ភាគទី២២៖ប្រាប់ថាឱ្យចេញ

1.1K 56 0
                                    

    ព្រឹកថ្ងៃថ្មី
    ផាំងៗ!!
    «អ្ហាយ!!!» សំឡេងស្រែកផ្អើលឆោឡោទាំងព្រលឹមបន្លឺឡើងរញ៉េរញ៉ៃពេញទីធ្លាឃ្លាំងទំនិញ អ្នកកំលោះឈាមក្តៅប្រៀបដូចជាអណ្តាតភ្លើង បែរជាឈរកាន់កាំភ្លើងបាញ់រះទៅលើដបថ្មដែលដាក់ជាជួរៗបំបែកម្តងមួយៗទាល់តែខ្ជាត់ខ្ជាយអំបែងធ្លាក់ជ្រុះរប៉ាត់រប៉ាយពេញសាប។
    «គាត់កើតស្អីទៀតហើយ?» ដេវីត ស្ទុះងើបពពីមពពើមទាំងសក់ក្បាលស៊ើងមមើងស្រដៀងទៅនឹងសំបុកមាន់រហ័សរហួនចាប់ទាញអាវយឺតមកពាក់លើខ្លួន មុនពេលដើរចេញទៅសម្លឹងមើល ជុងហ្គុក ឈរលើកកាំភ្លើងភ្ជង់បាញ់ដបថ្មត្រង់ៗដូចគេតម្រង់យ៉ាងអ៊ីចឹង បើសិនជាអាចដាក់ជីវិតមនុស្សម្នាក់២០នាក់ឱ្យគេបាញ់សម្លាប់ចោលប្រហែលជាគ្មានសេសសល់នរណាមួយនៅមានជីវិតរស់រាននោះទេ។
    «ចៅហ្វាយ!» នាយឧទាន ជុងហ្គុក បែរតម្រង់កាំភ្លើងមករកគេជាមួយកែវភ្នែកចងកំហឹងស្ទើរតែស្រក់ដំណក់ឈាម។
    «កុំមករញ៉េរញ៉ៃជាមួយយើងឆាប់ចេញទៅ!» នាយប្រាប់តាមទៅដោយសំឡេងត្រជាក់ស្រេងបំផុត ដេវីត បែរទច់ដំណើរនៅស្ងៀមបណ្តោយឱ្យ ជុងហ្គុក បញ្ចេញកំហឹងមិនព្រមហាមឃាត់បន្តទៅទៀតឡើយ ព្រោះចង់បំពេញបំណងឱ្យនាយបានធ្វើអ្វីដែលគេចង់ធ្វើចុះ។ ជុងហ្គុក បែរមុខចេញពីផ្ទៃមុខភិតភ័យតក់ស្លុតរបស់ ដេវីត មុនពេលបែរត្រលប់មកសម្លឹងមើលទៅចំគោលដៅម្តងទៀត។
      ផាំងៗ~~~

     @ភូមិគ្រឹះ វេសតុន៍
     ទិដ្ឋភាពរួមទាំងសកម្មភាពឆ្កួតលីលារបស់នាយបានធ្វើឱ្យអ្នកនៅខាងនេះសម្លឹងមើលឃើញពោពេញទៅដោយចិត្តបារម្ភសែនកង្វល់។
     ថេយ៉ុង អង្គុយលែងនៅស្ងៀមទៅហើយនៅពេលសម្លឹងឃើញវីដេអូដែល ឆាលី បានផ្ញើចូលមក គ្រប់រូបភាពរបស់ ជុងហ្គុក អាចឱ្យគេទាយដឹងថានាយកំពុងតែខឹងខ្លាំងប៉ុណ្ណា ទាំងការបញ្ចេញកំហឹងនិងទឹកមុខដ៏ក្រហម យល់ច្បាស់ណាស់ថានាយមានសម្ពាធអារម្មណ៍យ៉ាងណាខ្លះ បន្ទាប់ពីបានចួបហេតុការណ៍កាលពីរាត្រីមក។ ចាំបានច្បាស់ណាស់ថានាយបានបើកឡានចេញទៅណាក៏មិនដឹងទាំងយប់ព្រលប់ក្នុងល្បឿនលឿនដូចជាព្យុះទោះបីជាអ្នកផ្ទះហាមឃាត់យ៉ាងណាក៏ពុំស្តាប់ពុំយកចិត្តទុកដាក់បន្តិចនោះដែរ ប្រសិនបើគេទៅចួបគ្រោះថ្នាក់អ្វីទៀត ថេយ៉ុង ច្បាស់ជាមិនអាចលើកលែងទោសឱ្យខ្លួនឯងបានទៀតឡើយ។
      ក្រាក!!
     សូរទ្វារបន្លឺទាញយកចំណាប់អារម្មណ៍រាងតូចឱ្យឆាប់រហ័សលើកខ្នងដៃជូតផ្តិតសម្អាតសំណើមទឹកភ្នែកចេញយ៉ាងស្អាត។
    «លោកស្រីធំ!» រាងតូចពោលពាក្យតិចៗតាមរយៈសំឡេងញ័រអួលដើមក។
    «នៅសំងំក្នុងនេះដល់ណាទៀត ម្តេចមិនឆាប់ចេញទៅញ៉ាំអាហារពេលព្រឹក?»
    «សូមទោស ព្រោះខ្ញុំនៅមិនទាន់ឃ្លាន..ខ្ញុំនឹងប្រញាប់ប្រញាល់ទៅឥឡូននេះ!»
    «បើមិនទាន់ឃ្លាន កុំទាន់បង្ខំខ្លួនឯងក៏មិនអីដែរ!» ថេយ៉ុង ទច់ដំណើររួចក្រឡេកទៅសម្លឹងមើលខ្សែភ្នែកវ័យជរាដោយទឹកមុខស្ងួតជ្រើង គាក់ដាក់បង្គុយចុះទៅលើគ្រែថ្នមៗ ព្រមទាំងលាដៃឡើងបញ្ជាក់ពីភាពកក់ក្តៅ ថេយ៉ុង សម្លឹងរួចពេបមាត់យំបង្ហូរទឹកភ្នែកសស្រាក់ចេញមកយ៉ាងរហេមរហាមមុននឹងចាប់បោះជំហ៊ានប្រអប់ជើងចូលទៅអង្គុយផ្ទាល់ឥដ្ឋ ឱបក្រសោបជើងគាត់មិនភ្លេចដាក់ក្បាលកើយលើភ្លៅគាត់បន្ថែម។
    «ហ៊ឹកៗ..លោកស្រី!!!» លោកស្រី ព្រីភៀរ៍ គ្រាន់តែបានស្តាប់ឮសូរសំឡេងនៃសម្រែកស្រែកទួញទ្រហោយំរួចមកក្នុងចិត្តគាត់ក៏ឈឺដូចជាបានឃើញកូនបង្កើតខ្លួនឯងជួបទុក្ខវេទនាម្នាក់យ៉ាងអ៊ីចឹងដែរ។
    «កន្លងមកយើងដកពិសោធន៍ឯងគ្រប់គ្រាន់ហើយ ឈឺខ្លាំងណាស់មែនទេ?» ថេយ៉ុង គ្រវីក្បាលញ័រតតាត់យំរអឹកប្រណាំងនិងសំឡេងអណ្តឺតអណ្តក់ ទោះបីគេមិនអាចនិយាយ មិនអាចបញ្ចេញអារម្មណ៍ឈឺខ្លាំងយ៉ាងណាសំដែងឱ្យគាត់បានដឹងតែគេពិតជាចុកអួលណែនពិបាកក្នុងខ្លួនណាស់។ គេចេះតែស្ងាត់មាត់ ស្ងាត់ក តស៊ូរែកពន់ដែលពិបាកតែម្នាក់ឯងកន្លងមក អ្នកដែលមានសិទ្ធដឹងថាគេឈឺចាប់ខ្លាំងប៉ុណ្ណា យំខ្លាំងយ៉ាងណា មានតែ ជុងហ្គុក ម្នាក់តែប៉ុណ្ណោះ ដែលទទួលដឹងរាល់ការឈឺចាប់របស់ខ្លួនបាន ប៉ុន្តែនាយបែរជាមិនបានខ្វាយខ្វល់ មិនខ្ចីសូម្បីតែកើតទុក្ខកង្វល់អាណិតគេប៉ុនសរសៃសក់ណាបន្តិចក៏គ្មានផង។
     «ខ្ញុំមិនអីទេ ខ្ញុំតស៊ូបានណា..លោកស្រី!»
     «ឯងមិនអាចមានចិត្តរឹងមាំបានគ្រប់យ៉ាងនោះទេ មានពេលខ្លះ រឿងខ្លះអាចរុញចូលមកធ្វើឱ្យឯងទទួលរង់សម្ពាធច្រើនណាស់ ចូលកុំធ្វើខ្លួនរឹងមាំពេកអី អ្វីដែលព្រលែងចោលបាន ទម្លាក់ខ្លះចោលទៅ កុំព្យាយាមឱបក្រសោបវាទាំងលំបាកយ៉ាងនេះទៀតអី រឿងហួសអស់ទៅហើយ ឱ្យវាកន្លងហួសទៅ ចួបរឿងឈឺចាប់ច្រើនពេកធ្វើឱ្យជីវិតខ្លួនឯងហាក់បីមានសម្ពាធនិងខ្មៅងងឹតងងុលខ្លាំងណាស់!»
     «ធ្វើយ៉ាងណាទៅ..ព្រោះខ្ញុំស្រលាញ់គេខ្លាំងណាស់លោកស្រី..ហ៊ឹកៗខ្ញុំអាចរស់បានដោយសារតែវត្តមានរបស់គេ ចុះបើសិនជាពេលគ្មានគេទៅ ខ្ញុំមិនដឹងថាត្រូវរស់នៅបន្តយ៉ាងណាទៀតនោះទេ!» ថេយ៉ុង ហាក់បីដូចជាមនុស្សទ័លច្រកអស់ផ្លូវដើរម្នាក់យ៉ាងអ៊ីចឹង គេយំទួញថ្ងូរដោយសេចក្តីឈឺចាប់ ការឈឺចាប់ដែលមិនអាចធ្វើឱ្យបេះដូងមួយនេះស្ទើរតែមិនអាចជាសះស្បើយបានឡើយ តើគេត្រូវយំ ត្រូវសោកស្តាយពេលវេលាកន្លងផុតទៅប៉ុន្មានថ្ងៃប៉ុន្មានខែឆ្នាំទៀតទើបជ្រះស្រឡះអស់ពីដួងចិត្ត?
     «បើគេមិនយល់ពីឯងផង ឯងនៅទ្រាំទ្រដល់ណាទៀត? ទ្រាំទ្រឱ្យឈឺចាប់ខ្លួនឯងពិបាកខ្លួនឯងអ៊ីចឹងទៅតើមែនទេ?» ថេយ៉ុង បានត្រឹមយំរអឹកគ្មានពាក្យអ្វីឆ្លើយតបនឹងគាត់ ឱ្យគេឆ្លើយពីត្រង់ណាទៅមុនទៅ បើអារម្មណ៍របស់គេដិតដាមនៅជាមួយ ជុងហ្គុក សឹងតែគ្រប់វិនាទី មានពេលខ្លះសូម្បីតែបិទភ្នែកក៏នឹកដល់ឈ្មោះគេជានិច្ចដែរ។
     «ខ្ញុំមិនដឹងគិតទៅមុខយ៉ាងណាបន្តទេ លោកស្រី ខ្ញុំទ័លច្រកហើយ បើដើរចេញទៅ ខ្ញុំក៏គេចទៅចួបសេចក្តីស្លាប់ដដែល សុខចិត្តវេទនានៅជាមួយមនុស្សដែលខ្លួនស្រលាញ់រហូតដល់ដាច់ខ្យល់ស្លាប់ក៏ខ្ញុំបានអស់ចិត្តដែរ!» លោកស្រី សណ្តាប់ចប់គ្រវីក្បាលតិចៗបើតាមចិត្តគាត់ គាត់ក៏មិនចង់ឱ្យគេមករវល់ឈឺក្បាលជាមួយ ជុងហ្គុក ចាប់តាំងតែពីដំបូង ព្រោះរឿងបែបនេះគាត់ដឹងច្បាស់ណាស់ថាមនុស្សដែលបានបាត់បង់ការចងចាំ ទោះបីជានិយាយច្រើនយ៉ាងណាក៏មិនអាចដឹងរឿងពីមុនបានដែរ មានតែត្រូវការរង់ចាំពេលវេលា យូរឬឆាប់ អាស្រ័យលើព្រហ្មលិខិតជាអ្នកហុចផលទាំងអស់នោះចូលមកតែប៉ុណ្ណោះ។
      ប្រាវ!!
     សំឡេងបែកកែវបន្លឺកាត់ផ្តាច់អារម្មណ៍ដ៏សោកសៅរវាងអ្នកទាំងពីរភ្លាមៗ លោកស្រីធំរហ័សរហួនក្រោកស្ទុះស្ទារងើបដើរចេញទៅទាំងឫកពាស្លន់ស្លោរ ស្របនឹងពេល ថេយ៉ុង ក៏ប្រញាប់ប្រញាប់ផ្ទួនប្រអប់ជើង បោះជំហ៊ានយ៉ាងជាប់ពីក្រោយតាមទៅជាមួយគាត់ដែរ។
    «កើតស្អី?» សំឡេងមាំពីលោកស្រីបន្លឺធ្វើឱ្យអ្នកបម្រើស្រីប្រញាប់បរិយាយទាំងកែវភ្នែកធ្មេចញាប់រន្ថើន។
    «គឺ..អ្នកប្រុស ជុងហ្គុក លោកស្រី!»
    «ហ៉ើយ..អាកូននេះ!» គ្រាន់តែចាប់ដឹងពីឈ្មោះរបស់គេភ្លាម គាត់ដឹងដល់ជម្រៅចិត្តកូនប្រុសដែលមួម៉ៅគប់របស់របរបែកខ្ទេចខ្ទីបាត់ទៅហើយ ព្រោះតែងតែជាទម្លាប់ក្មេងខ្ចីដែលគ្មាននរណាម្នាក់អាចប្រដៅគេបានឡើយ។
    «ចាំខ្ញុំតាមទៅមើល!» ថេយ៉ុង សំដែងការបារម្ភជ្រុលរហូតដល់លោកស្រីធំត្រូវនិយាយហាមប្រាមគេយ៉ាងដាច់អហង្ការ។
    «មិនបាច់ទៅទេ ពេលនេះកំហឹងវាកំពុងតែបាំងមុខស្រាប់ផង ទៅចួបមុខនាំតែឈឺខ្លួនប្រាណទេ!» គាត់និយាយត្រូវ កាលបើ ជុងហ្គុក ខឹងម្តងៗ ប្រៀបដូចជាខ្មោចចូលសណ្ឋិតយ៉ាងនេះនោះ ថេយ៉ុង មិនចូលទៅនៅក្បែរគឺជារឿងល្អបំផុតហើយ។
    «ចង្រៃយ៍!»
    ផូស!ប្រាវ!!!
    «ធ្វើស្អីឯងហះ? មកដល់ផ្ទះភ្លាមក្តៅក្រហាយរករឿងគប់របស់របរខ្ទេចខ្ទីអស់គ្មានសល់?» លោកស្រី ព្រីភៀរ៍ តាមទៅសួរព្រមទាំងសួរនាំជេរប្រទេចដាក់កូនប្រុសកំលោះដោយទឹកមុខក្រហមតែត មើលទៅគេកាន់តែទំនើងខ្លាំងឡើងៗនិយាយមិនស្តាប់គ្នាហើយថែមទាំងរឹងរូសខ្លាំងទៀត។ 
    «រឿងខ្ញុំ!»
    «រឿងឯង? ឯងមកបង្ហិនទ្រព្យធន់នៅក្នុងផ្ទះមិនឱ្យយើងឈឺឆ្អាលយ៉ាងម៉េចបាន?» គាត់ហាក់ដូចជាខឹងខ្លាំងណាស់ ឮសូរកូនប្រុសតមាត់ត្បកសម្តីខ្លាំងយ៉ាងនេះនោះ ចង់តែស្ទុះទៅចាប់ទះឱ្យស្វាងល្ងង់ម្តងទេ។
    «មើលដៃហូរឈាមសស្រាក់..មុខឯងនេះ..អាមុខស្រវឹងខួបហ្នឹង មិនព្រមចោលសោះ ដើរលេង ផឹកស៊ី ស្រវឹងជោកខ្លួនរាល់ថ្ងៃ ចុះបើបើកបរឡានប៉ះពារគេឯងទៅគិតយ៉ាងម៉េចទៅ?»
    «ងាប់ឱ្យស្រឡះទៅ!»  
    «តមាត់យើងជាម៉ែវាឱ្យប៉ប៉ែះ..បើងាប់វិលល្ងាច មិនមែនគេឯងគ្រប់គ្នាទ្រាំរស់មកបានសព្វថ្ងៃនេះដូច្នេះទេ..ទៅលាងរបួសចេញ ហើយរកមើលងូតទឹកសម្អាតខ្លួនផងនឹងអាលបានចុះទៅស៊ីបាយស៊ីទឹក!» ជុងហ្គុក មិនខ្វល់ពីសម្តីរបស់គាត់ បែរជាទៅចាប់លើកដបស្រាមកអង្គុយអកផឹកមិនខ្វល់ពីដៃដែលមានរបួសធ្ងន់ធ្ងរហូរឈាមច្រើនប៉ុណ្ណាឡើយ។
    «អាជុង...»
    «ម៉ាក់កុំមករវល់តើបានទេ?»
    «មិនឱ្យយើងរវល់យ៉ាងម៉េច បើឯងជាកូនឱ្យយើងនៅស្ងៀមឱបដៃឈរមើលបែបនេះទៅរួចដែរអ្ហេះ?»
    «ម៉ាក់ធ្លាប់គិតថាខ្ញុំជាកូនដែរ? ម៉ាក់ធ្វើអ្វីមានដែលគិតពីអារម្មណ៍របស់ខ្ញុំទេកន្លងមកនេះ?» ជុងហ្គុក ពើងដើមទ្រូងរួចសួរទៅកាន់គាត់ដោយកែវភ្នែកក្តៅផ្សារគេនៅមិនទាន់បានអស់ចិត្តរឿងគាត់បានចាត់ចែង ថេយ៉ុង ឱ្យទៅ ជីមីន ជាអ្នកមើលថែនៅឡើយទេ តើគាត់កំពុងតែគិតឃើញបែបណា ថេយ៉ុង ជាកម្មសិទ្ធរបស់គេសុខៗបែរជាត្រូវផ្ទេរចេញទៅឱ្យអ្នកដទៃរ៉ាប់រង់ជំនួសមិនខ្វល់ពីអារម្មណ៍របស់គេគួរណាតែត្រូវគិតថាគេបានខ្លួនប្រាណ ថេយ៉ុង គ្មានសេសល់អស់ទៅហើយដែរ។
    «មានរឿងអ្វីទៅម៉ាក់!» ជីន ក្រោយដឹងរឿងពីក្មេងបម្រើរួចក៏ប្រញាប់ប្រញាល់ដើរចូលមកតាមមើលស្ថានភាពកំពុងតែតានតឹងរវាងម្តាយកូនទាំងពីរនាក់។
    «បើឯងនៅតែបន្តធ្វើរបៀបនេះទៀត..» គាត់ទច់សម្តីបន្តិច សម្លឹងមុខ ជុងហ្គុក ទាំងអារម្មណ៍ចុកអួលណែន។
    «ខ្ញុំយ៉ាងម៉េចទៅម៉ាក់?» គេបែរជាស្រែកគំហករហូតដល់លើសតួនាទីជាកូន។
    «អាជុង..ឆ្កួតស្រាទៀតហើយមែនទេ?» ជីន ក្តៅចិត្តឆួលស្ទុះទៅរុញស្មានាយស្រាប់តែនាយគ្រវាសដៃគេមួយទំហឹងចេញ។
    «យើងនឹងឱ្យ ថេយ៉ុង រៀបការជាមួយ ជីមីន នៅសប្តាហ៍ក្រោយនេះហើយ!» លោកស្រី ព្រីភៀរ៍ បញ្ចប់សម្តី ជុងហ្គុក បែរជាផ្ទុះសំណើចព្រោះគិតថាគាត់និយាយបែបលេងសើចនិងផ្លូវអារម្មណ៍របស់គេតែប៉ុណ្ណោះ។
    «ម៉ាក់ចង់ប្រមានខ្ញុំមែនទេ?»
    «យើងនិយាយការពិត ការពិតដែលចេញពីមាត់ម៉ែបង្កើតរបស់ឯងមិនដែលវេចវេរនោះទេ!» គាត់សង្កត់សំឡេងយ៉ាងរឹងធ្ងន់កណ្តុក អ្នកកំលោះជ្រាបដឹងដូច្នេះងាកខ្វាច់ទៅសម្លឹងមើលមុខបងប្រុសតាមដោយខ្សែភ្នែកភ្ញាក់ផ្អើល។
    «ពិតមែនឬបង? ជីន ឆាប់និយាយប្រាប់ខ្ញុំភ្លាមមក!» គេសួរបញ្ជាក់ដើម្បីឱ្យបានច្បាស់គ្រប់យ៉ាង។
    «ត្រូវហើយ!» ជីន បង្ខំចិត្តឆ្លើយឱ្យរួចផុតពីមាត់ ព្រោះមិនចង់ឱ្យប្អូន មិនជឿជាក់លើសម្តីម្តាយខ្លួន ទោះបីជាបានដឹងថា ជុងហ្គុក និងអាចរង់សម្ពាធក្នុងរឿងឈឺចាប់ខ្លាំង ប៉ុន្តែទាំងអស់នេះជាសេចក្តីប្រមានដែលគេគួរតែអាចចាញ់ច្រាបអំណាចម្តាយរបស់ខ្លួនបានមួយកម្រិតធំដែរ។ លោកស្រីធំបិទមាត់លែងមានប្រសាសន៍បន្តទៅទៀត គាត់ពិតជាអត់ទ្រាំលែងបានចំពោះឫកពាដ៏មានៈរបស់កូនប្រុសម្នាក់នេះទៀតហើយ។
     «នាំម៉ាក់ទៅសម្រាក!» ជីន ងក់ក្បាលផ្ងក់ៗប្រញាប់ជួយគ្រាហ៍ម្តាយដើរចេញទៅបាត់។
     នៅពេលនេះគ្រប់គ្នាកំពុងតែលេងសើចស្អីនិងគេ វាជារឿងដែលបានរៀបចំទុកឬជាការសំដែង គួរឱ្យអស់សំណើចណាស់ ដែលលោកស្រីធំ ហ៊ានសន្មត់គិតគូររឿងរៀបចំអាពាហ៍ពិពាហ៍គ្មានបានការណ៍ទាំងអស់នោះឡើងមកបាន។ គាត់គិតលឿនពេក ឬគ្រាន់តែចង់ផ្ចាញ់ផ្ចាល់ចិត្តគេ ប៉ុន្តែចាំបានថារាល់ពេលដែលគាត់សង្កៀតជើងធ្មេញនិយាយដោយប្រើខ្សែភ្នែកមុតស្រួចយ៉ាងនេះនោះ ភាគច្រើនតែងតែកើតឡើងគឺជារឿងពិតប្រាកដមិនអាចកុហកនិងបោកប្រាស់ចិត្តគេបានទេ ជាម្តាយកូននិងគ្នាគេស្គាល់គាត់ច្បាស់ណាស់។
     (យើងនិយាយការពិត ការពិតដែលចេញពីមាត់ម៉ែបង្កើតរបស់ឯងមិនដែលវេចវេរនោះទេ!)
     «ឆ្កួត...ចំជាឆ្កួតពិតមែនហើយ!» ប្រអប់ជើងមាំងាកទៅទាត់កម្ទេចផើងផ្ការហូតដល់បែកខ្ជរខ្ជាយតាមទៅដោយអារម្មណ៍ខឹងច្របូកច្របល់ប្រៀបដូចជាភ្លើងឆេះយ៉ាងអ៊ីចឹង គេមិនយល់ពីខ្លួនឯង មិនយល់ត្រង់ថាបើមិនបានគិតអ្វីទៅលើ ថេយ៉ុង ផ្តេសផ្តងផង ហេតុអ្វីស្រាប់តែមានអារម្មណ៍ថាឈឺចិត្តអួលៗ ចុកឆៀបៗលើដើមទ្រូងខាងឆ្វេង មួហ្មងខុសប្លែក ទាំងមិនយល់ មិនដឹង ហេតុអ្វីវិលវល់ដល់ថ្នាក់នេះទៅវិញ។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now