ភាគ០៦៖កូនឃើញអីខ្លះ?

3.4K 156 4
                                        

      ថ្ងៃនេះឈប់សម្រាក ជុងហ្គុក មិនទៅធ្វើការឡើយ ដោយគេក៏បានរៀបចំខ្លួនស្អាតបាតត្រឹមត្រូវ បន្ទាប់មកពេលឈាងចូលដល់ថ្ងៃរសៀលបន្តិចក៏នាំ ថេយ៉ុង ដើរផ្សារទិញអីវ៉ាន់ទៅតាមរបៀបឪពុកកូនទូទៅដូចជាគេឯងដែរ។ នាយបើកឡានឆ្លងកាត់ផ្លូវក្នុងទីក្រុងពីមួយកន្លែងទៅមួយកន្លែងទៀត នាំ ថេយ៉ុង ទៅទិញសម្ភារៈប្រើប្រាស់ដូចជាសៀវភៅប៊ិកខ្មៅដៃ និងរបស់របរលេងជាច្រើន បូករួមទាំងសម្លៀកបំពាក់។ ដ្បិតនេះជារដូវរងារធ្លាក់ព្រិល ជុងហ្គុក បាននាំ ថេយ៉ុង ទៅជិះស្គីទឹកកកបន្តយ៉ាងសប្បាយរីករាយ។ អាល្អិតសើចក្អាកក្អាយតោងដៃរាងក្រាស់យ៉ាងណែន ផ្ទៃមុខរបស់គេពោរពេញទៅដោយជំហាយត្រជាក់និងស្នាមក្រហមឡើងព្រឿងៗប្រៀបដូចជាផ្លែប៉េះ។
      “ប៉ាប៉ា..” ថេយ៉ុង ភ្លាត់បបូរមាត់ស្រែកហៅ ជុងហ្គុក ឡើងដូច្នេះ មុននឹងស្រវាឱបនាយកំឡុងពេលដែលជើងកង់ស្គីវិះតែរអិលដួលប៉ុន្តែ ជុងហ្គុក ក៏រហ័សរហួនត្រកងរាងកាយរបស់គេយ៉ាងជាប់មុនរួចទាញបង្វិល ថេយ៉ុង ថ្នមៗអូសគេឱ្យរត់ដេញលើផ្ទាំងទឹកកកម្តងទៀត។
      “ហិហិសប្បាយខ្លាំងណាស់..” ថេយ៉ុង សើចកាច់កកាច់ស្រង់ រត់ចូលទៅក្នុងប្រអប់ទ្រូង ជុងហ្គុក ខណៈនាយក៏ចាប់លើកគេមកពរគ្រវីឡើងបង្កើតជាភាពរីករាយកាន់តែខ្លាំង។ ក្រោយពីបានជិះស្គីទឹកកករួចរាល់ ជុងហ្គុក បានបង្ហួសនាំ ថេយ៉ុង ទៅញ៉ាំអាហារនៅឯភោជនីយដ្ឋានបន្ត។
      យប់បន្តិចក៏នាំគ្នាឆ្លៀតទៅមើលការសំដែងការប្រគុំតន្ត្រីរបស់កុមារក្នុងសាលមួយកន្លែង។
      ថេយ៉ុង ជាមួយនិងក្មេងៗដទៃទៀត បន្តទះដៃស្រែកហ៊ោបន្ទរច្រៀងតាមបទចម្រៀងដែលពួកគេធ្លាប់បានស្តាប់ ហើយក៏បានសើចញញិមញញែម ចំណាយពេលវេលាជាមួយទិដ្ឋភាពដែលពួកគេចូលចិត្តស្ទើរតែបំភ្លេចមិនបាន។

      ម៉ោងចរត្រឹម ៨:៣០ នាទីយប់..
      តាមផ្លូវចាកចេញពីសាលសំដែងវិលត្រលប់ទៅផ្ទះវិញ ជុងហ្គុក បន្តបើរថយន្តទំនើបដោយមានអាល្អិតនៅគេងលក់កើយដៃរបស់គេជាប់មិនព្រមឃ្លាតឆ្ងាយ។ ពេលបានឈប់ចតត្រឹមចំណុចភ្លើងស្តុបក្រហម ទិដ្ឋភាពមនុស្សម្នាជាច្រើនបានបង្ហាញឡើងនៅក្នុងកែវភ្នែករបស់នាយមានគ្រប់ស្ថានភាព។
      មានគ្រួសារដ៏តូចមួយធ្វើដំណើរដោយយាន្តជិះតូចដូចជាម៉ូតូចាស់គំរិលព្រោះតែបញ្ហាជីវភាពជាបន្ទុកក្នុងគ្រួសារ ប៉ុន្តែក្មេងដែលជាកូនរបស់ពួកគេនោះរស់នៅប្រកបដោយសេចក្តីសុខមានឪពុកម្តាយផ្តល់ភាពកក់ក្តៅនិងក្តីស្រលាញ់ឱ្យគេយ៉ាងពេញលេញ ខុសឆ្ងាយពី ថេយ៉ុង ដែលបាត់បង់ទាំងឪពុកនិងម្តាយរស់នៅផ្ញើជោគវាសនាព្រមទាំងជីវិតទៅលើដៃបុរសម្នាក់នេះគ្រប់សព្វបែបយ៉ាងសូម្បីតែក្តីអាណិតតូចមួយក៏គេមិនអាចទទួលបានដែរ។
      ជុងហ្គុក សម្លឹងមើលឃើញទិដ្ឋភាពទាំងនោះរួច ភ្លើងបៃតងក៏លោតឡើង នាយងាកមកផ្តោតអារម្មណ៍បើកបរជំនួសវិញ រួចតម្រង់គោលដៅទៅកាន់លំនៅដ្ឋានដោយសុវត្ថិភាព។
     
      ភូមិគ្រឹះ ណែលដេលី
      ម៉ោង ១១:៣២ នាទីយប់..
      នៅខាងក្នុងបន្ទប់ត្រជាក់ស្រេង រាងកាយមាំអង្គុយប្រាកដខ្លួននៅខាងមុខកុំព្យូទ័រអមដោយទឹកមុខស្ងៀមស្ងាត់ ព្រោះត្រូវពិនិត្យមើលការងារដែលនៅសេសសល់បង្ហើយ។ ពន្លឺកុំព្យូទ័រចាំងផ្លាតភ្នែករហូតដល់នាយត្រូវទាញវែកតាកញ្ចក់ថ្លាមកពាក់ការពារកែវភ្នែកដោយភាពយកចិត្តទុកដាក់។
      “លោកពូ..” ថេយ៉ុង លាន់មាត់ដោយលើកខ្នងដៃមកញីត្របក់ភ្នែក។
      “ភ្ញាក់មកធ្វើអី?” ជុងហ្គុក ងាកទៅនិយាយជាមួយ ថេយ៉ុង មុននឹងចុចបិទហ្វាល់ក្នុងកុំព្យូទ័របញ្ចប់ការងាររហ័សក្រោកឡើងដើរមករកអាល្អិត។
      “លោកពូអត់គេងទេ?”
      “យើងនៅធ្វើការងារ!”
      “លោកពូមកគេងមក.. ថេយ៍ ចង់គេងឱបលោកពូ!” ថេយ៉ុង ចាប់ផ្ដើមកិកកុកព្រោះទម្លាប់គេងឱបម៉ែដោះ ពេលផ្លាស់ប្តូរមកគេងជាមួយ ជុងហ្គុក គេចង់បានភាពកក់ក្តៅពីនាយបន្ថែម។ រាងក្រាស់ដឹងក្មេងនេះចាប់ផ្តើមទាមទារនាយក៏មិនប្រកែក ហើយក៏ដាក់ខ្លួនទៅជិតគេងកៀកក្បែរអាល្អិត ដោយចាប់ទាញ ថេយ៉ុង មកឱបផ្អឹបជាប់ដើមទ្រូង។
      “គេងទៅ!” ជុងហ្គុក ដេញឱ្យក្មេងតូចគេង ថេយ៉ុង ក៏លើកដៃឱបក្រសោបលើកញ្ជឹងករបស់នាយរួចសំងំគេងដោយមិនប្រកែក មិនយូរប៉ុន្មានគេក៏បានគេងលក់ ហើយនៅពេលដែលល្វើយខ្លាំង ជុងហ្គុក ក៏បានគេងលក់មួយភ្លឹងភ្លេចគិតពីអ្វីៗគ្រប់យ៉ាង។
      នៅក្រោមស្បៃរាត្រីកាន់តែចុះត្រជាក់ឥតគណនា មានពន្លឺសចាំងផ្លាតចូលមកក្នុងបន្ទប់រហូតដល់ត្រូវដាស់តំណេកអាល្អិតតូចឱ្យតើនបើកភ្នែកឡើងទាំងមមៃក្រោកអង្គុយលែងខ្លួនចេញពីរង្វង់ដៃប្រុសកំលោះរួចងាកទៅសម្លឹងមើលសួនផ្កាក្រោយភូមិគ្រឹះនេះដោយកែវភ្នែកម៉ក់ៗ ឆ្ងល់ដល់ពន្លឺនោះធ្លាយចេញពីប្រភពណា ឬមួយក៏គេស្រវាំងភ្នែក?
      ថេយ៉ុង ទម្លាក់ប្រអប់ជើងចុះ ដើរសំដៅទៅអើតមើលតាមប្រឡោះបង្អួច សម្លឹងមើលឃើញមនុស្សស្រីស្លៀករ៉ូបស ឈរស្ងៀមទ្រឹងបញ្ចេញស្នាមញញិមផ្អែមល្ហែមបំផុតបង្ហាញដល់រូបគេរហូតដល់គេឈរសម្លឹងមើលមានអារម្មណ៍កាន់តែតក់ជាប់នៅក្នុងចិត្តមិនរម្សាយ។ នារីនោះស្អាតហួសលើសនារីដទៃដែលគេធ្លាប់ឃើញនាងមានកែវភ្នែកភ្លឺថ្លានិងស្នាមញញិមដ៏ស្រស់ស្អាត រាងស្គមតូចច្រឡឹងអមដោយសរសៃវែងៗរលាស់រលោងគួរឱ្យចង់ស្ទាបអង្អែល។
      “មករកម៉ាក់មក..”
      “ម៉ាក់..” ថេយ៉ុង ឮនាងស្រែកហៅខ្លួន បេះដូងរបស់គេក៏ចាប់ផ្តើមដេញដោលចលនាកន្ត្រាក់លោតបោកល្បឿនកាន់តែញាប់ស្អេកខ្លាំងទៅៗ។
      “មករកម៉ាក់មកកូន..”
      “ម៉ាក់.. ជាម៉ាក់ពិតមែនអ្ហេស?”
      “អ្ហឹម.. គឺម៉ាក់..”
      “ម៉ាក់..” ថេយ៉ុង បែរខ្លួនរត់ចាកចេញទៅពីបន្ទប់ គ្រប់គ្នាគេងលុងលក់ស្ងប់ស្ងាត់អស់ហើយ គេក៏លួចរត់ចេញទៅខាងក្រោយភូមិគ្រឹះក្នុងសួនផ្កានោះ តែម្នាក់ឯង ទាំងអារម្មណ៍មិនដឹងពុះពោរកញ្ជ្រោលមកពីណា គេសប្បាយចិត្តអស់ពាក្យត្រូវបរិយាយអារម្មណ៍របស់គេប្រាប់ថារំភើបញាប់ញ័រ។ ប្រអប់ជើងញ័រតតាត់រត់រហូតដល់ដីសួនផ្កា នារីនោះនៅតែឈររង់ចាំគេនិងញញិមដាក់គេជានិច្ចដដែល។
      “មកៗកូន..”
      “ម៉ាក់.. ហ៊ឹកៗ.. ម៉ាក់ៗ.. ម៉ាក់!”
      “រត់មកកូនរត់មក..”
      “ម៉ាក់.. កូនចង់ឱបម៉ាក់ខ្លាំងណាស់!”
      សំឡេងសន្ធឹកជើងអាល្អិតកាន់តែរន្ថើនឮទៅៗ ឆ្លងកាត់ដីត្រជាក់នៃសួនផ្កានោះរហូតដល់រន្ថើនខ្លាំងឡើងៗលាន់ខ្ទរខ្ទារចូលត្រចៀក ជុងហ្គុក ដាស់គេឱ្យភ្ញាក់ពីដំណេកដល់ត្រូវបើកភ្នែកឡើងយ៉ាងស្វាងងងុយចែស។
      “ថេយ៍!” ជុងហ្គុក វាសដៃលើគ្រែទទេស្អាតរលីងឆិញ នាយស្ទុះក្រោកឡើងកញ្ឆក់ចាប់ទាញគន្លឹះទ្វារបន្ទប់ទឹក បាត់មិនឃើញអាល្អិតតូច មុននឹងបន្តឿនល្បឿនជើងរត់ទៅរកបន្ទប់ម៉ែដោះ។
      តុៗៗ..
      “ម៉ែដោះ.. ម៉ែដោះ..”
      ក្រាក!!
      “មានការអ្វីអ្នកប្រុស?” ម៉ែដោះបើកទ្វារដើរចេញមកដោយលើកដៃញីត្របក់ភ្នែកខ្លួនតិចៗ។
      “ថេយ៍ មានមកគេងជាមួយនិងម៉ែដោះទេ?”
      “អត់ទេ ក្រែងថេយ៍ទៅគេងជាមួយអ្នកប្រុសអ្ហេស?”
      “មិនឃើញគេទេម៉ែដោះ!” ជុងហ្គុក ឆ្លើយដោយគ្រវីក្បាលប្រកែកម៉ាត់ៗ បែកញើសហូរសស្រាក់ជោកពេញថ្ងាស ផ្ទៃមុខរបស់គេចាប់ផ្តើមស្លេកស្លាំងបារម្ភពី ថេយ៉ុង ដែលមិនឃើញនៅខាងក្នុងបន្ទប់ឡើយ ហើយម៉ែដោះក៏បុកពោះភ័យញញីញញ័រដៃជើងស្លន់ស្លោរនាំគ្នារត់ចេញទៅតាមស្វែងរក ថេយ៉ុង ពាសពេញក្នុងភូមិគ្រឹះដូច្នោះដែរ។
      “ឃើញគេទេម៉ែដោះ?”
      “ហ៊ឹកៗម៉ែដោះមិនឃើញទេ!” គាត់ភិតភ័យរហូតដល់យំសសឹកសស្រាក់ធ្វើអ្វីក៏មិនត្រូវ។
      អីនធើ និងលោកពូ អីធៀន ព្រមទាំងអ្នកដទៃទៀត ផ្អើលឆោឡោពេញភូមិគ្រឹះ ខណៈ ជុងហ្គុក ក៏រត់ទៅតាមរក ថេយ៉ុង មិនព្រមឈប់ដូចគ្នា។ ពេលស្វែងរកសព្វពាសពេញទីធ្លាខាងមុខនិងខាងក្នុងភូមិគ្រឹះគ្រប់ចន្លោះគ្រប់បន្ទប់រឹតតែមិនឃើញ គំនិតមួយស្រាប់តែផុសឡើងក្នុងខួរក្បាលរបស់គេ..
      “សួនផ្កា..”
      “មែនហើយគឺសួនផ្កា..” ជុងហ្គុក បង្វែរទិសដៅទៅកាន់ទីនោះយ៉ាងលឿនបំផុត ជើងទាំងគូក៏រត់ដេញល្បឿនជើងរហូតដល់សួនផ្កា ពេលមកដល់ដូចអ្វីដែលគេគិតនោះគឺមិនខុសពិតមែន។
      “ថេយ៍!” ជុងហ្គុក ស្រែកហៅអាល្អិតដែលឈរយំគគ្រូកខាងមុខផ្នូរ ដាលីណា ខ្ទង់ម៉ោង ១២ ពាក់កណ្តាលអធ្រាត្រដោយមិនដឹងពីមូលហេតុ។
      “ហ៊ឹកៗម៉ាក់.. ម៉ាក់នៅត្រង់នេះមែនទេ?” ថេយ៉ុង កាន់តែយំយែកស្រែករកម្តាយដែលបានបក់ដៃហៅគេពីមាត់បង្អួចនោះ បន្ទាប់មកនាងក៏បានបាត់ខ្លួនឈឹង ជុងហ្គុក មិនអែអងរត់ទៅចាប់ក្រសោបលើក ថេយ៉ុង ពរឡើងជាប់ដើមទ្រូង។
      “យល់សប្តិអាក្រក់មែនទេ? កុំយំអី គ្មាននរណាម្នាក់នៅទីនេះទេ!” នាយព្យាយាមនិយាយលួងលោមដោយងាកទៅសម្លឹងមើលប៉ាយឈ្មោះ ដាលីណា រួចក៏រន្ថាន់ពរ ថេយ៉ុង ចាកចេញទៅ។
      “ម៉ាក់..”
      “គ្មានម៉ាក់នៅទីនេះទេ!” ជុងហ្គុក ស្រែកគំហកដាក់ ថេយ៉ុង ស្រែកខ្លាំងៗមិនដឹងទៅប្រមូលអារម្មណ៍មួម៉ៅមកពីណាខឹងច្រឡោតតោតតូងបញ្ចេញភាពគ្រោតគ្រាតដាក់ក្មេងយ៉ាងឃោឃៅ។
      “ហ៊ឹកៗ..លោកពូ..”
      “ទៅគេង..”
      “អត់ទេ.. ហ៊ឹកៗម៉ាក់.. ម៉ាក់នៅត្រង់នេះ!” ថេយ៉ុង នៅតែទទូចហៅរកម្តាយហើយយំកាន់តែខ្លាំងទៅៗលើសដើម ជុងហ្គុក ប្រមូលអារម្មណ៍រក្សាផ្លូវចិត្តឱ្យត្រជាក់ជាងមុន តាំងចិត្តនិយាយលួងលោម ថេយ៉ុង ដោយធម៌ត្រជាក់។
      “គ្មាននរណានៅទីនេះទេ កូនប្រហែលជាស្រវាំងភ្នែកទៅគេងបន្តណា តស់ទៅក្នុងវិញ!” ក្មេងតូចងាកមើលជុំវិញទីនេះមិនឃើញមាននរណា ទើបលើកដៃឱបក ជុងហ្គុក រួចងក់ក្បាលនិងបង្ហូរទឹកភ្នែកអណ្តឺតអណ្តក់ មុននេះគេឃើញស្រីម្នាក់នោះច្បាស់ខ្លាំងណាស់ ស្រែកហៅគេដោយសំឡេងផ្អែមពីរោះ ញញិមដាក់គេយ៉ាងផ្អែមល្ហែម ហៅគេថាកូនដ៏កក់ក្តៅ សម្លឹងមើលមុខគេដោយក្រសែភ្នែកប្រៀបដូចជាការនឹករំឮកអស់ពេលវេលាយ៉ាងយូរ។ រាងក្រាស់ចាប់ពរអាល្អិតតូចឡើងទៅរកបន្ទប់គេង ស្តាប់សំឡេងខ្សឹកខ្សួរបន្លឺឡើងរងុមពេញក្នុងត្រចៀក ថេយ៉ុង ប្រហែលជានឹកនាដល់ម្តាយគេខ្លាំងណាស់ហើយ នាយនៅតែចងចាំបានថាក្មេងអាចមើលឃើញសភាវៈអ្វីម្យ៉ាងនោះគឺជាវិញ្ញាណអមនុស្ស។ ដូច្នេះហើយ ដាលីណា ប្រហែលជានឹកដល់កូន និងមករកកូនរបស់នាង ពេលនេះនាងមិនទាន់ចាកចេញទៅណាទេ នាងនៅតែវិលវល់បារម្ភពីកូនរបស់នាងមិនឃ្លាតឆ្ងាយ។ លុះពេលនាំគេមកដល់បន្ទប់ភ្លាមៗ គ្រប់គ្នាបានធូរស្រឡះក្នុងទ្រូងហើយក៏នាំគ្នាទៅសម្រាកវិញ។
       ជុងហ្គុក ដាក់ ថេយ៉ុង ទៅលើគ្រែលើកប្រអប់ដៃជូតសំណើមទឹកភ្នែកឱ្យអាល្អិតចេញថ្នមៗព្រមដេញដោលសួរគេ ព្រោះចង់ដឹងថាគេបានសម្លឹងមើលឃើញអ្វីខ្លះ។
       “កូនឃើញអីខ្លះ?”
       “កូនឃើញម៉ាក់.. ម៉ាក់ស្លៀករ៉ូបស ទម្លាក់សក់ ម៉ាក់ស្រែកហៅកូន ម៉ាក់ឈរនៅត្រង់នោះ..” ថេយ៉ុង ងាកទៅលើកដៃចង្អុលផ្នូររបស់ ដាលីណា បានស្តាប់សម្តីរបស់គេរួច ជុងហ្គុក ក៏ប្រញាប់ប្រញាល់ទាញគេមកឱបក្រសោប។
       “គ្មាននរណានៅត្រង់នោះទេកុំរវើរវាយអី.. ឆាប់គេងភ្លាមទៅ ស្អែកត្រូវទៅរៀនផង!” បន្ទាប់ពីបាននិយាយលួងលោមគេរួចរាល់ នាយក៏បានដាក់អាល្អិតឱ្យគេងទៅលើគ្រែ ទាញភួយមកដណ្តប់ឱ្យគេជិតដើមទ្រូង រួចក្រោកទៅចាប់ទាញបង្អួចបិទ សឹមក្រឡេកមកចុចបិទកុងតាក់អំពូលភ្លើងហើយឡើងទៅគេងកៀកក្បែរ ថេយ៉ុង និងទាញគេមកឱបសារជាថ្មី។
       “សឺត..” ជុងហ្គុក ថើបថ្ងាសគេមួយដង្ហើម លើកដៃអង្អែលសក់ក្បាល ថេយ៉ុង បំពេរគេរហូតដល់គេងលក់ តែភ្នែករបស់នាយមិនអាចបិទបាននោះទេព្រោះតែហេតុការណ៍ស្ថិតក្នុងយប់នេះធ្វើឱ្យគេដិតដាមអារម្មណ៍តក់ស្លុតច្រើនណាស់។

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Onde histórias criam vida. Descubra agora