[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](21)

24 0 0
                                        


រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី២១+២២៖ អតីតកាលត្រឡប់មក រកបច្ចុប្បន្ន....
____________________________

ហ្ក្រេសចាប់ផ្ដើមបើកភ្នែកពេលដែលខូសៀ ដកដង្ហើមថេរ បង្ហាញថាគេប្រហែលជាដេកលក់បាត់ហើយ មុននេះនាងគ្រាន់តែសម្ងំអោយគេងាប់ចិត្តនោះទេ មានឬដែលនាងព្រមដេកនិងអោយគេឃុំនាងនៅទីនេះជាមួយគេ នាងមិនសុខចិត្តជាដាច់ខាត ព្រោះនាងមិនមែនអ្នកទោសរបស់គេនោះទេ ហ្ក្រេសរើខ្លួនតិចៗបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្ដែ..
ហ្វឹប!!
" បែកគ្នាតែប៉ុន្មានខែ អូនចេះសម្ដែងទៀតឬ ហ្ក្រេស " រាងក្រាស់លើកជើងគង រាងស្ដើងណែនលើសដើម មុននឹងដៃមាំអោបនាងបន្ថែម នាងប្រហែលជាគិតថាគេដេកហើយ ទាំងដែលតាមពិតគេក៏ដេកមិនលក់ដូចគ្នា ខូសៀគ្រាន់តែបិទភ្នែកសម្ងំលីវៗប៉ុណ្ណោះ
" ខ្ញុំត្រូវការចូលបន្ទប់ទឹក ចង់អោយជុះនោមលើគ្រែតើមែនទេ ? "
" បើអូនចង់បានបែបនឹង បងក៏អូខេ "
" រោគចិត្តណាស់ លែង " រាងស្ដើងខឹងគេឡើងក្រហមមុខទៅហើយ ខូសៀមិនព្រមចាញ់នាងសូម្បីតែមួយរឿង គេអាចធ្វើបានគ្រប់យ៉ាងដើម្បីយកឈ្នះនាង
" អូនអត់ចេះនិយាយពាក្យផ្សេងក្រៅពីពាក្យថា លែង ទេមែនទេ ? "
" វាជាមាត់របស់ខ្ញុំទេ កុំចេះដឹង "
" កាន់តែគំរោះគំរើយហើយ ហ្ក្រេស " រាងក្រាស់គ្រហឹមដាស់តឿន ព្រោះថាគេមិនចូលចិត្តអោយហ្ក្រេសធ្វើអ្វីដែលមិនមែនជាខ្លួនឯង ព្រោះតែចង់ឈ្នះគេ នាងមិនបាច់ធ្វើអោយខ្លួនឯងអាក្រក់មើលក្នុងភ្នែកអ្នកដទៃនោះទេ ជាពិសេសពាក្យអាក្រក់ៗដែលគេសឹងតែមិនធ្លាប់លឺពីមាត់នាងកន្លងមក
" អញ្ចឹងក៏ដោះលែងខ្ញុំទៅ "
" យើងអាចនិយាយគ្នាតាមសម្រួល មួយរឿងបានទេហ្ក្រេស "
" រវាងពួកយើងវាដើរហួសពីពាក្យនឹងហើយ ខូសៀ " រាងតូចងាកទៅមើលភ្នែកគេចំៗ ដើម្បីបង្ហាញអោយខូសៀដឹងថានាងពិតជាមិនអាចទ្រាំនៅក្បែរគេ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ នាងត្រូវការចាកចេញពីអតីតកាលទាំងនោះអោយបាន
" ប៉ុន្ដែយើងអាចចាប់ផ្ដើមជាថ្មីបាន មិនមែនឬ "
" បងកំពុងតែចង់ប្រាប់ខ្ញុំថា បងចង់ទាក់ទងខ្ញុំម្ដងទៀតអីបែបនោះឬ វាកំប្លែងពេកហើយ ខូសៀ "
" វាមិនកំប្លែងទេហ្ក្រេស រវាងពួកយើងចាប់ផ្ដើមម្ដងទៀតទៅ បានទេ? " ខូសៀ លើកដៃចាប់មុខតូច អោយសម្លឹងមកខ្លួនយ៉ាងម៉ឺងម៉ាត់ ដោយហ្ក្រេសនៅស្ងៀមនឹងមើលទៅកែវភ្នែកមុតស្រួចមួយនោះកំពុងតែស្វែងរកការពិតពីខ្លួនរបស់គេ
" អត់ទេ ពេលនេះខ្ញុំចង់នៅម្នាក់ឯង "
" បងមិនបង្ខំអូនទេ បងអាចចាំអូនបាន សុំត្រឹមតែកុំដេញបងទៅបានហើយ ហ្ក្រេស "
" ហឹសបងនេះឬ ចាំបាន ខូសៀបើនិយាយខុសបងអាចកែពាក្យបាន ខ្ញុំសុខចិត្តធ្វើជាមិនបានលឺប្រយោគដែលបងនិយាយមុននេះទៅចុះ " ហ្ក្រេសបញ្ឈឺអោយគេក៏ពិតមែន តែនោះជារឿងពិត ខូសៀ កើតមកដើម្បីក្ដោបក្ដាប់អំណាច គេតែងតែជាមនុស្សដែលត្រូវការអ្វីហើយ នឹងយកវាអោយបានភ្លាម ពាក្យថារង់ចាំគ្មានក្នុងវត្តមានរបស់គេនោះទេ
" បងទទួលពាក្យបញ្ឈឺរបស់អូនទៅចុះ ប៉ុន្ដែបងនិយាយពិតមែន "
" ខូសៀបងអាយុប៉ុន្មានហើយ ? បងជិត៥០ឆ្នាំហើយ នេះបងមិនយល់ថាការរត់តាមខ្ញុំគឺវាជាការចំណាយពេលអត់ប្រយោជន៍ទេឬ ? " រាងក្រាស់យល់ន័យរបស់ ហ្ក្រេស ប៉ុន្ដែគេមិនបានខ្វល់ឡើយ ព្រោះគេដឹងថាខ្លួនឯងនឹងរស់នៅមិនបានបើសិនជាអោយ គេដេកនឹកនាងរាល់យប់បែបនោះ វាដូចជាការខ្វះនូវរបស់ដ៏សំខាន់មួយនៅដើមទ្រូងផ្នែកខាងឆ្វេងរបស់គេយ៉ាងអញ្ចឹង
" អោយតែអូនប្រាប់ថាបងមានឱកាស បងសុខចិត្តរត់តាមអូនទោះជាមួយជីវិតក៏បងព្រមដែរ "
" ឈប់និយាយពាក្យដែលធ្វើអោយព្រឺសម្បុរបែបនេះទៀតទៅ " រាងស្ដើងរុញគេចេញ នាងមិនស៊ាំនឹងពាក្យទាំងអស់នោះរបស់គេទេ ព្រោះតាំងពីដើមមក នាងមិនធ្លាប់ទទួលបានវា ហើយក៏មិនរំពឹងថានឹងលឺគេនិយាយអ្វីបែបនេះដែរ ខូសៀ ធ្វើអោយនាងខ្លាច ខ្លាចថាខ្លួនឯងពិបាកទប់ទល់នឹងផ្នែកមួយទៀតរបស់គេ ប្រុសចំពោះមុខចាស់តែអាយុទេ បើរឿងផ្សេងកម្លោះឈាមក្ដៅសុំចាញ់តែម្ដង
" អូនត្រៀមទៅហ្ក្រេស អូននឹងបានឃើញផ្នែកមួយទៀតរបស់ ខូសៀ អាមឺរីន ថាបងជាមនុស្សបែបណា "
" ឈប់និយាយទៅ បានហើយអោយខ្ញុំចូលបន្ទប់ទឹកសិន បានឬអត់ហាស៎ ប្រុសចិត្តខ្មៅ"
" ចូលបន្ទប់ទឹកគឺជាលេសរបស់អូនបងដឹងណាហ្ក្រេស ចាំបាច់អៀនធ្វើអី ឬថាអូននៅស្រឡាញ់បង "
" ឆ្កួត អ្នកណាថា បុិនចូលខាងខ្លួនឯងមែន ខូសៀ " ខូសៀញញឹមចុងមាត់ពេលហ្ក្រេសប្រកែកនឹងគេទាំងទឹកមុខក្រហមព្រឿងៗ និង មិនហ៊ានសម្លឹងភ្នែកគេចំៗនោះទេ នៅពេលនាងខ្មាសឬអៀនគេ នាងតែងតែបែបនោះកាលពីពួកគេទើបនឹងរៀបការហើយថ្មីៗ មួយរយៈក្រោយនេះខូសៀ ទើបតែដឹងថា មាត់របស់ខ្លួនមិនដែលនិយាយថាស្រឡាញ់នាងទេ ប៉ុន្ដែគ្រប់សកម្មភាពរបស់នាងគឺគេ សុទ្ធតែចងចាំបានទាំងអស់ ប្រហែលជាគេលួចមើលនាងទាំងមិនដឹងខ្លួនហើយ រាងក្រាស់គិតសរុបក្នុងចិត្ត មុននឹងព្រមលែងដៃហ្ក្រេស ដោយរាងតូចមិនចាំយូរក៏ហក់ចុះពីលើគ្រែភ្លាម
" អូនប្រញ៉ាប់ដល់ថ្នាក់នេះផងឬ "
" កុំចេះ មនុស្សឆ្កួត "
" ហាហា មួយៗក៏បានបងមិនដណ្ដើមអូនចូលទេ "
" គួរអោយស្អប់ណាស់ ... " បុ័ង!! ទ្វារបន្ទប់ទឹកត្រូវទាញបិទខ្លាំងៗជាមួយនឹងពាក្យលឺខ្សាវៗរបស់ហ្ក្រេស បើខូសៀ ទាយមិនខុសគឺនាងជេរគេឬដៀមដាមគេ មិនខាន ប៉ុន្ដែមិនអីទេ គេមានវិធីបង្ក្រាបការជេររបស់ហ្ក្រេស ធានាបានថានាងលែងហ៊ានជេរគេបន្ដមិនខាន ខូសៀរៀបចំផែនការអាក្រក់ក្នុងចិត្តម្នាក់ឯង
ខុសពីហ្ក្រេសដែលលុបមុខជាច្រើនដង មុននឹងឈរសម្លឹងមើលរូបរាងខ្លួនឯងក្នុងកញ្ចក់ធំ នាងសឹងតែមិនជឿថាស្ថានភាពរបស់នាងផ្លាស់ប្ដូរលឿនយ៉ាងនេះ ថ្ងៃមុននាងទើបតែអង្គុយធ្វើជាម៉ាដាម អាមឺរីន សុខៗ ប៉ុន្ដែពេលនេះនាងបែរជាក្លាយទៅជា ហ្ក្រេស មនុស្សស្រីមេម៉ាយដែលត្រូវអតីតស្វាមី តាមញ៉ែរម្ដងទៀត តើលើលោកនេះមានជីវិតអ្នកណាក្រឡាប់ចាក់ដូចនាងឬអត់ណ៎?
" អត់ទេ ឯងមិនបានអៀន ហ្ក្រេស រឹងមាំឡើង ឯងចេញផុតពីទីនោះហើយ ហាមត្រឡប់ទៅនរកនោះវិញម្ដងទៀតអោយសោះ គេត្រូវការឯង មិនបានស្រឡាញ់ឯងដូចដែលនិយាយនោះទេ " ១៨ឆ្នាំ រយៈពេលដ៏សែនយូរមួយនេះ ធ្វើអោយពាក្យថាស្រឡាញ់របស់ ខូសៀ ពុំមានអត្ថន័យសម្រាប់ហ្ក្រេសនោះទេ តើអោយនាងជឿយ៉ាងម៉េចបើ នាងចំណាយពេលរាប់ឆ្នាំ ធ្វើខ្លួនល្អគ្រប់យ៉ាង នៅតែមិនអាចយកបេះដូងគេបាន ចុះទម្រាំប៉ុន្មានខែមកនេះ តើនាងអាចឈ្នះចិត្តគេដោយរបៀបណា នាងមិនជឿគឺមិនពីកំហុសរបស់គេសុទ្ធសាធ ហ្ក្រេស សម្លឹងមុខខ្លួនឯង មុននឹងពង្រឹងស្មារតីមកវិញ នាងដាស់តឿនខ្លួនឯងដដែលៗថាហាមដើរធ្លាក់រណ្ដៅ ដែលខូសៀ ជីក ជាដាច់ខាត
" ចាំមើលថាអាចចាំបានយូរប៉ុណ្ណា ខូសៀ មនុស្សដូចជាបងឬស្គាល់ពាក្យថាអត់ធ្មត់ តាំងពីដើមមកពាក្យនេះមានតែខ្ញុំប៉ុណ្ណោះដែលប្រើ " ស្រីស្រស់ ញញឹមចំអកអោយខ្លួនឯង វាប្រៀបបានជាការដាស់សតិនាងដូចគ្នា ហ្ក្រេស មើលភាពរៀបរយរួច ក៏ចេញទៅវិញ នាងមិនខ្លាចគេទេ នាងក៏មិនមានអ្វីត្រូវគេចមុខអោយគេបានចិត្ត ហើយចូលទៅខាងខ្លួនឯងដែរ សម្រេចចិត្តរួចហ្ក្រេសក៏បើកទ្វារចេញទៅវិញជាមួយនឹងរឹកពារត្រជាក់ស្រេប ហើយនឹងធឹងជាទីបំផុត

ទៀតហើយៗ នេះជាពាក្យដែលលីអុីន ទន្ទេញក្នុងចិត្ត ពេលដែលសម្រួលអារម្មណ៍រួច នាងតូចត្រឡប់មកផ្ទះក៏ត្រូវប្រឈមមុខជាមួយនឹងហេតុការណ៍ថ្មីមួយទៀត នោះគឺជាមិត្តចាស់របស់លោកប៉ានាង អ្វីដែលធ្វើអោយនាងមិនពេញចិត្តនោះគឺ នាងជាមនុស្សស្រីដែលវ័យស្របាលម្ដាយខ្លួន ហើយក៏មានរឹកពាររលែមអោយឃើញច្បាស់ៗនៅលើមុខតែម្ដងសឹងតែអាចដាក់ផ្លាកថា មកចាប់ប៉ារបស់ នាងទៅហើយ បើសិនជាអាចធ្វើបានមែននោះ រាងតូចក្ដៅឆេវ លីអុីនប្រាប់ខ្លួនឯងថានាងមិនចាំបាច់ត្រូវមានសុជីវធ៌មចំពោះស្រីម្នាក់នេះឡើយ ព្រោះអត់និស្ស័យនឹងមនុស្សប្រភេទនេះទាល់តែសោះ
" ក្មួយធំលឿនណាស់ លីអុីន "
" សុំទោស ខ្ញុំមានមីងតែម្នាក់ប៉ុណ្ណោះ ហើយ ពេលនេះគាត់នៅទីក្រុងឡុងហ៍ មិនបាននៅទីនេះ " សម្ដីធំជាងមាឌរបស់ លីអុីន ធ្វើស្រីបរទេសសក់ទង់ដែង ក្ដៅស្លឹកត្រចៀក ប៉ុន្ដែមិនអាចធ្វើអ្វីបាន គឺបានត្រឹមតែញញឹមមិនសមប៉ុណ្ណោះ
" មិនអីទេ ខ្ញុំស្និទ្ធិជាមួយប៉ាឯងណាស់ ទុកខ្ញុំជាមីងឯងម្នាក់ទៀតក៏បាន "
" ស្និទ្ធិបែបណា សង្ឃឹមថាមិនមែនបែបលើគ្រែទៅចុះ "
" លីអុីន ជាក្មេងកុំនិយាយហួសហេតុពេក វាមិនសមនឹងវ័យរបស់ឯងទេ " ពេលត្រូវក្មេងស្រីស៊កសៀតអោយ អ្នកដែលមានអាយុច្រើនជាង សឹងតែហើបគូទពីសាឡុង ទៅចាត់ការនាងតូច តែធ្វើបែបនោះមិនបានទេ ទីនេះជាទឹកដីរបស់នាង ហើយគោលដៅដែលមកលើកនេះរបស់នាងគឺជា ឪពុករបស់ក្មេងស្រីមាត់កន្រ្ដៃ ចំពោះមុខ ខូសៀ អាមឺរីន ដំណឹងលែងលះរបស់គេដូចជាឆ្នោតរង្វាន់លេខធំអញ្ចឹងសម្រាប់នាង ប៊ែលលីស អតីតបវកញ្ញាតំណាងអោយប្រទេសអង់គ្លេស គិតក្នុងចិត្ត ដោយភាពអត់ធ្មត់ជាទីបំផុត ព្រោះវាជាឱកាសចុងក្រោយរបស់នាងហើយ ដែលអាចបានគ្រប់គ្រងគេក្នុងកំឡុងពេលគេជាបុរសពោះម៉ាយ ១៨ឆ្នាំមុននាងបរាជ័យព្រោះតែស្រីម្នាក់នោះ មនុស្សស្រីដែលគេស្រឡាញ់ខ្លាំង ប៉ុន្ដែអតីតភរិយារបស់គេត្រឹមជាមនុស្សស្រីដែលដើរតួនាទីជាប្រពន្ធស្របច្បាប់ ដែលបានតែសម្បកកាយ វាមិនពិបាកនោះទេសម្រាប់នាងក្នុងការកម្ចាត់ ហ្ក្រេស ហ្វ័ង អោយចេញពីជីវិតខូសៀ ប៊ែលលីស គិតម្នាក់ឯងយ៉ាងមានអំនួត នឹងផែនការរបស់ខ្លួន នាងមិនខ្វល់ពីក្រសែរភ្នែកស្អប់ខ្ពើមរបស់ លីអុីន ដែលកំពុងតែមើលមកនាងទេ
" បើដឹងថាខ្លួនឯងជាមនុស្សចាស់ ក៏ត្រូវចេះស្គាល់ល្អអាក្រក់ ស្គាល់ថារបស់ណាជារបស់ខ្លួន ហើយរបស់ណាដែលមិនមែន មួយវិញទៀតប៉ាមិនត្រឡប់មកវិញទេថ្ងៃនេះ បើអស់អីហើយអាចត្រឡប់ទៅវិញបាន"
" គេប្រាប់ឯងឬអត់ថាទៅណា "
" ប្រាប់! គឺប្រាប់ថាទៅញ៉ែរអ្នកម៉ាក់របស់ខ្ញុំ ចប់ហើយឬនៅ ងងុយហើយ ជម្រាបលា " ប៊ែលលីស ចំហរមាត់ នេះនាងស្ដាប់ច្រឡំឬអត់ លីអុីននិយាយវាដើម្បីបញ្ឈឺនាងមែនទេ វាអាចទៅរួចដោយរបៀបណា ដែលខូសៀទៅញ៉ែរអតីតប្រពន្ធដែលគេលែងលះហើយថែមទាំងមិនស្រឡាញ់ផងនោះ ចុះនាងវិញ នាងទើបតែមកដល់ ចុះយន្ដហោះមិនទាន់បាត់ក្ដៅគូទផង នេះនាងត្រូវចាញ់ដោយបែបនេះឬ ស្រីអង់គ្លេសរូបស្រស់ គិតទាំងកំហឹងផ្ដុំគ្នាពេញដើមទ្រូង ព្រោះមិនអាចទទួលរឿងដែលលឺមកបាន
" មិនពិតទេ ក្មេងនោះកុហកមិនខាន មនុស្សលែងលះគ្នាហើយ ត្រូវគ្នាវិញដោយរបៀបណា មិនអាចទេ ខូសៀ លោកកុំធ្វើអោយខ្ញុំហោះមកដោយអស់សង្ឃឹមអោយសោះ"

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now