[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](01)

286 2 0
                                        

ភាគទី១៖ ចំណងអាពាហ៍ពិពាហ៍១៨ឆ្នាំ......
____________________________
" អត់ទេ កូនមិនព្រម កូនមិនព្រមដាច់ខាត ហឹកហឹក ម៉ាក់ធ្វើបែបនេះបានយ៉ាងម៉េច? អត់ទេ ម៉ាក់មិនអាចលែងលះជាមួយប៉ាបានទេ ហឺៗ " រាងស្ដើងវ័យ១៧ឆ្នាំ យំអង្វរម្ដាយខ្លាំងៗ ព្រោះតែនាងមិនអាចទទួលយកបាន និងអ្វីដែលម្ដាយប្រាប់ថាចែកផ្លូវជាមួយឪពុក ទាំងដែលកន្លងមកពួកនាងនៅជុំគ្នារហូត នាងមិនដែលឃើញឪពុកម្ដាយឈ្លោះប្រកែកគ្នាសូម្បីតែម្ដង ច្រើនបំផុតគាត់មិនប្រើពាក្យសម្ដីផ្អែមល្ហែមដាក់គ្នាប៉ុណ្ណឹងឯង
" ម៉ាក់សុំទោស លីអុីន វាអាចនឹងធ្វើអោយកូនខូចចិត្ត ប៉ុន្ដែម៉ាក់មិនអាចកុហកកូនបន្ដទៀតទេ ប៉ុន្មានឆ្នាំមកនេះពួកយើងទ្រាំរស់នៅជាមួយគ្នា ដោយគ្មានសូម្បីតែក្ដីស្រឡាញ់ ម៉ាក់អាត្មានិយមណាស់ សម្រាប់កូន ម៉ាក់ដឹងថាកូនបន្ទោសម៉ាក់តែម៉ាក់ពិតជាទ្រាំនឹងស្ថានភាពបែបនេះលែងបានហើយ ថ្ងៃណាមួយពេលកូនមានគ្រួសាររួចកូននឹងដឹងថាការដែលរស់នៅបានត្រឹមតែរូបរាង ប៉ុន្ដែបេះដូងរបស់គេនៅជាមួយអ្នកដទៃវិញនោះ វាមិនខុសពីរស់នៅក្នុងនរកនោះទេ " អ្នកម៉ាក់វ័យ៣៨ឆ្នាំនិយាយទៅកាន់កូនស្រី ដោយទឹកភ្នែករបស់នាងហូរចុះមកតាមថ្ពាល់រលោង ដែលគ្មានសូម្បីតែស្នាមជ្រួញ នៅលើមុខស្រស់ស្អាតមួយនោះ បើសិនជាគេមិនដឹងថានាងមានកូនស្រីពេញក្រមុំ គេអាចនឹងយល់ថានាងមិនទាន់រៀបការទៀតផង នាងយំដោយមិនលឺសម្លេង សម្លឹងទៅកាន់កូនស្រីដោយក្ដីអាណិតអាសូរ ហ្ក្រេស យំដោយភាពស្ងប់ស្ងាត់ដូចជារយៈពេល១៨ឆ្នាំកន្លងមកនេះ នាងស៊ាំនឹងវាហើយ ហ្ក្រេស ហ្វុង ប្រាប់ខ្លួនឯងក្នុងចិត្តថា បើសិនជាមនុស្សប្រុសដែលមានឈ្មោះជាស្វាមីមិនអាចផ្ដល់ក្ដីស្រឡាញ់មកអោយ នាងបាន ពាក់កណ្ដាលជីវិតបន្ទាប់នាងសុំរស់ជាខ្លួនឯង ដែលមិនខ្វល់ខ្វាយពីគេទៀតទេ ព្រោះរយៈពេល១៨ឆ្នាំមកនេះវាគ្រប់គ្រាន់ហើយសម្រាប់នាង

ព៌ត័មានជាច្រើនដែលកំពុងតែចេញផ្សាយលើគេហទំព័រល្បីៗរបស់តៃវ៉ាន់ និយាយអំពីការចែកផ្លូវគ្នារវាងកូនស្រីមហាសេដ្ឋីរបស់តៃវ៉ាន់ និងអ្នកជំនួញជនជាតិអង់គ្លេសដែលមកពីគ្រួសារមហាសេដ្ឋីមិនចាញ់គ្នានោះទេ ដំណឹងនេះផ្ដល់ការភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សដែលចូលចិត្តតាមដានពិភពជំនួញនិងហៃសូ ព្រោះតែស្វាមីភរិយាមួយគូរនេះមានកូនស្រីដែលអាយុ១៧ឆ្នាំទៅហើយ បែរជាសុខៗលិចលឺដំណឹងលែងលះទៅវិញ វាសឹងតែធ្វើអោយគ្រប់គ្នាមិនចង់នឹងជឿនោះទេ
" ហេតុអ្វីក៏បញ្ចេញព័ត៌មានទៅខាងក្រៅ ដឹងមែនទេថាវាប៉ះពាល់កម្រិតណា ដើម្បីតែចង់លែងលះត្រូវធ្វើដល់ថ្នាក់នេះផងមែនទេ ហ្រ្កេស " បុរសសញ្ជាតិអង់គ្លេសដែលអាយុចូលដល់ខ្ទង់លេខ៥នៅឆ្នាំក្រោយ សួរទៅកាន់ភរិយាដែលប្រើជីវិតរស់នៅជាមួយគ្នាជិត១៨ឆ្នាំមកនេះ គេខ្លួនឯងក៏ភ្ញាក់ផ្អើលនឹងភាពចិត្តដាច់ក្នុងការសម្រេចចិត្តរបស់នាងដូចគ្នា
" ចុះហត្ថលេខា នៅលើក្រដាសចំពោះមុខបងទៅ ខ្ញុំគ្មានអ្វីត្រូវបកស្រាយនោះទេ "
" អូនអាចគិតម្ដងទៀតហ្រ្កេស ចុះកូន តើគេនិងមានអារម្មណ៍បែបណា? " រាងស្ដើងអង្គុយទល់មុខអ្នកដែលជាអតីតស្វាមីក្នុងពេលខាងមុខ ដោយក្រសែរភ្នែកនឹងធឹង សូម្បីតែគេនិយាយដល់កូនស្រីក៏នាងពុំមានអាការៈដឹងខុសបង្ហាញអ្វីចេញមកដែរ រាងក្រាស់មានអារម្មណ៍ថាស្រីចំពោះមុខ មិនមែនជាហ្រ្កេសដែលខ្លួនធ្លាប់ស្គាល់ទៀតនោះទេ
" កុំយកកូនមកធ្វើជារនាំងអី លីអុីន ពេញវ័យហើយគេល្មមអាចយល់អ្វីដែលពួកយើងត្រូវការដូចគ្នា "
" ពួកយើងត្រូវការតើមែនទេ? "
" ឬថាកន្លងមកពួកយើងធ្លាប់ស្រឡាញ់គ្នាដែរមែនទេ? " សំណួរចាក់ដោត ដ៏សែនត្រជាក់របស់ស្រីស្រស់ដែល មានសម្រស់អមតៈ មិនព្រមចាស់ទៅតាមអាយុ ធ្វើអោយអ្នកម្ខាងទៀត រកចម្លើយតបវិញមិនបានភ្លាមៗ
" យ៉ាងហោចណាស់ពួកយើងបានធ្វើតួនាទីបានយ៉ាងល្អសម្រាប់គ្រួសារមួយនេះដែរ "
" អញ្ចឹងធ្វើតួនាទីជាស្វាមីល្អជាលើកចុងក្រោយបានទេ ចុះហត្ថលេខាលើក្រដាសលែងលះនោះទៅ ទុកថាជាកាដូចុងក្រោយដែលបងផ្ដល់អោយភរិយាដូចជាខ្ញុំ "
" ហ្រ្កេស !? " ភាពមុះមត់របស់អ្នកម៉ាក់កូនមួយធ្វើអោយ ខូសៀ អាមឺរីន ស្ដេចជំនួញអចលនទ្រព្យរបស់អង់គ្លេស ភាំងគេមិនធ្លាប់ឃើញនាងក្នុងសភាពបែបនឹងទេ ក្នុងរយៈពេល១០ឆ្នាំជាងមកនេះ ឬថាគេស្គាល់មនុស្សស្រីចំពោះមុខមិនទាន់ច្បាស់
" ខ្ញុំសុំសេរីភាព តើបងអាចផ្ដល់អោយខ្ញុំម្ដងបានទេ តាំងពីរៀបការមករហូតដល់ពេលនេះ មិនមានច្រើនលើកទេដែលខ្ញុំហាមាត់សុំអ្វីពីបង ពីមុនខ្ញុំក៏ធ្លាប់សុំបងដូចគ្នាប៉ុន្ដែបងមិនអាចផ្ដល់របស់នោះអោយខ្ញុំបាននោះទេ "
" រឿងនេះជារឿងធំ ហ្រ្កេស "
" ចុះបេះដូងបងវិញ បេះដូងបងវាមិនធំនោះទេ បងក៏នៅតែមិនអាចអោយមកកាន់ខ្ញុំបានដូចគ្នា " រាងស្ដើងចង្អុលទៅដើមទ្រូងខាងឆ្វេងរបស់គេ របស់មួយដែលនាងធ្លាប់គិតថាប្រហែលជាថ្ងៃណាមួយគេអាចផ្ដល់មកអោយនាង ទោះចំណុចផ្ដើមរវាងនាងនិងគេវាមិនបានចាប់ផ្ដើមល្អស្រស់ស្អាតដូចអ្នកដទៃក៏ដោយ ប៉ុន្ដែបន្ទាប់ពី លីអុីន កើតមកទើបនាងយល់ថាកូនមិនមែនជាហេតុផលដែលអាចធ្វើអោយគេចិត្តទន់មកលើនាងជាងមុននិងព្រមផ្ដល់បំណែកបេះដូងមួយនោះត្រឹមតែមួយចំណែកមកកាន់នាងឡើយ
" មានន័យថាបើបងអោយវាទៅកាន់អូនបាន អូននឹងព្រមនៅជាមួយគ្នាបន្ដមែនទេ ? "
" អត់ទេ ហួសពេលហើយ ពេលនេះបេះដូងបងវាមិនសំខាន់នោះទេថា វាមានវត្តមានរបស់ខ្ញុំឬអត់ បើខ្ញុំនៅចង់បានវាទៀត១៧ឆ្នាំមកនេះខ្ញុំគួរតែបានមកយូរហើយ ក្នុងវិនាទីនេះរបស់តែម្យ៉ាងដែលខ្ញុំត្រូវការគឺសេរីភាព "
" អូនអាច.... "
" ខ្ញុំត្រូវការលែងលះ តែម្យ៉ាងប៉ុណ្ណោះ " ខូសៀ និយាយលែងចេញ ពេលត្រូវភរិយាវាយបកភ្លាមៗ នាងមិនចង់សូម្បីតែស្ដាប់គេនិយាយ អារម្មណ៍ហេលហាលដែលមិនធ្លាប់មានពីមុនមក ក៏ចាប់ផ្ដើមសម្រុកចូលក្នុងដើមទ្រូងរបស់បុរសវ័យរាងជ្រេ ដែលមុខមាត់គេនៅតែសង្ហាដដែល មិនខុសពីភរិយាដ៏ស្រស់ស្អាតនោះទេ
" បងសម្រេចចិត្តភ្លាមៗមិនបាន "
" យើងមិនស្រឡាញ់គ្នា ដោះលែងគ្នាទៅ ខូសៀ "
" តែអូនធ្លាប់ស្រឡាញ់បងមិនមែនឬ ? "សម្ដីដ៏មានអំនួតរបស់ស្វាមី ធ្វើអោយហ្ក្រេស អស់សំណើច នាងមិនបានបញ្ឈឺគេ ប៉ុន្ដែនាងឆ្ងល់ថា១៧ឆ្នាំកន្លងមកនាងទ្រាំរស់នៅជាមួយមនុស្សអាត្មានិយមបែបនេះដោយរបៀបណា
" ធ្លាប់ តែនោះជារឿងពីមុន ពេលនេះខ្ញុំចង់បានសេរីភាពតែមួយមុខប៉ុណ្ណោះ "
" បងមិនអាចសម្រេចចិត្តភ្លាមៗនោះទេហ្រ្កេស រវាងពួកយើងវាមិនអាចថាចប់ក៏ចប់ទេ អូនភ្លេចហើយមែនទេថាហេតុផលអ្វីដែលយើងរៀបការជាមួយគ្នា ? "
" ខ្ញុំប្រគល់គ្រប់យ៉ាងអោយទៅបង មិនទាមទារអ្វីទាំងអស់ ខ្ញុំសុំចេញតែខ្លួនប្រាណនិងវិញ្ញាណតែប៉ុណ្ណោះ ប៉ុណ្ណឹងគ្រប់គ្រាន់ឬនៅនឹងអាចបញ្ចប់គ្រប់យ៉ាងបាន " ដល់ពេលមួយដែលមនុស្សអស់ការអំណត់ នោះអ្វីក៏លែងមានតម្លៃសម្រាប់គេទៀតដែរ នេះជាអ្វីដែលបុរសចំពោះមុខបានបង្រៀននាង គេបង្រៀនអោយនាងដាច់ចិត្ត បង្រៀនអោយនាងលែងសោកស្ដាយនឹងការចាកចេញ ព្រោះគ្រប់យ៉ាងបង្ហាញហើយថាគេមិនធ្លាប់គិតថានិងព្រមបើកចិត្តទទួលយកនាងនោះទេ ទោះនាងនិងគេចំណាយពេល១៨ឆ្នាំអោបក្រសោបឈ្មោះថាជាប្ដីប្រពន្ធក៏ដោយ ស្ដាប់ទៅគួរអោយអស់សំណើចណាស់តើមែនទេ នាងធ្លាប់មើលរឿងក្នុងTV ប៉ុន្ដែជីវិតនាងវាផ្ទុយស្រឡះព្រោះថា គេមិនមែនមិនបើកឱកាសសម្រាប់ទំនាក់ទំនងមួយនេះឡើយ ប៉ុន្ដែគេមិនធ្លាប់គិតថានឹងបើកចិត្តទទួលយកចិត្តស្មោះរបស់នាងទៅវិញទេ
" ពួកយើងចាស់អាយុច្រើនហើយ ចុះកូនពួកយើង លីអុីន គេគិតបែបម៉េច អូនកុំសម្រេចចិត្តដោយអារម្មណ៍បានទេ "
" បងអាចរស់នៅដោយគ្មានបេះដូងបាន តែខ្ញុំមិនមែនបងទេខូសៀ ទោះខ្ញុំមិនធ្លាប់បើកចិត្តនិយាយជាមួយបង ទោះមិនធ្លាប់ប្រាប់បងត្រង់ៗក៏ដោយ ប៉ុន្ដែមិនមានន័យថាខ្ញុំអាចទ្រាំក្នុងស្ថានភាពបែបនេះអស់មួយជីវិត ជាមួយមនុស្សគ្មានបេះដូងដូចបងទេ " ខូសៀងាកមុខចេញ ព្រោះមិនអាចទ្រាំមើលមុខស្រពោនស្ងួតរបស់ភរិយាបាន គេមិនធ្លាប់សិក្សារពីនាង នេះជារឿងត្រឹមត្រូវហើយដែលនាងថាអោយគេ ពាក្យដែលនាងនិយាយគឺសុទ្ធតែជារឿងពិត ដែលគេមិនអាចប្រកែកបាន
" ហ្រ្កេស! .... "
" រឿងមួយទៀតដែលខ្ញុំចង់ប្រាប់បងអោយដឹង ១៧ឆ្នាំមកនេះមិនមែនខ្ញុំគ្មានសមត្ថភាពបង្កើតកូនប្រុសអោយបងនោះទេខូសៀ ប៉ុន្ដែបងដឹងទេថាខ្ញុំរកឃើញរឿងម្យ៉ាង នោះគឺ ទោះបីជាខ្ញុំមានកូនអោយបងពេញផ្ទះ ក៏វាមិនអាចជួយអោយអ្វីៗប្រសើរឡើងដែរ ព្រោះលីអុីនជាឧទាហរណ៍សម្រាប់បងរួចហើយ "
" អូនមានចេតនាមិនយកកូន " ពាក្យសារភាពរបស់ភរិយាធ្វើអោយប្រុសចាស់ គាំងរកអ្វីមកនិយាយលែងបាន មិនស្មានថាក្រោមទឹកមុខនឹងធឹងរបស់នាងរាល់ថ្ងៃ នាងបានលាក់រឿងជាច្រើនបែបនេះសោះ គេប្រហែលជាត្រូវក្រឡេកមើលខ្លួនឯងសារជាថ្មីហើយ
" មែនហើយ ពេលនេះដឹងហើយមែនទេថា បងគួរតែដោះលែងខ្ញុំ ព្រោះ១៧ឆ្នាំមកនេះខ្ញុំធ្វើតួនាទីជាភរិយា ជាម្ដាយ មិនដែលខ្វះចន្លោះនោះទេ ទោះនៅលើគ្រែពួកយើងមិនមានចិត្តអោយគ្នាក៏ខ្ញុំនៅតែផ្ដល់វាអោយបង ដូចប្ដីប្រពន្ធទូទៅដែរ "
" អូនប្រហែលជាតឹងទ្រូងណាស់ហើយ "
" រឿងនេះបងត្រូវសួរខ្លួនឯងវិញ ខូសៀ ថាបងធ្វើអ្វីខ្លះដែលទាញអោយពួកយើងមកដល់ថ្ងៃនេះ " រាងស្ដើងមើលទៅគេដោយក្រសែរភ្នែកខឹងសម្បារប៉ុន្ដែនាងនៅតែនិយាយមួយៗដោយការស្ងប់អារម្មណ៍ មិនធ្វើរឹកពារបាតផ្សារដាក់គេ
" អូនត្រូវតែលែងលះតើមែនទេ ? "
" មែនហើយ "
ក្រាក!!
" អត់ទេ មិនបាន កូនមិនសុខចិត្តទេ ហឹកហឹក អ្នកម៉ាក់លោកប៉ា មិនអាចលែងលះបាននោះទេ លីអុីន មិនយល់ព្រម ហឺៗ " សម្លេងបើកទ្វារមួុយទំហឹង បូកផ្សំនឹងសម្លេងយំរបស់កូនស្រី ធ្វើអោយឪពុកម្ដាយងាកទៅមើលព្រមគ្នា ម្នាក់ៗមិនចង់ឃើញកូនធ្លាក់ក្ន្ងសភាពបែបនេះទេ តែជម្រើសពួកគេគឺមិនដូចគ្នាឡើយ ជាពិសេសគឺ ហ្រ្កេស នាងសុខចិត្តអាក្រក់ក្នុងក្រសែរភ្នែកគ្រប់គ្នា បូករួមទាំងកូនស្រីដែរ ប៉ុន្ដែនាងគ្មានថ្ងៃប្ដូរចិត្តនោះទេ គ្មានថ្ងៃដាច់ខាត .....

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now