ភាគ០៣៖កូនមិនស្រលាញប៉ាទេអ្ហេស

ابدأ من البداية
                                        

     លោកស្រី ណែលដេលី ចាប់ដើរចូលទៅខាងក្នុងបន្ទប់កូនប្រុសដែលចាប់កាន់ដបស្រាលើកមកអកផឹកនិងសម្លឹងមើលរូបថតមួយនោះដែលជាដើមហេតុនាំឱ្យកើតមានបញ្ហាធំតាមពិតគេឆ្កួតគ្មានម្ចាស់ការក្នុងខ្លួនក៏ព្រោះតែគេនឹកនាដល់ស្រីម្នាក់ដែលបានស្លាប់ទៅហើយ កំហុសប្រហែលជាមកពី ថេយ៉ុង បានទៅប៉ះពាល់រូបថតមួយនោះ សូម្បីតែគាត់ក៏មិនអាចមានសិទ្ធដេញដោលឱ្យគេយករូបថតមួយនោះទៅបោះចោលបានដែរ។
     “បើកូនស្រលាញ់នាង ហេតុអ្វីក៏មិនអាចអាណិតស្រលាញ់ ថេយ៉ុង ដូចជានាងបានដែរទៅ?” ជុងហ្គុក ស្តាប់ឮសម្តីដ៏ត្រជាក់ស្រេងពីមាត់ម្តាយរួច ទើបក្រោកឈររួចងាកបែរមុខដ៏សោះកក្រោះរបស់ខ្លួនញោចញញិមចម្អកចុងមាត់ដោយអស់សំណើចកក្អឹកក្នុងបំពង់ក។
     “ហ៊ឹះៗ.. ព្រោះតែវា.. មកពីវាទើបបានជានាងឃ្លាតឆ្ងាយពីខ្ញុំទៅ!”
     “ព្យាយាមគិតឱ្យវែងឆ្ងាយខ្លះទៅជុង.. កុំខឹងខ្លាំងពេករហូតដល់ខ្វាក់ភ្នែកបង្កកំហុសទៅលើក្មេងដែលមិនដឹងអ្វី!”
     “មិនដឹងអី? ចុះវាកើតមកធ្វើស្អី?”
     “ដឹងហើយថាក្មេងរើសកើតមកមិនបាន!”
     “បើរើសមិនបានមិនកើតមកល្អជាង!”
     “ជុងហ្គុក..” ស្ត្រីចំណាស់បញ្ជាសម្រែកដោយដកដង្ហើមញាប់ចំប្រប់ស្តាប់សម្តីរបស់គេចុះ គ្មានមួយប្រយោគណាដែលបង្កប់អត្ថន័យអាណិតអាសូរដល់ ថេយ៉ុង សូម្បីតែមួយចុងក្រចកបន្តិចឡើយ គេហាក់ដូចជាស្អប់ខ្ពើមលែងសម្លឹងមើលឃើញអ្វីខុសហើយនិងត្រូវមិនដឹងអ្វីដែលជាពណ៌ខ្មៅឬពណ៌ស ខួរក្បាលនិងចិត្តគំនិតរបស់គេគិតឃើញតែពីការខឹងស្អប់គុំគួនគ្មានភាពប្រណីមេត្តា។ គាត់ប្រឹងប្រែងអស់ពីលទ្ធភាពយ៉ាងនេះទៅហើយគេនៅតែមិនអាចផ្តល់អ្វីជូនគាត់ដែលជាម្តាយបង្កើតរបស់ខ្លួនទៀត។
     “ក្រែងឯងយកគេមកចិញ្ចឹមចាប់តាំងពីដំបូង ព្រោះឯងប្រាប់ថាអាណិតដល់ក្មេងដែលកំព្រាឪពុកម្តាយម៉ាក់ក៏យល់ព្រម ចុះពេលនេះហេតុអ្វីឯងផ្លាស់ប្តូរចិត្ត ឯងគិតអីឆ្កួតៗទៅលើក្មេងដែលមិនដឹងអ្វីម្នាក់ វាយគេធ្វើបាបគេ គេជាក្មេងទន់ខ្សោយម្នាក់ តើពេលនេះឯងស័ក្តិសមជាមនុស្សប្រុស ស័ក្តិសមជាអាណាព្យាបាលរបស់គេដែរទេ? ឬមួយឯងចាត់ទុកគេជាវត្ថុទុកគ្រាន់រម្សាយកំហឹង? ម៉ាក់មិនដែលដឹងថាឯងមានចិត្តថ្លើមខ្មៅដល់ថ្នាក់នេះទេ ឯងគិតអ្ហេសថាវិញ្ញាណរបស់ ដាលីណា អាចនឹងសប្បាយចិត្តដែលឃើញថាឯងសាងទង្វើបែបនេះចំពោះកូនប្រុសរបស់នាង?” ជុងហ្គុក បញ្ឈរកែវភ្នែកទ្រឹង បបូរមាត់ក៏ញោចចលនាញញិមទាំងគ្មានភាពយោគយល់អធ្យាស្រ័យដ្បិតគាត់ខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលគេគ្រប់វីធីសាស្ត្រយ៉ាងណាក៏ដោយក៏សម្តីរបស់គាត់មិនអាចជ្រួលជ្រាបចូលក្នុងខួរក្បាលរបស់គេបានដែរ។
     “ដាលីណា អាចនឹងសប្បាយចិត្ត ព្រោះបានដឹងថាកូនប្រុសដែលអាម្សៀរនោះបានបន្សល់ទុកជាមួយនាងទាំងគ្មានទំនួលខុសត្រូវវាកំពុងតែរស់នៅវេទនាខ្លាំងប៉ុណ្ណា!”
     “ក្នុងចិត្តរបស់ឯងវាព្រៃផ្សៃដល់ថ្នាក់នេះតើមែនទេ?”
     “នៅមានទៀត.. នេះគ្រាន់តែជាជំហ៊ានដំបូង!”
     “បើអ៊ីចឹង យើងក៏ឈរឈ្មោះការពារ ថេយ៉ុង យ៉ាងដាច់អហង្ការពីឯងផងដែរ!” ពីរនាក់ម្តាយកូននិយាយគ្នាដោយការតឹងសរសៃកចំពោះគ្នាយ៉ាងតឹងតែង ម្ខាងព្យាយាមតាមបំផ្លិចបំផ្លាញក្មេងដែលមិនដឹងអ្វី ហើយម្នាក់ទៀតក៏ខំព្យាយាមហួងហែងឃាឃាំងការពារមិនព្រមបើកផ្លូវឱ្យវ័យកំលោះវ័យរូបនោះ បង្កហេតុការណ៍អ្វីបានតាមចិត្តទៅទៀតឡើយ។
     “អញ្ជើញ!” ជុងហ្គុក ញ៉ាក់ស្មាបើកការបង្កជម្លោះជាមួយម្តាយដោយមិនមានភាពកោតក្រែងចិត្តគាត់ជាម្តាយយ៉ាងណា។ ស្ត្រីចំណាស់ដឹងមុនស្រាប់ថាគេមិនព្រមចុះចាញ់ទេ ដូច្នេះហើយគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ។
     “យើងធ្វើស្រាប់ហើយ!” គាត់សង្គ្រឺតធ្មេញនិយាយដាច់អហង្ការរួចទើបដើរចាកចេញទៅទាំងអារម្មណ៍អួលណែនឆ្អែតចិត្តនិងសម្តីរបស់កូនប្រុស។
     ប្រាវ!!
     ដបស្រាគ្រវែងចោលសំឡេងបន្លឺឡើងខ្ទរខ្ទារពេញភូមិគ្រឹះ អ្នកបម្រើគ្រប់គ្នាភ្ញាក់ព្រើត ស្របនឹងពេលដែលលោកស្រី ណែលដេលី ក៏លាន់មាត់៖
     “មិនបាច់ឡើងទៅសម្អាត.. ទុកឱ្យវាដេកលើគំនរស្អុយឆ្អេះឆ្អាបបែបនេះហើយ ពួកឯងបំបែកផ្លូវគ្នាទៅរកការងារធ្វើរៀងខ្លួនទៅ!”
     “ចាស៎លោកស្រី!” ពួកគេបំបែកផ្លូវគ្នាដើរចាកចេញទៅអស់គ្មានសេសសល់ មិនយូរប៉ុន្មានសំឡេងគប់របស់របរបាក់បែកក៏លែងបន្លឺតទៅទៀត នៅសល់តែភាពស្ងាត់ជ្រងំដែលបន្សល់ក្រោយពេលបញ្ហាត្រូវបានបញ្ចប់តែប៉ុណ្ណោះ។
    
     ម៉ោង ៥:១២ នាទីល្ងាច
     ជាតិថ្នាំបន្សាបក្នុងខ្លួននោះចាប់ផ្តើមអស់ប្រសិទ្ធិភាព រាងកាយតូចសុទ្ធតែស្នាមជាំក្រម៉ៅជ្រាំពេញដៃជើងក៏ចាប់បញ្ជាចលនាកម្រើករាងកាយយឺតៗ មុននឹងបើកត្របក់ភ្នែកឡើងសម្លឹងមើលពិដានសក្បុសក្នុងបន្ទប់ត្រជាក់ល្ហឹមដោយឈឺចុកចាប់ពេញតួខ្លួនប្រាណ។
     [នរណាឱ្យឯងចូលមកក្នុងបន្ទប់របស់យើង?]
     [ហ៊ឹកៗប៉ា.. ថេយ៍គ្មានចេតនា លោកយាយផ្តាំឱ្យមកហៅប៉ា.. ហ៊ឹកៗពួកយើងឆាប់បានញ៉ាំអាហារជុំគ្នា?]
     [តែឯងក៏ប្រហើនចូលមករុករើរបស់របរយើងដល់ក្នុងបន្ទប់?]
     ថេយ៉ុង បង្ហូរទឹកភ្នែកចុះមកច្រោកៗ អារម្មណ៍ចាប់ផ្តើមគិតពីហេតុការណ៍ដែលបានកើតឡើងមកលើគេកាលពីរសៀលមិញបេះដូងក៏លោតបោកញាប់ញ័រចង្វាក់រន្ថើនឡើងទាល់តែគេយំយែកទួញដង្ហក់កាន់តែខ្លាំងទៅៗ។
     ខ្វាប់!!! ខ្វាប់!!!
     [អ..អូយ.. អូយ.. ប៉ាឈឺខ្លាំងណាស់.. ហ៊ឹកៗឈឺ.. ឈឺណាស់ប៉ា]
     [ប៉ា..]
     [កុំហៅយើងថាប៉ា!]
     “ហ៊ឹកៗ.. ហ៊ឺៗ..” ថេយ៉ុង យំខ្លាំងទៅៗ ទឹកភ្នែកបុកបង្ហូរសម្រក់ផ្សើមខ្នើយជោក គេទ្រហោយំអស់ពីខ្លួន ព្រោះតែគេឈឺចាប់ខ្លាំងណាស់ ហេតុអ្វី? ហេតុអ្វីទៅ? តើគេខុសអ្វី ហេតុអ្វីក៏គេទទួលបានការស្អប់ខ្ពើុមខ្លាំងយ៉ាងនេះ បុរសម្នាក់នោះចាត់ទុកគេប្រៀបដូចជាសត្រូវដែលរង់ចាំស៊ីសាច់ហុតឈាមគ្នារាល់លើក គ្មានមួយថ្ងៃណាដែលគេអាចរក្សាភាពស្ងប់ចិត្តចំពោះខ្លួនបាននោះឡើយ។ ក្រៅពីភាពក្តៅក្រហាយខឹងគ្រោតគ្រាតកែវភ្នែកផ្ចង់សម្លឹងមើលមុខគេពេញប្រៀបដោយកំហឹងនិងការស្អប់ខ្ពើម ការជេរប្រមាថព្រមទាំងប្រើពាក្យពេចន៍ម៉ាកងាយ ប្រៀបដូចជាគេ ជាសត្វធាតុ ដែលគ្មានសូម្បីតែចំណុចគួរឱ្យអាណិតឋិតក្នុងកែវភ្នែកបុរសនោះបន្តិចណាសោះ។
     “ហ៊ឹកៗ.. ខ្ញុំឈឺចាប់ខ្លាំងណាស់.. ម៉ាក់មកយកកូនទៅជាមួយផង!” ថេយ៉ុង ទួញស្រែកយំយែកកាន់ខ្លាំងទៅៗ ធ្វើឱ្យសម្រែករបស់គេលាន់ទ្រហឹងចូលក្នុងត្រចៀកម៉ែដោះឮសូរគ្រលួច។
     “ថេយ៍.. ថេយ៍ កុំយំអី..” ម៉ែដោះទម្លាក់ថាសអាហារទៅលើខ្នងតុ មុននឹងរត់ចូលមកចាប់ត្រកងរាងកាយ ថេយ៉ុង មកឱបក្រសោបយ៉ាងណែន។
     “ម៉ែដោះហ៊ឹកៗ.. ថេយ៍ ឈឺចាប់ខ្លាំងណាស់.. ថេយ៍ឈឺ..” ថេយ៉ុង រៀបរាប់ទាំងទ្រូងអួលណែន ស្រែកយំអណ្តឺតអណ្តក់ដាក់គាត់ដោយទឹកភ្នែកហូរស្ទើរប្រែក្លាយទៅជាទន្លេ បេះដូងរបស់គេចុកអួលរមួលអន្ទៈអន្ទែន គេក៏ជាមនុស្សដែរ ហេតុអ្វីធ្វើដាក់គេព្រៃផ្សៃអាក្រក់ខ្លាំងយ៉ាងនេះ។
     “ថេយ៍ នៅមានម៉ែដោះ ម៉ែដោះស្រលាញ់ថេយ៍ខ្លាំងបំផុត.. កុំតូចចិត្តអី ថេយ៍ នៅជាមួយម៉ែដោះណា ថេយ៍ រឹងមាំឡើង ម៉ែដោះស្រលាញ់ថេយ៍ខ្លាំងណាស់!” គាត់លើកប្រអប់ដៃចាប់ជូតទឹកភ្នែកឱ្យក្មេងប្រុសជំទង់ទាំងដែលគាត់ក៏ទ្រហោយំសស្រិកសស្រាក់ស្ទើរតែបែកប្រេះក្រហែងដើមទ្រូង ដ្បិតគាត់ព្យាយាមលួងលោមគេមិនឱ្យឈឺចាប់មិនឱ្យយំយែក ប៉ុន្តែបេះដូងរបស់គាត់ក៏រង់របួសមិនចាញ់ ថេយ៉ុង ប៉ុន្មាននោះឡើយ។ អាល្អិតសម្រក់ទឹកភ្នែកកាន់តែស្រោចស្រពថ្ពាល់រហាម បើជីវិតមួយនេះកើតមកវេទនាបែបនេះដដែល គេប្រហែលជាមិនសុំកើតមកធ្វើជាបន្លាចាក់ដោតក្នុងដើមទ្រូងបុរសម្នាក់នោះឱ្យចង្អៀតចង្អល់ ការកើតឡើងដោយវត្តមានរបស់គេនោះទេ។
     “ហ៊ឹកៗម៉ែដោះ.. ម៉ែដោះ ថេយ៍ ហត់ណាស់!”
     “ហត់យ៉ាងណាក៏ត្រូវតែតស៊ូ ព្រោះជីវិតរបស់ ថេយ៍ នៅវែងឆ្ងាយទៀតណាស់ នរណាមិនស្រលាញ់ ថេយ៍ ក៏ស្រេចតែគេទៅ ប៉ុន្តែម៉ែដោះស្រលាញ់ ថេយ៍ ខ្លាំងបំផុត ម៉ែដោះខិតខំមើលថែ ចិញ្ចឹមបីបាច់ ថេយ៍ ព្រោះតែចង់ឱ្យ ថេយ៍ មានជីវិតរស់រានមកចាប់តាំងពីបាតជើងក្រហមរងាលមកយូរហើយ កុំនិយាយពាក្យនេះអី ថេយ៍ ត្រូវតែប្រឹងប្រែងតស៊ូបន្ត ធ្វើដើម្បីខ្លួនឯង រស់ជាខ្លួនឯងឱ្យបានល្អប្រសើរណា កុំធ្វើឱ្យម៉ែដោះអស់សង្ឃឹម!”
     គាត់សម្រក់ទឹកភ្នែកយំយ៉ាងគគ្រូកខ្លាចបាត់បង់ ថេយ៉ុង ទាំងអារម្មណ៍ស្ទើរតែមិននៅនឹងខ្លួន សម្លឹងមើលឃើញគាត់ហត់នឿយពិបាកជាងគេច្រើនណាស់ តែគាត់មិនដែលពោលពាក្យអស់សង្ឃឹមក្នុងឆាកជីវិតម្តងណាទេ គាត់មានតែព្យាយាមរស់នៅឱ្យបានល្អ រិះរកដំណើរជីវិតថ្មីៗឈានជើងដើរទៅមុខបន្តរហូតគ្មានទីបញ្ចប់ទេ ចុះហេតុអ្វីទើបបានជាគេនៅមានកម្លាំងពេញ គិតឃើញតែពីភាពអវិជ្ជមានដូច្នេះទៅវិញ? ថេយ៉ុង លូនខ្លួនចូលទៅរឹតរួតរង្វង់ដៃឱបម៉ែដោះកាន់តែណែន រួចពោលពាក្យសូមទោសទៅកាន់គាត់ដោយដើមទ្រូងដង្ហក់ខ្លាំងឡើងៗ៖
     “សូមទោសម៉ែដោះ.. ហ៊ឹកៗ ថេយ៍ សូមទោស!”
     “មិនអីទេ ម៉ែដោះមិនខឹងថេយ៍ទេ.. ហ៊ឹកៗ.. ម៉ែដោះស្រលាញ់ថេយ៍.. កុំយំណា ឈប់យំប៉ុណ្ណឹងបានហើយ!” គាត់ក្រសោបផ្ទៃមុខតូចឡើង រួចជូតសម្អាតទឹកភ្នែកឱ្យគេសម្ងួតចេញយ៉ាងស្អាតរលីងឆិញ មុននឹងឱនថើបថ្ងាសអាល្អិតមួយដង្ហើម ផ្តល់កម្លាំងចិត្តដល់គេបន្ថែម។
     “ឃ្លានទេ? ម៉ែដោះចម្អិនស៊ុបមកហើយញ៉ាំទៅទាន់នៅក្តៅៗ!” គាត់ក្រោកទៅចាប់លើកថាសអាហារមកដាក់លើតុជិតក្បែរគ្រែគេងរបស់គេ រួចចាប់ដួសផ្លុំទឹកស៊ុបបញ្ចុក ថេយ៉ុង ម្តងបន្តិចៗ និយាយលួងលោមសម្តីផ្អែមល្ហែមបន្ទន់ចិត្តគេឱ្យឆាប់បានញ៉ាំបាយទឹកទ្រទ្រង់រាងកាយ ពេលមានកម្លាំងហើយចាំគិតទៅផ្លូវខាងមុខទៀតក៏មិនទាន់ហួសពេលដែរ។
     “ប្រឹងញ៉ាំទៅ ថេយ៍ ស្គមខ្លាំងណាស់ ម៉ែដោះបារម្ភខ្លាច ថេយ៍ មានបញ្ហាសុខភាព..” គាត់រន្ថើនបន្តឿនគេឱ្យឆាប់បានស្រុះស្រូបបាយទឹកបញ្ចុកបណ្តើរសម្លឹងមើលមុខគេបណ្តើរគាត់ពិបាកចិត្តថ្លឹងថ្លែងរៀបរាប់អារម្មណ៍មិនចេញសោះ។
     “ថ្ងៃក្រោយកុំយកអាសាមនុស្សដូចជាគេទៀត.. ថ្ងៃនេះថេយ៍បានឃើញហើយថាគេមានអារម្មណ៍យ៉ាងណា គិតមកលើថេយ៍មកបែបណា..” ថេយ៉ុង ទំពារអាហារលេបលាក់ទាំងទឹកភ្នែកហូរច្រោកៗ ជុងហ្គុក មិនដែលអាណិតស្រលាញ់គេចាប់តាំងពីគេនៅតូចជាងនេះមកម្លេ៉ះ គេគ្មានបេះដូងឡើយ សូម្បីតែក្មេងតូចមួយក៏មិនលើកលែងដែរ។
     “ថេយ៍ លែងជឿទៅលើពាក្យថា ឪពុកណាក៏ស្រលាញ់កូនដែរ.. គាត់មិនមែនជាឪពុករបស់ ថេយ៍ ទេ.. ថេយ៍ ជាក្មេងកំព្រារស់ផ្ញើជោគវាសនាលើដៃរបស់គាត់ គាត់ចង់ធ្វើយ៉ាងម៉េចបាន..”
     “តែ ថេយ៍ មិនត្រូវរមិលគុណគេទេ ទោះបីជាគេអាក្រក់យ៉ាងណា ត្រូវចាំថាគេបានផ្តល់ទីជម្រកនិងកន្លែងស្នាក់នៅសមរម្យ មានបាយទឹកឱ្យ ថេយ៍ បានញ៉ាំគ្រប់គ្រាន់ដែរ!”
     “ថេយ៍ ដឹង.. ថេយ៍ មិនភ្លេចគុណរបស់គាត់ទេម៉ែដោះ!”
     “ហ្អឹមឆ្លាត.. ញ៉ាំបាយបន្តទៅន្អាលនឹងបានញ៉ាំថ្នាំ..” ម៉ែដោះបន្តបញ្ចុកបាយទឹកគេរហូតដល់អស់រួចរាល់ ទើបប្រាប់ឱ្យគេញ៉ាំថ្នាំតាមក្រោយ។
     ថេយ៉ុង ក្រោកទៅងូតទឹកសម្អាតខ្លួនទាំងដៃជើងមានស្នាមជាំ គេសម្លឹងមើលខ្លួនឯងទៅក្នុងកញ្ចក់ ទឹកផ្កាឈូកហូរច្រោះស្រក់ស្រោចលើក្បាលគេរហូតដល់សើមខ្លួនទទឹកជោក។
      [ហត់យ៉ាងណាក៏ត្រូវតែតស៊ូ ព្រោះជីវិតរបស់ ថេយ៍ នៅវែងឆ្ងាយទៀតណាស់ នរណាមិនស្រលាញ់ ថេយ៍ ក៏ស្រេចតែគេទៅ ប៉ុន្តែម៉ែដោះស្រលាញ់ ថេយ៍ ខ្លាំងបំផុត ម៉ែដោះខិតខំមើលថែ ចិញ្ចឹមបីបាច់ ថេយ៍ ព្រោះតែចង់ឱ្យ ថេយ៍ មានជីវិតរស់រានមកចាប់តាំងពីបាតជើងក្រហមរងាលមកយូរហើយ កុំនិយាយពាក្យនេះអី ថេយ៍ ត្រូវតែប្រឹងប្រែងតស៊ូបន្ត ធ្វើដើម្បីខ្លួនឯង រស់ជាខ្លួនឯងឱ្យបានល្អប្រសើរណា កុំធ្វើឱ្យម៉ែដោះអស់សង្ឃឹម!]
      ប្រយោគសម្តីរបស់ម៉ែដោះរេផ្លិចលោតឡើងក្នុងខួរក្បាលគេជាការកត់ចំណាំថ្មីមួយដែលជាកម្លាំងចិត្តតស៊ូមោះមុតដ៏រឹងមាំធំបំផុតក្នុងចិត្តគំនិតរបស់គេ។ បានកើតមកជាសំណាង ត្រូវដឹងគុណដល់ម្តាយឪពុកដែលបានបង្កើតខ្លួនមក និងអរគុណដល់ម៉ែដោះ ព្រមទាំងលោកស្រីធំដែលបានផ្តល់ទីពឹងដ៏ធំធេងក្នុងជីវិតរបស់គេមួយនេះ។ រឹតតែអរគុណដល់បុរសជាឪពុកមាម្នាក់នោះ ទោះជាគេមានភាពមិនស្អាតស្អំចំពោះខ្លួន តែនាយជាអ្នកផ្តល់ឱកាសលើសជាងគេឯងបំផុតដែលបានអនុញ្ញាតឱ្យខ្លួនចូលមករស់នៅក្នុងគ្រួសារមួយនេះ។ ជាចុងក្រោយនោះត្រូវប្រើប្រាស់ជីវិតដែលខ្លួនឯងមាន តស៊ូប្រឹងប្រែងខ្នះខ្នែងសង្វាតដោយខ្លួនឯង ព្រោះសូម្បីតែព្រះក៏មិនដែលក្លាយទៅជាខ្នងបង្អែករង់ចាំជួយទ្រទ្រង់ទប់ទល់ដល់ខ្លួនយើងអស់រយៈពេលពេញមួយជីវិតឡើយ។
     
      ថ្ងៃបន្ទាប់..
      ព្រឹកព្រហាម ម៉ោងចរត្រឹម ៥:១២ នាទីព្រឹក។ សំឡេងយាន្តជំនិះគ្រប់ធន់បរទៅមកចាប់ផ្តើមរន្ថើនសូរបន្លឺដាស់ដំណេកគ្រប់គ្នាឱ្យតើនឡើងគ្រប់ៗគ្នា។
      ជាន់ខាងក្រោម អ្នកបម្រើចាប់ផ្តើម បម្រើការងាររស់រវើក រីឯសួនច្បាក៏ត្រូវបានអ្នកថែសួនមើលថែទាំវាបានយ៉ាងល្អ។ មិនយូរប៉ុន្មានព្រះអាទិត្យក៏រះឡើងបើកថ្ងៃក្តៅចែស ម៉ោងដើរសន្សឹមទៅមុខឈប់ចតត្រឹម ៦:៣៩ នាទី។
      បន្ទប់ទទួលទានអាហារ..
      “សូមអញ្ជើញលោកស្រី..” អីនធើ ចាប់ទាញកៅអីបន្តិច អញ្ជើញលោកស្រីធំបន្ទាប់មកក៏អញ្ជើញម៉ែដោះម្នាក់ទៀត។ ពួកគាត់មិនទាន់ពិសាអាហារទេ ព្រោះរង់ចាំសមាជិកគ្រប់គ្នាមកជុំគ្នាសិន។ បន្តិចក្រោយមក ជុងហ្គុក បានចុះមកដល់ជាមួយឈុតសម្លៀកបំពាក់ជា CEO សង្ហាប្លែកយកតែមែនទេន ព្រោះកាលវិភាគថ្ងៃនេះតម្រូវឱ្យមានប្រជុំធំអ្វីដែលគេអាចគ្រប់គ្រងស្ថានការណ៍បានគឺត្រូវក្រោករៀបចំខ្លួនចាប់តាំងព្រឹកព្រលឹម។ ខណៈពេលដែលកំពុងតែរង់ចាំ វត្តមានអ្នកប្រុសតូចប្រចាំភូមិគ្រឹះបានចុះមកដល់ក្រោយគេជាមួយនិងឯកសណ្ឋានសិស្សដូចរៀងរាល់ថ្ងៃមុនពេលទៅសាលារៀនជាប្រចាំ។
      “មកដល់ហើយអ្ហេស.. អង្គុយចុះមកចៅ!” លោកស្រីធំដង្ហោយហៅ ថេយ៉ុង។
      “មកជិតប៉ាមក..” ជុងហ្គុក លាន់មាត់ស្រដី ហើយគ្រប់គ្នាបែរជាមានភាពភ្ញាក់ផ្អើល ព្រោះតែមិនដែលឃើញថានាយបង្ហាញទម្លាប់បែបនេះចំពោះ ថេយ៉ុង ឡើយ។ ក្មេងតូចឈរអេះអុញសម្លឹងមើលទឹកមុខនាយដោយអារម្មណ៍មិនទុកចិត្ត ដ្បិតក្រសែភ្នែកដែលនាយសម្លឹងមើលមកកាន់គេនោះវាមានឥទ្ធិពលអ្វីម្យ៉ាងដែលធ្វើឱ្យគេសម្លឹងឃើញហើយចាញ់ច្រាបប៉ុន្តែគេមិនហ៊ានបដិសេចឡើយ ទើបឈានជើងទាំងសងដើរចូលទៅរក ជុងហ្គុក ដោយទឹកមុខនៅតែបារម្ភភ័យខ្លាចដដែល។
      “ឈឺត្រង់ណាប៉ាសូមទោសណា..” ថេយ៉ុង លើកប្រអប់ដៃប៉ះត្រង់ស្នាមរបួសត្រង់នោះ ជុងហ្គុក ឃើញហើយទើបអង្អែលលើរបួសនោះស្រាលៗហើយក៏ចាប់ទាញអាល្អិតមកឱបដាក់ឱ្យអង្គុយលើភ្លៅខ្លួន។
      “ថេយ៍ មិនអីទេ..” ថេយ៉ុង បម្រុងងើប ប៉ុន្តែ ជុងហ្គុក ក៏សង្កត់ដៃលើភ្លៅរបស់គេជាប់។
      “ល្ងាចនេះចង់ទៅញ៉ាំការ៉េមទេ? ប៉ាជូនកូនទៅ?” ស្តាប់សម្តីរបស់គេ ក៏ដឹងថាគេមានទេពកោសល្យពោរពេញទៅដោយឈុតឆាកសំដែងល្អខ្លាំងយ៉ាងណា។ លោកស្រីធំញញិមចុងមាត់ហាក់ដូចជាអស់សំណើច ព្រោះគាត់តាមទាន់ពិរុទ្ធកូនប្រុសគាត់ដោយមិនចាំបាច់សង្កេតយូរឡើយ។
      “ថេយ៍ មិនរំខានទេ.. ល្ងាចនេះ ថេយ៍ ត្រូវមើលមេរៀនផង.. អរគុណច្រើនណាស់!” ពីមុននាយមិនដែលមានអារម្មណ៍ហេងហាងច្របូកច្របល់ដល់ម្លឹងឡើយ តែពេលស្តាប់ឮសម្តី ថេយ៍ និយាយគ្មានដើមគ្មានចុងជាមួយខ្លួនបែបនេះ គេក៏មានអារម្មណ៍ឃ្នើសចិត្តចម្លែក គេខំសម្តីផ្អែមយកចិត្តទុកដាក់ជាមួយហើយ បែរជាមកលេងខ្លួន ធ្វើដូចជាមិនចង់ហើបមាត់និយាយជាមួយគេទៀត។
      “កូនមិនស្រលាញប៉ាទេអ្ហេស ឪពុកកូនទៅណាមកណាជាមួយគ្នាជាគ្រួសារតែមួយយូរៗម្តងសោះ ក៏យកការសិក្សាសំខាន់ជាងពេលវេលាកក់ក្តៅទៀតឬ?”
      “មិនមែនបែបហ្នឹងទេ តែមកពីលោកពូធ្វើការហត់នឿយ.. ត្រូវការមកផ្ទះសម្រាក ថេយ៍ ក៏ត្រូវមើលមេរៀនបន្ទាប់ត្រៀមខ្លួនជាមួយកម្មវិធីសិក្សាថ្មីៗដែលគ្រូបានដាក់ឱ្យតែប៉ុណ្ណោះ ថេយ៍ អរគុណលោកពូច្រើនណាស់!” ថេយ៉ុង ផ្លាស់ប្តូរសព្វនាមរួចក្រោកឈរឱនសូមទោស ជុងហ្គុក រួចចាកចេញទៅរកកៅអីអង្គុយញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់ គេចពីខ្សែភ្នែកក្តៅឆួលដែលសម្លឹងមើលមកកាន់ជាមួយទឹកមុខម៉ូវ។
      “ញ៉ាំឱ្យច្រើនៗទៅចៅ.. ថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍យាយនាំ ថេយ៍ ទៅដើរលេង..”
      “បាទលោកយាយ!” ថេយ៉ុង ងើបផ្ទៃមុខមកញញិមស្រស់បស់ដាក់លោកស្រី ណែលដេលី គ្រាន់តែគេរីករាយចំពោះពាក្យសម្តីរបស់គាត់សោះ ក៏រាប់ទុកថាគាត់ឈ្នះ ជុងហ្គុក បានមួយជំហ៊ានមុនបាត់ទៅហើយ។ ញ៉ាំអាហាររួចរាល់ ថេយ៉ុង ស្ទុះក្រោកឱនលំទោនលាចាស់ទុំគ្រប់គ្នាសូម្បីតែ ជុងហ្គុក ក៏គេមិនភ្លេចទម្លាប់គោរពនាយដូចរាល់ដងដែរ។
      “ប៉ាជូនទៅ..” ជុងហ្គុក ចាប់សោរឡានមកកាន់ជាប់នឹងដៃថ្ងៃនេះគេបើកឡានដោយខ្លួនឯងនិងសម្អាងថាជូន ថេយ៉ុង ទៅសាលារៀនទៀត។ អាល្អិតលេបទឹកមាត់ក្អឹកៗ ហើយលោកស្រី ណែលដេលី អាចមើលដឹងពីភាពមិនពេញចិត្តរបស់ ថេយ៉ុង គាត់ក៏ជ្រៀតខ្លួនចូលសំណើរមួយនោះ។
      “ក្រែងឯងមានប្រជុំបន្ទាន់អ្ហេស? ឱ្យអ្នកដទៃជូន ថេយ៉ុង ទៅសាលារៀនទៅ ហើយឯងទៅក្រុមហ៊ុនចុះ!”
      “ខ្ញុំប្រជុំនៅម៉ោង ៨..” ជុងហ្គុក ងាកមកសង្កត់សំឡេងធ្ងន់ដាក់ម្តាយ រួចងាកទៅចាប់កដៃ ថេយ៉ុង ក្តោបកាន់យ៉ាងណែន។
      “តែត្រូវប្រាកដចិត្តថាចៅយើងថ្ងៃនេះនឹងមិនមានស្នាមជាំថ្មីដោយសារតែស្នាដៃរបស់ឯង គោរពពាក្យសម្តីរបស់ខ្លួនឯងផង!”
      “បើមាន.. លោកស្រីចង់ចាត់ការយ៉ាងណាក៏បាន!” នាយថាចប់ចាប់អូសដៃ ថេយ៉ុង ទៅរករថយន្ត ហើយទីបំផុតពួកគេក៏ចាកចេញដំណើរទៅបាត់។
      “ថេយ៍..” ម៉ែដោះសំដែងអាការៈបារម្ភហើយលោកស្រីធំក៏លើកដៃប៉ះខ្នងដៃគាត់ថ្នមៗ។
      “កុំព្រួយអី.. ទុកចិត្តលើខ្ញុំ..”
     
     
     
     
    
    
    
    
   
    

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚حيث تعيش القصص. اكتشف الآن