល់ពីអ្នកដែលអង្គុយយំសោកសៅក្នុងបន្ទប់មាននាមជាកូនចិញ្ចឹមនោះទេ។
      “ថេយ៍.. ទៅនៅទីនោះល្អ ទៅរៀនយកបទពិសោធន៍ណាចៅ.. សាលារៀនគេក៏ល្អ ប្រឡងចូលសាកលវិទ្យាល័យប៉ុន្មានឆ្នាំ ចេញមកវិញស្វែងរកបានការងារល្អៗធ្វើ ចិញ្ចឹមខ្លួនឯងរស់បានហើយចៅ កុំនៅឱ្យគេជេរ គេស្តី គេថាទៀត.. ហ៊ឹកៗ អត់ពីយាយទៅមិនដឹងចៅពិបាកប៉ុណ្ណាទេ!” លោកស្រី ណែលដេលី និយាយបណ្តើរទឹកភ្នែកហូរស្រោចថ្ពាល់បណ្តើរ គាត់នៅមានជីវិតរស់ នៅជួយស្អីគេមិនបានធំដុំផង ទម្រាំតែអត់ពីគាត់ទៀត មិនដឹងថា ជុងហ្គុក ធ្វើអ្វីដាក់គេខ្លាំងយ៉ាងណាទេ។
      “ខ្ញុំចង់ស្លាប់.. ខ្ញុំចង់ធ្វើឱ្យប៉ាសប្បាយចិត្ត បើខ្ញុំស្លាប់បាត់ គាត់រស់នៅគ្មានអ្នកណាធ្វើឱ្យគាត់ចង្អៀតចង្អល់ផ្លូវចិត្តទៀតទេ ខ្ញុំជាក្មេងគ្មានម៉ែឪ ដើររស់នៅផ្ញើខ្លួន ផ្ញើជីវិតលើជោគវាសនាដែលគាត់បានកំណត់ បើជ្រុលជាចង្រៃដល់ថ្នាក់នេះទៅហើយ ឱ្យខ្ញុំស្លាប់ទៅល្អជាង ខ្ញុំហត់ណាស់.. ខ្ញុំឆ្អែត.. ខ្ញុំឈឺ.. តែខ្ញុំក៏ស្រលាញ់ប៉ាខ្លាំង បញ្ឈប់មិនបាន..ហ៊ឹកៗ..”
     
     
     

     
     
     
     
     

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚حيث تعيش القصص. اكتشف الآن