[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️(06)

45 1 0
                                        

ភាគទី៦៖ មនុស្សដែលមិនសាកសមនឹងនាងគឺជាគេ....
____________________________

រំលងទៅ២សប្ដាហ៍ទៀតហើយ នេះជាពេល១ក្នុងរយៈពេលជិត២០ឆ្នាំមកនេះដែលរាងស្ដើងរបស់ហ្ក្រេសព្រមបណ្ដោយតាមចិត្តខ្លួនឯង ដោយចាកចេញមកក្រៅជាមួយនឹងស្ទាយ៍តែងខ្លួនដែលថ្មី សឹងតែនាងខ្លួនឯងមិនចង់ជឿថា នេះពិតជារូបរាងនាងពិតមែន អារម្មណ៍នាងពេលនេះវាស្រាលដូចជាខ្យល់ ងាកទៅទីណាក៏នាងយល់ថាវាសុទ្ធតែថ្មីសម្រាប់នាងទាំងអស់
" មើលទៅទឹកមុខអ្នកស្រីស្រស់ស្រាយជាងមុន បានធូរស្រាលច្រើនហើយមែនទេ? "
" ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានសេរីភាព ហើយក៏ធូរស្រាលក្នុងចិត្តជាងមុនដែរ " រាងស្ដើងញញឹមស្រាលដាក់ដុកទ័រ ហើយនាងក៏ទទួលបានស្នាមញញឹមមកវិញដូចគ្នា រយៈពេលជិត១ខែដែលហ្ក្រេស មកដល់ទឹកដី១នេះ ហើយបានធ្វើរឿងជាច្រើនដែលខ្លួនឯង មិនធ្លាប់ធ្វើ វាជួយអោយនាងបានដឹងថា តាមពិតកន្លងមកនាងខកខានរឿងល្អៗច្រើនណាស់ ពេលនេះនាងប្រៀបបានដូចជាបក្សីចេញពីទ្រុងមាសអញ្ចឹង
" ហើយអ្នកស្រីនឹកដល់អ្នកណាខ្លះនៅពេលនេះ ? "
" នឹកឬ?.... ហឹម កូនស្រី ហើយក៏..... " ហ្ក្រេសសញ្ជឹងគិតបន្ដិចថាខ្លួនកំពុងតែគិតដល់អ្នកណា ដុកទ័រស្រី ចាំផ្ទៀងស្ដាប់ចម្លើយ ដោយការចង់ដឹង
"........ "
" ហើយក៏ ការលែងលះ " រាងស្ដើងនិយាយដោយភាពមុះមត់បំផុត នាងមិនបានកុហកអ្នកណាឬ ថាកុហកខ្លួនឯងដែរ សម្រាប់ស្វាមី នៅពេលនេះគេលែងជាជម្រើសទី១ដែលនាងទុកក្នុងចិត្តទៀតហើយ ការដែលឆ្លងកាត់ជីវិតស្លាប់រស់នៅក្នុងហេតុការណ៍ថ្ងៃនោះ វាបង្រៀននាងអោយដឹងថា តាមពិតនាងត្រូវរស់ដើម្បីខ្លួនឯង លះបង់ដើម្បីខ្លួនឯងអោយច្រើនជាងអ្នកដទៃ
" សំណួរនេះគឺ មិនពាក់ព័ន្ធនឹងការព្យាបាលរបស់យើងទេ តែវាជាសំណួរផ្ទាល់ខ្លួនពីខ្ញុំ តើអ្នកស្រីនៅស្រឡាញ់ស្វាមីឬអត់? "
" បើខ្ញុំនិយាយថាអត់ នោះវាជាការកុហកហើយ អាចមកពីគេជាមនុស្សប្រុសដំបូង ហើយក៏ជាឪពុករបស់កូនតែម្នាក់ដែលខ្ញុំស្គាល់និងរួមរស់ជាមួយ បើអោយឈប់ស្រឡាញ់ឬកាត់ចិត្ត នោះវាមិនមែនជារឿងងាយទេ តែបើសួរខ្ញុំថាត្រឡប់ក្រោយឬអត់ ចម្លើយគឺអត់ទេ ខ្ញុំមិនត្រូវការលះបង់តែម្ខាងទៀតឡើយ ខ្ញុំហត់នឿយ នឹងការដេញតាមបេះដូងរបស់នរណាម្នាក់រហូតដល់១៨ឆ្នាំ ហើយលទ្ធផលវានៅតែដដែល វាខាតពេល ខ្លាំងណាស់" ដុកទ័រជំនាញងក់ក្បាលទទួល នឹងចម្លើយច្បាស់ៗរបស់ស្រីស្រស់ចំពោះមុខ មើលទៅហ្ក្រេស មានផ្លូវចិត្តនឹងធឹងជាងមុនឆ្ងាយណាស់ កែវភ្នែកទាំងគូរប្រាប់អោយដឹងថា ចម្លើយទាំងអស់នាងនិយាយចេញមកដោយការពិចារណាយ៉ាងម៉ត់ចត់បំផុត
" ខ្ញុំមានសំណួរ១ទៀត ចុះបើស្វាមីអ្នកស្រីចង់ត្រឡប់មកវិញ តើអ្នកស្រីនឹងអាចគ្រប់គ្រងខ្លួនឯងបានកម្រិតណា អ្នកស្រីដែលលឺឬអត់ថា របួសដែលរហែកមុខម្ដងហើយ បើយើងដេរមិនជិតវារហែកជាលើកទី២ នោះវានឹងក្លាយទៅជារបួសរ៊ាំរ៉ៃ សំណួរនេះគ្រាន់តែចង់អោយអ្នកស្រីត្រៀមចិត្ត ព្រោះខ្ញុំមិនប្រាថ្នាអោយអ្នកជម្ងឺរបស់ខ្ញុំមកទីនេះជាលើកទី២ឡើយ "
" ខ្ញុំមិនគិតថាខ្លួនឯងនឹងមានចម្លើយនោះទេ ព្រោះមនុស្សដូចជា គេ វាមិនអាចទៅរួច មិនអាចទេដែលគេមកលន់តួសុំស្នេហាពីខ្ញុំនៅពេលនេះ " ហ្ក្រេសគ្រាន់តែស្រម៉ៃក៏មិនដែលគិតផង នាងមិនរំពឹងអ្វីដែលប្រៀបបាននឹងខ្យល់ដែលគ្មានរូបរាងហើយក៏ចាប់មិនបានដែរ រាងស្ដើងសើចក្នុងចិត្ត មិនស្មានថាកន្លងមកខ្លួនអាចរស់នៅជាមួយផ្ទាំងទឹកកកម៉ឺនឆ្នាំបែបនោះបាន
" ខ្ញុំយល់ហើយ តាមការពិនិត្យ អ្នកស្រីបានធូរស្បើយច្រើនហើយ ការព្យាបាលចុងក្រោយគឺជាកាត្រឡប់ទៅប្រឈមមុខនឹងការពិត ជូនពរអោយអ្នកស្រី អាចឆ្លងកាត់រឿងទាំងអស់នេះបានដោយរលូន "
" អរគុណដុកទ័រណាស់ បើគ្មានអ្នកខ្ញុំមិនដឹងទេថាសភាពខ្លួនឯងទៅជាយ៉ាងណា " ហ្ក្រេសលូកដៃទៅចាប់ដៃអ្នកម្ខាងទៀតជាការដឹងគុណ នាងសង្ឃឹមថាមិនមែនតែនាងទេ ដែលអាចឆ្លងកាត់រឿងអាក្រក់មួយនេះបាន នាងសង្ឃឹមថាស្រ្ដីទាំងអស់ដែលជួបស្ថានភាពដូចជានាង ហ៊ានបើកចិត្តទទួលយកការពិត ហើយឆ្លងកាត់វាបានដូចជានាង ហើយវាក៏ដល់ពេលហើយដែលនាងត្រូវប្រឈមមុខជាមួយការពិត ដើម្បីពិសោធន៍ថាខ្លួនរបស់នាងពិតជាលែងមានជម្ងឺធ្លាក់ទឹកចិត្តទៀតហើយ នាងនឹងត្រឡប់ទៅតៃវ៉ាន់វិញនៅអាទិត្យក្រោយ ទៅជួបមនុស្សដែលនាងលែងប្រាថ្នាចង់ក្បែរគេទៀតក្នុង១ជីវិតរបស់នាងនេះ

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now