ភាគ០១៖អាក្មេងចង្រៃ

4.7K 215 8
                                        

គ្រប់យ៉ាងប្រៀបដូចជាការយល់សុបិនអាក្រក់កើតឡើងត្រឹមមួយប៉ប្រិចភ្នែក ប៉ុន្តែវាជារឿងពិតដែលតម្រូវឱ្យបុរសម្នាក់នេះទទួលស្គាល់វាឱ្យបានមិនថានៅក្នុងករណីបែបណាក៏ដោយ។ ពិធីបញ្ចុះសពត្រូវបានប្រព្រឹត្តឡើងទៅដោយភាពរលូនក្នុងដីសួនច្បារមួយកន្លែង ដែលគេបានសុំទីតាំងមួយនោះពីម្តាយខ្លួន ដើម្បីជាម្លប់ដ៏ត្រជាក់និងមានផ្កាដ៏ស្រស់ស្អាត ព្រមទាំងបរិយាកាសល្អ ក្លិនផ្កាក្រអូប ប្រហែលជាអាចជួយធ្វើឱ្យវិញ្ញាណក្ខ័ន្តរបស់ ដាលីណា ទៅដោយស្កប់ចិត្ត។
“ទៅឱ្យបានសុខណាអូន.. បងស្រលាញ់អូនខ្លាំងណាស់!” ជុងហ្គុក លើកដៃអង្អែលប៉ាយឈ្មោះរបស់ ដាលីណា សំដែងការសោកស្តាយមិនទាន់កាត់ចិត្តភ្លាមៗពីនាងបាន បន្ទាប់ពីបានលានាងរួចរាល់គេក៏បានដាក់ផ្កាលីលីពណ៌សមួយទងនៅចំពោះមុខប៉ាយឈ្មោះរបស់នាង រួចក៏ក្រោកឈរឡើងងាកទៅសម្លឹងមើលស្ត្រីចំណាស់ខ្ទង់វ័យជាង ៥៥ ឆ្នាំម្នាក់ដែលឈរបីទារកតូចដណ្តប់កន្សែងដោយទឹកមុខក្រៀមក្រំស្រពាប់ស្រពោន។
“អ្នកប្រុស!” អ្នកស្រី សូហ្វៀ មានងារជាម៉ែដោះទារកក៏ចាប់ឧទានសម្តីដោយមានបំណងម្យ៉ាងទៅកាន់ ជុងហ្គុក។
“អាក្មេងចង្រៃ!” គាត់មិនទាន់បាននិយាយអ្វីផង ជុងហ្គុក ក៏ជេរប្រទេចទៅកាន់ទារកតូចដោយអារម្មណ៍ខឹងគ្រោតគ្រាត ព្រោះតែគេបានគិតថាក្មេងនោះជាមូលហេតុតែមួយគត់ដែលធ្វើឱ្យមនុស្សស្រីដែលគេស្រលាញ់បាត់បង់ជីវិតទៅ។ បើមិនយល់ដល់ ដាលីណា នាយប្រហែលជាមិននាំក្មេងនេះចូលមកក្នុងផ្ទះហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាគេឡើយ គេសមតែស្លាប់ មិនគួរណាយកជីវិតប្តូរនិងជីវិតមួយនោះទេ ព្រោះគេគ្មានអ្វីជាសារៈសំខាន់ ជាកូនបុរសម្នាក់ដែលនាយស្អប់ខ្ពើម បើគ្មានវត្តមានម្សៀរនោះ ពេលនេះប្រហែលជានាយនិងដាលីណារស់នៅជួបជុំគ្នាសោយសុខដោយសុភមង្គលជាក់ជាមិនខានឡើយ។
“អ្នកប្រុស.. ម៉ែដោះសុំចិត្តណា ក្មេងមិនដឹងអ្វីទេ កុំជេរស្តីថាឱ្យគេ ទោះជាយ៉ាងណាក៏គ្នារើសកើតមកមិនបានដែរ..”
“ព្រោះវាជាក្មេងចង្រៃនោះអីម៉ែដោះ? កើតមកភ្លាមឪពុកវាគ្រោះថ្នាក់ចរាចរណ៍ស្លាប់.. ម្តាយក៏ត្រូវធ្លាក់ឈាមរហូតដល់ស្លាប់ម្នាក់ទៀតក៏ដោយសារតែវាម្នាក់ ព្រោះតែវា.. វាជាក្មេងបិសាចចាប់កំណើត ខ្ញុំទទួលយកវាមកចិញ្ចឹមមិនដឹងថាតទៅថ្ងៃមុខចួបរឿងស្អីខ្លះទេ!” ជុងហ្គុក ស្តីបន្ទោសក្មេងមិនដឹងអីម្នាក់ ដាក់កំហិតឱ្យគេយ៉ាងខ្លាំង មួយម៉ាត់ណាក៏ជេរស្តីឱ្យក្មេង ជាក្មេងចង្រៃ សម្តីរបស់គេទ្រគោះបោះបោកគ្រោតគ្រាតដូចស្អប់គុំគួនក្មេងនេះកប់ឆ្អឹងថ្នាក់ណាអ៊ីចឹង កែវភ្នែកក៏សម្លឹងមើលពេញប្រៀបដោយភ្លើងកំហឹងទោសៈ មិនដឹងទៅថ្ងៃមុខរស់នៅជាមួយគ្នាចុះសម្រុងឬមួយក៏អត់ បើគេវាចាស្អប់ខ្លាំងៗដល់ម្លឹងទៅហើយនោះ។ ម៉ែដោះមិនបង្ខំនាយជាលើកទីពីរទេ ព្រោះគេចិត្តរឹងមាំដូចជាថ្មមិនងាយវាយបំបែក ម្យ៉ាងវិញទៀតទើបតែចួបអារម្មណ៍បាត់បង់មនុស្សជាទីស្រលាញ់ផងគាត់មានតែទុកពេលវេលាឱ្យគេរៀនស្វែងយល់ដោយខ្លួនឯងតែប៉ុណ្ណោះ។

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Dove le storie prendono vita. Scoprilo ora