ភាគទី៣៦៖អូនធ្វើបានហើយ

642 29 0
                                    

     ថ្ងៃបន្ទាប់
     ភូមិគ្រឹះ ប៊េកហ្សុន
     ក្នុងនាមជាអ្នកប្រកាន់ភ្ជាប់សច្ចៈ ថេយ៉ុង មិនរុញរាក្នុងការបង្ហាញមុខមាត់ឱ្យដៃគូសត្រូវបានឃើញឡើយ គេបានមកទីនេះមិនឱ្យខានតែបានព្រោះដើម្បីមកជួយសង្គ្រោះបងស្រីក្នុងនាមជាប្អូនប្រុស ដែលសំដែងខ្លួនធ្វើជាមនុស្សឆោទល្ងង់ព្រោះចង់ឱ្យម្ចាស់ល្បិចកលសប្បាយចិត្តមួយគ្រាសិន។ រថយន្តទំនើបមួយគ្រឿងបរមកឈប់ចតនៅខាងមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលជាអតីតទីលំនៅចាស់កាលពីមុនមក។ រាងតូចច្រឡឹងអមទៅដោយទឹកមុខគ្មានភាពខ្លាចញញើតចាប់បោះជំហ៊ានដើរចូលទៅយ៉ាងអង់អាច មិនខ្លាចការស្លាប់ កាលបើមនុស្សរបស់លោកស្រី គ្រីស្ទីន បានចោលខ្សែភ្នែកសម្លឹងមើលមុខរបស់គេពោពេញដោយភាពហ្មតចត់យ៉ាងមោះមុត។
     ក្រាក!!
     ប្រអប់ដៃដ៏តូចស្រឡូនលើកច្រានទ្វារបន្ទប់ងងឹត បង្ហាញឱ្យឃើញពីទិដ្ឋភាពគួរឱ្យសង្វេគ រាងកាយមនុស្សស្រីទ្រុឌទ្រោមកំពុងដេកដួលសន្លប់ស្តូកស្តឹងក្នុងសភាពគួរឱ្យអាសូរ រាងកាយដែលពោពេញទៅដោយស្នាមជាំនឹងការវាយតប់ដ៏ឃោឃៅធ្វើឱ្យកែវភ្នែកខ្មៅនិលទាំងគូតក់ដានភាពឈឺចាប់រហូតដល់ត្រូវខាំជាប់ក្រអួនក្រអៅបេះដូងជាប់លាប់មិនលែង ទឹកភ្នែករលីងរលោងហៀបនឹងហូរស្រក់ក៏ចាប់ជូតសម្ងួតចេញភ្លាម ព្រោះមិនចង់ស្រក់ទឹកភ្នែកដោយសារតែទង្វើថោកទាបគ្មានគុណធម៌ពោលគឺការមិនចង់ចុះចាញ់ដោយងាយៗឡើយសូម្បីតែទឹកភ្នែកក៏មិនត្រូវស្រក់ហូរឱ្យសត្រូវបានឃើញដូច្នេះដែរ។
     «ហ៊ឹកៗ..ថេយ៉ុង!» ថេយ៉ូន ឧទានសម្តីឡើងដោយរយៈសំឡេងស្អកស្អាររងុំទឹកភ្នែកថ្លាយ៉ង់ស្រាប់តែហូរស្រក់ចុះមកច្រោកដំណាលនឹងសំឡេងខ្សឹកខ្សួរក៏បានបន្លឺព្រោះភាពឈឺចាប់នៅត្រង់មុខរបួសគ្រប់ទីកន្លែងនៃខ្លួនប្រាណនាង។
     «ទីបំផុតឯងយល់ព្រមអើតក្បាលមកហើយមែនទេ?» សម្តីដែលធ្លោយចេញពីទីកន្លែងងងឹតធ្វើឱ្យ ថេយ៉ុង ត្រូវប្រុងប្រយ័ត្នខ្លួនខ្លាំងជាងមុនទ្វេដង មនុស្សថោកទាបដូចជាលោកស្រី គ្រីស្ទីន ច្រើនតែលេងល្បិចកលមិនយល់ព្រមធ្វើតាមលក្ខណ្ឌសំណើរឡើយ មានពេលខ្លះសម្តីបានតែមាត់គឺជាល្បែងបញ្ឆោតគួរឱ្យខ្លាចណាស់ថែមទាំងលាក់កំណួចខ្លាំងទៀតផង។
     «ខ្ញុំមកតាមការស្នើសុំរបស់លោកស្រីហើយ!» ថេយ៉ុង ឆ្លើយតបដោយសំឡេងត្រជាក់ល្ហឹម កំឡុងពេលនោះសំឡេងសើចរហ៊ឹះបានបន្លឺឡើងលាន់ខ្ទរខ្ទ័រ។
     «ហ៊ឹះៗ..គ្មាននរណាឆោទល្ងង់ខ្លាំងជាងឯងទៀតទេ ថេយ៉ុង ខាសៀល គ្មាននរណាម្នាក់ហ៊ានប្រថុយជីវិតរត់រកកន្លែងងាប់ដូច្នេះទេ!» អំពូលភ្លើងអគ្គិសនីស្រាប់តែបើកបំភ្លឺឡើង ទឹកមុខដ៏មានអំណាចរបស់លោកស្រី គ្រីស្ទីន ត្រូវបានសំដែងឡើង គ្រាន់តែបានឃើញភ្លាមឈាមក្នុងខ្លួនប្រាណ ថេយ៉ុង ហាក់រត់លែងត្រូវលំហូរចរន្តវាដូចជាចាប់ផ្តើមក្តៅគគុកខ្លាំងឡើងៗ ហើយដូចជាកើននូវកំហឹងដែលសឹងតែអាចសម្លាប់មនុស្សថោកទាបប្រភេទនេះទាំងរស់នៅពេលនេះទៅហើយ។
     «យើងដឹងច្បាស់ណាស់ថាឯងប្រាកដជាមកទីនេះ..យើងដឹងច្បាស់ណាស់ថាឯងជាមនុស្សល្ងង់ ព្រោះគ្រាន់តែរឿងលើកជើងឱ្យកូនប្រុសវង្សត្រកូល វេសតុន៍ ដើម្បីដាក់អន្ទាក់ផ្តួលរលំស្ថាប័នមីស្រីថោកទាបម្នាក់នោះក៏ឯងមិនអាចធ្វើបានផង ត្រលប់មកឱ្យយើងឃើញមុខនៅពេលនេះ ចាត់ទុកថាដល់ថ្ងៃអវសាន្តរបស់ឯងហើយ!»
     ទឺត!!
     សំឡេងកាស Connect Bluetooth ត្រូវបានតភ្ជាប់ ថេយ៉ុង ឈរស្ងៀមព្រោះត្រូវរង់ចាំស្តាប់សម្តីអ្នកនៅក្នុងបណ្តាញម្ខាងទៀតនិយាយមក÷
     «ថេយ៍ ព្យាយាមនិយាយអ្វីខ្លះទៅ..ពន្យាពេលធ្វើឱ្យគេភ្លេចខ្លួនជាងនេះបន្តទៀត កុំភ័យខ្លាចអីអាវុធនៅក្នុងដៃគេគ្មានមួយណាដែលអាចប្រើប្រាស់បានឡើយ ប្រើការគិតឱ្យបានល្អិតល្អន់ទៅ ថេយ៍!» ណាមជុន ជួយផ្តល់យោបល់ស្របនឹងពេលកំពុងរង់ចាំនៅតំបន់លាក់ខ្លួនផ្សេងទៀតជាមួយនឹងកុំព្យូទ័រដែលអាចចាប់ឃ្លីបវីដេអូសកម្មភាពនៅទីនោះបានយ៉ាងច្បាស់ៗ។
    «វាមិនមែនជារឿងងាយឡើយ!» ថេយ៉ុង និយាយ។
     ផាច់!!!
     «អាសត្វតរិច្ឆាន ក្រែងឯងពូកែរឿងធ្វើខ្លួនជាពេស្យាណាស់ទៅអ្ហេស? ម្តេចក៏មិនព្រមពង្វក់ក្បាលវាឱ្យបានតាមជំនាញរបស់ឯង? ឬមួយឯងឈ្លក់វង្វេងជាមួយវា ស្រលាញ់វា ហើយក៏អែបក្បាលទៅឱនឈ្ងោកនៅខាងវា? ភាពដ៏ថោកទាបរបស់ឯងនៅលើគ្រែហាក់គ្មានអ្វីសំខាន់ទាល់តែសោះឬទើបឯងប្រើការវាមិនបាន?» ថេយ៉ុង ងើបសម្លឹងមើលផ្ទៃមុខលោកស្រី គ្រីស្ទីន ដែលជេរប្រទេចខ្លួនយ៉ាងខ្ទរខ្ទារដោយកែវភ្នែករាបស្មើធេងធ្វើឱ្យស្ត្រីចំណាស់ហាក់ចាប់បានពីភាពមោះមុតរបស់គេក្នុងកែវភ្នែកដ៏ភ្ញាក់ផ្អើល។
    «ខ្ញុំគ្មានចរិតសំផឹងដូចជាលោកស្រីទេ ខ្ញុំដេកជាមួយគេ ព្រោះគេជាបុរសដែលខ្ញុំស្រលាញ់ ចំណែកឯលោកស្រី លើសពីពាក្យថាស្រីសំផឹងទៅទៀត!» គ្រីស្ទីន បើកភ្នែកធំក្រឡោតៗខឹងនឹងពាក្យម៉ាកងាយដែល ថេយ៉ុង បានពោលពាក្យ មុនពេលយារដៃឡើងបម្រុងនឹងទះកំផ្លៀងគេម្តងទៀត។
    «ស្រីដែលអត់ឃ្លានគ្មានកេរ្តិ៍ខ្មាស ស្រីដែលថោកទាបគ្មានតម្លៃ ស្រីដែលឆ្អេះឆ្អាបរលេះរលួយទាំងខាងក្នុងនឹងខាងក្រៅគឺជាលោកស្រីតែម្នាក់គត់!»
    «ឯង!» ថេយ៉ុង ញញឹមចុងមាត់លូកដៃទៅចាប់ច្របាច់ក គ្រីស្ទីន ទាល់តែហើបជើងស្ត្រីចំណាស់ផុតៗម្តងម្កាលពីឥដ្ឋការ៉ូ។
    «មីកញ្ចាស់ពេស្យា..នាងឯងគិតមែនទេ ថាយើងព្រមចុះចាញ់រហូតមក!» 
    «ពួកឯងនៅឈរមើលដល់ណាទៀត ម្តេចក៏មិនឆាប់ចាត់ការវាទៅខិខិ!!» ស្ត្រីចំណាស់ស្រែកដោយសំឡេងក្អកផ្ទួនៗព្រោះការចាប់ច្របាច់វាមានកម្លាំងខ្លាំងក្លាពេករហូតដល់មិនអាចទ្រាំទ្រឈ្នះ អង្គរក្សដែលឈរស្ងៀមធ្មឹង គ្មានភាពកម្រើកកាន់តែធ្វើឱ្យលោកស្រី គ្រីស្ទីន ខឹងក្តៅចិត្តច្រឡោតខ្លាំងលើសដើម។
    «ព្រោះពួកគេគឺជាមនុស្សរបស់យើង ចំណែកនាង..ថ្ងៃនេះ..ស្លាប់!»
     ព្រូស!!! ផូស!!!
     ថេយ៉ុង ទម្លាក់ គ្រីស្ទីន ចុះមួយទំហឹង ស្រវាចាប់បង្អែកកៅអីឈើមកកាន់យ៉ាងស្និទ្ធកណ្តាប់ដៃមុនពេលវាត់មួយទំហឹងកម្ទេចក្បាលស្ត្រីចំណាស់ឱ្យស្រក់ហូរឈាមដាបដាលទទឹកជោកពេញខ្លួនប្រាណ។
    «អឹស..អ្ហា..ឈាម!!!» គ្រីស្ទីន សែនឈឺចុកចាប់ស្រងល់ក្រហាយពេញរាងកាយលើកដៃត្រងដំណក់ឈាមខ្លួនដែលហូរស្រោចជោកប្រៀបដូចជាទឹកធ្លាយទំនប់។ 
    ថេយ៉ុង ញញឹមចុងមាត់ មុនពេលលើកជើងធាក់ចំកណ្តាលផ្ទៃមុខស្ត្រីកំណាចមួយទំហឹង នឹងឱនទៅចាប់បោចច្បាមសរសៃសក់មួយកណ្តាប់ធំក្តោបរួចចាប់បោកក្បាលនោះទៅនឹងជើងតុដាក់សម្ភារៈការងារទៅតាមចិត្តខឹងដែលប៉ន់ប៉ងចង់ធ្វើមកជាយូរ។
    «នាងឯងៗ..ហ៊ឹកៗ..នាងឯងធ្វើឱ្យម៉ាក់របស់យើងឈឺចាប់ នាងឯងបំបែកបំបាក់គ្រួសារយើង ម្តងហើយ ម្តងទៀត..នាងឯងវាយធ្វើបាបបងស្រីយើង..ហ៊ឹកៗ..នាងឯងសម្លាប់ប្តីរបស់យើង!!»
    ផូស!!ផូស!!
    សូរសំឡេងបោកទង្គិចលាន់រន្ទឺឡើងមិនដាច់ចង្វាក់ សំឡេងដែលស្តាប់ហើយគួរឱ្យញ័រភ័យរន្ធត់នឹងតក់ស្លុត។ ដំណក់ឈាមហូរតក់ៗ ស្រក់ហូរប្រៀបដូចជាទឹកភ្លៀងជោកខ្លួនស្ត្រីចំណាស់ក្នុងសភាពញញីញញ័រ ថេយ៉ុង វាយទាល់តែអស់ចិត្ត ទើបចាប់ញ៉ឹងបោចកន្ទ្រាក់សក់ក្បាលលោកស្រី គ្រីស្ទីន ផ្ងើយឡើង ហើយសើចយ៉ាងពេញចិត្តពេលបានឃើញផ្ទៃមុខដែលធ្លាប់ប្រើប្រាស់សម្រស់រូបឆោមប្រៀបដូចជាផ្កាសួគ៌មកទាក់ទាញចំំណង់តណ្ហាឪពុករបស់ខ្លួនឱ្យងប់ងល់ ថែមទាំងបានព្យាយាមដណ្តើមស្វាមីដែលស្រលាញ់អស់ពីដួងចិត្តក្តិចបេះពីដើមទ្រូងម្តាយរបស់គេទៀត។
    មិនតែប៉ុណ្ណោះនៅហ៊ានលេបត្របាក់គ្រប់អ្វីៗ ដែលម្តាយរបស់គេបានខិតខំសាងឡើងទៅអស់គ្មានសល់ មានឪពុកថោកទាប គ្មានចិត្តធម្មមេត្តា ជ្រើសស្រីល្អជាងប្រពន្ធកូន ថែមទាំងបណ្តែតបណ្តោយឱ្យអ្នកដទៃតាមបាញ់តាមប្រមាញ់សម្លាប់ប្រពន្ធកូនប្រៀបដូចជាឆ្កែឆ្មាទៀត។ នៅមិនទាន់អស់នោះឡើយ ស្ត្រីម្នាក់នេះបានសម្លាប់មនុស្សដែលគេស្រលាញ់ស្ទើរតែស្មើនឹងជីវិតឱ្យមានភាពនិរាសព្រាត់ប្រាស់ ត្រូវឱ្យគេដេកទូលទុក្ខឈឺចាប់អស់ពេលពេញមួយជីវិតគុំនំទាំងអស់នេះបើទោះបីជាស្ត្រីម្នាក់នេះគេចខ្លួនទៅដល់ជើងមេឃណា ក៏គេមិនអាចលើកលែងទោសឱ្យបានដែរ ហើយបញ្ឈប់គំនិតតាមស្វែងរកវត្តមាននាងដើម្បីសងសឹកជួសមនុស្សជាទីស្រលាញ់របស់ខ្លួនឱ្យបានដែរ។
     «នៅលើលោកនេះអ្វីដែលយើងមិនអាចបំភ្លេចបានគឺមុខមាត់ដ៏ថោកទាបគ្មានកេរ្តិ៍ខ្មាសរបស់នាងឯង នាងឯងគិតថាគ្រប់គ្នាល្ងង់ណាស់ទៅអ្ហេស? ដែលត្រូវមកចុះចាញ់ក្រោមបញ្ជាមនុស្សអាងត្រឹមអំណាចកំប៉ិកកំប៉ុកដូចជានាង? ពេលនេះនាងចាញ់ហើយ អ្វីដែលយើងចង់ឃើញនោះ គឺមុខមាត់ដែលនាងបានស្រលាញ់ពេញចិត្តខ្លាំងបំផុតកន្លងមក វាស្ថិតនៅក្នុងសភាពរលួយរលេះ ខូចខាត ចង់ដឹងណាស់ថានាងមានអារម្មណ៍ឈឺចាប់ខ្លាំងជាងយើងប៉ុណ្ណាទៅ!» ថេយ៉ុង ញញឹមចុងមាត់ដកបង្ហាញទឹកដបអាស៊ីតចេញមក ដើមឡើយមុខមាត់ស្រីម្នាក់នេះស្អាតខ្លាំងណាស់ តែភាពស្រស់ស្អាតដែលនាងមាន វាជាសំបកកាយខាងក្រៅដែលនាងតែងតែប្រើប្រាស់សម្រាប់ទាក់ទាញកែវភ្នែកឪពុកគេ ពង្វក់ឪពុកគេឱ្យងប់ងល់ រហូតដល់ត្រូវជ្រើសរើសនាង បំភ្លេចម្តាយគេចោល ទាំងដែលម្តាយរបស់គេជាមនុស្សស្រីដែលបានរៀបការតាមផ្លូវច្បាប់ជាមួយគាត់យ៉ាងពេញសិទ្ធ។ ចុងក្រោយគាត់នៅតែជ្រើសរើសមនុស្សស្រីម្នាក់នេះហើយបានធ្វើឱ្យខ្សែជីវិតម្តាយកូនគេចួបតែរឿងទុក្ខសោកមិនអស់មិនហើយកន្លងមក។
    «ទេ!កុំធ្វើអ្វីមុខមាត់របស់យើង!» គ្រីស្ទីន ស្រែកឮចេចចាចហួងហែងមុខមាត់ខ្លួនឯង រឹតតែបានឃើញនាងស្រលាញ់វាដល់ថ្នាក់នេះគេកាន់តែចង់បំផ្លិចបំផ្លាញវាព្រោះចង់ឱ្យនាងស្គាល់បានដឹងពីអារម្មណ៍ដ៏សែនឈឺចាប់ពេលដែលបាត់បង់របស់ដែលខ្លួនឯងស្រលាញ់ទៅខ្លាំងប៉ុណ្ណា។
    «នាងឯងស្រលាញ់វាខ្លាំងណាស់ទៅអ្ហេស? បានយើងនឹងធ្វើឱ្យនាងដឹងថាពេលដែលបាត់បង់របស់សំខាន់ទៅវាមានអារម្មណ៍ឈឺផ្សារយ៉ាងណា?»
    «ទេ..កុំ..កុំប៉ះពាល់មុខមាត់របស់យើង!»
    «ទទួលទៅ!!!»
    ច្រោក!!!
    «អ្ហាយ!!!» ស្បែកមុខដែលធ្លាប់តែទន់រលោងពេលនេះពោពេញទៅដោយស្នាមរលេះរលួយសភាពគួរឱ្យខ្លាច ថែមទាំងមានស្បែកខ្លោចហើយធ្លាក់ចុះមកទាំងដុំៗយ៉ាងឈឺផ្សារ។
    «ហ៊ឹកៗ..មុខ..ផ្ទៃមុខរបស់ខ្ញុំ..មិនពិតទេអ្ហាយ!!!» គ្រីស្ទីន ស្រែកឮៗព្រោះបាត់បង់ផ្ទៃមុខដែលខ្លួនស្រលាញ់ស្ទើរពេញមួយជីវិតអស់ទៅហើយ ទឹកភ្នែកចាប់ផ្តើមហូរតក់លើស្នាមរបួសរហូតដល់ធ្វើឱ្យក្រហាយស្ទើរតែទ្រាំមិនបាន។
     ទឺត!!
     «ត្រៀមបញ្ឆោតពួកវាចេញមក..ឆាលី ត្រូវនាំផ្លូវ ស្ទេវីន នឹង ដេវីត សម្រុកចូលទៅខាងក្នុងបន្ទប់ក្រោមដីដើម្បីជួយរំដោះក្មេងស្រីទាំងអស់នោះចេញមក ចំណែកឯ ជីមីន នឹង ហូស៊ុក ត្រូវរង់ចាំជួយ ថេយ៉ុង រត់ចេញមកឱ្យបានមុនពេលពួកយើងរៀបចំបំផ្ទុះគ្រាប់បែក!» ណាមជុន ចាប់ផ្តើមផ្ញើសារផ្តល់ដំណឹងប្រាប់គ្រប់គ្នាទៅតាមរយៈខ្សែតភ្ជាប់បណ្តាញទៅកាន់ពួកគេ កំឡុងពេលបញ្ជាឱ្យកូនចៅទាំងអស់នាំគ្នាចាក់បន្លឺសំឡេងក្លែងបន្លំដើម្បីបង្វែរដានកូនចៅលោកស្រី គ្រីស្ទីន ទាំងអស់ឱ្យចាកចេញពីបន្ទប់ក្រោមដីទៅជួបជុំគ្នានៅខាងក្នុងភូមិគ្រឹះ ប៊េកហ្សុន ទាំងអស់។
    «ថេយ៉ុង..ដល់ពេលហើយប្រញាប់ឡើង!» ហូស៊ុក លើកទូរស័ព្ទមកយាយ ថេយ៉ុង ដែលស្តាប់ឮរួចរហ័សបែរទៅចាប់ស្រាយចំណងដៃរបស់ ថេយ៉ូន។
    ក្រាក!!!
    ផាំង!!ផាំង!!
    «អាចង្រៃយ៍!»
    ឌឹប!!!
    «អាស!» រាងកាយ ថេយ៉ុង ត្រូវបានដួលខ្ជាត់ទៅម្ខាង កាលបើត្រូវបុរសជាឪពុកស្ទុះបើកទ្វារសម្រុកចូលមកហើយធាក់ផ្តួលគេមួយទំហឹង។ ស្របពេលមនុស្សបង្កប់របស់ ថេយ៉ុង ក៏ត្រូវបានឪពុករបស់គេបាញ់សម្លាប់ចោលដែរ។
   «ថេយ៉ុង!!!» ណាមជុន ច្រឡោតតោតតូងកាលបើឃើញថា ថេយ៉ុង មានអ្នកចូលមកវាយប្រហារធ្វើឱ្យនាយបារម្ភហួសថ្លែង ព្រោះ ថេយ៉ុង កំពុងតែមានផ្ទៃពោះបើប៉ះទង្គិចត្រូវធ្ងន់ធ្ងរខ្លាំងទៅនឹងកើតមានបញ្ហាធំដុំឡើងជាក់ជាមិនខាន។
    «ប៊េកហ្សុន!!!»
    «អាក្បត់!!»
    ផាច់!!!
    «អាយ!!»
    «ម្តេចក៏ឯងហ៊ានធ្វើបែបនេះចំពោះយើង?» ប៊េកហ្សុន ស្ទុះវឹងទៅចាប់ក្របួចបោចសក់ ថេយ៉ុង ច្បាមអស់ៗមួយទំហឹងៗធ្វើឱ្យផ្ទៃមុខស្រស់ស្អាតចាប់ផ្ងើយឡើងសម្លឹងមើលផ្ទៃមុខបុរសចំណាស់ ខណៈទឹកភ្នែកថ្លាយង់ក៏ហូរស្រក់ចុះមករហាមដោយសេចក្តីដ៏ឈឺចាប់។
    «ខ្ញុំជាកូនបង្កើតរបស់លោក..លោកធ្លាប់មានអារម្មណ៍ មានចិត្តគិតគូរដល់កូនៗរបស់លោកទេ? ឬលោកគ្មានចិត្តទេ ហេតុអ្វីលោកអាចធ្វើវាទៅរួច?» ថេយ៉ុង យំសស្រិកសស្រាក់រហេមរហាមមិននឹកស្មានថាឪពុករបស់ខ្លួនអាក្រក់ព្រៃផ្សៃខ្លាំងដល់ម្លឹងទេ សូម្បីតែគេជាកូនជាឈាមជ័រដែលកើតចេញពីគាត់ ក៏គាត់អាចដាច់ចិត្តធ្វើបាបបានដោយសារតែស្រីដទៃដែរ។
    «ព្រោះយើងបង្កើតកូនមកបានជាខ្ទើយនោះអី? យើងមិនដែលគិតចង់បានកូនដែលមានសារធាតុដូចជាឯងទេ អាកូនចង្រៃ កើតមកគ្មានបានការ យកភាពអាម៉ាស់មកឱ្យយើងចាប់តាំងពីលេចក្បាលឯងមក យើងមិនដែលសម្លឹងមើលឃើញថាឯងជាកូនរបស់យើងម្តងណាទេ!» ពេលនេះចម្លើយគ្រប់យ៉ាងបានលាតត្រដាងអស់ហើយ គេឈប់ឆ្ងល់ហើយហេតុអ្វីឪពុកគេដាច់ចិត្តបោះបង់ម្តាយគេចោល គេឈប់ឆ្ងល់ទៀតហើយ ហេតុអ្វីម្តាយរបស់គេលែងនឹកនាគិតចង់ត្រូវរូវគ្នាជាមួយនឹងបុរសឃោឃៅថ្លើមខ្មៅម្នាក់នោះ គេរឹតតែលែងនឹកឆ្ងល់ទៀតហើយថាហេតុអ្វីបុរសជាឪពុកគ្មានចិត្តនឹកអាណិតស្រណោះស្រលាញ់គេសូម្បីតែបន្តិចណានោះសោះ។
    «លោកជាឪពុករបស់ខ្ញុំ..ខ្ញុំជាកូនរបស់លោក ទោះខ្ញុំជាអ្វីក៏ដោយ តែខ្ញុំមិនដែលគិតថាឪពុករបស់ខ្លួនឯងថ្លើមខ្មៅឈាមក្តៅគគុកយ៉ាងនេះឡើយ លោកដឹងទេ? ថាខ្ញុំរស់នៅខ្វះភាពកក់ក្តៅយ៉ាងណាខ្លះ? ក្រែងលោកដឹងហើយថាខ្ញុំជាខ្ទើយ ខ្ញុំជាកូនដែលកើតមកខ្វះការអប់រំពីឪពុកយ៉ាងណាខ្លះ ប៉ុន្តែម្តាយរបស់ខ្ញុំមិនដែលបង្រៀនឱ្យខ្ញុំស្អប់ខ្ពើមឪពុកខ្លួនឯងទេ មានតែលោកខ្លួនឯងទេ ដែលតែងតែបង្ហាញថាខ្លួនជាបិសាច គ្មានបេះដូង គ្មានភាពជាឪពុក ជាមនុស្សប្រុសអាត្មានិយម កាចសាហាវ យង់ឃ្នង ថោកទាបគ្មានសតិសម្បជញ្ញៈ ស្គាល់តែភាពសប្បាយហ៊ឺហារនឹងតណ្ហាក្រាស់!»
    «អាសត្វ!»
    ផាច់!!!
    «គួរតែសម្រុកចូលទៅទេ?» ហូស៊ុក ភ្ជាប់ Telephone ទៅកាន់ ណាមជុន ព្រោះគេអស់ភាពអត់ធ្មត់ទៀតហើយ។
    «កុំទាន់អាល..»
    «យ៉ាងម៉េចទៀត?»
    «មនុស្សរបស់ពួកវាកំពុងតែមកតាមបញ្ជាហើយ..រង់ចាំបន្តិចទៀត!»
    ណាមជុន ថារួចចុចបន្លឺសំឡេងគ្រាប់កាំភ្លើងបញ្ឆោតឡើងធ្វើដូចជាមនុស្សកំពុងតែបានបាញ់តតាំងគ្នានៅខាងក្នុងបន្ទប់ចាប់ជម្រិតដែលអាចឮបានតែអ្នកដែលស្ថិតនៅក្នុងបន្ទប់នោះតែប៉ុណ្ណោះរហូតដល់ធ្វើឱ្យលោក ប៊េកហ្សុន ភ្ញាក់ផ្អើលឆ្លេឆ្លា កាលបើគាត់ស្រាប់តែភ្លេចខ្លួន ថេយ៉ុង ក៏ស្រវាចាប់កៅអីមកកាន់រួចវាយបំបាក់ជើងឪពុកខ្លួនឱ្យដួលខ្ពោកជិតក្បែរនឹងវត្តមានលោកស្រី គ្រីស្ទីន។
    «អូយ!» ប៊េកហ្សុន ស្រែកបន្លឺសំឡេងទ្រហោដោយសេចក្តីឈឺផ្សារ កាលបើរាងតូចឯណេះស្ទុះក្រោកឈរឡើងដោយក្នុងដៃមានប្រដាប់ទៅដោយកាំភ្លើងខ្មៅរលោងយ៉ាងក្លាហាន។
    «នាងឯងសម្លាប់ប្តីយើង ព្រោះតែនាងឯងតែម្នាក់គត់ទើបឆាកជីវិតរបស់យើងក្រឡាប់ចាក់ដល់ថ្នាក់នេះដល់ពេលហើយដែលយើងត្រូវការសំណង..យើងមិនទុកនាងឯងឱ្យរស់រានមានជីវិតបន្តទេ!» ថេយ៉ុង ញញិមចុងមាត់សម្លឹងមើលមុខឪពុកខ្លួនរួមជាមួយនឹងស្រីថោកទាប។
    «ឯងចង់ធ្វើអ្វី?» គ្រីស្ទីន បើកភ្នែកសស្គូសសម្លឹងមើលមុខ ថេយ៉ុង ទាំងសភាពដុនដាបប្រៀបដូចជាសត្វតរិច្ឆានដែលត្រូវបានគេព្រួតវាយសម្លាប់រាប់រយដំបងយ៉ាងអ៊ីចឹង។
    «ស្រីពេស្យាឃុបឃិតថោកទាបជាមួយប្រុសកំណាចជាឪពុក..នាងនឹកស្មានមែនទេ? ថាមួយជីវិតនេះ អាចរស់បានសុខរហូតនោះ? យើងមិនឱ្យនរណាម្នាក់រស់នៅមានក្តីសុខទេ កុំថាឡើយឪពុកខ្លួនឯង..»
    «ថេយ៉ុង!!!» 
    «ស្លាប់ទៅទាំងពីរទៅ!!!»
    ផាំង!!! ផាំង!!!
    «សម្រុកចូលទៅ!» ណាមជុន បោះតម្រុយទៅឱ្យ ហូស៊ុក នឹង ជីមីន រួចពួកគេទាំងពីរនាក់ប្រញាប់ប្រញាល់រត់ចូលទៅតាមទ្វារក្រោយដែលគ្មាននរណាដឹងឬធ្លាប់ស្គាល់ផ្លូវនោះទេ សូម្បីតែលោកស្រី គ្រីស្ទីន ក៏មិនដែលបានស្គាល់ដែរ។
    «បងស្រី..បងស្រី ឆាប់ដឹងខ្លួនឡើង!» ថេយ៉ុង ស្ទុះស្ទារជួយគ្រាហ៍ ថេយ៉ូន ទាំងដែលខ្លួនឯងកំពុងតែឈឺចុកចាប់ពេញខ្លួនប្រាណ។
    ក្រាក!!!
    «ថេយ៉ុង!!» ជីមីន ឧទានរួចស្ទុះវឹងទៅជួយគ្រាហ៍លើកបីក្រសោប ថេយ៉ូន ឡើងចំណែកឯ ហូស៊ុក នៅរង់ចាំការពារនាំពួកគេចេញទៅតាមរយៈមាត់ទ្វារច្រកខាងក្រោយនៃភូមិគ្រឹះនេះ។
   «ថេយ៉ុង ឱ្យឆាប់ឡើង!» ហូស៊ុក និយាយខ្សឹបៗជួយគ្រាហ៍ ថេយ៉ុង ដោយសារតែគេត្រូវបានវាយប្រហារ ទើបរាងកាយរបស់គេ មិនអាចរហ័សរហួនលឿនដូចជាអ្នកដទៃបាននោះទេ។
    ក្រឡេកមកមើលទិដ្ឋភាពនៅឯបន្ទប់ក្រោមដីឯណេះវិញ ស្ទេវីន នឹង ដេវីត រកបានកូនសោដើម្បីចាក់គន្លឹះទ្វារបន្ទប់បានសម្រេចហើយ ពួកគេម្នាក់ៗស្វិតស្វាញក្នុងការជួយសង្គ្រោះជីវិតក្មេងស្រីទាំងអស់នោះ ដើម្បីរំដោះពួកគេចេញទៅយ៉ាងឆាប់រហ័ស។
    «ឱ្យឆាប់ឡើង ឆាប់រត់ចេញមក..» ដេវីត និយាយខ្សឹបៗហៅពួកនាងទាំងអស់ដែលមានអ្នកខ្លះមានសភាពរាងកាយទ្រុឌទ្រោមហើយត្រូវបានគេវាយតំធ្វើបាបមានរបួសពេញទាំងខ្លួនប្រាណ ថែមទាំងត្រូវបានគេបង្អត់បាយទឹក ធ្លាក់ខ្លួនឈឺនឹងមានសភាពគួរឱ្យអាណិតខ្លាំងណាស់ជាពិសេសនោះគឹការប្រើប្រាស់ហិង្សារំលោភបំពាន។
    «ខ្ញុំជួយ!» ឆាលី រត់ទៅជួយគ្រាហ៍ក្មេងស្រីដទៃទៀត នាំពួកគេចេញទៅរហូតដល់ច្រកចេញខាងក្រៅដែលមានមនុស្សច្រើនជាងដប់នាក់រង់ចាំការពារនៅឯមាត់ទ្វារច្រកចេញ។ ស្របពេលមនុស្សរបស់លោកស្រី គ្រីស្ទីន មានខ្លះត្រូវបានពួកគេវាយប្រហារនឹងសម្លាប់ចោលឯខ្លះទៀតក៏ដើរចេញទៅតាមការកោះហៅតាមរយៈសំឡេងក្លែងបន្លំដែល ណាមជុន បានរៀបចំទុក។ ក្មេងស្រីទាំងអស់ត្រូវបានរំដោះចេញមកបានសម្រេច ខណៈ ជីមីន នឹង ហូស៊ុក ក៏បាននាំបងប្អូនទាំងពីរនាក់រត់ចេញមកដល់គោលដៅសុវត្ថិភាព។
    «តោះប្រញាប់ឡើងមុនពេលគ្រាប់បែកត្រូវបានបំផ្ទុះ!» ជីមីន ឧទាននិយាយចប់ ស្ទេវីន ដែលកាន់កាប់ដៃចង្កូតជាអ្នកបើករថយន្តផ្សេង ខណៈ ដេវីត ជាអ្នកបើកបររថយន្តដឹកក្មេងស្រីជនរង់គ្រោះ ពួកគេទាំងពីរនាក់ក៏បានប្រញាប់ប្រញាល់នាំគ្នាបញ្ឆេះម៉ាស៊ីនបរចាកចេញទៅភ្លាមៗមិនរង់ចាំយូរ។
    «ដល់ពេលហើយ!» ជីន និយាយរួច ស៊ូហ្គា ត្រៀមខ្លួនសម្រាប់ចុចប៊ូតុងបំផ្ទុះគ្រាប់បែកតែម្តង។
    «សម្រេចទៅបង!!» ណាមជុន ផ្តល់សិទ្ធអនុញ្ញាត ស៊ូហ្គា ខាងណេះក៏មិនអាចបង្អែបង្អង់ពេលវេលាយូរមុនពេលចុចប៊ូតុងបញ្ចប់ភារកិច្ចតែម្តង។
     ផាំង!! ផាំង!! ផាំង!!
    អណ្តាតភ្លើងឆាបឆេះបូករួមទាំងផ្សែងខ្មៅងងឹតបានហោះហើរត្រដែតឡើងងងឹតងងុលទៅឆ្ងាយនៃដែនអាកាស សំឡេងបំផ្ទុះក៏បន្លឺឡើងធ្វើឱ្យទឹកភ្នែកថ្លាយង់ស្រាប់តែហូរដាបចុះមកជាមួយនឹងអារម្មណ៍ធូរស្បើយដូចបានចាប់ដកបន្លាចេញពីដើមទ្រូងយ៉ាងដូច្នេះ។
    «អូនធ្វើបានហើយ ជុងហ្គុក..ហ៊ឹកៗ..អូនធ្វើបានហើយ..»
  











ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now