ភាគ២៥: ស្នេហាមិនមែនជាការទាមទារនោះទេតែវាគឺជាការលះបង់

545 63 0
                                        


ផ្គរលាន់គ្រឹមៗ ទឹកភ្លៀងធ្លាក់មកច្រិចៗ សូម្បីតែអាកាសធាតុក៏មិនទៀង ចុះទម្រាំតែចិត្តមនុស្ស?
ថេយ៉ុងសម្លឹងមើលតំណក់ទឹកភ្លៀង បណ្តែតអារម្មណ៍ទៅតាមសំឡេងនៃភ្លៀងធ្លាក់។ គេដកដង្ហើមធំម្តងម្កាល ដើម្បីបណ្តេញទុក្ខកង្វល់ដែលធ្ងន់កណ្តុកនៅក្នុងទ្រូង។
« ម៉េចក៏មកឈរត្រង់នេះ ប្រយ័ត្នភ្លៀងសាចចំ ធ្វើអោយផ្តាសសាយណា » ជីមីនពោលដោយក្តីបារម្ភ ព្រមទាំងគ្របកន្សែងពីក្រោយអោយថេយ៉ុង។
« ចូលខាងក្នុងវិញឥឡូវហើយ »
« កំពុងតែគិតអី? នឹកស្រុកកំណើតឬ? » ថេយ៉ុងងក់ក្បាលជំនួសការឆ្លើយ ពិតមែនគេពិតជានឹកស្រុកកំណើត រួមទាំងអ្នកមានគុណទាំងពីរ ប៉ុន្តែគេមិនទាន់មានភាពក្លាហានក្នុងការជួបពួកគាត់ឡើយ។
« បើនឹកពួកយើងត្រឡប់ទៅវិញទៅ ត្រឡប់ទៅរស់នៅស្រុកកំណើតយើងវិញ »
« ខ្ញុំមិនហ៊ានប្រឈមមុខជាមួយអ្នកម៉ាក់និងលោកប៉ាទេ »
« ហេតុអីទៅ? »
« ខ្ញុំជាកូនអកត្តញ្ញូ គាត់ប្រហែលជាស្អប់ខ្ញុំខ្លាំងណាស់ហើយ »
« មិនពិតទេពួកគាត់តែងរអ៊ូប្រាប់បងជាញឹកញាប់ ថានឹកអូនចង់ជួបអូន » ថេយ៉ុងស្ងាត់ សង្ឃឹមថានឹងដូចអ្វីដែលជីមីននិយាយទៅចុះ។
« បើអាចត្រឡប់ពេលវេលាថយក្រោយបាន ខ្ញុំចង់ធ្វើការសម្រេចចិត្តនូវរឿងខ្លះម្តងទៀតណាស់ » ថេយ៉ុងពោលដោយភាពសោកស្តាយ។
« ដ្បិតពេលវេលាមិនអាចបកក្រោយក៏ពិតមែនតែថ្ងៃនេះគឺជាឱកាសដើម្បីអោយយើងបង្កើតអតីតកាលដ៏ស្រស់បំព្រង »
« លោកមិនត្រឹមតែមានសម្តីផ្ហែមស្រទន់ឡើយ ថែមទាំងជាមនុស្សម្នាក់ដែលពូកែលើកទឹកចិត្តគេទៀតផង »
« មានរឿងជាច្រើនណាស់ដែលថេយ៍មិនទាន់យល់ពីបង បើថេយ៍ងាកមកស្វែងយល់ពីបងតែបន្តិច ថេយ៍នឹងឃើញថាបងស្រលាញ់ថេយ៍ប៉ុណ្ណា » ជីមីនចាប់ដៃថេយ៉ុងមកផ្អឹបលើទ្រូងខាងឆ្វេងរបស់គេ ដើម្បីបញ្ជាក់ពីទំហំក្តីស្នេហ៍របស់គេនៅពេលនេះ។ វាធំធេងខ្លាំងណាស់ វាគឺជាក្តីស្រលាញ់ដ៏បរិសុទ្ធដែលមិនអាចកាត់ថ្លៃបាន។
     មិនមែនថេយ៉ុងមិនដឹងថាជីមីនស្រលាញ់គេខ្លាំងប៉ុនណានោះទេ។ គេឃើញ គេដឹង ហើយក៏ស្ងប់ស្ងើរក្តីស្រលាញ់ដែលជីមីនមានចំពោះគេដូចគ្នា។ តែវាពិតជាពិបាកណាស់នៅពេលដែលយើងព្យាយាមស្រលាញ់នរណាម្នាក់ ទាំងដែលយើងមានមនុស្សក្នុងចិត្តទៅហើយ។
« ផ្តល់ឱកាសអោយបងបានមើលថែរបួសបេះដូងមួយនេះបានទេ? »
« ..... » ស្ងាត់
                        *****
        ស្នេហាមិនមែនជាការទាមទារនោះទេតែវាគឺជាការលះបង់។ ជីមីនដាល់តឿនខ្លួនឯង ដោយស្នាមញញឹម ដ្បិតថេយ៉ុងមិនបានផ្តល់ចម្លើយអោយគេក៏ពិតមែន ក៏ក្តីស្រលាញ់ដែលគេមានចំពោះថេយ៉ុងនៅតែដូចដើម។
« ជីមីន? » ថេយ៉ុងហៅជីមីនជាច្រើនដង រហូតដល់ជីមីនភ្ញាក់ពីការភ្លឹក។
« បាទ? » មុននេះគេគិតច្រើនពេក រហូតដល់មិនដឹងថាថេយ៉ុងមកតាំងពីពេលណា។
« លោករវល់គិតអី ម្ហូបខ្លោចអស់ហើយ » ជីមីនទើបតែចាប់អារម្មណ៍ធុំក្លិនឈ្ងៀម។
« លោកទៅសម្រាកទៅទុកអោយខ្ញុំជាអ្នកធ្វើក៏បាន »
« មិនអីទេថេយ៍ អូនគឺជាភ្ញៀវពិសេសរបស់បង បងម្តេចនឹងអាចអោយអូនចូលចង្ក្រានបានទៅ? »
« ធ្វើទាំងពីរនាក់តែម្តងទៅស្មើភាពគ្នា អូឃេទេ? »
« អូឃេក៏អូឃេ » ជីមីនញញឹមលឹបភ្នែក។ ពួកគេទាំងចាប់ផ្តើមចម្អិនអាហារជាមួយគ្នា ដោយចែកគ្នាធ្វើម្នាក់បន្តិច។ ឯខេងវិញកំពុងតែលេងហ្គេមយ៉ាងជក់ចិត្ត មិនដឹងថាមួយណាជាកូនចៅ មួយណាជាចៅហ្វាយនាយ។
« លោកសាកភ្លក់មើលទៅ » ថេយ៉ុងដួលម្ហូបមួយស្លាបព្រាមកបញ្ចុកជីមីន។ ឯជីមីនកំពុងតែភ្លឹក ព្រោះតែកាយវិការបស់ថេយ៉ុង។
« មើលអី? លោកធ្វើល្អដាក់ខ្ញុំមកច្រើនពេកហើយ ខ្ញុំគ្រាន់តែចង់ធ្វើល្អដាក់លោកខ្លះតែប៉ុណ្ណោះ »
« ឆ្ងាញ់ណាស់ » កាលដែលឃើញជីមីនសប្បាយចិត្ត ថេយ៉ុងក៏មានអារម្មណ៍ថាសប្បាយចិត្តបន្តិចដែរ។
« ថេយ៍ពូកែខ្លាំងណាស់ » ជីមីនច្បិចច្រមុះថេយ៉ុងបន្តិច តាមចិត្តដែលស្រលាញ់ចង់តែលេបចូលក្នុងពោះអោយបាត់ទេ។
                       *****
     ក្រោយភ្លៀងរួចមេឃក៏ស្រឡះ រឿងខ្លះដែលធ្វើអោយយើងមិនសប្បាយចិត្ត ក៏ទម្លាក់វាចោលខ្លះទៅ។ ស្ពាយកាន់តែច្រើន ដំណើរជីវីតរបស់យើងកាន់តែយឺត កាន់តែខ្លី។
     ថ្ងៃនេះជីមីនបាននាំថេយ៉ុងមកផ្សារទំនើប ដើម្បីទិញរបស់របបប្រើប្រាស់ផ្ទាល់ខ្លួនអោយថេយ៉ុងខ្លះ ទោះបីជាថេយ៉ុងប្រកែកថាមិនចាំបាច់ក៏ដោយ។ ខេងធ្វើមុខស្អុយបែរ ព្រោះតែចៅហ្វាយរបស់គេមិនចូលចិត្តដើរផ្សារពីមុនមកឡើយ តែមើលថ្ងៃនេះចុះ ទិញនេះទិញនោះ គេយួរឡើងសំពីងសំពោង មិនដឹងថាទៅកាត់ចរិកដូចមនុស្សស្រីតាំងពីពេលណា។
« ជីមីនខ្ញុំគិតថាទិញប៉ុណ្ណឹងបានហើយ អាណិតដល់ខេងផង មើលចុះគេយួរតែម្នាក់ឯង ធ្ងន់ស្លាប់ហើយ »
« តែ.... »
« ខ្ញុំឃ្លានហើយ »
« តោះអ៊ីចឹង » ទាល់តែថេយ៉ុងនិយាយថាឃ្លាន ទើបគេព្រមឈប់ រួចបម្រុងថានឹងនាំថេយ៉ុងទៅរកកន្លែងញុំាអី ស្រាប់តែវ៉ាក់អឺនិងជុងហ្គុកដែលនាំម៉ារីមកដើរផ្សារ។ ម៉ារីអោបដៃជុងហ្គុកជាប់មើលទៅពួកគេផ្ហែមល្ហែមជាមួយគ្នាណាស់ ព្រោះតែជាគូស្នេហ៍ថ្មីថ្មោងនោះអី។
« អុស៎ សួស្តីថេយ៉ុងខានជួបគ្នាប៉ុន្មានថ្ងៃហើយ សុខសប្បាយទេ? »
« គេប្រាកដជាសុខហើយ ព្រោះតែនៅជាមួយខ្ញុំ » ជីមីនឆ្លើយជំនួសថេយ៉ុង ថែមទាំងលើកដៃអោបស្មាថេយ៉ុង។ ឯថេយ៉ុងកំពុងតែឆួលច្រមុះរកកលចង់យំ ព្រោះតែបានជួបមុខជុងហ្គុក វាធ្វើអោយគេអួលណែនពេញទ្រូង។ មើលទៅជុងហ្គុកហាក់ដូចជាមានក្តីសុខណាស់ ផ្ទុយពីគេដែលរស់នៅមានក្តីសុខ យំស្ទើតែរាល់យប់។
« ប្រាប់ថាមិនស្រលាញ់វាទេ ចុងក្រោយក៏ត្រឡប់ទៅរកវាដដែល ហុឹសមនុស្សដូចជាឯង ពូកែលាក់ពុតណាស់ » ជុងហ្គុកចម្អក់ទៅកាន់ថេយ៉ុង។
« ឯងបោះបង់គេហើយ គេនៅជាមួយអ្នកណាក៏ជាសិទ្ធរបស់គេ »
« ចុះយើងមានថាអី គ្រាន់តែអាណិតឯង មនុស្សមានសមត្ថភាពដូចជាឯង មិនសមដើរទទួលកាកសំណល់ ដែលគេបោះចោលសោះ »
« ឯង! » ជីមីនទ្រាំមិនបាន ស្ទុះបម្រុងនឹងដាល់ជុងហ្គុក តែក៏ត្រូវថេយ៉ុងឃាត់ទាន់។
« កុំអីជីមីន » ជីមីនសម្រួលអារម្មណ៍ រួចក៏នាំថេយ៉ុងចេញពីមុខជុងហ្គុក។ ជុងហ្គុកកាន់តែឆេះឆួលពេលឃើញជីមីនកាន់ដៃថេយ៉ុង រយះពេលប៉ុន្មានថ្ងៃមកនេះពួកគេសិទ្នស្នាលនឹងគ្នាដល់កម្រិតណាទៅ? ដ្បិតគេបោះបង់ថេយ៉ុងក៏ពិតមែន តែគេមិនចង់ឃើញថេយ៉ុងស្និតស្នាលជាមួយអ្នកផ្សេងឡើយតើវាជាអារម្មណ៍អ្វីទៅ?
                       *****
     មកដល់ផ្ទះវីឡាវិញ ម្នាក់ៗក៏ស្ងាត់រៀងខ្លួន។ ឯខេងឈរអេះក្បាល មើលឥវ៉ាន់ដែលនៅពេញឡាន មិនដឹងយកទៅទុកនៅឯណា។
« ស្នេហា ស្នេហ៍ហឺត កាន់តែហឺតកាន់តែឈឺ នៅលីវដូចអាខេងនៀកបានវាសប្បាយ » ខេងរអ៊ូបណ្តើរ លើកឥវ៉ាន់ចូលផ្ទះបណ្តើរ។
      រសៀលបន្តិចទើបថេយ៉ុងចេញពីបន្ទប់ ដោយយើងសង្កេតឃើញថា គេមានទឹកមុខស្លេកស្លាំងខ្លាំងណាស់ ឯដំណើរវិញក៏ដើរមួយៗដូចមនុស្សគ្មានកម្លាំងក្នុងខ្លួន។ ចុះមកដល់ជាន់ក្រោមឃើញថាទទេស្អាត គ្មានមនុស្សម្នាក់ ទើបសម្រេចចិត្តដើរចេញមកក្រៅផ្ទះ។ មកដល់ក្រៅផ្ទះថេយ៉ុងហាក់ភ្លាំងបន្តិច ពេលឃើញផ្កាមុខផ្ទះជាច្រើន ដែលជីមីននិងខេងកំពុងតែនាំគ្នាដាំ។
« ថេយ៉ុង » ជីមីនញញឹម ដើរសម្តៅមករកថេយ៉ុង។ គេដឹងថាថេយ៉ុងចូលចិត្តផ្កា ទើបទិញផ្កាចម្រុះពណ៍ជាច្រើនដើមយកមកដាំមុខផ្ទះ ដើម្បីអោយថេយ៉ុងមានអារម្មណ៍ល្អ។
« លោកកំពុងតែធ្វលអីហ្នឹង? »
« គឺកំពុងតែដាំផ្កា មិនចូលចិត្តទេឬ? »
« អត់ទេចូលចិត្តណាស់ » បបូរមាត់ដែលស្លេកស្លាំងក៏កម្រើកបង្កើតទៅជាស្នាមញញឹម។ ទីបំផុតថេយ៉ុងក៏ទាញស្នាមញញឹមមកវិញបាន មិនបង្អន់យូរ ថេយ៉ុងក៏ដើរសម្តៅទៅរកផ្កាអស់ទាំងនោះ។ ឃើញថេយ៉ុងញញឹម ជីមីនក៏សប្បាយចិត្តយ៉ាងខ្លាំង។
     "ផ្កាមួយទងនេះធ្លាប់ស្រស់ស្អាត ជាផ្កាដែលគ្រប់គ្នាប្រាថ្នាចង់ក្តិច ចង់ប៉ះ ចង់ពាល់ ចង់ស្រង់ក្លិន តែបែរជាប្រែទៅជាស្រពោន បាត់សម្រស់ ក្រោយធ្លាក់ទៅលើដៃមនុស្សដែលមិនចេះថែ។ តែចាប់ពីថ្ងៃនេះតទៅ គេសន្យាថានិងថែទាំថ្នាក់ថ្នមផ្កាមួយទងនេះ អោយបានល្អជាទីបំផុត និងធ្វើអោយវារីកស្រស់សោភាឡើងវិញដោយដៃគេផ្ទាល់ »
                             ផ្កាមួយទងនោះគឺជា
                                     ថេយ៉ុង🌷
To be continued

ជម្រើសបេះដូង🕊🥀Donde viven las historias. Descúbrelo ahora