រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី១៣៖ សត្រូវស្នេហា(2)........
____________________________
ហ្ក្រេសចូលដល់ក្នុងឡាន រាងស្ដើងដកដង្ហើមធំ ភាពរឹងមាំមុននេះក៏រលាយបាត់នៅសល់ តែភាពខ្វល់ខ្វាយ នាងមិនយល់ទេថាហេតុអ្វីទើប គេមិនព្រមដោះលែងនាងទាំងដែលមិនស្រឡាញ់នាងទាល់តែសោះ
" មនុស្សចិត្តខ្មៅ នៅតាមចងកម្មចងពៀរគ្នាដល់ណាទៀត "
តុកតុក!! ទ្វារឡានត្រូវបានគោះ ធ្វើអោយរាងស្ដើង ងាកទៅមើលទាំងភ្ញាក់ផ្អើល គេមកយ៉ាងម៉េចបាន គេដែលនាងមានន័យដល់នោះគឺ អាឡាន់ដេស៍ ដែលជាមិត្តសម័យរៀនរបស់នាង បុរសបរទេស ដែលជាអ្នកដែលនាងស្និទ្ធិខ្លាំងជាងអ្នកណាទាំងអស់កាលពីវ័យជំទង់
ក្រាក!!
" សួស្ដីហ្ក្រេស "
" អាឡាន់... មកបានយ៉ាងម៉េចនឹង " រាងស្ដើងចុះពីឡាន មុននឹងស្ទុះទៅចាប់ដៃគេសួរទាំងយកចិត្តទុកដាក់ នាងចាំបានថាពួកនាងបែកគ្នាយូរហើយ តាំងពីរៀនចប់ អាឡាន់ត្រឡប់ទៅ អេស្ប៉ាញ វិញ ឯនាងក៏រៀបការជាមួយខូសៀ
" នាងក៏ដឹងថាខ្ញុំជាអ្នកណា រកព័ត៌មានរបស់នាងងាយជាងបកចេកទៅទៀត "
" ខ្ញុំនឹកនាយណាស់ដឹងទេ ពួកយើងខានជួបគ្នាយូរហើយ មើលចុះនាយសង្ហាជាងមុនទៅទៀត អឺ....មកដល់យូរហើយមែនទេ " រាងស្ដើងដែលខ្វល់ចិត្តមុននេះក៏រលាយបាត់ ព្រោះវត្តមានរបស់អ្នកម្ខាងទៀត តែថាមុននេះគេបានឃើញឬអត់? ហ្ក្រេស មើលទៅអាឡាន់ដោយក្រសែរភ្នែកមានចម្ងល់និងអៀនខ្មាស
" កំពុងចង់សួរថាមុននេះខ្ញុំបានឃើញឬអត់មែនទេ ? "
" ម៉េចក៏នាយដឹងថាខ្ញុំ... "
" យើងជាមិត្តនឹងគ្នាយូរហើយរឿងអីថាខ្ញុំមិនដឹងនោះ មែនខ្ញុំបានឃើញហេតុការណ៍មុននេះ ហើយក៏ដឹងថានាងលែងលះជាមួយស្វាមីរួចហើយដែរ " អាឡាន់ រៀបរាប់ដោយទឹកមុខញញឹម ដែលគេធ្វើបែបនោះព្រោះមិនចង់ដាក់សម្ពាធអោយហ្ក្រេសពេក ប៉ុន្ដែសម្រាប់ហ្ក្រេសវិញគិតខុសគ្នា នាងមិនដឹងទេថាអ្នកម្ខាងទៀតយល់យ៉ាងណា ទើបរាងស្ដើងទម្លាប់មុខចុះ ខ្មាសមិត្តភក្ដិដែលធ្លាប់ស្និទ្ធិគ្នាតាំងពីសម័យរៀន
" គួរអោយខ្មាសណាស់ ដែលនាយមកឃើញរូបភាពបែបនោះ "
" ការលែងលះមានអី គួរអោយខ្មាសទៅ លើលោកនេះមានមនុស្សលែងលះច្រើនណាស់ ហ្ក្រេស មិនបាច់ខ្មាស ឬដាក់សម្ពាធអោយខ្លួនឯងពេកទេ " រាងក្រាស់លូកដៃទៅទះស្មាហ្ក្រេសថ្នមៗ ដែលវាធ្វើអោយហ្ក្រេសលែងសូវមានសម្ពាធ មុននឹងញញឹមដាក់គេវិញស្រាល
" អរគុណហើយ អាឡាន់ តែថាមកតៃវ៉ាន់លើកនេះមកធ្វើការឬ ហើយមកយូរឬអត់ ស្នាក់នៅទីណា? "
" ឈប់ៗហ្ក្រេស សួរមួយៗក៏បាន ខ្ញុំមិនរត់ទៅណាទេ ស្ដាប់ណា៎ ខ្ញុំ មិនបានមកធ្វើការទេ គឺខ្ញុំមកតាមញ៉ែរនាង ហ្ក្រេស "
" ហាស៎ ថាម៉េច? " រាងស្ដើងថយក្រោយយ៉ាងលឿនមុននឹងមើលមុខមិត្តភក្ដិដែលអាយុស្រករគ្នាទាំងមិនចង់ជឿ អាឡាន់នេះឬមកញ៉ែរនាង គេនិយាយថាគេញ៉ែរនាងឬ
" ខុសត្រង់ណា ខ្ញុំមិនទាន់មានប្រពន្ធ ចំណែកនាងក៏លែងលះរួចហើយ ដែរ ខ្ញុំមានសិទ្ធិតាមញ៉ែនាងមិនអញ្ចឹង " កម្លោះអាស្ប៉ាញ វ័យ៣៨ឆ្នាំនិយាយទាំងញញឹមមានមន្ដស្នេហ៍ ខុសពីហ្ក្រេសដែលថ្ងៃនេះនាងជួបរឿងលោះព្រលឹងតាំងពីព្រឹកទល់យប់ នាងសឹងតែទន់ជង្គង់ ដួលទៅលើដី ទៅហើយ
" អាឡាន់ នេះលេងសើចមែនទេ នាយមិនទាន់រៀបការទេឬហើយនាយនេះចង់តាមញ៉ែខ្ញុំនេះ? "
" មែនហើយ ខ្ញុំនៅលីវ មិនទាន់រៀបការ ហើយក៏គ្មានចំណងជាមួយស្រីណាដែរ ប៉ុណ្ណឹងតាមញ៉ែ នាងបានឬនៅ"
" អត់ទេ កុំលេងសើចបែបនេះអី ខ្ញុំអាចនឹងគាំងបេះដូងស្លាប់បាន " ហ្ក្រេសគ្រវីក្បាលតតាក់ នេះជីវិតនាងពិតជារកសេចក្ដីស្ងប់មិនឃើញពិតមែនឬ បានជាគ្រប់គ្នាចេះតែចង់លេងសើចនឹងជីវិតនាងបែបនេះ សូម្បីតែអាឡាន់ឬ
" មិនអីទេ បើនាងមិនជឿចាំមើលបាន តែថាខ្ញុំទើបនឹងចុះពីយន្ដហោះគ្មានកន្លែងស្នាក់ទេ បើនាងមិនប្រកាន់ ខ្ញុំសុំទៅសម្រាកផ្ទះនាងមួយយប់ "
" និយាយធ្វើមើលតែខ្លួនឯងគ្មានសមត្ថភាពរកសណ្ឋាគារដេកអញ្ចឹង អាឡាន់ "
" គឺយប់ហើយ ខ្ជិលដើររក ឬថានាងប្រកាន់ " រាងក្រាស់មើលមុខហ្ក្រេសដោយក្រសែរភ្នែកអង្វករ ទើបរាងស្ដើងគ្មានជម្រើស ណាមួយនាងដឹងថាអ្នកម្ខាងទៀតគ្មានបំណងអាក្រក់ជាមួយខ្លួននោះទេ បើបដិសេធ ដូចជាគ្មានចិត្តពេកហើយ
" តែខ្ញុំនៅជាមួយកូនស្រីម្នាក់ នាយអាចនៅបានឬអត់? "
" ឈ្មោះលីអុីន មែនទេ ? "
" នាយស្គាល់ដោយរបៀបណា ? " ហ្ក្រេសមើលអ្នកម្ខាងទៀតទាំងមិនយល់ គេដឹងរឿងនាងច្រើនពេកហើយ ដូចមានអ្នករាយការណ៍អញ្ចឹង សូម្បីតែរឿងនាងលែងលះដាច់ អ្នកខាងក្រៅក៏មិនទាន់ដឹងផង ហើយ អាឡាន់ដឹងតាមណា
" កុំមើលមកខ្ញុំដូចមនុស្សរោគចិត្តបែបនេះ ហ្ក្រេស នាងភ្លេចហើយឬថាខ្ញុំស្គាល់ ម៉ែដោះរបស់នាង តាំងពីជំនាន់ពួកយើងនៅរៀនម្ល៉េះ "
" ទើបនាយដឹងគ្រប់យ៉ាងពីខ្ញុំមែនទេ "
" ត្រឹមត្រូវហើយ " អាឡាន់ដែរទៅយកឥវ៉ាន់របស់គេដាក់លើឡានហ្ក្រេស មុននឹង ឡើងទៅកន្លែងជិះក្បែរនាងម្ខាងទៀត ធ្វើដូចឡាននេះជារបស់គេទិញដាច់អញ្ចឹង
" ម៉េចក៏ធ្វើខ្លួនដូចអ្នកក្ស័យធនបែបនេះអាឡាន់ "
" ក្រែងកាលពីនៅរៀន នាងចូលចិត្តចោទខ្ញុំថាធ្វើចរិតអ្នកប្រុសតូចមិនមែនឬ ឥឡូវខ្ញុំតាមញ៉ែរនាងអញ្ចឹងហើយអ្វីដែលនាងមិនចូលចិត្តខ្ញុំនឹងកែ "
" ឈប់និយាយរឿងញ៉ែរសិនតើបានទេ ប្រាប់ត្រង់នាយធ្វើអោយខ្ញុំខ្លាច " ហ្ក្រេសឡើងបញ្ឆេះឡាន ព្រមទាំងនិយាយបែបព្រឺសម្បុរ ខុសពីអាឡាន់ដែលសើចយ៉ាងចូលចិត្ត មើលទៅត្រឡប់មកតៃវ៉ាន់លើកនេះគេមានរឿងសប្បាយៗច្រើនណាស់អោយធ្វើ កាលពីនៅរៀនគេយឺតបន្ដិច អញ្ចឹងហើយពេលនេះគេមិនអាចយឺតបានទេ មិនថាជាស្ទេវ ដែលជាស្នេហ៍ដំបូងរបស់ហ្ក្រេស ឬខូសៀ ដែលជាអតីតស្វាមីរបស់នាងទេ អាឡាន់ស្បថថាសង្រ្គាមលើកនេះត្រូវតែងាប់ម្ខាងៗមិនខាន
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)