[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](10)

49 1 0
                                        

ភាគទី១០៖ ផែនការតាមញ៉ែអតីតភរិយា......(1)
____________________________
ហ្ក្រេសរៀបការនៅអាយុ២១ឆ្នាំប៉ុន្ដែនាងបានរៀនបញ្ចប់ការសិក្សារពីផ្នែកឌីសាញនៅសាលាល្បីប្រចាំប្រទេសតៃវ៉ាន់នេះ នាងក៏មានចំណេះដឹងផ្នែកតុបតែងនិងរៀបចំកម្មវិធីធំៗ ដោយចេញម៉ូដអោយសុីជាមួយនឹងកម្មវិធីទៀតផង ទោះនាងមិនធ្លាប់មានបទពិសោធន៍ធ្វើការខាងក្រៅ ប៉ុន្ដែហ្ក្រេសមានហាងមួយជារបស់ផ្ទាល់ខ្លួន នាងទទួលបានវាពីឪពុកម្ដាយនៅថ្ងៃរៀបការ បូករួមនឹងប្រាក់មួយចំនួន វាជួយអោយនាងមានលំនឹងផ្នែកហិរញ្ញវត្ថុ មិនលំបាកខ្លាំងដូចអ្នកដទៃ
" ២ថ្ងៃទៀត ខ្ញុំនឹងចូលទៅមើលខុសត្រូវក្រុមហ៊ុនរបស់ពួកយើងហើយ អុីនយៀក " រាងស្ដើងប្រាប់ទៅនារីវ័យក្មេង អាយុរបស់អុីនយៀកបងកូនស្រីនាងប្រហែលជា៤ឆ្នាំ បើរាប់ទៅប្រហែលជាអាយុស្មើរនាងពេលដែលរៀបការទេដឹង
" ពួកយើងទើបតែទទួល ប្រូជេកធំៗចំនួន២ ល្អណាស់ដែលអ្នកស្រីត្រឡប់មកវិញ "
" ចាប់ពីពេលនេះទៅ ហៅខ្ញុំថាអ្នកនាង ព្រោះខ្ញុំលែងមានគ្រួសារទៀតហើយ ពេលនេះខ្ញុំជាស្រ្ដីនៅលីវ "
" ចាសអ្នកនាង " ហ្ក្រេសដឹងថាអ្នកជុំវិញខ្លួននឹងប្លែកចំពោះការផ្លាស់ប្ដូរភ្លាមៗរបស់នាង រួមទាំងអត្តចរិតម៉ឺងម៉ាត់ជាងមុននេះទៀតផង ប៉ុន្ដែជួយមិនបានទេ ពេលនេះនាងខ្លួនមួយ មានឈ្មោះជាស្រ្ដីមេម៉ាយ ងាយនឹងត្រូវក្រសែរភ្នែកអ្នកដទៃសម្លឹងមើលវាយតម្លៃ បើនាងទន់ខ្សោយនោះ នាងនឹងមិនអាចឈរជើងលើសង្គមនេះបានទៀតទេ
" អរគុណណាស់ដែលជួយមើល ការងារជាច្រើនពេលខ្ញុំមិននៅ "
" មិនអីទេ អ្នកនាង ខ្ញុំរីករាយ ព្រោះបើគ្មានអ្នកនាង ខ្ញុំក៏មិនអាចមានថ្ងៃនេះបានដែរ " រាងស្ដើងមើលទៅអ្នកមានគុណដោយស្ងើចសរសើរចំពោះហ្ក្រេស ព្រោះជីវិតជាក្មេងកំព្រា គ្មានទីពំនាក់របស់នាង ត្រូវបានហ្ក្រេស ស្រោចស្រង់ និងធ្វើអោយនាងអាចឈរបាននៅលើសង្គមមួយនេះដោយមានតម្លៃនិងកិត្តិយស
" នាងខ្លួនឯងពូកែទៅវិញទេ អុីនយៀក ខ្ញុំជួយនាងក៏ពិតមែនប៉ុន្ដែបើនាងមិនខំខ្លួនឯង ទោះខ្ញុំតាមជួយនាងមួយជីវិតក៏គ្មានលទ្ធផលដែរ "
" យ៉ាងណាក៏អរគុណអ្នកនាង សម្រាប់ឱកាសមួយនេះ បើមានអ្វីចង់ប្រើខ្ញុំកុំក្រែងចិត្តអី ខ្ញុំស្មគ្រ័ចិត្តនឹងជួយដោយក្ដីរីករាយ " ហ្ក្រេសគ្រវីក្បាលនឹងសម្ដីក្មេងស្រី នាងស្រម៉ៃពេលដែលខ្លួននៅជាវ័យរបស់អុីនយៀក ទោះនាងឆ្មើងឆ្មៃ តែនាងពិតជាដូចអុីនយៀកអញ្ចឹង លះបង់គ្រប់យ៉ាងអោយអ្នកដែលជួយយើង រហូតដល់ថ្នាក់ភ្លេចខ្លួនឯង ថាយើងក៏ត្រូវការជីវិតរបស់ខ្លួនដូចគ្នា ការសងគុណមានច្រើនរូបភាពណាស់ មិនមែនគ្រាន់តែលះបង់តែមួយមុខនោះទេ
" ខ្ញុំទុកឯងដូចជាគ្រួសារ ឯងមិនចាំបាច់លះបង់ដើម្បីខ្ញុំឬដើម្បី លីអុីននោះទេ ឯងមានជីវិតរបស់ឯង ត្រូវចេះស្រវាយកក្ដីសុខអោយខ្លួនឯង កុំធ្វើអោយមានការសោកស្ដាយដូចជាខ្ញុំយល់ទេ "
" តែអ្នកនាងជា... "
" ខ្ញុំជាអាណាព្យាបាលរបស់ឯង ខ្ញុំមានភារកិច្ចមើលថែរឯងនេះជាអ្វីដែលឯងត្រូវចាំ " ហ្ក្រេសនិយាយកាត់ក្មេងស្រីមុននឹងអង្អែលក្បាលនាងថ្នមៗ រាងស្ដើងសប្បាយចិត្តដែលទោះជានាងលែងមានគ្រួសារទៀតក៏ដោយប៉ុន្ដែនាងសល់មនុស្សល្អៗជាច្រើនក្នុងជីវិត នាងមានមោទនភាពដែលខ្លួនឯងជាមនុស្សដែលបើកត្រចៀក បើកភ្នែកមើលពិភពខាងក្រៅ មិនមែនរៀបការហើយសម្ងំតែនៅក្នុងផ្ទះ បិទឃាំងខ្លួនឯងនោះទេ
" ចាសអ្នកនាង "
" ល្អចាប់ពីពេលនេះទៅ ដល់ម៉ោងធ្វើការងារពិតប្រាកដហើត អុីនយៀក ត្រៀមខ្លួនអោយល្អ "
" ខ្ញុំត្រៀមខ្លួនជានិច្ច អ្នកនាង " រាងតូចញញឹមលឹបភ្នែកប្រាប់ទៅអ្នកមានគុណដែលនាងមើលទៅហ្ក្រេសដោយការស្ងើចសរសើរ មិនខុសពីហ្ក្រេសដែលយល់ថាត្រឡប់មកលើកនេះ នាងមានកម្លាំងចិត្តជាខ្លាំងក្នុងជំនួញ អស់ពេលខូចចិត្តហើយ តទៅនេះជាពេលដែលនាងត្រូវគ្រប់គ្រងបល្ល័ង្កដោយខ្លួនឯងវិញម្ដង នាងមិនមែនជាមហាក្សត្រយានីទៀតនោះទេ ប៉ុន្ដែពេលនេះនាងជាស្ដេចស្រី នាងប្រាកដជាធ្វើអោយគេឃើញថា គេមិនមែនជាជំហរតែមួយដែលនាងមានឡើយ ព្រោះនាងមានអ្វីដែលអស្ចារ្យជាងអ្វីដែលគេឃើញកន្លងមកឆ្ងាយណាស់

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now