ភាគទី៩៖ ផែនការតាមញ៉ែអតីតភរិយា......
____________________________
នៅក្នុងឡានមានតែភាពស្ងប់ស្ងាត់ ហ្ក្រេស ធ្វើរឿងដែលនាងគួរធ្វើរួច ក៏ប្រញ៉ាប់ចេញមកវិញ ដោយមានកូនស្រីតាមមកជាមួុយ រាងស្ដើងសម្លឹងមុខកូនស្រីមុននឹងនិយាយទៅកាន់នាងតូច
" អោយម៉ាក់សុំទោស លីអុីន ម៉ាក់... "
" ម៉ាក់មិនចាំបាច់សុំទោសកូន ហឹក ម៉ាក់មិនបានខុស ម៉ាក់មិនធ្លាប់ធ្វើខុសចំពោះកូននោះទេ "
" អាអុីន ... " ហ្ក្រេស ទាញកូនស្រីមកអោបជាប់ទ្រូង នាងលំបាកចិត្តណាស់ ពេលឃើញនាងល្អិតយំបែបនេះ ទោះមិនដឹងថាហេតុផលអ្វីដែលធ្វើអោយកូនស្រីយល់ពីនាង តែហ្ក្រេស ពិតជាអរគុណកូនខ្លាំងណាស់ ដែលមិនរើសអើងនាងដូចមុន
" ម៉ាក់ប្រហែលឈឺចាប់ណាស់ហើយត្រូវទេ ហឺៗ "
" អត់ទេ ព្រោះកូនជាថ្នាំដែលជួយព្យាបាលម៉ាក់ រយៈពេល១៧ឆ្នាំមកនេះ បើគ្មានកូនម៉ាក់ប្រហែលជាមិនអាចរឹងមាំដល់ថ្ងៃនេះទេ " លីអុីនស្ដាប់ទាំងអួលដើមករ នាងដឹងថាខ្លួនសំខាន់យ៉ាងណាចំពោះម្ដាយ តែមិនស្មានថាគាត់លះបង់ក្ដីសុខខ្លួនឯងសឹងតែកន្លះជីវិតដើម្បីតែនាងនោះទេ
" កូនស្រឡាញ់ម៉ាក់ តើយើងអាចនៅជាមួយគ្នាដដែលតើមែនទេ ម៉ាក់ ហឹក! "
" កូនធំហើយ អាអុីន កូនមានសិទ្ធិក្នុងការជ្រើសរើស រវាងការនៅជាមួយម៉ាក់ឬប៉ា ម៉ាក់សុំតែម្យ៉ាងប៉ុណ្ណោះ កុំស្អប់ខឹងប៉ា ឬនរណាម្នាក់អីតើបានទេ " នាងមិនត្រូវការឃើញក្រសែរភ្នែករើសអើងពីកូនស្រី ហើយក៏មិនចង់អោយខូសៀទទួលអារម្មណ៍នោះដែរ ព្រោះកន្លងមកគេជាឪពុកដ៏ល្អម្នាក់ គេមិនធ្លាប់ក្បត់ឬសាងរបួសផ្លូវចិត្តអោយកូនស្រីនោះទេ
" តែប៉ាគួរអោយស្អប់ ហឹកហឹក ប៉ាធ្វើបាបម៉ាក់ "
" តែប៉ាមិនធ្លាប់ធ្វើបាបពួកយើងទេ អាអុីន នេះជារឿងមនុស្សចាស់ កុំព្រោះតែម៉ាក់និងប៉ា ធ្វើអោយកូនក្លាយជាក្មេងដែលមានបញ្ហា បើបែបនោះមែនម៉ាក់ប្រាកដជាបន្ទោសខ្លួនឯងអស់មួយជីវិតមិនខាន " រាងស្ដើងអង្អែលក្បាលនឹងពន្យល់កូនស្រី នាងដឹងថាវាពិបាកទទួលសម្រាប់លីអុីន ប៉ុន្ដែយ៉ាងហោចណាស់នាងសង្ឃឹមថាខ្លួននិងខូសៀ អាចកំដរកូនស្រីឆ្លងឆ្នាំ បុណ្យនៃក្ដីស្រឡាញ់ និងខួបកំណើតរបស់នាងដូចរាល់ដង ទោះជាមានឈ្មោះថាជាអតីតស្វាមីភរិយាក៏ដោយ នេះជាអ្វីដែលនាងប្រាថ្នា
" ចុះម៉ាក់ទៅណាទៀត ពេលនេះ "
" ម៉ាក់ទៅផ្ទះលោកតាលោកយាយកូន កូនចង់ទៅជាមួយឬអត់ ? "
" ម៉ាក់មិនទៅយកឥវ៉ាន់នៅផ្ទះសិនទេឬ ? " ផ្ទះពាក្យនេះធ្វើអោយហ្ក្រេសរំជួលចិត្តជាខ្លាំង នាងមិនហ៊ានហៅថាទីនោះជាផ្ទះទៀតទេ ព្រោះពេលនេះនាងមិនមែនជាអ្នកស្រីហ្ក្រេសដូចពីមុនឡើយ នាងគឺ ហ្ក្រេស ហ្វ័ង នាងជាស្រីមេម៉ាយធម្មតាម្នាក់ប៉ុណ្ណោះ
" អត់ទេ បើសិនជាវាទើសទាល់កូនអាចអោយអ្នកបម្រើរយកវាទៅចែកអ្នកខ្សត់ខ្សោយទៅ ម៉ាក់មិនត្រូវការវាទៀតទេ"
" តែនោះសុទ្ធតែជារបស់ដែលម៉ាក់ស្រឡាញ់ ហើយក៏ជាអនុស្សវរីយ៍រវាងម៉ាក់និង... "
" អាអុីន បើកូនចង់ដើរចេញពីអតីតកាល ចូរកូនបំភ្លេចគ្រប់យ៉ាងទោះបីជាងាកសម្លឹងទៅក្រោយក៏មិនចាំបាច់នោះដែរនេះជាជម្រើសរបស់ម៉ាក់ ប្រហែលជាកូនយល់ថាម៉ាក់ចិត្តដាច់ណាស់តើមែនទេ " ហ្ក្រេស ងាកសម្លឹងទៅផ្លូវខាងក្រៅ មិនហ៊ានមើលមុខកូនស្រីឡើយ ប៉ុន្ដែនាងគិតខុស លីអុីនមិនបានបន្ទោសនាង តែកូនស្រីបែរជាចាប់ដៃនាងថ្នមៗ មុននឹងនិយាយទៅកាន់ម្ដាយដោយភាពកក់ក្ដៅដូចមុនអញ្ចឹង
" ចុះបើកូនសុំទុកវាតើបានទេ "
" បាន អោយតែនោះជាអ្វីដែលកូនត្រូវការ អាអុីន "
" អរគុណអ្នកម៉ាក់ណាស់ យប់នេះកូនទៅជាមួយម៉ាក់ដែរណា ចង់គេងអោបម៉ាក់ដល់ហើយ ហឺ " ហ្ក្រេសអាចញញឹមបាន ពេលឃើញរឹកពារញិកញ៉ក់ របស់កូនស្រី ម្ដងទៀត នាងមិនហ៊ានគិតទេថា លីអុីន នឹងធ្វើរឿងបែបនេះមកកាន់នាង ហ្ក្រេសភ័យខ្លាចថាកូនស្រីនឹងស្អប់ខ្លួនទៅហើយ ចំណែកឯលីអុីនវិញ នាងមិនបានរំលឹកពីអ្វីដែលខ្លួនបានដឹងពីម្ដាយនោះទេ នាងជ្រើសរើសមិននិយាយឬបកស្រាយ ព្រោះទោះជាយ៉ាងណាក៏គ្រប់យ៉ាងមិនអាចកែប្រែបាននោះឡើយ ពេលនេះរឿងមួយដែលនាងអាចធ្វើបានគឺទទួលស្គាល់នូវការពិត
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)