រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី៨៖ បញ្ចប់ឈ្មោះជាប្ដីប្រពន្ធ........
____________________________
ខូសៀ ដកបបូរមាត់ចេញពីមាត់ស្អាតរបស់ហ្ក្រេស មុននឹងសម្លឹងមុខភរិយាដែលសម្លក់គេយកងាប់យករស់ នាងមិនយំ មិនធ្វើមុខគួរអោយអាណិត តែនៅលើមុខស្រស់ស្អាតនោះមានតែកំហឹង
" ថើបអស់ចិត្តហើយ ក៏លែងខ្ញុំទៅ "
" ចុះបើបងថើបមិនទាន់អស់ចិត្ត អញ្ចឹងមានន័យថាបងអាចនៅថើបបន្ដទៀតមែនទេ "
" បងមិនចេះខ្មាសអៀនខ្លួនឯងខ្លះទេឬ លែងទៅ " រាងស្ដើងខឹងគេជាខ្លាំង មិនស្មានថាស្វាមីដែលរស់នៅជាមួយគ្នាជិត២០ឆ្នាំ មានចរិតបែបនេះសោះ វាជាលើកទី១ហើយដែលនាងបានឃើញផ្នែកខូចខិលរបស់គេ
" ហេតុអី ត្រូវខ្មាសអូនជាប្រពន្ធបង "
" ខ្ញុំកំពុងតែលែងលះ ជាមួយបងទៅវិញទេ "
" បងមិនទាន់ចុះហត្ថលេខ អញ្ចឹងមានន័យថាអូននៅតែជាប្រពន្ធបងដដែល " ខូសៀនិយាយដោយមុខក្រាស់ គេចាប់ផ្ដើមធ្វើខ្លួនដែលមិនមែនជាខូសៀពីមុន ចាប់ពីពេលនេះទៅ ប្រុសចាស់ប្រាប់ខ្លួនឯងថា ភរិយាអាចប្រែប្រួលបាន រឿងអីគេប្រែប្រួលមិនបាន អោយតែឃាត់នាងមិនអោយចាកចេញ ទោះត្រូវលះបង់ច្រើនជាងនេះក៏គេយល់ព្រម
" ចង់អោយខ្ញុំស្លាប់នៅចំពោះមុខបងឬទើបបង ព្រមតាមសំណើរខ្ញុំ ខូសៀ និយាយមក ថាចង់ឃើញខ្ញុំស្លាប់ណាស់តើមែនទេ ហាស៎ "
" អូនគ្មានសិទ្ធិស្លាប់មុនបងនោះទេ ហ្ក្រេស ទោះជាទៅថ្ងៃមុខមានរឿងអ្វីក៏ដោយ តែអូនគ្មានសិទ្ធិចាកចេញទៅមុនបងនោះទេ " ប្រុសកម្លោះសម្លឹងចូលទៅក្នុងភ្នែកដ៏ស្រស់ស្អាតទាំងគូរនោះ រួចនិយាយដោយម៉ឺងម៉ាត់បំផុត ហ្ក្រេស ងាកមុខចេញ នាងស្អប់គេដែលបែបនេះ បេះដូងក៏មិនព្រមប្រគល់អោយនាង ប៉ុន្ដែទង្វើរវិញគឺទន្រ្ទានបេះដូងនាងឥតស្រាកស្រាន្ដ
" ឈប់និយាយធ្វើដូចបងខ្វល់ពីខ្ញុំខ្លាំងណាស់ បែបនេះទៀតទៅ ព្រោះខ្ញុំរអើមណាស់ ខូសៀ "
" បងនិយាយរួចហើយ អូនចង់ស្អប់ ចង់គុំគួន បងយ៉ាងណាក៏បងមិនព្រមលែងលះដែរ "
" បងចង់ឡើងតុលាការអោយទាល់តែបានតើមែនទេ " រាងស្ដើងរុញគេចេញ រួចសួរគេដោយសម្លេងកាច បើគ្មានជម្រើស នាងមិនខ្លាចឡើយ នឹងការស៊ូយកសេរីភាពខ្លួនឯងមកវិញ ខូសៀសម្លឹងមើលរាងស្ដើងទាំងមិនចង់ជឿថា ហ្ក្រេស រឹងរូស យ៉ាងនេះ
" បងមិនធ្លាប់ក្បត់ឬធ្វើបាបអូន បងគ្មានកំហុស អូនមានហេតុផលណាដើម្បីប្ដឹងលែងលះនោះ "
" មកដល់ពេលនេះហើយបងនៅតែអាត្មានិយមមិនផ្លាស់ប្ដូរ ខូសៀ បើយល់ថាខ្លួនឯងមិនខុសទេ ក៏លែងលះមក ហើយទុកអោយគ្រប់គ្នាយល់ថាខ្ញុំជាអ្នកខុសក៏បានដែរ " ហ្ក្រេស ខឹងរហូតដង្ហក់ខ្យល់ នាងមិនស្មានថាការមកជួបគេវាធ្វើអោយរឿងកាន់តែធំជាងមុនបែបនេះទេ ខូសៀ សម្រាប់នាង គេជាប្រុសអាត្មានិយម ផុតលេខ តាមដែលនាងធ្លាប់ជួបមក
" ហ្ក្រេស ដកថយបន្ដិចមិនបានឬ យើងមិនអាចនិយាយគ្នាធម្មតាបានទេ មែនទេ? "
" សម្រាប់ពួកយើងវាលើសពីពាក្យថា ធម្មតាយូរហើយ ខូសៀ បងឈប់បន្លាយពេលទៀតទៅ ខ្ញុំឈប់ស្រឡាញ់បងហើយ ខ្ញុំចង់មានជីវិតថ្មី "
" តែបងចង់រស់នៅជាមួយអូន " ប្រុសចាស់និយាយចេញទៅដោយស្មោះត្រង់ គេទើបតែដឹងថាខ្លួនឯងទម្លាប់មានភរិយា បើការសារភាពត្រង់ៗ ធ្វើអោយនាងព្រមនៅជាមួយគេបន្ដ ខូសៀ មិនខ្លាចទេ នឹងនិយាយត្រង់ៗថាគេពិតជាត្រូវការនាងណាស់
" វាគ្រាន់តែជាតម្រូវការ វាមិនមែនជាក្ដីស្រឡាញ់ទេ បងកុំយកភាពអាត្មានិយម របស់បង មកធ្វើបាបខ្ញុំបន្ដតើបានទេ ខូសៀ "
" ចុះបើបង ប្រាប់ថាវាជាក្ដីស្រឡាញ់វិញនោះ "
" បងស្រឡាញ់ខ្ញុំក្នុងរយៈពេល១ខែដែលខ្ញុំបាត់ទៅនេះឬ វាជារឿងឆ្កួតបំផុតដែលខ្ញុំធ្លាប់លឺ បងដឹងទេ " ហ្ក្រេសសើចទាំងហួសចិត្ត សម្ដីរបស់នាងកាន់តែអាក្រក់ទៅៗ រហូតដល់ខូសៀ ឈរស្ដឹងមួយកន្លែង រាងស្ដើង ដែលមានផ្លូវចិត្តមិនល្អដូចអ្នកដទៃ ពេលមានកំហឹង ឬការឈឺចាប់មកលោមព័ទ្ធ វាធ្វើអោយនាងគ្រប់គ្រងពាក្យសម្ដីខ្លួនឯងមិនបាន
" បងពិតជាចង់សងពេលវេលាអូន វិញពិតមែន "
" តែខ្ញុំមិនត្រូវការនោះទេ ឈប់ស៊ាំទៀតទៅ បើបងចង់អោយពួកយើងអាចប្រឈមមុខនឹងកូនស្រីបាននៅថ្ងៃអនាគត កុំអោយខ្ញុំកំណត់ជំហ៊ានជាមួយបង បើខ្ញុំអស់ការអត់ធ្មត់ពិតមែន ទីណាមានបង ទីនោះគឺត្រូវតែគ្មានខ្ញុំ " ខូសៀ ទើបតែដឹងនៅថ្ងៃនេះថា មនុស្សស្រីដូចហ្ក្រេសនៅពេលដែលអស់ចិត្ត គឺនាងពិតជារឹងរូស និង ប្រកាន់ជំហរ របស់ខ្លួនយ៉ាងគួរអោយខ្លាច នាងមិនសូម្បីតែទទួលយកពាក្យលួងលោមរបស់គេនោះឡើយ
" បង..... "
" ចុះហត្ថលេខាទៅ ខូសៀ ចាត់ទុកថានេះជាកាដូចុងក្រោយសម្រាប់ភរិយាដូចជាខ្ញុំ " រាងស្ដើងដើរទៅតុ មុននឹងកាន់ប៊ិចជាមួយនឹងឯកសារដែលនាងយកមកតាមខ្លួន ហុចទៅអោយរាងក្រាស់ ខូសៀ សម្លឹងមើលក្រដាសនោះឆ្លាស់នឹងមុខភរិយា គេលូកដៃទៅទទួលទាំងបេះដូងកន្រ្ដាក់ វាលោតលឿនខ្លាំងណាស់ ប្រៀបបានមានអ្វីមកចាប់ទាញវាចេញមកក្រៅអញ្ចឹង ក្រដាសមួយសន្លឹកដែលជាការបញ្ជាក់នូវការបញ្ចប់ឈ្មោះជាប្ដី ប្រពន្ធរយៈពេល ១៨ឆ្នាំមកនេះ វាត្រឹមតែជាក្រដាសសមួយសន្លឹក តែហេតុអ្វីក៏ខូសៀកាន់ហើយ គេមានអារម្មណ៍ថាធ្ងន់ជាងភ្នំ អេវឺរ៉េស៍ ដែលខ្ពស់ជាងគេនៅលើពិភពលោកទៅទៀត
" បងសួរអូនម្ដងទៀត ហ្ក្រេស អូនពិតជាមិនគិតម្ដងទៀតមែនឬ? "
" ខូសៀ ១៨ឆ្នាំមកនេះគ្រប់គ្រាន់ហើយ ឈប់ពន្យាពេល រួចដោះលែងខ្លួនឯងទៅ ការរៀបការមិនមែនជាចំណុចបញ្ចប់នៃជីវិតរបស់ពួកយើងទេ ព្រោះពួកយើងមិនធ្លាប់ស្រឡាញ់គ្នាឡើយ " រាងស្ដើង ហុចប៊ិចអោយគេម្ដងទៀត លើកនេះខូសៀ ទទួលយកមកកាន់ក្នុងដៃ ហើយសម្លឹងមើលមុខហ្ក្រេស មិនដាក់ភ្នែក នាងនៅថ្ងៃនេះ ខុសពីពេលដែល ហ្ក្រេសនៅក្នុងឈុតកូនក្រមុំដើរមករកគេ កាលពី១៨ឆ្នាំមុន មុខស្រទន់ នៅក្នុងរ៉ូបព៌ណស នាងសម្លឹងមើលមកគេដោយក្រសែរភ្នែកលើកតម្កើង និង កោតសរសើរ ចិញ្ចៀន នៅលើដៃរបស់ពួកគេដែលពាក់អោយគ្នាទៅវិញទៅមក វាជាប់នៅលើដៃគេនៅឡើយ ទោះរៀបការដោយហេតុផល មួយណា ប៉ុន្ដែខូសៀ មិនធ្លាប់គិតថានឹងដោះវាចេញនោះទេ ពាក្យសម្បថ នៅក្នុងថ្ងៃរៀបការវាប្រហែលជាត្រូវបញ្ចប់នៅក្នុងថ្ងៃនេះឯង
" បាន បងព្រមចាញ់អូនហើយ បងនឹងអោយសេរីភាពទៅកាន់អូន "
" .... ហឹម.... អរគុណ " ហ្ក្រេស សម្លឹងមើលដៃមាំដែលកាន់ប៊ិចនិងក្រដាសដើម្បីសរសេរលើនោះ ទោះនាងមិនបានបង្ហាញអោយឃើញ តែបេះដូងរបស់ហ្ក្រេស ក៏លោតញាប់មិនចាញ់ ខូសៀដែរ នាងក៏ដូចជាគេ ដែលនឹករលឹកដល់ថ្ងៃដំបូងក្នុងជីវិតអាពាហ៍ពិពាហ៍ ការស្លៀកឈុតកូនក្រមុំលើកដំបូង ហើយដើរសម្ដៅទៅរកគេជាមួយនឹងអារម្មណ៍ញាប់ញ័រ នឹងរំពឹងថាគេ អាចផ្ដល់ក្ដីស្រឡាញ់តែបន្ដិចក៏បានមកកាន់នាង ហើយវាមិនខុសពីថ្ងៃនេះទេ នាងកំពុងតែឈរមើលគេ ចុះហត្ថលេខា ក្នុងការបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធជាមួយនាងដោយអារម្មណ៍ញាប់ញ័រដូចគ្នា ប៉ុន្ដែវាបង្កប់ដោយភាពឈឺចាប់មិនមែនជាក្ដីរំភើបដូចការគិតឡើយ ចាប់ពីពេលនេះទៅ រវាងពួកគេគឺលែងមានចំណងអ្វីនឹងគ្នាទៀតហើយ ក្រដាសត្រូវបានហុចមកអោយរាងតូច នៅពេលដែលខូសៀ បញ្ចប់វារួច ទាំង២នាក់ មើលមុខគ្នាទាំងមិនចង់ជឿ ទោះម្នាក់ៗមិននិយាយអ្វីក៏ដោយ ប៉ុន្ដែក្រសែរភ្នែកពួកគេ នៅមានដក់ជាមួយនឹងទឹកភ្នែករៀងខ្លួន មិនដឹងថាវាកើតចេញពីភាពរីករាយ ឬភាពខូចចិត្តអោយប្រាកដ
ក្រាក!!
" ម៉ាក់ ម៉ាក់មកវិញហើយ " កូនស្រីបើកទ្វារចូលដោយមិនអោយសម្លេង មុខនាងតូចគឺបង្ហាញពីភាពសប្បាយចិត្តពន់ពេក ព្រោះនាងបានដំណឹងថា ម៉ាក់របស់នាងមកវិញហើយ លីអុីន សម្លឹងមុខឪពុកម្ដាយ មុននឹងសម្លឹងមើលក្រដាសក្នុងដៃម្ដាយ នាងតូចហូរទឹកភ្នែកដោយមិនលឺសម្លេង ប៉ុន្ដែលើកនេះ លីអុីន មិនបានឡូឡា ឬសុំម្ដាយអោយនៅដូចជាពេលមុននោះទេ នាងបានត្រឹមដើរចូលទៅយឺតៗ និងអោបម្ដាយពីក្រោយថ្នមៗ ជាមួយនឹងទឹកភ្នែកហូរចុះមក
" កូននឹកម៉ាក់ខ្លាំងណាស់ ហឹក! "
" ម៉ាក់ក៏នឹកកូនខ្លាំងដូចគ្នា " ហ្ក្រេសអង្អែលដៃកូនស្រី នាងសឹងតែមិនជឿថា លីអុីន ស្ងប់ស្ងាត់ មិនឡូឡាដាក់នាង ទាំងដែលកូនឃើញហើយ ថានាងនិងឪពុកបានលែងលះ រួចហើយ ខូសៀ បែរមុខទៅម្ខាង មិនអាចទ្រាំមើលរូបភាពមួយនោះបានទៀត ទាំង៣នាក់ម្ដាយឪពុកនិងកូននៅក្នុងបន្ទប់នេះញឹកញាប់ ប៉ុន្ដែថ្ងៃនេះ អាចប្រហែលជាថ្ងៃចុងក្រោយហើយសម្រាប់ពួកគេ ព្រោះគ្រប់យ៉ាងវាលែងដូចមុនទៀតហើយ វាចប់ហើយសម្រាប់ឈ្មោះថាជាគ្រួសាររវាងពួកគេ....
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)