កម្មវិធីខួបកំណើត ជាលក្ខណៈគ្រួសារធំដុំមួយបានរៀបចំធ្វើឡើងនាពេលល្ងាចជាមួយនិងសាច់ញាតិ គ្រួសារ បងប្អូន ព្រមទាំងមិត្ត បុគ្គលិកនៅឯកន្លែងការងារក៏បានមកចូលរួមដែរ។ គ្រប់យ៉ាងកើតឡើងដោយការនឹកស្មានពុំដល់គ្រប់ទីកន្លែងសុទ្ធសឹងតែបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត។ គ្រប់គ្នាចំណាលពេលមកចូលរួមដោយក្តីសប្បាយរីករាយ ខណៈកម្មវិធីទាំងមូលក៏បានប្រព្រឹត្តទៅដោយភាពអ៊ូអរហ៊ឹកហ៊ាក់បរិភោគអាហារឆ្ងាញ់ៗដូចគ្នាដែរ។
“ថេយ៉ុង ស្អាតខ្លាំងណាស់..” ដាលីណា លាន់មាត់សរសើរកូនប្រុសដោយទឹកមុខនាងនៅតែរំភើបរហូតដល់ស្រក់ទឹកភ្នែកក្នុងនាមជាម្តាយម្នាក់។ នាងមិនធ្លាប់គិតថាជីវិតមួយនេះនិងបានសមប្រកបរស់នៅមានសុភមង្គលដល់ម្លឹងទេ។ ថ្ងៃនេះ ២៦ ឆ្នាំមុនជាថ្ងៃដែលនាងរង់ទុក្ខធ្ងន់ធ្ងរ ព្រាត់ប្រាស់ចាកពីកូនប្រុសទៅ នាងពិតជាឈឺចាប់ ឈឺដល់ថ្នាក់កើតរោគប្រសៃប្រសាទ ព្រោះភាពនិរាសនាពេលនោះធ្វើឱ្យនាងដូចបានរស់នៅក្នុងគុកងងឹត គ្មានពន្លឺ គ្មានសូម្បីតែក្តីសង្ឃឹម។ ប៉ុន្តែថ្ងៃនេះមកទល់នឹងពេលនេះជីវិតរបស់នាងរីកចម្រើនច្រើនណាស់រស់នៅមានស្នាមញញឹមរៀងរាល់ថ្ងៃ បាននៅក្បែរកូនប្រុសកៀកបង្កើយសេចក្តីសុខផ្លូវចិត្តរបស់នាងកាន់តែល្អប្រសើរជាងមុនហើយឈប់បារម្ភឈប់ភ័យខ្លាចតទៅទៀត។ រីករាយជាមួយនិងការជួបជុំ រីករាយជាមួយអារម្មណ៍រំភើបជាបន្តបន្ទាប់ក្នុងរង្វង់គ្រួសារតូចដ៏កក់ក្តៅរបស់ខ្លួនជារៀងរាល់ថ្ងៃ។
មេឃកាន់តែងងឹត ពន្លឺភ្លើងភ្លឺផ្លេកក្នុងធ្លាដែលរៀបចំទាំងមូលជះឥទ្ធិពលកាន់តែខ្លាំងសំឡេងតូរ្យតន្ត្រីបន្លឺរហឹមអមនិងទិដ្ឋភាពអ៊ូអរនៅពេលយប់។
“អូនសប្បាយចិត្តណាស់ ឆ្នាំនេះបងធ្វើខួបឱ្យអូន!” ថេយ៉ុង ឱបដៃ ជុងហ្គុក ឈរបង្ហាញពីស្នាមញញិមកូនក្មេងគួរឱ្យស្រឡាញ់បង្អួតកែវភ្នែកគួរឱ្យចាប់ថើបក្រញិច។
“អ្វីដែលធ្វើឱ្យអូនបានសប្បាយចិត្ត បងធ្វើដើម្បីអូនទាំងអស់..” ជុងហ្គុក ញោចស្នាមញញិមផ្អែមល្ហែមបែរទៅថើបថ្ងាសរាងតូចមួយដង្ហើម។
“ប៉ុន្តែថ្ងៃនេះ បង Surprise អូនច្រើនរឿងណាស់ អូនសប្បាយចិត្តមិនឈប់ទេ បងកាត់ឈុតស្អាតៗឱ្យអូន ធ្វើខួបឱ្យអូន នៅទិញបាច់ផ្កាជូនអូនទៀត!” មើលទៅ ថេយ៉ុង មានក្តីសុខជាជាងទទួលបានអំណោយធំដុំទាំងដែលនេះជាទង្វើតូចតាចមួយដែល ជុងហ្គុក បានធ្វើសម្រាប់គេតែប៉ុណ្ណោះ វាមិនអស្ចារ្យអ្វីណាស់ណាទេ តែចំពោះក្មេងដ៏កម្សត់ម្នាក់នេះគឺសប្បាយចិត្តបំផុតស្ទើរតែរកអ្វីមកប្រៀបផ្ទឹមគ្មាន។
“ប៉ុណ្ណឹងវាមិនគ្រប់គ្រាន់ទេ!” ជុងហ្គុក ចាប់ទាញ ថេយ៉ុង ឱ្យឈរបែរខ្នងនៅពីមុខខ្លួនគេហើយយកដៃទាំងទ្វេលូកចាប់កាន់ក្តោបស្មាតូចស្រឡូនឈរនៅចំពោះមុខកម្មវិធី ស្របនឹងពេលដែលគ្រប់គ្នាជាភ្ញៀវបានអញ្ជើញមកចូលរួមនាំគ្នាត្របាញ់ក្រសែភ្នែកសម្លឹងមើលទិដ្ឋភាពដ៏ភ្ញាក់ផ្អើលដំណាលគ្នា។
អង់ង៉ាៗៗ..
សំឡេងទារកតូចស្រែកយំបង្កូកឡើងបន្លឺពាសពេញកម្មវិធី ថេយ៉ុង ងើយផ្ទៃមុខសម្លឹងមើលផ្ទាំងស្លាយដែលចាក់បញ្ចាំងវីដេអូឃ្លីបកាលពី ២៦ ឆ្នាំមុន ធ្វើឱ្យស្នាមញញិមរីករាយអម្បាញ់មិញបែរជារលុបត្រឹមមួយប៉ប្រិចភ្នែក ខណៈសំណើមក្តៅគគុកចាប់ផ្តើមជាហូរស្រក់ជោជន់ទទឹកថ្ពាល់ទាំងគូជោក។
អង់ង៉ាៗៗ..
“អ្ហាៗ.. កុំយំកូន កុំយំ!” បុរសម្នាក់ក្នុងវ័យ ២៦ ឆ្នាំលាន់មាត់ឧទានឡើងស្ទុះស្ទាទៅចាប់ក្រសោបបីទារកតូចដែលយំងរង៉ក់នៅក្នុងកន្សែងមកបីបមថ្នាក់ថ្នមបំបៅបញ្ចុកទឹកដោះគោក្នុងនាមជាឪពុកចិញ្ចឹមប្រកបដោយភាពយកចិត្តទុកដាក់ខ្នះខ្នែង។
“ជុកៗៗ កុំយំកូន..”
ទិដ្ឋភាពនៅក្នុងវីដេអូឃ្លីបធ្វើឱ្យរំជួលចិត្តដល់ ថេយ៉ុង ម៉ែដោះ លោកស្រី ណែលដេលី និង ដាលីណា នាំគ្នាឈរសម្លឹងមើលដោយឫកពាស្រឡាំងកាំង ជុងហ្គុក មើលថែទាំ ថេយ៉ុង បន្ទាប់ពីម៉ែដោះឈឺសម្រាកនៅឯមន្ទីពេទ្យ គេបានបំពេញតួនាទីជាឪពុកបានយ៉ាងល្អ។ នាយមើលថែទាំទារកតូច ទាំងយប់ ទាំងថ្ងៃ ហើយបានថតឃ្លីបវីដេអូរក្សាទុកមិនដែលធ្លាប់បង្ហាញឱ្យនរណាម្នាក់បានឃើញឡើយគឺរង់ចាំថ្ងៃនេះ ថ្ងៃដែលអាចធ្វើឱ្យគ្រប់គ្នាដឹងថាគេក៏ស្រលាញ់ថ្នាក់ថ្នម ថេយ៉ុង ខ្លាំងប៉ុណ្ណាបើទោះបីជាពេលវេលាខ្លះមិនចាំបាច់ត្រូវបង្ហាញខ្លាំងដល់ម្លឹងក៏ដោយ។ នៅពេលដែល ថេយ៉ុង ធំធាត់លូតលាស់ដល់បាន ៧ ខែ ម៉ែដោះគាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺទ្រុឌទ្រោមជាជំងឺប្រចាំកាយចាស់ជរាគាត់ក៏បានទៅសម្រាកព្យាបាលនៅឯមន្ទីពេទ្យម្តងទៀត។
ជុងហ្គុក ឆ្លៀតពេលវេលាពីការងារដើម្បីនៅផ្ទះមើលថែ ថេយ៉ុង ដែលតែងតែយំស្រែកហៅគេថាប៉ាប៉ាឥតឈប់ឈរ។ លាដៃតាមតែគេម្នាក់ស្រឡាញ់តែគេម្នាក់ កាលណោះ ថេយ៉ុង គួរឱ្យស្រឡាញ់ណាស់ សម្បុរស មុខមាត់កំប្លង់ៗ កែវភ្នែកមូលខ្មៅក្រឡង់ៗ មានមាឌថ្លោសគួរឱ្យក្នក់ក្នាញ់។ តាមពិតទៅនាយស្រឡាញ់ ថេយ៉ុង ក្នុងអារម្មណ៍ដែលទទួលយកក្មេងនោះជាកូនចិញ្ចឹម។ ប៉ុន្តែកាលៈទេសៈប្រៀបបានដូចជារនាំងឃាំងខណ្ឌតម្រូវឱ្យនាយត្រូវបង្ហាញពីភាពស្អប់ខ្ពើមនិងមិនអាចផ្តល់សេចក្តីស្រឡាញ់យកចិត្តទុកដាក់ចំពោះ ថេយ៉ុង យ៉ាងពេញលេញបាន។
“ប៉ាប៉ា..” អាល្អិតសំឡេងស្រួយស្រែសគួរឱ្យចង់ស្តាប់បង្កូកហៅរាងក្រាស់ក្នុងទឹកមុខរីករាយ។ លាដៃទទះរំកិលខ្លួនវាគើមៗឡើងទៅគេងទ្រោមពីលើដើមទ្រូងមាំទាំហើយប្រឡែងលេងជាមួយនាយសើចកក្អឹកនិងលូកដៃទៅក្តោបថ្ពាល់បុរសដែលខ្លួនស្រែកដង្ហោយហៅថាប៉ាពេញមាត់ដោយស្នាមញញិមស្រស់ប៉ប្រិម។
“ប៉ាប៉ា..”
“បាទ!”
“ប៉ាប៉ា!”
“បាទ!” ជុងហ្គុក ចាប់ម្រាមដៃខ្លីៗរបស់ ថេយ៉ុង មកខាំក្រញិចតិចៗ ក្មេងប្រុសអាយុ ៧ ខែនោះស្ញូញមុខឈឺនិងយំងរង៉ក់ៗបង្ហាញឫកពារឹតតែគួរឱ្យស្រឡាញ់ក្នក់ក្នាញ់ បន្ទាប់មកនាយក៏ចាប់ថើបញក់ញីថ្ពាល់ក្រហមព្រឿងៗរបស់ក្មេងតូចជាច្រើនដង។
ថេយ៉ុង ឈរសម្លឹងមើលឃ្លីបវីដេអូនោះបណ្តើរ តំណក់ទឹកភ្នែកក៏ហូរស្រក់បណ្តើរ ពីមួយឃ្លីបទៅមួយឃ្លីបទៀត ជុងហ្គុក បង្កើតភាពរីករាយនិងសេចក្តីសុខថែមទាំងសុភមង្គលដល់ ថេយ៉ុង ដោយគ្មាននរណាដឹងសូម្បីតែរាងតូចផ្ទាល់ក៏មិនបានដឹងដូចគ្នា។ កាលបើគេឈានដល់អាយុ ៨ ឆ្នាំ ជុងហ្គុក បានឆ្លៀតចំណាយពេលវេលាជាមួយ ថេយ៉ុង នាំអាល្អិតតូចទៅជិះស្កីទឹកកក ដើរលេងនៅទីកន្លែងសប្បាយៗ នាំគេទៅញ៉ាំអាហារឆ្ងាញ់ៗ ថតរូបជាមួយគ្នាដើម្បីរក្សាទុក ដល់ពេលដែល ថេយ៉ុង ឈានចូលវ័យជំទង់ពួកគេក៏ត្រូវបែកគ្នាដោយ ជុងហ្គុក បានបង្ខំចិត្តបញ្ជូន ថេយ៉ុង ឱ្យទៅរស់នៅប្រទេសកាណាដា ដើម្បីបន្តការសិក្សានៅទីនោះរយៈពេល ៥ ឆ្នាំ។ ក្រោយពេលវិលត្រលប់មកវិញអ្វីៗគ្រប់យ៉ាងទាំងទំនាក់ទំនង សម្ព័ន្តភាព និងផ្លូវអារម្មណ៍រវាងអ្នកទាំងពីរចាប់ផ្តើមប្តូរផ្លាស់ ស្របនឹងពេលដែល ថេយ៉ុង ពេញវ័យ និងឈានទៅដល់ការបង្កើតអារម្មណ៍ល្អៗចំពោះគ្នាទៅវិញទៅមក កាន់តែស៊ីជម្រៅ ផ្អែមល្ហែម ហើយការពិតដែលនាយចង់បង្ហាញប្រាប់ដល់គ្រប់គ្នានោះ គឺនាយទន់ចិត្ត បដិសេចបេះដូងខ្លួនឯងមិនបាន វាញាប់ញ័រ រំភើបហើយបាក់ចិត្ត ចាប់ចិត្តស្រលាញ់ ថេយ៉ុង នៅពេលដែលក្មេងនោះឈានចូលដល់វ័យ ១៧ ឆ្នាំដោយមិនអាចហាស្តីប្រកែកអ្វីបាន។
គ្រប់ពេលដែលក្មេងម្នាក់នោះរស់នៅទីឆ្ងាយគេតែងតែបារម្ភ គ្រប់ពេលដែល ថេយ៉ុង ទួញយំស្រក់ទឹកភ្នែក គេតែងតែបន្ទោសខ្លួនឯងពីក្រោយខ្នងរាងតូចជានិច្ច។ នាយដឹងខ្លួនថាខ្លួនខុសតែពេលនោះជាពេលវេលាមួយដែលនាយមិនចង់ឃើញក្មេងនោះទទួលបានការថ្នាក់ថ្នមពីបុរសណាផ្សេងក្រៅពីខ្លួនឯងឡើយ។ ដ្បិតគេគ្មានសិទ្ធ តែគ្មានប្រុសណាដែលអាចមានសិទ្ធលើសគេបាននោះទេ។
“ហ៊ឹកៗ.. អូនអរគុណបងខ្លាំងបំផុត!” ថេយ៉ុង បង្វិលខ្លួនប្រាណងាកមកចាប់ឱបក្រសោបស្មាមាំទាំតាមដោយតំណក់ទឹកភ្នែកហូរសស្រិកសស្រាក់ កាលណោះកុំថាឡើយគេអាចទទួលបានក្តីស្រលាញ់និងភាពរីករាយតិចឬច្រើនយ៉ាងណាក្តី។ ប៉ុន្តែគេពេញចិត្តទទួលគ្រប់យ៉ាងដែលនាយផ្តល់ឱ្យដោយមិនស្ទាក់ស្ទើរ។
“បងស្រលាញ់អូន ថេយ៉ុង!” ជុងហ្គុក ឱនឈ្ងោកផ្អឹបបបូរមាត់លើមាត់ ថេយ៉ុង ស្តាប់ស្នូរទះដៃដែលគ្រប់បន្លឺអបអរដល់ពួកគេទាំងពីរនាក់។
“ដល់ពេលកាត់នំហើយ!” រាងក្រាស់ថាចប់ លើកដៃជូតទឹកភ្នែកឱ្យរាងតូចសម្អាតចេញ។
ថេយ៉ុង ញញិមទាំងអារម្មណ៍រំភើបក្រៃលែង រួចបែរទៅសម្លឹងមើលនំខេកធំដែលធ្វើឡើងជាថ្នាក់ៗមាន ៣ ជាន់ លើកដៃប្រណមឡើងបួងសួង តែភ្នែកក៏មិនភ្លេចរំពៃសម្លឹងរកមើលវត្តមានរបស់ម្តាយ។
“ម៉ាក់..” ដាលីណា ក្រឡេកទៅសម្លឹងមើលមុខកូនប្រុស។
“ម៉ាក់មកឈរជិតកូនមក!” អ្នកជាម្តាយងក់ក្បាលរួចជ្រៀតខ្លួនដើរចូលទៅឈរក្បែរកូនប្រុសដែលលូកដៃទាំងគូមកកាន់ម្រាមដៃខ្លួន ព្រមជាមួយទឹកមុខញញិមរីករាយជាមួយថ្ងៃកំណើតដែលគេត្រូវដឹងគុណបំផុតចំពោះស្ត្រីម្នាក់នេះ។
“អរគុណម៉ាក់ដែលបានបង្កើតកូនចេញមក អរគុណម៉ាក់ដែលបានពរពោះកូន បើទោះបីជាម៉ាក់មិនបាននៅមើលថែកូនចាប់តាំងពីតូចមកក្តី ប៉ុន្តែម៉ាក់គឺជាម្តាយដ៏អស្ចារ្យម្នាក់ដែលបានលះបង់ទាំងសាច់ទាំងឈាមដើម្បីជីវិតរបស់កូនតែម្យ៉ាងគត់.. ថ្ងៃនេះជាថ្ងៃកំណើតរបស់កូន កូនពិតជាដឹងគុណចំពោះម៉ាក់ខ្លាំងណាស់ កូនសូមបួងសួងសុំឱ្យម៉ាក់មានសុខភាពល្អ អាយុវែង រស់នៅជាមួយកូនជារៀងរហូតទៅ ផ្តល់ភាពកក់ក្តៅ និងក្តីស្រលាញ់មកកាន់កូនចៅគ្រប់ពេលវេលា កូនស្រលាញ់ម៉ាក់ សូមឱ្យម៉ាក់រស់នៅមានភាពរីករាយ ស្រស់ស្រាយ ស្រស់ស្អាត ក្រអូប មានជីវិតប្រៀបដូចជាផ្កាដែលត្រូវការកូនមើលថែថួនដល់ម៉ាក់រាល់ថ្ងៃ.. កូនស្រលាញ់ម៉ាក់ខ្លាំងបំផុត!” ដ្បិតរឿងអាក្រក់គ្របដណ្តប់ទៅលើដំណើរជីវិតស្ត្រីម្នាក់នេះលើសលប់មករាប់មិនអស់មិនហើយតែចង់ឱ្យជីវិតចុងក្រោយស្ត្រីមានឈ្មោះជាម្តាយម្នាក់នេះរីករាយរស់នៅមានក្តីសុខហើយទទួលបានក្តីស្រលាញ់និងការមើលថែ ទទួលបានការផ្តល់តម្លៃពីមនុស្សគ្រប់គ្នា មានសេរីភាពមិនចាំបាច់ភ័យខ្លាចនរណាម្នាក់តាមធ្វើបាប ហើយក៏មិនត្រូវចុះចាញ់ក្នុងស្រមោលអតីតកាលដ៏ឈឺចាប់ដែរ។
“ម៉ាក់អរគុណ ម៉ាក់ស្រលាញ់កូនដូចគ្នា ម៉ាក់សុំជូនពរដល់ថ្ងៃកំណើតកូន សូមឱ្យកូនមានអាយុវែង និងមានសុខភាពល្អ រាងកាយមាំមួន មិនថាទៅដល់ទីណាសូមឱ្យមានតែមនុស្សអាណិតស្រលាញ់ដល់កូន មានចិត្តមេត្តាចំពោះកូន ធ្វើអ្វីសូមឱ្យសម្រេចបានគ្រប់បំណងប្រាថ្នា សូមឱ្យកូនមានសុភមង្គលក្នុងក្រុមគ្រួសារទាំងស្វាមីនិងកូនចៅ.. ម៉ាក់ស្រលាញ់កូន ថេយ៉ុង!” ដាលីណា ថើបលើថ្ងាសកូនប្រុសមួយខ្សឺត។ កូនប្រុសបណ្តូលចិត្តញញិមស្រស់សឹមក្រឡេកទៅលើកដៃបួងសួងក្នុងចិត្តរួចផ្លុំទៀតពន្លត់បង្ហាញពីសេចក្តីអំណរក្រៃលែង នៅពេលគ្រប់គ្នាទះដៃនិងជូនកាដូអំណោយជាច្រើនដល់ ថេយ៉ុង ដែលគេមិនធ្លាប់ទទួលបានកាលពីមុនមកទាល់តែសោះ។
“អាយុវែងណាចៅ..” លោកស្រី ណែលដេលី លូកដៃទៅអង្អែលក្បាល ថេយ៉ុង ថ្នមៗ រួចហុចប្រអប់កាដូឱ្យគេ។
“អរគុណច្រើនណាស់លោកយាយ!” ថេយ៉ុង លើកដៃប្រណម្យឡើងទទួលយកកាដូមករក្សាទុក។
“រីករាយថ្ងៃកំណើតណា ថេយ៉ុង!” អេនឌី ហុចកាដូរាងធំពណ៌ផ្កាឈូកមួយជូន ថេយ៉ុង ដើម្បីអបអរគេនៅថ្ងៃកំណើត ឥឡូវគេអាចចេញចូលភូមិគ្រឹះ ណែលដេលី និយាយលេងស្និទ្ធស្នាលជាមួយ ថេយ៉ុង បាន បន្ទាប់ពី ជុងហ្គុក បានដឹងថាពួកគេគឺជាបងប្អូនជីដូនមួយនិងគ្នាដូច្នេះ អេនឌី មិនមែនជាគូប្រកួតប្រជែងស្នេហាជាមួយគេទៀតឡើយ។
“អរគុណច្រើនណាស់បង អេនឌី!”
“បាទ!”
“ហ៎កណេះ របស់ម៉ែដោះ.. ម៉ែដោះសូមឱ្យសំណព្វចិត្តរបស់ម៉ែដោះម្នាក់នេះរស់នៅចួបប្រទះតែសេចក្តីសុខទទួលបានក្តីស្រលាញ់កាន់តែច្រើនៗ ម៉ែដោះស្រលាញ់កូនក្មេងច្រម៉ក់ម្នាក់នេះខ្លាំងណាស់!” ថេយ៉ុង អរកខិកកខុបស្ទុះទៅឱបម៉ែដោះដែលចាប់គេថើបថ្ពាល់ទាំងឆ្វេងទាំងស្តាំនិងថ្ងាស ជាក្មេងតូចច្រម៉ក់ម្នាក់ដែលគាត់ថែថួនដោយដៃផ្ទាល់តាំងតែពីតូចៗមក មិនថា ថេយ៉ុង អាយុច្រើនយ៉ាងណា ធំធាត់ឡើងពេញវ័យ ក្លាយជាម្តាយឪពុកកូនគេម្នាក់ក៏ដោយ គាត់នៅចាត់ទុកគេជាកូនក្មេងគួរឱ្យស្រឡាញ់ម្នាក់ដែលចេះតែយំស្រែករត់រកឱ្យគាត់លួងលោមជូតទឹកភ្នែកឱ្យគ្រប់ពេលវេលាជានិច្ច។
“អរគុណម៉ែចាស់.. ម៉ែចាស់ហត់ហើយ ម៉ែចាស់គួរតែដល់ពេលសម្រាកហើយណា ថេយ៍ ស្រលាញ់ម៉ែចាស់ដូចគ្នា!”
“ម៉ែមិនចង់ចាស់ទេ ម៉ែចង់នៅមើលថែដល់ចៅទួតទៀត!”
“ហិហិ មើលចុះ ម៉ែចាស់ដាក់ទោសខ្លួនឯងរហូត!”
“មិនអីទេ ម៉ែចាស់នៅមានកម្លាំង!” គាត់ថាចប់ងាកខ្លួនចេញទៅម្ខាង បើកផ្លូវឱ្យរាងក្រាស់ជ្រៀតខ្លួនចូលមកដោយស្នាមញញិមស្រស់សង្ហា។
“ប៉ាធំឱ្យកាដូអី្វទៅប៉ាតូច?” អ័ររីច ឈ្លេចសួរឈរញញិមញញែមក្បែរ ដាលីណា ខាងណោះ។
“មានតើសកូន កាដូតូចតាចមួយហ្នឹង!” ជុងហ្គុក ឆ្លើយតបសំណួរកូនចប់រួចចាប់ដកកូនប្រអប់ពណ៌ក្រហមចេញពីហោប៉ាវខោ ថេយ៉ុង លើកដៃខ្ទប់បបូរមាត់ បើកភ្នែកសក្បុស សម្លឹងមើលរាងក្រាស់ដែលចាប់បើកគម្របប្រអប់បង្ហាញនូវចិញ្ចៀនពេជ្រ ៥ ការ៉ាត់ជះពន្លឺភ្លឺចិញ្ចាចចំពោះមុខរាងតូចយ៉ាងលេចធ្លោស្រស់ស្អាត មានតម្លៃថ្លៃកប់អមដោយការរចនាប្រណីតដ៏អស្ចារ្យធ្វើឱ្យគ្រប់គ្នាជុំវិញនេះ កើតចិត្តច្រណែន ថេយ៉ុង គ្រប់ៗគ្នានាយនៅហ៊ានថាជាកាដូតូចតាចទៀត។
“រៀបការជាមួយបងណា.. បងស្រលាញ់អូន!”
“ហ៊ឹកៗ..” ទប់អារម្មណ៍រំភើបរំជើបរំជួលមិនជាប់ ថេយ៉ុង អួលដើមកយំរហាមសម្លឹងមុខបុរសជាទីស្រលាញ់ដោយទឹកមុខនៅតែមិនអស់ចិត្ត គេយល់សប្តិ ឬមួយជាការពិត គេភ្ញាក់ផ្អើល ហើយភ្លាំងភ្លឹកអស់ស្មារតីទៅហើយ។
“បានទេ?” ជុងហ្គុក បន្តឿនរាងតូចម្តងទៀត ថេយ៉ុង ងក់ក្បាលញាប់ស្អេក រាងក្រាស់ញោចស្នាមញញិមមុននឹងចាប់ក្តោបម្រាមដៃវែងស្រឡូនដូចជាបន្លាក្រូចមកស៊កចិញ្ចៀនពេជ្របំពាក់ឱ្យរាងតូចក្រសោបលើម្រាមដៃនាងត្រូវទំហំម៉ករួចថើបលើខ្នងដៃរាងតូចមួយដង្ហើមយ៉ាងវែង។
“បងស្រលាញ់អូនជាងគេ!” នាយស្ទុះស្ទាក្រោកឈរចាប់ទាញកាយតូចស្តើងមកថើបបបូរមាត់ ទោះបីស្នូរទះដៃហ៊ោកញ្ជ្រៀវបន្លឺឡើងតែឥតរំខានអារម្មណ៍រវាងអ្នកទាំងពីរដែលកំពុងតែផ្អែមល្ហែមខ្លាំងប្រៀបដូចជាកន្លង់ចោមរោមក្រេបលម្អងឡើយ។
“អូនស្រឡាញ់បង.. ជុងហ្គុក!” ថេយ៉ុង ផ្តាច់បបូរមាត់ចេញញញិមផ្ងើយមុខឡើង ខណៈ ជុងហ្គុក ឱនថើបផែនថ្ពាល់គេនៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់គ្នាដោយក្តីស្រលាញ់ ដោយក្តីស្មោះស្ម័គ្រ ព្រមទាំងបង្ហាញពីភាពស្មោះត្រង់ ច្បាស់លាស់ យកគ្រប់គ្នាជាសាក្សី យកមេឃដីជាសម្បថ តទៅនេះគេនឹងក្លាយទៅជាស្វាមីដ៏ល្អ ឪពុកដ៏ល្អ នៅក្នុងចង្កោមគ្រួសារតូចមួយថែរក្សាចំណងស្នេហាមួយនេះរហូតដល់ចាស់កោងខ្នងរួមគ្នា។
YOU ARE READING
💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚
Romance"ចាប់តាំងពីតូចដល់ធំ លោកពូស្អប់ខ្ញុំមិនដែលប្រែប្រួល!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
