ភាគ១៨: យើងមិនគួរណាស្រលាញ់មនុស្សដូចជាឯងសោះ

492 44 10
                                        

   « យើងទុកវាអោយនៅបែបនេះឬអ្នកម៉ាក់? » ម៉ារីងាកទៅសួរអ្នកស្រីចន។
« ទុកវាអ៊ីចឹងហើយ! »
« តិចវាប្រាប់បងជុងទៅម៉ាក់? »
« កុំបារម្ភបើវាប្រាប់ យើងក៏យកលេសថាក្មេងបែកថ្នាំវ៉ៃវាយកលុយដើម្បីទិញថ្នាំជក់ តែប៉ុណ្នឹងគឺចប់រឿង »
« បងជុងអាចនឹងជឿយើងឬអត់ម៉ាក់? »
« ប្រាកដណាស់ ទោះមិនជឿក៏ម៉ាក់ត្រូវតែធ្វើអោយជឿ ចាំមើលកូនជុងជឿម៉ាក់ឬជឿវា? » បន្ទាប់និយាយគ្នារួចអ្នកស្រីចនក៏បានបញ្ជាអោយនាង  រីនបានរើសបំបែកចាកយកទៅចោល រួចជូតសំអាតឥដ្ឋ។ ការងាររួចរាល់នាងរីនក៏ទៅទិញខោអាវ ឥវ៉ាន់ផ្សេងៗជាមួយម៉ារីដូចជាគ្មានរឿងអ្វីកើតឡើង។ ឯជំទាវៗក៏ទៅផ្ទះអស់ អ្នកស្រីចនក៏ឡើងទៅសម្រាកនៅបន្ទប់។
                          *****
        គ្រប់យ៉ាងវាប្រៀបដូចជាសុបិន្តអាក្រក់ តែហេតុអ្វីសុបិន្តមួយនេះ វាមានរយះពេលយូរម្ល៉េះ? គ្រាន់តែបើកភ្នែកមកភ្លាមទឹកក្តៅឧណ្ឌៗ ក៏រមៀលចេញពីភ្នែកខាងឆ្វេងរបស់ថេយ៉ុង។ មួយវិនាទីដែលគេដកដង្ហើម ទ្រូងរបស់គេចុកអួលណែនដូចមានអ្វីមកចាក់ចំ បើដកដង្ហើមពិបាកយ៉ាងនេះតើគេនៅរស់ដើម្បីអ្វី?
« ហេតុអ្វីក៏ខ្ញុំមិនស្លាប់? » នេះជាសំណួរដំបូងដែលគេសួរខ្លួនឯង។
« ហេតុអ្វីក៏ចង់ស្លាប់ អនាគតក្មួយនៅវែងឆ្ងាយណាស់ថេយ៉ុង » អ៊ំឆេងទម្លាក់ថ្នាំលាងរបួសក្បែតុ រួចក៏ទាញកៅអីមកអង្គុយក្បែរគ្រែថេយ៉ុង។ ពេលឃើញមុខថេយ៉ុងម្តងណា គាត់ស្រណោះខ្លោចចិត្តជាខ្លាំង។ ថ្ងៃមិញបន្ទាប់ពីជូនជុងហ្គុកទៅក្រុមហ៊ុនរួច គាត់ក៏បានត្រឡប់មកវីញ រូបភាពដែលគាត់បានឃើញគឺថេយ៉ុងដេកសន្លប់លើឥដ្ឋការ៉ូ   សភាពពិបាកមើលណាស់។ ថេយ៉ុងស្ងាត់ អ៊ំឆេងដកដង្ហើមធំរួចបន្តសួរ៖
« ហេតុអ្វីបានជាក្មួយក្លាយជាបែបនេះ? អ្នកណាធ្វើអីក្មួយ? »  ដោយសារតែគាត់មកគ្មាននរណាម្នាក់ ហើយគ្មានអ្វីត្រូវសង្ស័យទើបគាត់សួរថេយ៉ុងហេតុអ្វីក្លាយជាបែបនេះ។
« បើខ្ញុំប្រាប់ តើអ៊ំជឿខ្ញុំដែរទេ? » ថេយ៉ុងប្រឹងហើបមាត់ដែលបែកនោះ សួរអ៊ំឆេង។
« ប្រាកដណាស់អ៊ំជឿជាក់លើខ្លួន » ថេយ៉ុងក៏ចាប់ផ្តើមរៀបរាប់ពីរឿងរ៉ាវដែលពួកគេធ្វើមកលើខ្លួនប្រាប់អ៊ំឆេង។ អ៊ំឆេងស្តាប់ហើយ ប្រាប់ត្រឹមតែហួសចិត្ត មិនអាចធ្វើអ្វីបានព្រោះតែខ្លួនក៏ត្រឹមតែជាអ្នកសុីឈ្នួលអោយគេ។
« ថេយ៉ុងអ៊ំនិយាយចេញពីចិត្តទៅចុះ ក្មួយគួរតែចាកចេញពីទីនេះ មិនគួរសម្ងំបៀនទុក្ខម្នាក់ឯងបែបនេះឡើយ អ៊ំលឺថាអ្នកប្រុសជុងហ្គុកនិងអ្នកនាងម៉ារីជិតរៀបការឆាប់នេះហើយ បើក្មួយនៅមានតែឈឺចាប់ឥតល្ហែរតែប៉ុណ្ណោះ »
« ខ្ញុំស្រលាញ់ជុងហ្គុក ខ្ញុំមិនអាចចាកចេញពីគេបានទេ » ថេយ៉ុងខ្ទប់មុខ រកកលចង់យំអោយតែរំលឹកពីរឿងរៀបការនោះ បេះដូងគេស្ទើតែឈប់ដំណើរការ។
« តែមើលពេលនេះចុះ ជុងហ្គុកនៅស្រលាញ់ក្មួយដូចក្មួយស្រលាញ់គេទេ? »
« ហុឹកៗ » ថេយ៉ុងគ្រវីក្បាល យំខ្សឹកខ្សួល។ អ៊ំឆេងដកដង្ហើមធំ សម្រាប់ចិត្តថានឹងឈប់និយាយអោយប៉ះពាល់ដល់អារម្មណ៍ថេយ៉ុងទៀត។
« ក្មួយសម្រាក់សិនចុះ អ៊ំទៅរកធ្វើអ្វីមកអោយក្មួយញុំាសិន » អ៊ំឆេងក៏ចាកចេញ ដោយថេយ៉ុងនៅតែសម្ងំយំ យំដើម្បីអោយធូរស្បើយក្នុងទ្រូងខ្លះ តែកាន់តែយំវាកាន់តែពិបាកលើសដើម។
« អួយ៎ » ថេយ៉ុងលើកដៃទប់ក្បាល ព្រោះតែវាចាប់ផ្តើមឈឺទៀតហើយ។
                         *****
     មួយសន្ទុះក្រោយអ៊ំឆេងត្រឡប់មកវិញជាមួយថាសបបរ។ គ្រាន់តែអ៊ំឆេងបើករុញទ្វារចូលមកភ្លាម ក៏ប្រទះឃើញថេយ៉ុងដេកផ្ទប់ក្បាល អាការៈរបស់គេកាន់តែធ្ងន់ធ្ងរ ហើយគិតតែពោលពាក្យថា ឈឺក្បាលណាស់ៗ។ មិនបង្អន់យូរ អ៊ំឆេងក៏ស្ទុះទៅរកថ្នាំបំបាត់ឈឺក្បាលមកបញ្ច្រប់ថេយ៉ុង។ បន្តិចក្រោយថ្នាំចាប់ផ្តើមរលាយ អាការៈថេយ៉ុងក៏ចាប់ផ្តើមអន់ថយជាងមុន។
« ក្មួយយ៉ាងម៉េចទៅហើយក្មួយ? » អ៊ំឆេងសួរដោយក្តីបារម្ភ។
« វានៅតែឈឺ តែមិនឈឺខ្លាំងដូចមុននេះ »
« ក្មួយគួរតែទៅពេទ្យពិនិត្យមើលម្តង ថាតើវាកើតអ្វី? ព្រោះមួយរយះនេះអ៊ំឃើញក្មួយឧស្សាហ៍ឈឺក្បាលណាស់ » វាមិនមែនជាលើកទីមួយឡើយ ដែលគាត់ផ្តល់យោបល់អោយថេយ៉ុងទៅពេទ្យ។ ថេយ៉ុងស្ងាត់គ្មានមាត់កអ្វី ដូចមនុស្សដែលគ្មានវិញ្ញាណក្នុងខ្លួន។
                          *****
      ពេលរាត្រីឈានចូលមកដល់....
រាងខ្ពស់ស្រឡះដែលយើងស្គាល់ថាជាជុងហ្គុក ដើរខួចហាក់ដូចជាមានអារម្មណ៍ល្អណាស់។
ក្រាក! សំឡេងទ្វារបើក
ជុងហ្គុកដើរចូលក្នុងបន្ទប់ធម្មតា តែក៏ទច់ង៉ក ក្រោយប្រទះឃើញថេយ៉ុងនៅក្នុងបន្ទប់របស់ខ្លួន។
« អូនមកមានការអី? ហើយមុខរបស់អូនទៅត្រូវនឹងអ្វីមក? » ជុងហ្គុកក៏ដើរទៅក្បែរថេយ៉ុងដើម្បីពិនិត្យអោយច្បាស់។ ផ្ទៃមុខដែលធ្លាប់តែម៉ដ្ឋខៃប្រែទៅជាជាំខៀវ ឯបបូរដែលដែលធ្លាប់តែស្រស់ស្អាតក៏បែកប្រេះមានឈាមកកកជាប់។
« អូនមានរឿងចង់សួរបង » ថេយ៉ុងសួរដោយសំឡេងខ្សាវៗ។
« ឆ្លើយនឹងបងសិន មុខរបស់អូនទៅត្រូវនឹងអ្វី? អ្នកណាធ្វើអីអូន? »
« ប្រសិនបើអូនឆ្លើយទៅ បងនឹងជឿអូនទេ? » ថេយ៉ុងសួរបញ្ជាក់ គេខ្លាចណាស់ ខ្លាចថានៅពេលដែលប្រាប់ការពិតជុងហ្គុកនឹងមិនជឿលើគេ។ តែជុងហ្គុកមិនឆ្លើយ បែរជាតឿនអោយថេយ៉ុងនិយាយ។
« និយាយមក » ថេយ៉ុងក៏មានតែនិយាយរៀបរាប់តាមដំណើររឿង ទាំងទ្រូងពឺតផ្សារ នឹកស្រមៃដល់រូបភាពដែលពួកគេធ្វើមកលើខ្លួន។ គ្រានោះគេពិតជាត្រូវការជុងហ្គុកអោយមកជួយគេណាស់ គេពិតជាខ្លាចនឹងកែវភ្នែកដែលពួកគេសម្លឹងមកពោរពេញដោយភាពស្អប់ខ្ពើម ពាក្យសម្តីដៀលមកកាន់គេ។
ជុងហ្គុកតែជ្រួញចិញ្ចើមក្រោយថេយ៉ុងនិយាយចប់។ គេមិនជឿឡើយថាវាជាការពិត ព្រោះមុននេះគេទើបតែមកពីសួរមើលថែម្តាយរបស់គេ គាត់នៅតែស្លេកស្លាំង គ្មានកម្លាំងកំហែង តើគាត់ទៅមានកម្លាំងឯណាមកវាយថេយ៉ុងនោះ?
« អូននិយាយជាការពិត? »
« វាជាការពិត »
« បងនឹងទៅសួរគាត់ » ដោយហេតុមិនអស់ចិត្ត ជុងហ្គុកក៏កាន់ដៃថេយ៉ុងសម្តៅទៅបន្ទប់ម្តាយរបស់គេ ដើម្បីស៊ើបសួរអោយដឹងសរខ្មៅ ស្តាប់តែម្ខាងមិនអាចយកជាការបានឡើយ។
ក្រាក! ទ្វាររបើកបង្ហាញអោយឃើញអ្នកស្រីចនសម្រាន្តលើគ្រែ ដោយមានម៉ារីអង្គុយក្បែរ។
« ម៉ាក់! » អ្នកស្រីចនក៏ធ្វើជាបើកភ្នែកព្រឹមៗ មើលមកកាន់កូន។
« ម៉ាក់វាជាការពិតឬ ដែលម៉ាក់វាយធ្វើបាបថេយ៉ុង? » អ្នកស្រីចនដៀងភ្នែកមើលថេយ៉ុងបន្តិច ទើបឆ្លើយជាមួយកូនប្រុសដោយសំឡេងខ្សាវៗ ដូចមនុស្សគ្មានកម្លាំងកំហែងក្នុងខ្លួន។
« ធ្វើអី? កូននិយាយពីអ្វីម៉ាក់មិនយល់ទេ ម៉ាក់នៅសម្រាន្តក្នុងបន្ទប់ពេញមួយថ្ងៃមកហើយ »
« ពិតមែនហើយបងជុង អូនធ្វើជាសាក្សីអោយ អ្នកម៉ាក់នៅក្នុងបន្ទប់ពេញមួយថ្ងៃ គាត់ម៉េចនឹងអាចទីវាយធ្វើបាបថេយ៉ុងបានទៅ »
« ចុះស្នាមទាំងនេះអ្នកណាជាអ្នកបង្ករ » ជុងហ្គុកក្រញាញ់ខួរ មិនដឹងត្រូវជឿលើអ្នកណា។
« គឺពិតជាគាត់ពិតមែន ជុងហ្គុកបងត្រូវតែជឿអូនណា » ថេយ៉ុងអង្រួនដៃជុងហ្គុក ជាមួយនឹងកែវភ្នែកដែលដក់ទៅដោយទឹកនេត្រា។
« ថេយ៉ុងឯងនិយាយពីអ្វីហ្នឹង? ក្រែងឯងជាអ្នកប្រាប់នាងរីនថាឯងត្រូវពួកក្មេងបែកថ្នាំវាយតាមផ្លូវពេលត្រឡប់មកពីផ្សាវិញ? » 
« អ្នកស្រីវាយធ្វើបាបខ្ញុំរួចប្រឌិតរឿងចេញមក អ្នកស្រីហួសហេតុពេកហើយ » ថេយ៉ុងជ្រុលប្រើសំឡេងធំដាក់អ្នកស្រីចន ព្រោះតែគេមិនអាចឈរស្ងៀមៗ ទទួលយករឿងអយុត្តិធម៍មួយនេះបានដែរ។
« ថេយ៉ុងហេតុអ្វីក៏ស្រែកដាក់ម៉ាក់បង? មិនឃើញថាគាត់កំពុងតែឈឺទេឬ? » ជុងហ្គុកច្របាច់កដៃថេយ៉ុងជាខ្លាំង ព្រោះតែខឹងគ្រោធដែលថេយ៉ុងស្រែកដាក់ម៉ាក់របស់គេ ទាំងដែលម៉ាក់គេមានជំងឺបេះដូង គាត់អាចនឹងតក់ស្លុតធ្វើអោយបេះដូងឈប់លោតបានដោយគ្រាន់តែលឺសំឡេងខ្លាំងៗ។
« អួយ៎ អូនឈឺណាស់ជុងហ្គុក » ថេយ៉ុង
ម៉ារីក្រឡេកឃើញឱកាសល្អ ក៏និយាយលាបពណ៌ថេយ៉ុងបន្ថែម។
« មានរឿងជាច្រើនទៀតណាស់ដែលថេយ៉ុងធ្វើមកលើអ្នកម៉ាក់ » ម៉ារីពោលដោយសំឡេងអណ្តឺតអណ្តក់។
« រឿងអី? »
« ហុឺៗ គឺរាល់ពេលដែលបងចេញទៅធ្វើការបាត់ វាតែងតែធ្វើខ្លួនជាម្ចាស់ផ្ទះ ស្រែកសម្លុតដាក់អ្នកម៉ាក់និងអូន បញ្ជាអោយធ្វើនេះធ្វើនោះ អ្នកម៉ាក់ធ្លាក់ខ្លួនឈឺក៏ព្រោះតែវា » និយាយចប់ម៉ារីក៏ងាកទៅធ្មិចភ្នែកដាក់អ្នកស្រីចន។ អ្នកស្រីចនយល់សាច់ការ ក៏វាចារ៖
« ម៉ាក់មិននិយាយព្រោះខ្លាចកូនថាម៉ាក់ព្យាយាមបំបែកបំបាក់កូន ម៉ាក់ស៊ូទ្រាំលាក់ទុកកន្លង » ឃើញទឹកមុខដ៏ឈឺចាប់របស់ម្តាយ ជុងហ្គុកខឹងខ្លួនឯងជាខ្លាំងដែលបណ្តោយអោយមនុស្សមុខស្លូតៗដូចថេយ៉ុងមកធ្វើបាបម្តាយខ្លួន។ កន្លងមកគេតែងតែគិតថាថេយ៉ុងជាមនុស្សស្លូតត្រង់ តែអ្នកណាទៅដឹងថាពិសពុសយ៉ាងនេះនោះ។
« ថេយ៉ុងឯងសាហាវពេកហើយ! » ថេយ៉ុងនិយាយមិនចេញបានត្រឹមតែគ្រវីក្បាលទាំងទឹកភ្នែក ជុងហ្គុកមិនទាន់ស្តាប់គេបកស្រាយផង ក៏កាត់សេចក្តីបាត់ទៅហើយ។ តើនាយមើលមកគេឃើញថាគេជាមនុស្សអាក្រក់ដល់ថ្នាក់នឹងឬ?
« ចេញទៅ » ជុងហ្គុកក៏រុញថេយ៉ុងអោយចេញពីបន្ទប់មួយនេះ ក្រោយស្នាមញញឹមដ៏ពេញចិត្តរបស់ស្រីពិសពុលទាំងពីរនាក់។
« អួយ៎ជុងហ្គុក! »
« ចេញពីទីនេះទៅ យើងមិនគួរនាំឯងមកទីនេះអោយអពមង្គលផ្ទះយើងសោះ »
« ហុឹកៗ ហេតុអ្វី...ហេតុអ្វីបងមិនស្តាប់អូននិយាយសិន? »
« ស្តាប់ពាក្យកុហកបោកប្រាស់របស់ឯងឬ យើងគួរតែជឿម៉ាក់យើងតាំងពីដំបូង យើងមិនគួរណាស្រលាញ់មនុស្សដូចជាឯងសោះ »
« ហុឹកៗបងគិតបែបនេះពិតមែនឬ? »
« បងជុង អ្នកម៉ាក់មិនស្រួលខ្លួនទេ » ម៉ារីដើរមកអោបដៃជុងហ្គុក។
« ឈប់សម្រក់ទឹកភ្នែកទាមទារក្តីអាណិតពីយើង  ចេញពីមុខបន្ទប់នេះភ្លាម អ្នកម៉ាក់យើងត្រូវការសម្រាក »
« ហ្ហឹក! ហ្ហឹក! » ថេយ៉ុងលើកខ្នងដៃជូតទឹកភ្នែក ដើរចេញដោយលួចសង្ឃឹមថាស្អែកនេះ ជុងហ្គុកនឹងស្តាប់ពាក្យគេបកស្រាយខ្លះ ព្រោះពេលនេះជុងហ្គុកកំពុងតែខឹងទោះបីគេខំប្រឹងនិយាយយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now