ភាគទី១៦៖អូនគឺ ថេយ៉ុង ណា

781 55 2
                                    

    មួយសប្តាហ៍បន្ទាប់
    ជុងហ្គុក នៅមិនទាន់ដឹងខ្លួនទេ ដោយសារតែអាការៈរបស់គេធ្ងន់ធ្ងរខ្លាំងពេក ប៉ុន្តែបាន ថេយ៉ុង មកមើលថែគេគ្រប់ជំហ៊ាននៅក្បែររាល់ថ្ងៃទោះខានឮសំឡេង ឬមិនបានសន្ទនាគ្នាអស់ពេលជាយូរថ្ងៃមកហើយក្តី។ គេនៅទីនេះរង់ចាំបំពេញតួនាទីមើលថែនាយបានយ៉ាងល្អមិនព្រមចេញទៅណាឡើយ។ ថ្ងៃនេះគ្រូពេទ្យបានប្រាប់ថា ជុងហ្គុក អាចនិងដឹងខ្លួនឡើងវិញមិនយូរប៉ុន្មាននោះទេពួកគេអាចបានសំណេះសំណាលគ្នាដូចមុនម្តងទៀតហើយ។
     «សឺត..ក្រអូបខ្លាំងណាស់!» ថេយ៉ុង ទើបតែបានទិញផ្កាមកពីខាងក្រៅវិញទុកសម្រាប់ដាក់ទៅក្នុងថូលម្អខាងក្នុងបន្ទប់សម្រាកនៃមន្ទីពេទ្យមួយនេះឱ្យបានស្រស់ស្រាយ បើសិនជាពេល ជុងហ្គុក ដឹងខ្លួនឡើងឃើញមានផ្កាស្អាតៗ ថ្ងៃនេះប្រាកដជាអាចក្លាយទៅជាថ្ងៃដ៏ពិសេសដែលពួកគេបានចួបមុខគ្នាម្តងទៀតហើយ រាងតូចរៀបចំទុកដាក់វាទៅក្នុងថូយ៉ាងមានរបៀប រួចឆ្លៀតងាកមកចាប់ទាញភួយដណ្តប់ពីលើដើមទ្រូងរាងក្រាស់ឱ្យបានជិតល្អ មុននឹងលូកដៃចូលទៅចាប់អង្អែលកាន់ថ្ពាល់គេថ្នមៗមិនភ្លេចពោលនិយាយខ្សឹបៗដោយកែវភ្នែកចាប់មានកម្តៅក្តៅផ្សាររលីងរលោងជោកសំណើមផងដែរ។
     «ឆាប់ដឹងខ្លួនឡើងមកបងសំឡាញ់អូននឹកសំឡេងបងខ្លាំងណាស់!» គេធ្មេចភ្នែកតែបន្តិចសោះសំណើមក្តៅឧណ្ហៗស្រាប់តែហូរស្រក់ចុះមកតក់ៗភ្លាមៗ ហេតុអ្វីមួយរយៈក្រោយមកនេះគេបែរជាឆាប់ទន់ជ្រាយសឹងតែគ្រប់រឿងគិតដល់អ្វីបន្តិចក៏យំចេញមកបានយ៉ាងងាយដែរ មិនតែប៉ុណ្ណោះនៅអណ្តឺតអណ្តក់យំដង្ហក់ទាល់តែហើមភ្នែករាល់ថ្ងៃថែមទៀត មិនដឹងថាពេលណាទើបគេអាចរឹងមាំដូចជាពេលមុនបាននោះទេ រស់នៅរាល់ថ្ងៃភ័យខ្លាចសេចក្តីស្លាប់និងការស្អប់ខ្ពើមពីអ្នកជុំវិញខ្លួនណាស់ នៅសេសសល់តែវត្តមានបុរសម្នាក់នេះតែម្នាក់នោះទេ ដែលនៅរង់ចាំស្រលាញ់គេយ៉ាងស្មោះត្រង់ខ្លាំងបំផុតនោះ បើអត់ពីគេទៅមិនដឹងថាខ្លួនគួររស់នៅដើម្បីអ្នកណាទៀតឡើយជីវិតរស់នៅប្រផាត់ប្រផើយដូចខ្លែងដាច់ខ្សែដែលហោះហើរគ្មានទិសតំបន់អ្វីសោះ។
     «ហ្អឹម!» សំឡេងគ្រហឹមញ៉ាំងឱ្យទឹកមុខសោកសៅអម្បាញ់មិញប្តូរមកជាការភ្ញាក់ផ្អើលវិញម្តង ថេយ៉ុង ញញិមរហ័សលើកដៃជូតដំណក់ទឹកភ្នែកចេញភ្លាម។
     «បង!» ជុងហ្គុក ខំប្រឹងបញ្ជាត្របក់ភ្នែកឱ្យរបើកឡើងទាំងក្បាលឈឺដូចទូលភ្នំ កែវភ្នែករបស់គេនៅស្រវាំងនៅឡើយនោះទេ ប៉ុន្តែគេនៅតែព្យាយាមបើកសន្សឹមៗរហូតដល់បានសម្រេចមើលឃើញមុខរាងតូចដោយខ្សែភ្នែកចម្លែកខ្លាំងបំផុត។
     «អ្នកណា?»
     «គឺអូន..អូនគឺ..ថេយ៉ុង ណា!» ថេយ៉ុង ព្យាយាមបកស្រាយណែនាំខ្លួនឯងឱ្យនាយបានស្គាល់ ប៉ុន្តែ ជុងហ្គុក បែរជាកាន់តែចងចិញ្ចើមឡើងខ្ពស់ដដែល។
     «មិនស្គាល់ទេ អូយ..ទីនេះជាកន្លែងណា?» ជុងហ្គុក ស្ទុះស្ទារក្រោកអង្គុយឡើងលើកដៃទប់ក្បាលស្រែកបញ្ចេញអាការៈឈឺចាប់ ខណៈ ថេយ៉ុង ក៏ស្ទុះទៅជួយចាប់ក្រសោបរាងកាយរបស់នាយកុំឱ្យកញ្ជ្រោលខ្លាំងៗពេក។
     «បង..កុំបង្ខំខ្លួនឯងអី!»
     «ចេញ!»
     ព្រូស!!!
     «អ្ហាស!» រាងកាយតូចស្តើងខ្ទាតចេញអស់មួយទំហឹងដោយការរុញច្រានរហូតដល់ក្រលិតកែងដៃរាងតូចរង់របួសទាល់តែហូរឈាមស្រោចកក្លាក់។
     «សុខៗហេតុអីយើងមកដល់ទីនេះ? ម៉ាក់ប៉ាអ្នកទាំងពីរនៅឯណា?» ជុងហ្គុក ស្រែកឡូឡាពេលមិនឃើញសមាជិកគ្រួសាររបស់គេសូម្បីតែម្នាក់នៅទីនោះសោះបែរជាឃើញតែវត្តមាន ថេយ៉ុង ម្នាក់ដែលនៅចរចារជាមួយគេមិនត្រូវរឿងឡើយហើយថែមទាំងឈ្លោះប្រកែកគ្នាទៀត។
     «បងមិនចាំអូនទេមែនទេ ជុងហ្គុក? អូនជាមនុស្សដែលបងស្រលាញ់ខ្លាំងនោះអី?» ថេយ៉ុង ខំប្រឹងនិយាយទៅកាន់នាយជួនពេលទឹកភ្នែកក៏ហូរស្រក់ចុះមកសស្រាក់កាយក៏ឈឺចិត្តក៏ឈឺ តើឱ្យគេត្រូវមកចួបរឿងបែបនេះដល់ពេលណានោះទៀត។
     «ឈប់និយាយផ្តេសផ្តាស់ទៀតទៅ..ទៅតាមហៅម៉ាក់ប៉ាយើងឱ្យមកចួបយើងភ្លាមមក..ឱ្យឆាប់ឡើងទៅ!» ជុងហ្គុក ស្រែកតឿនគំហកបណ្តេញ ថេយ៉ុង ប្រៀបដូចជាឆ្កែឆ្មាសម្លុតកំហែងដាក់រាងតូចជាមួយនឹងកំហឹងដ៏ទោសៈកូនប្រុសអាក្រក់ឃោឃៅយង់ឃ្នងហួសនិស្ស័យ។ កាយទន់ល្អូកព្យាយាមបញ្ជាក្រោកឡើងដោយសភាពញញីញញ័រអម្បាញ់មិញ គេមិនត្រឹមតែមានរបួសដៃតែប៉ុណ្ណោះនោះទេ ប៉ុន្តែគេឈឺអស់ពេញមួយតួខ្លួនបន្ទាប់ពីត្រូវបានកម្លាំងមនុស្សប្រុសប្រៀបដូចជាយក្សច្រានអស់មួយទំហឹងមិនយោគយល់បោកខ្លួនផ្ទប់នឹងឥដ្ឋសឹងបាក់ឆ្អឹងឆ្អែងអស់។
     «ពួកគាត់នៅឯផ្ទះ..បើបងដឹងខ្លួនហើយ អូនទៅរៀបចំរបស់របរពួកយើងទៅសម្រាកនៅផ្ទះវិញណា!» ថេយ៉ុង ក្រោកដើរចូលមករកនាយកំលោះសារជាថ្មីប្រឹងញញិមនិយាយឡើងទាំងទឹកភ្នែករមៀលស្រក់ហូរ ភាសាបង/អូនធ្វើឱ្យ ជុងហ្គុក កើតជំងឺជ្រេញក្នុងចិត្តខ្លាំង ដោយសារតែគេមិនធ្លាប់បាននិយាយពាក្យទាំងអស់នេះជាមួយនឹងអ្នកណាសូម្បីតែម្នាក់ឡើយ។
      «បានហើយ..ចង់ទៅណាក៏ទៅៗ..កុំមករវល់ជាមួយយើងគួរឱ្យធុញ!» អ្នកដែលនៅជាមួយគេព្រឹកល្ងាចគ្មានអ្នកណាក្រៅពី ថេយ៉ុង អ្នកដែលទ្រាំទ្រនិងអាកាសធាតុក្តៅត្រជាក់ ភាពភ័យខ្លាចខ្លាំងបំផុតនៅពេលយប់គឺ ថេយ៉ុង អ្នកដែលដើរចេញទៅចួបបរិយាកាសនិងសង្គមគួរឱ្យ ខ្លាចផង រអារផង នៅឯខាងក្រៅនោះគឺជា ថេយ៉ុង តែម្នាក់គត់ គេខិតខំមើលថែអស់ពីកម្លាំងកាយចិត្តយ៉ាងលំបាកចុះហេតុអ្វីបែរជាធ្វើឱ្យការលះបង់ទាំងអស់នេះប្រែក្លាយជាឥតន័យគ្មានខ្លឹមសារសម្តីពិរោះក៏មិនបានស្តាប់ត្រូវគេស្តីគេថាគេបន្ទោសស្រែកបណ្តេញក្នុងចិត្តហាក់បីដូចជាស្អប់ខ្ពើមឆ្អើមចំពោះគេណាស់ណាខ្លាំងអ៊ីចឹង។
     «ម្តេចក៏មិនព្រមទៅទៀត? នៅឈរយំសោកស្អី? ថ្លង់ឬ?» ជុងហ្គុក កាន់តែស្រែកតឿនរួចសង្កៀតជើងធ្មេញគ្រឺតនិងឫកពាល្ងង់ៗរបស់ ថេយ៉ុង តាមដោយទឹកមុខក្រហមតែត។
     ក្រាក!!!
     «ជុង..»
     «ម៉ាក់!» លោកស្រី ព្រីភៀរ៍ ញញិមយ៉ាងសប្បាយចិត្តមុននឹងស្ទុះស្ទារចូលទៅចាប់ឱបក្រសោបកូនប្រុសដោយក្តីនឹករំឭកជាខ្លាំងយ៉ាងណែនណាន់។
     «ម៉ាក់នេះខ្ញុំកើតអី? ហេតុអីសុខៗខ្ញុំមកដល់ទីនេះបានទៅ?» លោកស្រីធំនិងកូនប្រុសច្បង ជីមីន ខាងណោះបានត្រឹមតែឈរសម្លឹងមើលមុខគ្នាជាមួយឫកពាងេមងាមៗ ចំណែកឯ ថេយ៉ុង ខំគេចលួចលាក់ទឹកភ្នែករត់ចេញទៅព្រោះអារម្មណ៍ឈឺចុកអួលៗខ្លាំងពេកគេមិនអាចទ្រាំទ្របានទៀតទេ។
     «មាយាណាស់!» ជុងហ្គុក ពេបមាត់ឃើញ ថេយ៉ុង សំដែងការឈឺចាប់រត់ចាកចេញទៅបាត់ធ្វើដូចគេបង្ខំឱ្យទៅស្លាប់នៅយំគគ្រូកខ្លាំងៗទៀតផង។
     «មិនអីទេ..តោះកូនប្រញាប់ប្រញាល់រៀបចំរបស់របរទៅសម្រាកព្យាបាលនៅឯផ្ទះរបស់យើងវិញណា កូនគេងនៅទីនេះយូរហើយប្រហែលជាលំបាកណាស់!»
     «ឈប់សិន..តែម៉ាក់នៅមិនទាន់បានប្រាប់កូនទេថាមានរឿងអ្វីកើតឡើងចំពោះកូននោះ?» ជុងហ្គុក ឃាត់ម្តាយដើម្បីសួរនាំគាត់។
     «កូនរអិលជើងធ្លាក់ពីលើកាំជណ្តើរចៃដន្យក៏សន្លប់តែប៉ុណ្ណឹង!»
     «ប៉ុន្តែ..អូយខ្នងរបស់ខ្ញុំ ដូចជាឈឺខ្លាំងដល់ហើយ!»
     «ឯងកុំទាន់អាលសួរនាំអី ចាំពេលទៅសម្រាកនៅផ្ទះមានកម្លាំងធូរស្រាលបន្តិចចាំពួកយើងបកស្រាយរឿងរ៉ាវឱ្យស្តាប់!» ជីមីន និយាយបកស្រាយប្រាប់ ជុងហ្គុក តាមទៅដោយទឹកមុខមាំ អ្នកជាប្អូនលែងសួរដេញដោលនាំច្រើនទើបយល់ព្រមគិតគូររឿងរៀបចំសម្ភារៈដើម្បីចាកចេញទៅសម្រាកនៅឯផ្ទះវិញម្តង។
     «ម្នាក់មិញនេះជាអ្នកណាគេទៅម៉ាក់?» ជុងហ្គុក ទើបតែចាប់អារម្មណ៍សួរនាំរឿងវត្តមាន ថេយ៉ុង ដល់ម្តាយខ្លួន។
     «ជា..» 
     «ពួកក្មេងកំដរអារម្មណ៍របស់ឯងហ្នឹង!» ជីមីន ឆ្លើយកាត់សម្តីម្តាយលោកស្រី ព្រីភៀរ៍ បែរជាមានអារម្មណ៍មិនពេញចិត្តសម្តីកូនប្រុសទាល់តែសោះ។
     «ក្មេងរបស់ខ្ញុំ? ម្តេចក៏មិនដែលឃើញមុខពីមុនមក?» ជុងហ្គុក សួរដោយគំនិតសូញសាញហាក់នឹកមិនចេញចាំមិនបានថាគេទាក់ទង ថេយ៉ុង នៅពេលណា កន្លែងណាផង។
     «ប្រហែលជាច្រើននាក់ខ្លាំងពេក ស្រវឹងភ្លេចមុខក្រោយឯងចាំមិនបានវាជារឿងធម្មតាទេ!» ជីមីន និយាយចប់ជួយគ្រាហ៍គេដើរចេញទៅពីបន្ទប់នេះក្រោយពីបានគិតថ្លៃព្យាបាលរួចពួកគេក៏បន្តមករករថយន្តសេរីទំនើបវិញ។
     @នៅតាមផ្លូវ
     ជីមីន ជាអ្នកបើកឡាន ខណៈលោកស្រី ព្រីភៀរ៍ នៅអង្គុយកៅអីខាងមុខក្បែរគេ ចំណែកឯ ជុងហ្គុក និង ថេយ៉ុង នាំគ្នាទៅអង្គុយកៅអីបាំងខាងក្រោយ។ រាងតូចនៅអង្គុយស្ងៀមមិនមានមាត់កនិយាយអ្វីទាំងអស់ឡើយលួចយំទឹកភ្នែកហូររឹមៗខំគេចបែរមុខចេញទៅសម្លឹងមើលទិដ្ឋភាពខាងក្រៅបង្អួចកញ្ចក់ឡានដោយក្នុងដើមទ្រូងចុកអួលស្ទើរតែណែនស្ទះ មានអារម្មណ៍ថាពិភពលោកមួយនេះតូចចង្អៀតសម្រាប់គេខ្លាំងណាស់ ពិបាករស់នៅ ពិបាកសម្លឹងមើលមុខមនុស្សគ្រប់គ្នា សូម្បីតែមនុស្សដែលខ្លួនឯងស្រលាញ់ក៏មិនអាចសូម្បីតែទទួលបានឱកាសស្និទ្ធស្នាលដូចកាលពីមុនដែរ។
     ជុងហ្គុក ងាកក្រឡេកទៅសម្លឹងមើលម្ចាស់សំឡេងយំសោកខ្សឹកខ្សួលដោយការចងចិញ្ចើមឡើង យំយែកទួញសោកធ្វើដូចមានមនុស្សស្លាប់ គេឯណេះខំទ្រាំស្តាប់ទាល់តែសង្កៀរត្រចៀកអស់ទៅហើយ មានអារម្មណ៍មួម៉ៅផង ខឹងផង តែគេទ្រាំមិនមាត់កចាំទៅដល់ផ្ទះរករឿងសួរនាំឱ្យដឹងគ្នាម្តង។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now